Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លក្ខខណ្ឌ​ការងារ និង​ថ្លៃ​ឈ្នួល​កម្មករ​សំណង់​មាន​ភាព​ខុស​គ្នា​ទៅ​តាម​ការដ្ឋាន​សំណង់

សកម្មភាព​កម្មករ​សំណង់​កំពុង​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ជាយ​ក្រុង​ភ្នំពេញ។
សកម្មភាព​កម្មករ​សំណង់​កំពុង​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ជាយ​ក្រុង​ភ្នំពេញ។ ហុង មិនា

លក្ខខណ្ឌ​ការងារ និង​ថ្លៃ​ឈ្នួល​កម្មករ​សំណង់​មាន​ភាព​ខុស​គ្នា​ទៅ​តាម​ការដ្ឋាន​សំណង់

ខណៈ​វិស័យ​សំណង់​រីកចម្រើន​បាន​ទាក់ទាញ​អ្នក​រស់នៅ​ជនបទ​មក​ធ្វើការ​នៅ​ទីក្រុង​លក្ខខណ្ឌ​ការងារ​សំណង់​មាន​ភាព​ខុស​គ្នា​រវាង​ការ​ធ្វើ​សំណង់​នៅ​តាម​អគារ​ខ្ពស់ៗ និង​នៅ​តាម​ការដ្ឋាន​សំណង់​បូរី​ទាំង​ថ្លៃ​ឈ្នួល និង​ការ​រស់នៅ​។

យោង​តាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ថា​ក្នុង​មួយ​ថ្ងៃ​ត្រូវការ ១៦០ ០០០ នាក់​សម្រាប់​វិស័យ​សំណង់​ខណៈ​របាយការណ៍​ពី ANZ បាន​ឲ្យ​ដឹង​ថា​ការ​កើនឡើង​ថ្លៃ​ឈ្នួល​គឺ​នៅក្នុង​ចន្លោះ​ឆ្នាំ​ ២០១៣ និង​ ២០១៤ ហើយ​កម្មករ​សំណង់​ជំនាញ​ទទួល​បាន ៨ ​ដុល្លារ​ក្នុង​មួយ​ថ្លៃ និង​អ្នក​មិន​មាន​ជំនាញ​ទទួល​បាន​ ៦ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

កម្មករ​សំណង់​មួយ​រូប​ធ្វើការ​នៅ​បូរី​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ១ នៅ​ជាយ​ទីក្រុង​ភ្នំពេញ​លោក វ៉ាន់ កំពុង​ដាំ​ទឹក​ហើយ​នៅ​ក្រោយ​លោក​មាន​សម្ភារ​សម្រាប់​ចម្អិន​អាហារ​។ លោក វ៉ាន់ រស់នៅ​កំពង់ចាម​ហើយ​មក​ធ្វើការ​ទីក្រុង​ភ្នំពេញ​ប្រហែល​ជាង​ ១ ​ឆ្នាំ​ដោយ​មិន​សូវ​មាន​ជំនាញ​ខាង​សំណង់​ពេល​លោក​មក​ធ្វើ​ដំបូង​។ ពេល​នោះ​​លោក​ទទួល​បាន ៥,៧៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ហើយ​លោក​​បាន​រៀន​ពី​របៀប​ធ្វើ​ចាក់​ឥដ្ឋ និង​ស៊ីម៉ងតិ៍​ដោយ​មាន​អ្នក​គ្រប់គ្រង​បង្ហាញ​។

លោក​បាន​ប្រាប់​ថា៖ «ឥឡូវ​ខ្ញុំ​រក​បាន ៦,១០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។ ក្រុមហ៊ុន​ឲ្យ​ពួក​ខ្ញុំ​រស់នៅ​ទី​នេះ​រហូត​ដល់​គម្រោង​បញ្ចប់​។ បន្ទាប់ពី​បញ្ចប់​ខ្ញុំ​នឹង​ទៅ​រក​ការងារ​នៅ​កន្លែង​ផ្សេង​ទៀត​»​។

ដោយ​ធ្វើការ​ ៨ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ ៦ ​ថ្ងៃ​ក្នុង​មួយ​អាទិត្យ លោក វ៉ាន់ អាច​រក​បាន​ ១២០ ដុល្លារ​ក្នុង​មួយ​ខែ​។

លោក​បាន​បន្ថែម​ថា៖ «​នៅ​ភ្នំពេញ​ប្រាក់​ឈ្នួល​ថ្លៃ​ប៉ុន្តែ​ការ​អប់រំ​ខ្ញុំ​ទាប​មិន​អាច​ទទួល​បាន​ការងារ​ល្អ​ទេ​»​។

លោក លុស លី អ្នក​គ្រប់គ្រង​ម្នាក់​បាន​ឲ្យ​ដឹង​ថា​មាន​កម្មករ​ចំនួន​ ២០ ​នាក់​រស់​នៅ​ការដ្ឋាន​សំណង់​ហើយ​ពួកគេ​មួយ​ចំនួន​ទៅ​ធ្វើការ​ឲ្យ​គម្រោង​ផ្សេង​ទៀត​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​។

លោក​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​ទេ​ប៉ុន្តែ​លោក​ទទួល​បាន​ប្រាក់​ឈ្នួល​ទៅ​តាម​​ការ​ធ្វើការ​របស់​លោក​។

លោក​បាន​និយាយ​ថា៖ ​«ខ្ញុំ​ទទួល​បាន ៣៥ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គូប​។ ពេល​កម្មករ​មាន​ច្រើន​ខ្ញុំ​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​ព្រោះ​ការងារ​លឿន​»​។ ពេល​លើក​ឡើង​ពី​ស្តង់ដារ​សុវត្ថិភាព​លោក​បាន​​ឲ្យ​ដឹង​ថា​បើ​ទោះ​ក្រុមហ៊ុន​សំណង់​ផ្តល់​មួក​សុវត្ថិភាព​ក៏ដោយ​កម្មករ​ត្រូវ​តែ​ទិញ​ស្រោម​ដៃ​ដោយ​ខ្លួនឯង​ហើយ​ជួន​កាល​ពាក់​ស្បែក​ជើង​ផ្ទាត់​ធ្វើការ​។

Content image - Phnom Penh Post

សារ័ត្ន កម្មការិនី​សំណង់​ដែល​មាន​អាយុ ១៨ ​ឆ្នាំ​បាន​មក​ធ្វើការ​ជាមួយ​នឹង​បងប្រុស ឈ្មោះ ភស ដែល​មាន​អាយុ ២១ ​ឆ្នាំ។ កញ្ញា​អង្គុយ​បត់​ជើង និង​និយាយ​ថា​ជា​ស្ត្រី​អាច​រក​បាន ៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

កញ្ញា បាន​និយាយ​ថា៖ «​ខ្ញុំ​ត្រូវ​តែ​មក​ធ្វើការ​នៅ​ភ្នំពេញ​ព្រោះ​ដីស្រែ​គ្រួសារ​ខ្ញុំ​លិច​ទឹក​ហើយ​យើង​មិន​អាច​ធ្វើស្រែ​បាន​ទេ​។ សម្រាប់​មក​ធ្វើការ​តាម​រដូវកាល​នេះ​វា​មិន​ពិបាក​ទេ​ហើយ​ការ​រស់នៅ​ក៏​មិន​អន់​ទេ​»​។

លោក ទិត ផេង ប្រធាន​គ្រប់គ្រង​ការដ្ឋាន​បូរី​ពិភពថ្មី​បាន​ប្រាប់​ថា​ជាទូទៅ​បង់​ថ្លៃ​ឈ្នួល​ទៅ​ឲ្យ​កម្មករ​គឺ​ទៅ​តាម​ជំនាញ​ពួកគេ​ហើយ​គ្រោះថ្នាក់​អាច​កើត​មាន​ឡើង​ជា​រឿង​ធម្មតា​។ បច្ចុប្បន្ន​ការ​អភិវឌ្ឍ​បូរី​ពិភពថ្មី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៤ មាន​កម្មករ​ជាង​ ៥០០ ​នាក់​។

លោក​បាន​បន្ថែម​ការ​ស្វែងរក​កម្មករ​សំណង់​ដើម្បី​បំពេញ​តម្រូវការ​គឺ​ពឹងផ្អែក​លើ​ទំនាក់ទំនង​របស់​កម្មករ​បើ​ទោះ​ជា​ពេល​ខ្លះ​ពិបាក​រក្សា​កម្លាំង​ពលកម្ម​ឲ្យ​នៅ​ថេរ​។

ការ​ធ្វើការ​នៅ​អគារ​ខ្ពស់ៗ​នៅ​ទីក្រុង​ភ្នំពេញ​មាន​ហានិភ័យ​ច្រើន​ជាង​ធ្វើការ​នៅ​តាម​សំណង់​បូរី​ផ្សេងៗ​។ លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​បច្ចុប្បន្ន​មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន​ជាង​ ១០ ​គម្រោង​នៅ​ក្រុង​ភ្នំពេញ​។ ក្រុមហ៊ុន​ផ្តល់​សម្ភារ​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​កម្មករ​ខណៈ គ្រោះថា្នក់​អាច​កើត​គ្រប់​ពេល​។

លោក​បាន​ថ្លែង​ថា៖ «ប្រាកដ​ណាស់​គ្រោះថ្នាក់​អាច​កើត​មាន​គ្រប់​ពេល​។ ជួនកាល​ជា​កំហុស​របស់​កម្មករ ជួន​កាល​ជា​កំហុស​របស់​ក្រុមហ៊ុន​។ ជួន​កាល​កម្មករ​គាត់​មិន​​ធ្វើ​តាម​អ្វី​ដែល​យើង​ទាមទារ​ហើយ​ពួកគេ​មិន​ស៊ាំ​ជាមួយ​នឹង​សម្ភារ​ទាំងនោះ​»​។

លោក លី ដែន ដែល​មាន​អាយុ ២៦ ឆ្នាំ និង​ជា​កម្មករ​សំណង់​នៅ​កោះពេជ្រ​បាន​ពន្យល់​ថា​លក្ខខណ្ឌ​ការងារ​របស់​លោក​គឺ​ល្អ​។ លោក​ត្រូវ​បាន​ផ្តល់​ឲ្យ​សម្ភារ​សុវត្ថិភាព​គ្រប់គ្រាន់​ និង​ការ​អនុវត្ត​ការងារ​គឺ​តឹងរ៉ឹង​។

លោក​បាន​និយាយ​ថា៖ ​«ពេល​ខ្ញុំ​ឡើង​ធ្វើការ​កម្ពស់​លើស​ពី​ ៣ ​ម៉ែត្រ​អ្នក​គ្រប់គ្រង​តម្រូវ​ឲ្យ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព និង​មាន​មួក និង​ស្រោម​ដៃ​សុវត្ថិភាព​»​។ លោក​បន្ត​ថា​ពេល​លោក​របួស​ក្រុមហ៊ុន​ជា​អ្នក​ចេញ​ថ្លៃ​ព្យាបាល​ឲ្យ​។

លោក​ទទួល​បាន​ ៩ ដុល្លារ​ក្នុង​​មួយ​ថ្ងៃ និង​កន្លែង​រស់នៅ​ដោយ​ឥត​គិត​ថ្លៃ​។ លោក​ពន្យល់​ថា​ថ្លៃ​ឈ្នួល​ខ្ពស់​វា​ស្រប​គ្នា​ហានិភ័យ​ក៏​អាច​កើត​ក្នុង​ការ​ធ្វើ​សំណង់​គ្រប់​ពេល​។

Content image - Phnom Penh Post

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​លោក សុខ គីន ប្រធាន​ស្តីទី​នៃ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ស្តង់ដារ​រស់នៅ និង​សុវត្ថិភាព​របស់​កម្មករ​សំណង់​គឺ​ត្រូវ​បាន​កំណត់​ដោយ​អ្នក​ខ្លួន​ឯង​ខណៈ​ប្រាក់​ឈ្នួល​ដែល​ត្រូវ​បាន​ដំឡើង​ឲ្យ​កម្មករ​ព្រោះ​កម្មករ​អាច​នឹង​ចាកចេញ​ពី​ស្រុក​ដើម្បី​ទៅ​ការងារ​នៅ​ប្រទេស​ក្រៅ​។

លោក​បាន​ថ្លែង​ថា៖ «និយោជក​ត្រូវតែ​ដំឡើង​ថ្លៃ​ឈ្នួល​​ដើម្បី​ទាក់ទាញ​ពួកគេ​ឲ្យ​នៅ​ស្រុក​»​។ លោក​បាន​បន្ថែម​ថា​ដោយ​គ្មាន​ការ​អនុវត្ត​បទប្បញ្ញត្តិ​សុវត្ថិភាព​ពី​រដ្ឋាភិបាល​ទេ​វា​អាច​ធ្វើឲ្យ​វិស័យ​នេះ​មាន​ហានិភ័យ​ច្រើន​។

លោក​បាន​ប្រាប់​ថា៖ ​«កម្មករ​ជាង​ ៤០ ​នាក់​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ក្នុង​មួយ​ឆ្នាំ​ក្នុង​វិស័យ​សំណង់​នេះ​។ កម្មករ​មាន​ហានិភ័យ​ច្រើន​ដោយសារ​ពួកគេ​មក​តាម​គ្នា​ដើម្បី​ធ្វើការ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»​។

លើស​ពី​នេះ​ទៅ​ទៀត​ជាមួយ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា​ដែល​សហជីព​ធំ​ជាងគេ​មួយ​លោក គីន បាន​និយាយ​ថា​លោក​ទទួល​បាន​បណ្តឹង​យ៉ាង​ហោច​ណាស់ ១៨ ​ក្នុង​មួយ​ខែ​ពី​កម្មករ​សំណង់​ដែល​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​អ្នក​ម៉ៅការ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​ក្រុមហ៊ុន​ធំ ឬ​ម្ចាស់​បូរី​មិន​បោក​ពួកគេ​ទេ​ប៉ុន្តែ​ជួន​កាល​អ្នក​ម៉ៅការ​សំណង់​បោក​ពួកគេ​ឲ្យ​ធ្វើការ​ដោយ​មិន​បង់​ថ្លៃ​ឈ្នួល​ដោយសារ​យក​លេស​ថា​ចាំ​ចប់​ការ​សាងសង់​​​ផ្នែក​នេះ​រួច​នឹង​ទទួល​បាន​ថ្លៃ​ឈ្នួល​។ ប៉ុន្តែ​បន្ទាប់មក​ពួកគេ​មិន​បាន​បង់​ឲ្យ​ទេ​។ វា​ជា​ការ​បោកប្រាស់​»​។

លោក​បាន​បន្ថែម​ថា៖ ​«ក្រសួង​ហាក់​ដូចជា​មិន​អើពើ​ចំពោះ​បញ្ហា​នេះ​ទេ​បើ​ទោះ​ជា​ច្បាប់​ការងារ​មាន​ស្រាប់​ក៏ដោយ​។ វា​គ្រាន់តែ​ជា​ច្បាប់​ដែល​មាន​លើ​ក្រដាស​ទេ​ព្រោះ​ក្រសួង​ការងារ​មិន​ធ្វើការ​ស្រាវជ្រាវ​លើ​បណ្តឹង​ដែល​កើត​មាន​ឡើយ​»​៕

0

Comments

Please, login or register to post a comment