Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - The Bridge បើក​លក់​លំនៅឋាន​បែប​ការិយាល័យ

លំនៅឋាន​បែប​ការិយាល័យ ក្នុង​គម្រោង The Bridge ។
លំនៅឋាន​បែប​ការិយាល័យ ក្នុង​គម្រោង The Bridge ។ ស្រេង ម៉េងស្រ៊ុន

The Bridge បើក​លក់​លំនៅឋាន​បែប​ការិយាល័យ

ភ្នំពេញ: គម្រោង​សាងសង់​លំនៅឋាន​បែប​ការិយាល័យ The Bridge កម្ពស់​៥៤​ជាន់ ក្រោម​ទឹកប្រាក់​វិនិយោគ​៣០០​លាន​ដុល្លារ​បាន​ចាប់ផ្តើម​បើក​ការ​លក់​របស់​ខ្លួន​ជា​ផ្លូវការ​ហើយ កាលពី​ចុងសប្តាហ៍​កន្លង​មក​។

លោក សៀ ឬទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Land Co.,Ltd បាន​ប្រាប់​ថា លោក​មាន​មោទនភាព​និង​ក្តីរំភើប​យ៉ាង​ខ្លាំង​ដោយ​បាន​នាំ​មក​នូវ​របៀប​នៃ​ការ​រស់នៅ​បែប​ថ្មី​មួយ​មក​កម្ពុជា​។ លំនៅឋាន​បែប​ការិយាល័យ​ថ្មី​នេះ នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក​ស្នាក់នៅ ដោយ​គេ​អាច​ប្រើប្រាស់​ជា​កន្លែង​ស្នាក់នៅ​ផង និង​ជា​ការិយាល័យ​ខ្នាត​តូច​ផង​ដែរ​។ លំនៅឋាន​បែប​ការិយាល័យ​ថ្មី​នេះ​មាន​ទំហំ​ចាប់ពី​៣២ ទៅ​៥៤​ម៉ែត្រការ៉េ។

លោក ឬទ្ធី មាន​ប្រសាសន៍​ថា៖ «ការ​បើក​លក់​លំនៅឋាន​បែប​ការិយាល័យ នៅពេល​នេះ​ខ្ញុំ​មាន​គោលបំណង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​មាន​កន្លែង​រស់នៅ និង​ធ្វើការ​កម្រិត​ស្តង់ដារ​»។ ការ​លក់​នៅ​កំពុង​មាន​ដំណើរ​ទៅ​មុខ​យ៉ាង​រលូន ដោយ​នៅក្នុង​រយៈពេល​ជាង​២​ម៉ោង​នៃ​ថ្ងៃ​បើក​លក់​លើក​ដំបូង​នេះ​(ថ្ងៃ​ទី​៣០ ខែ​ឧសភា) លក់​បាន​ប្រហែល​១១​ភាគរយ​»។

The Bridge គឺជា​ឈ្មោះ​គម្រោង​សាងសង់​ដ៏ធំ​មួយ​ដែល​ជា​ការ​បណ្តាក់ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន​មកពី​ប្រទេស​សិង្ហបុរី Oxley Holdings Limited និង​ក្រុមហ៊ុន World Bridge Land Co., Ltd របស់​លោក សៀ ឬទ្ធី។

ការ​លក់​នៅ​ថ្ងៃ​ដំបូង​សម្រាប់​លំនៅឋាន​បែប​ការិយាល័យ គឺ​ក្នុង​១​យូនីត​មាន​តម្លៃ​ចាប់ពី​៣០០០​ឡើង​ទៅ​ក្នុង​១​ម៉ែត្រការ៉េ។

បច្ចុប្បន្ន​មាន​ជនបរទេស​ជាច្រើន​កំពុង​ចូល​មក​ទស្សនា និង​បំពេញ​ការងារ​នៅ​កម្ពុជា ដោយ​ពួកគេ​ទាំង​នោះ​សុទ្ធតែ​ត្រូវការ​កន្លែង​ស្នាក់នៅ។

លោក ឌឹត ចណ្ណា ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អចលនទ្រព្យ វីអឹមស៊ី បាន​និយាយ​ថា លោក​មាន​ក្តីរីករាយ និង​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង The Bridge ព្រោះ​នោះ​ជា​គំនិត​មួយ​ដែល​សមស្រប​សម្រាប់​ការ​វិវឌ្ឍនៃ​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។ ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន និង​កំណើន​ជនបរទេស​មក​កម្ពុជា ត្រូវការ​ជា​ចាំបាច់​នូវ​កន្លែង​ស្នាក់នៅ និង​កន្លែង​ធ្វើការ​ដែល​មាន​ភាព​ទាន់សម័យ និង​ស្ថិត​នៅ​កណ្តាល​ទីក្រុង។

លោក​បាន​អះអាង​ថា៖​«​គម្រោង​សាងសង់ The Bridge នឹង​ទទួល​បាន​ជោគជ័យ​បើ​ទោះ​បី​ជា​តម្លៃ​លក់​ថ្លៃ​បន្តិច​ក៏ដោយ។ ការ​ដែល​ខ្ញុំ​ហ៊ាន​អះអាង​បែប​នេះ​គឺ​ដោយសារ​តែ The Bridge មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ល្អ​លេខ​១ ព្រម​ជាមួយ​នឹង​ការ​រចនា​ល្អ​ឥតខ្ចោះ​ផង​ដែរ​»។

The Bridge មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​ជិត​ស្ថានទូត​ប្រទេស​អូស្រា្តលី ដោយ​គ្រោង​នឹង​ចាប់ផ្តើម​បុកគ្រឹះ​សាងសង់​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​នេះ នឹង​ប្រើ​ពេល​សាងសង់​ចំនួន​៤៨​ខែ។

ពេល​សង់​រួច The Bridge ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ការិយាល័យ និង​កន្លែង​រស់នៅ​ដ៏ល្អ​ព្រោះ​ទីនោះ​នឹង​មាន​សេវាកម្ម​ចម្រុះ​ជាច្រើន​ដូចជា អាង​ហែលទឹក កន្លែង​ហាត់ប្រាណ និង​ហាង​លក់​ទំនិញ​។ នៅក្នុង​គម្រោង​នេះ​មាន​លំនៅឋាន​ចំនួន ៧៦២ យូនីត និង​ការិយាល័យ​បែប​លំនៅឋាន (SoHo) មាន​ចំនួន ៩៦៣​យូនីត៕

0

Comments

Please, login or register to post a comment