Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ផ្គត់ផ្គង់​មាន​កំណើន​ខ្ពស់​ ​ធ្វើ​ឲ្យ​ទីផ្សារ​ខុនដូ​ប្រឈម​មុខ​នឹង​វិបត្តិ

Content image - Phnom Penh Post
សំណង់​អគារ​ខ្ពស់ៗ​បញ្ជាក់​ពី​ការ​ផ្គត់ផ្គង់​ខុនដូ​កំពុង​បង្ហាញ​សញ្ញា​កើនឡើង​ខ្ពស់​ហួស​ពី​តម្រូវការ។ ហុង មិនា

ការ​ផ្គត់ផ្គង់​មាន​កំណើន​ខ្ពស់​ ​ធ្វើ​ឲ្យ​ទីផ្សារ​ខុនដូ​ប្រឈម​មុខ​នឹង​វិបត្តិ

នៅ​ក្នុង​ឆ្នាំ​នេះ​ប្រសិន​ជា​ការ​ទិញ​លក់​នៅ​តែ​បន្ត​រក្សា​កំណើន​យឺត​គឺ​ច្បាស់​ណាស់​គម្រោង​ខុនដូ​មួយ​ចំនួន​នឹង​ប្រឈម​នឹង​វិបត្តិ ខណៈ​ពេល​ខុនដូ​ចំនួន ៨០០០ ​យូនីត​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដាក់​ចូល​ទៅក្នុង​ផ្សារ​នៅ​ដំណាច់​ឆ្នាំ​នេះ​។

ការ​សិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញ​ថា​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​ខុនដូ​ ៨០០០ ​យូនីត និង​ឆ្នាំ​ក្រោយ​ខុនដូ​ចំនួន​ ១៣០០០ ​យូនីត​ទៀត​នឹង​ដាក់​ចូល​ទៅ​ក្នុង​ទីផ្សារ​ស្រប​ពេល​ដែល​កំណើន​នៃ​ការ​លក់​បាន​និង​កំពុង​ថមថយ​ល្បឿន​។

លោក​ឧកញ៉ា ចេង ខេង ប្រធាន​​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​​​មុន​ថា​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​នេះ​កំពុង​កើនឡើង​នៅ​ពេល​អ្នក​វិនិយោគ​មួយ​ចំនួន​បាន​ងាក​គម្រោង​​របស់​ពួកគេ​ពី​ខុនដូ​លំដាប់​ប្រណីត និង​មាន​តម្លៃ​ខ្ពស់​បង្វែរ​មក​កាន់​គោលដៅ​ក្រុម​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម។

លោក​បន្ត​ថា​៖ «​ការ​បារម្ភ​របស់​អ្នក​វិនិយោគ​មួយ​ចំនួន​ជា​រឿង​ត្រឹមត្រូវ​ព្រោះ​ពួកគេ​អត់​បទពិសោធ​ពួកគេ​វិនិយោគ​ចង់​ចំណេញ​លុយ​។ បើ​គាត់​មាន​ប្រាក់​មិន​​គ្រប់​ពួកគេ​រង់ចាំ​ប្រាក់​ពី​អ្នក​ទិញ​យក​មក​សាងសង់ ពួកគេ​មិន​ទទួល​បាន​ជោគជ័យ​ទេ​ក្នុង​ដំណាក់កាល​នេះ​»​។ លោក​បន្ត​ថា​ ៖ «​ផ្ទុយ​ទៅ​វិញ​បើ​ពួកគេ​​មាន​បទពិសោធ​មាន​ជំនាញ និង​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​គម្រោង​ពួកគេ​វា​នឹង​ជោគជ័យ​សម្រាប់​គម្រោង​របស់​ពួកគេ​»​។

ទោះ​ជា​យ៉ាងណា​លោក​ឧកញ៉ា ចេង ខេង បាន​និយាយ​សម្រាល​​ស្ថានការណ៍​នេះ​ថា​បច្ចុប្បន្ន​មាន​អ្នក​វិនិយោគ​មួយ​ចំនួន​កំពុង​ពិចារណា​ចាប់ផ្តើម​គម្រោង​របស់​ពួកគេ​ដូចជា​អគារ​វិនិយោគ​អគារ​ការិយាល័យ ខុនដូថែល និង​សណ្ឋាគារ ប៉ុន្តែ​ពួកគេ​នៅ​តែ​រង់ចាំ​មើល​ឱកាស​។ លោក​​បន្ត​ថា​ខណៈ​អ្នក​មួយ​ចំនួន​នៅ​មើល​ឃើញ​​​ឱកាស​ក៏​មាន​គម្រោង​ខុនដូ​មួយ​ចំនួន​ដែល​គ្មាន​ប្រាក់​សាងសង់​បញ្ចប់​អាច​ពន្យា​ពេល​បញ្ចប់​គម្រោង​របស់​ខ្លួន​ផង​ដែរ​។

នៅ​ពេល​និយាយ​ពី​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​លោក​ឧកញ៉ា​ ចេង ខេង បាន​បន្ត​ថា​៖ «​អគារ​ខ្ពស់ៗ​​នៅ​ស្រុក​យើង​ទើប​មាន​ប៉ុន្មាន​ប៉ុណ្ណោះ បើ​ធៀប​ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា​គឺ​មិនទាន់​បាន​ស្មើ​នឹង​ចំនួន​ខុនដូ​នៅ​មួយ​​កំណាត់​ផ្លូវ​របស់​គេ​ផង​ដូច្នេះ​យើង​អាច​សួរ​សំណួរ​ត្រឡប់​មក​វិញ​ថា ហេតុអី​បាន​ជា​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​? មាន​ប៉ុន្មាន​យូនីត​​​ដាក់​ចូល​ទីផ្សារ​? ខណៈ​ប្រជាជន​កម្ពុជា​រៀបការ​ថ្មីៗ​រាប់​ពាន់​គូ​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​លទ្ធភាព​របស់​ពួកគេ​ក៏​មាន​កម្រិត បើ​ធៀប​នឹង​តម្លៃ​ខុនដូ​ដូច្នេះ​បើ​ពួកគេ​ចង់​រស់នៅ​ខុនដូ​ប្រណីត ពួកគេ​ត្រូវ​តែ​ខិតខំ​រក​លុយ​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា​ទីផ្សារ​ខុនដូ​នាពេល​បច្ចុប្បន្ន​កាន់តែ​មាន​តម្រូវការ​ច្រើន​ពី​ប្រជាជន​ក្នុង​ស្រុក​ជាក់ស្តែង​គម្រោង East One អ្នក​ទិញ​ចន្លោះ​ពី ៥០ ទៅ​ ៦០ ​ភាគរយ​ជា​ជនជាតិ​ខ្មែរ​»​។

លោក​បន្ត​ថា​ ៖ «ជនបរទេស​ដែល​ទិញ​ខុនដូ​នៅ​កម្ពុជា​ភាគច្រើន​ជា​ជនជាតិ ចិន កូរ៉េ ជប៉ុន និង​ជនជាតិ​ម៉ាឡេស៊ី​ជាដើម​»​។

លោកស្រី Intan Kasen អ្នក​វិនិយោគ​ខុនដូ Habitat លំដាប់​ផ្កាយប្រាំ​ដែល​មាន​ត្រឹម​តែ​ ១៣ ​យូនីត ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ និង​បាន​បញ្ចប់​ការ​សាងសង់​នាពេល​ថ្មីៗ​នេះ​បាន​ថ្លែង​ថា​អ្នកស្រី​មិន​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​នៅក្នុង​ទីផ្សារ​នេះ​ទេ ព្រោះ​អ្នកស្រី​មិន​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ណា​ឡើយ​ព្រោះ​ខុនដូ​អ្នកស្រី​ធ្វើ​ឡើង​សម្រាប់​ផ្តោត​ជាពិសេស​លើ​អតិថិជន​ជា​ជនជាតិ​បរទេស​ដែល​ត្រូវការ​ភាព​ស្ងប់ស្ងាត់ និង​ជីវិត​មាន​ភាព​ជា​ឯកជន​។

លោកស្រី​បន្ត​ថា​៖ «​ខ្ញុំ​ចូលចិត្ត​វិនិយោគ​គម្រោង​តូចៗ​ព្រោះ​ខ្ញុំ​មើល​ឃើញ​សក្តានុពល​ទីផ្សារ​នេះ ដោយសារ​អ្នក​ស្នាក់​នៅ​ខុនដូ​មួយ​ចំនួន​ពួកគេ​ត្រូវការ​ភាព​ជា​ឯកជន​ត្រូវការ​សម្រាក​ក្រោយ​ពេល​​​បញ្ចប់​ពី​បំពេញ​ការងារ​»​។

គម្រោង​ខុនដូ Habitat បាន​លក់​អស់ ៣ ​យូនីត​ហើយ​ក្នុង​ចំណោម​ ១៣ ​យូនីត និង​លក់​ក្នុង​តម្លៃ​ចាប់​ពី ២០ ​ម៉ឺន​ដុល្លារ​ឡើង​ទៅ​អាស្រ័យ​លើ​ទំហំ​បន្ទប់​ការ​រចនា និង​កម្ពស់​នៃ​ជាន់​និមួយៗ​។

ប្រមើល​មើល​ពី​ទីផ្សារ​ខុនដូ​នាពេល​អនាគត​លោកស្រី Intan Kasen បាន​ថ្លែង​ថា​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ដី​ច្រើន​ពេល​ដី​ឡើង​ថ្លៃ​ពួកគេ​លក់ ហើយ​យក​ប្រាក់​មក​សាងសង់​ខុនដូ​តាម​គ្នា​ដែល​ធ្វើ​ឲ្យ​ខុនដូ​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ទីផ្សារ​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​យល់​ឃើញ​ថា​ការ​ផ្គត់ផ្គង់​ច្រើន​នាពេល​អនាគត​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​មាន​បញ្ហា​ច្រើន​។

លោកស្រី​បន្ត​ថា ​ទោះ​​ជា​យ៉ាង​ណា​ នាពេល​អនាគត​ប្រជាជន​កម្ពុជា​នឹង​អាច​ស្នាក់​នៅ​ខុនដូ​ច្រើន​ព្រោះ​បើ​ពួកគេ​រក​ផ្ទះ​តម្លៃ​សមរម្យ​ពួកគេ​ត្រូវ​ទៅ​​រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​ឆ្ងាយ​មិត្តភ័ក្តិ​របស់​ពួកគេ​។

លោកស្រី​បន្ត​ថា​៖ «​ការ​ស្នាក់នៅ​​ខុនដូ​ជា​រឿង​ល្អ​ប្រសើរ ពួកគេ​អាច​ស្នាក់​នៅ​មាន​កន្លែង​លំហែ និង​​អាច​ជួបជុំ​មិត្តភ័ក្តិ​របស់​​ពួកគេ»​។

លោក លី សែនលាភ អគ្គនាយក​ក្រុមហ៊ុន FURI Real Estate ជា​ក្រុមហ៊ុន​នាំ​មុខ​មួយ​ក្នុង​ការ​វិនិយោគ​ខុនដូថែល​នៅ​កម្ពុជា និង​លក់​ខុនដូ​ទទួល​បាន​ជោគជ័យ​ច្រើន​បាន​ថ្លែង​ថា​ស្ថានភាព​បច្ចុប្បន្ន​នេះ​ទាំងអស់​វិនិយោគ និង​​អ្នក​ទិញ​មាន​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ដោយសារ​កម្ពុជា​កាន់តែ​កៀក​នឹង​ពេល​បោះឆ្នោត​ដែល​ធ្វើ​ឲ្យ​ពួកគេ​ភ័យ​ខ្លាច​មិន​ហ៊ាន​បញ្ចេញ​លុយ​​របស់​ពួកគេ​។

លោក​បន្ត​ថា​៖ «​ជា​គំនិត​ខ្ញុំ​អ្នក​វិនិយោគ​មិន​គួរ​បារម្ភ​ទេ​ព្រោះ​អ្នក​នយោបាយ​ចេះ​ធ្វើការ​ជាមួយ​គ្នា​ហើយ​»​។

នៅ​ពេល​ក្រឡេក​មើល​ទីផ្សារ​បច្ចុប្បន្ន​លោក លី សែនលាភ បាន​​បញ្ជាក់​ថា​ខុនដូ​ប្រសិន​ជា​ទិញ​យក​មក​ជួល​នៅ​តែ​ល្អ​ព្រោះ​ទីផ្សារ​ជួល​នៅ​តែ​ល្អ ប៉ុន្តែ​បើ​ទិញ​យក​ទុក​លក់​យក​ចំណេញ វិនិយោគ​លើ​ខុនដូ​មិន​ចំណេញ​ច្រើន​នោះ​ទេ​។

លោក​បន្ត​ថា ​ក្នុង​ស្ថានភាព​បែប​នេះ​គម្រោង​ខុនដូ​ដែល​សាងសង់​នៅ​ទីតាំង​ល្អ មាន​ប្រព័ន្ធ​គ្រប់គ្រង និង​បំពាក់​សម្ភារៈ​បរិក្ខា​ល្អ និង​មាន​ការ​ឌីហ្សាញ​ទាក់ទាញ​នឹង​ទទួល​បាន​ជោគជ័យ​។

«​ប៉ុន្តែ​គម្រោង​ខុនដូ​មួយ​ចំនួន​អាច​ប្រឈម​នឹង​វិបត្តិ ប្រសិន​ជា​ខុនដូ​នោះ​មិន​ស្ថិត​នៅ​លើ​ទីតាំង​ល្អ មិន​គិតគូរ​ពី​ការ​ឌីហ្សាញ​មិន​មាន​ប្រព័ន្ធ​គ្រប់គ្រង​ និង​បំពាក់​សម្ភារ​ល្អ​»​។

លោក លី សែនលាភ បាន​បន្ត​ថា​៖ «​អ្នក​ទិញ​ខុនដូ​ប្រសិន​ជា​ទិញ​ចំ​ខុនដូ​មិន​ល្អ​លក់​មិន​ចេញ​នឹង​ធ្វើឲ្យ​ពួកគេ​បាត់បង់​ទំនុក​ចិត្ត ដូច្នេះ​អ្នក​អភិវឌ្ឍន៍​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​អាច​អភិវឌ្ឍ​ផលិតផល​បាន​ល្អ​ប៉ុណ្ណា​សម្រាប់​ទីផ្សារ​នេះ​»​។

ទោះ​ជា​យ៉ាងណា​អ្នកនាង អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា​ខុនដូ​ចំនួន​ ៨០០០ ​យូនីត​នឹង​ដាក់​ចូល​ទៅ​ក្នុង​ទីផ្សារ​នៅ​ឆ្នាំ​នេះ​បាន​លក់​អស់​ប្រមាណ ៨០ ​ភាគរយ​ហើយ​៕

0

Comments

Please, login or register to post a comment