ពេលវេលា​ចេះ​តែ​រំកិល​ទៅមុខ​ហើយ​អ្វីៗ​ក៏​មិន​សូវ​មាន​អ្នក​ចងចាំ​ដែរ ប៉ុន្តែ​បើ​ក្រឡេក​មើល​ទៅ​អំឡុងពេល​ប៉ុន្មាន​ទសវត្សរ៍​មុន​វិញ ​អ្នក​រៀបចំ​គម្រោង​ទីក្រុង​មាន​នូវ​ចក្ខុវិស័យ​ក្នុង​ការ​អភិវឌ្ឍ​កោះ East Coast Park តាមរយៈ​ការ​សាងសង់​ផ្ទះ​ជាប់​មាត់​ទឹក​យ៉ាង​ស្រស់​ស្អាត​។

យ៉ាង​ណា​មិញ​គម្រោង​ដែល​គេ​ស្គាល់​ថា Long Island មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ ដោយសារ​តែ​មិន​មាន​តម្រូវការ​ខ្ពស់​។ នេះ​បើ​យោង​តាម​សម្តី​របស់​អ្នកស្រី Hwang Yu-Ning ដែល​ជា​ប្រធាន​គម្រោង​របស់ Urban Redevelopment Authority (URA) ក្នុង​បទសម្ភាស​ជាមួយ Insight​។

អ្នកស្រី​បាន​ថ្លែង​ថា៖ «​មហាជន​ស្រឡាញ់ East Coast Park នេះ ដូច្នេះ​តើ​យើង​ពិត​ជា​ចាំបាច់​ត្រូវតែ​ធ្វើ​គម្រោង​នោះ​ឱ្យ​ដំណើរការ​ទៅ​មុខ បើ​ទោះបី​យើង​មិន​ទាន់​ត្រូវការ​ឬ​យ៉ាងណា​? មាន​គម្រោង​មួយ​ចំនួន​ក្នុង​ចំណោម​គម្រោង​ទាំងនេះ​អាច​ទុក​ប្រើ​នៅ​ថ្ងៃ​អនាគត​បាន​។ ប្រសិន​បើ​យើង​ចង់​សើរើ​គម្រោង​នេះ​មក​ពិនិត្យ និង​ចាប់ផ្តើម​នោះ យើង​នឹង​មាន​គម្រោង​ដែល​យើង​បាន​សិក្សា​រួចរាល់​ស្រាប់​តែ​ម្តង​»​។

អ្នកស្រី Hwang បាន​លើក​ឡើង​ថា​វា​ជា​រឿង​មួយ​លំបាក​ក្នុង​ការ​កំណត់​ពេល​ណា​មួយ​ឲ្យ​បាន​ច្បាស់ មុន​ពេល​មាន​តម្រូវការ​។ ហានិភ័យ​មួយ​នោះ​គឺ គម្រោង​នេះ​អាច​នឹង​គ្មាន​តម្រូវការ​ជា​រៀងរហូត​តែ​ម្តង ប្រសិន​បើ​យើង​ចាប់ផ្តើម​គម្រោង​នេះ​លឿន​ពេក​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​សិង្ហបុរី នៅ​តែ​ជឿជាក់​លើ​ការ​វិនិយោគ​លើ​គម្រោង​ពី​មុនៗ ហើយ​បាន​មើល​ឃើញ​ថា ការ​ប្រថុយ​ប្រថាន​នេះ​នឹង​ផ្តល់​នូវ​ផល​វិជ្ជមាន​ជាច្រើន​។

រដ្ឋមន្ត្រី​ផ្នែក​អភិវឌ្ឍន៍​ជាតិ លោក Lawrence Wong នៅ​ក្នុង​បទសម្ភាស​ជាមួយ Insight បាន​លើក​យក​ឧទាហរណ៍​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ផ្លាស់ប្តូរ​ទីតាំង​អាកាសយានដ្ឋាន​ពី PayaLebar ទៅ Changi ដែល​បាន​ធ្វើឲ្យ​ប្រទេស​សិង្ហបុរី​ក្លាយ​ជា​មណ្ឌល​ផ្លូវអាកាស​មួយ​ដ៏ល្បី និង​ការ​សាងសង់​កំពង់ផែ​កុងតឺន័រ​ដំបូង​គេ​របស់​ប្រទេស​នេះ ព្រម​ទាំង​ការ​បំប្លែង​តំបន់ Jurong ពី​កន្លែង​គំនរ​សំរាម​ទៅ​ជា​តំបន់​ឧស្សាហកម្ម​ជាដើម​។

ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ផ្នែក​ដ៏សំខាន់​ក្នុង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​សិង្ហបុរី​តាំងពី​ដើម​មក​។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក Wong​។

លោក​បាន​និយាយ​ថា៖ «​យើង​កំពុងតែ​បង្កើត​នូវ​គម្រោង​ដែល​ឆ្លើយតប​ទៅ​នឹង​តម្រូវការ ដើម្បី​បង្កើន​សក្តានុពល​របស់​ប្រទេស​ក្នុង​នាម​ជា​បណ្តុំ​នៃ​វិស័យ​សំខាន់ៗ​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត និង​បង្កើត​ការងារ​ឲ្យ​បាន​កាន់តែ​ច្រើន​សម្រាប់​ជនជាតិ​សិង្ហបុរី​»​។

លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ចេះ​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ធ្វើ​ផែនការ​ធំៗ និង​សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​ដែល​ត្រឹមត្រូវ ជា​ជាង​ការ​សម្លឹង​មើល​តែ​ការ​ផ្លាស់ប្តូរ​បែប​អវិជ្ជមាន​។

ប្រទេស​សិង្ហបុរី​ត្រូវ​តែ​ស្វែងរក​ការ​ផ្លាស់ប្តូរ​ជុំវិញ​ពិភពលោក​ដែល​ច្បាស់លាស់ និង​ការ​ប្រកួត​ប្រជែង​ពី​ប្រទេស​ដទៃ​ក្នុងការ​ដណ្តើម​ងារ​ជា​ប្រទេស​នៃ​បណ្តុំ​វិស័យ​សំខាន់ៗ​ប្រចាំ​តំបន់​។ នេះ​បើ​យោង​តាម​សម្តី​របស់លោក Wong​។

ជាក់ស្តែង​នា​ពេល​នេះ​ប្រទេស​ដទៃ​ទៀត​ក៏​កំពុង​តែ​សាងសង់​កំពង់ផែ និង​ទិសដៅ​ផ្លូវ​ទឹក​សម្រាប់​វិស័យ​ដឹកជញ្ជូន​ដែល​កំពុងតែ​កើនឡើង​ផង​ដែរ​។

ដើម្បី​បង្ហាញ​ពី​ភាពលេច​ធ្លោ​របស់​ប្រទេស​សិង្ហបុរី រដ្ឋាភិបាល​ប្រទេស​កំពុង​តែ​វិនិយោគ​លើ​គម្រោង​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ជាច្រើន ដូចជា​ខ្សែ រថភ្លើង​ល្បឿន​លឿន​ពី Jurong ទៅ​ទីក្រុង​គូឡាឡាំពួរ កំពង់ផែ​ខ្នាត​យក្ស​នៅ Tuas និង​កន្លែង​រង់ចាំ (terminal)​ទី​ ៥ នៅ​អាកាសយានដ្ឋាន Changi ជាដើម​។

«​គម្រោង​ធំ​» ទាំង​នេះ​គឺជា​មូលហេតុ​ចម្បងៗ​ដែល​មាន​ការ​រិះគន់​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ដោយសារ​តែ​ទំហំ​ទឹកប្រាក់​ដែល​រដ្ឋាភិបាល​គ្រោង​ចំណាយ​ទៅ​លើ​គម្រោង​ទាំង​នេះ​មាន​បរិមាណ​ខ្ពស់​ពេក​។

នៅ​ក្នុង​ចំណោម​គម្រោង​ធំៗ​ទាំង​នេះ​លោក Wong បាន​ថ្លែង​ថា៖ «​វា​អាច​នឹង​ផ្តល់​ឲ្យ​ពួកយើង​នូវ​ឱកាស​ដ៏ល្អ​បំផុត​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ព្រម​ទាំង​អាច​ធ្វើឲ្យ​សិង្ហបុរី​មាន​ឱកាស​ច្រើន​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​មួយ​ដ៏​ជោគជ័យ​ក្នុង​ពិភពលោក​ដែល​ផ្លាស់ប្តូរ​ជានិច្ច​នេះ​»​។

ការអភិវឌ្ឍ និង​ការ​ធ្វើឲ្យ​ថ្មី​ឡើង​វិញ​​

បណ្តា​គម្រោង​របស់​វិស័យ​សាធារណៈ​កំពុងតែ​ត្រូវ​បាន​ចាប់ផ្តើម​រាប់​ទាំង​គម្រោង​រថភ្លើង MRT និង​ប្លុក​លំនៅឋាន​ថ្មីៗ​ផង​ដែរ​។

តម្លៃ​សរុប​របស់​វិស័យ​សំណង់​សម្រាប់​ឆ្នាំ​នេះ​អាច​នឹង​កើន​ដល់​ ២៣,៥ ​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ឆ្នាំមុន​មានតម្លៃ​ ១៨,៦ ​ពាន់​លាន​ដុល្លារ​។

និយាយ​ដល់​បណ្តា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ លោក Wong បាន​អះអាង​ថា៖ «​នេះ​ជា​ធម្មជាតិ​នៃ​ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​។ នៅពេល​យើង​ដើរ​ទៅ​មុខ យើង​នឹង​ត្រូវការ​គម្រោង​ថ្មីៗ ការ​ចំណាយ​ថ្មីៗ សម្រាប់​ការ​បង្កើត​ថ្មី និង​កែលម្អ​បន្ថែម​ទៀត​ទៅ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​»​។

លោក​បន្ថែម​ទៀត​ថា ការ​ជំនួស​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​អាយុកាល​ចាស់ៗ​ជាមួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​គឺជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​កើនឡើង​។

លោក​មាន​ប្រសាសន៍​ថា​៖ «​បើ​មើល​ពី​ចក្ខុវិស័យ​រយៈពេល​យូរអង្វែង យើង​ក៏​ត្រូវ​ការ​គ្រោង​ទុក​សម្រាប់​ការផ្លាស់ប្តូរ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់ ជា​ជាង​ចំណាយ​លើ​គម្រោង​ថ្មី​ផងដែរ​»​។

លោក​ចាត់​ទុក​ការ​ចំណាយ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​សាធារណៈ​ជា​វដ្ត​មួយ ដែល​ប្រៀប​ដូច​ទៅ​នឹង​ការចំណាយ​នាពេល​កន្លង​មក​។ តែ​ទោះបី​ជា​យ៉ាងណា​វា​មិន​ដូច​ការ​ចំណាយ​លើ​សេវា​ថែទាំ​សុខភាព ដែល​បាន​បង្ហាញ​នូវ​កំណើន​យ៉ាងច្រើន ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ថែម​ទៀត​ដោយសារ​ចំនួន​ប្រជាជន​ចាស់ជរា​នៅ​សិង្ហបុរី​មាន​ការ​កើនឡើង​យ៉ាង​ច្រើន​។

លោក​បន្ត​ទៀត​ថា៖ «​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ត្រៀម​ចិត្ត​ឲ្យ​រួច​ជាស្រេច​សម្រាប់​ផ្នែក​នេះ ហើយ​ចូលរួម និង​ជួយ​គ្នា​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ទាំងនេះ​។ វា​មិន​ខុសពី​ពេល​ដែល​យើង​ទិញ​សម្ភារ​ប្រើប្រាស់​នៅផ្ទះ ឬ​រថយន្ត​ថ្មី​មួយ​គ្រឿង​នោះ​ទេ​។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៅពេល​ដែល​វា​នៅ​ថ្មី អ្នក​នឹង​មិន​គិតថា​វា​នឹង​មាន​បញ្ហា​ច្រើន​នោះ​ឡើយ​»​។

នៅ​ពេល​សួរ​ថា តើ​ប្រជាជន​សិង្ហបុរី​បាន​ត្រៀម​ចិត្ត​ទទួល​យក​នូវ​ផ្នត់​គំនិត​ដែល​ថា​របស់របរ​នឹង​ចាស់​ទៅ ហើយ​នឹង​ខូច​ហើយ ឬ​នៅ​? លោក​ឆ្លើយ​​ថា ៖ «​ផ្នែក​មួយ​នៃ​ការ​ត្រៀម​ចិត្ត​នេះ​គឺ​ការ​ទទួល​ស្គាល់​ថា នៅ​ពេល​របស់របរ​ចាស់​ទៅ ការ​ខូចខាត​វា​នឹង​កើតមាន​។ នេះ​ជា​ធម្មជាតិ​»​។

គម្រោង​ធំៗ

គម្រោង​របស់ URA គឺ​ផ្តល់​នូវ​ប្លង់​រយៈពេល​វែង​សម្រាប់​ការ​ប្រើប្រាស់​ដី​ក្នុងប្រទេស​សិង្ហបុរី និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​។

គម្រោង​ទាំង​នេះ​ត្រូវ​បាន​សើរើ​ពិនិត្យ​ជា​រៀងរាល់​ ១០ ​ឆ្នាំ​ម្តង ខណៈ​ពេល​បន្ទាប់​គឺ​នៅ​ឆ្នាំ​ ២០២១​។

ក្នុង​ចន្លោះ​រយៈពេល​ ៥ ​ឆ្នាំ​ម្តង ប្លង់​មេ​នឹង​ត្រូវ «​សើរើ​» ដើម្បី​ចាប់ផ្តើម​អ្វី​មួយ​នៅ​ពេលវេលា​អំណោយផល​។ នេះ​បើ​តាម​សម្តី​អ្នកស្រី Hwang ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​រង​របស់ URA ផង​ដែរ​។

អ្នកស្រី Hwang បាន​និយាយ​ថា​នាពេល​កន្លង​មក​គោល​គំនិត និង​ប្លង់​មេ​បាន​ដំណើរការ​យ៉ាង​ល្អ​។

ការ​ផ្លាស់ប្តូរ​មួយ​ដែល​គេ​កត់សម្គាល់​ឃើញ​គឺ​ការ​កើនឡើង​នូវ​ការ​ប្រើប្រាស់​ការ​វិភាគ​ទិន្នន័យ​ដើម្បី​ផ្តល់​ជា​ការ​មគ្គុទេសក៍​ដល់​អ្នក​បង្កើត​ច្បាប់​។

អ្នកស្រី Hwang ថ្លែង​ថា៖ «​ចំពោះ​ការ​ប្រើប្រាស់​ទិន្នន័យ​នេះ ជាក់ស្តែង​យើង​អាច​មើល​ឃើញ​នូវ​បែប​ផែន​នៃ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន និង​សិក្សា​មើល​ថា តើ​គម្រោង​ទាំង​នោះ​អាច​នឹង​ដំណើរការ​បាន​ល្អ ឬ​យ៉ាង​ណា​? តើ​ចំណុច​ណា​ខ្លះ​ក្នុង​គម្រោង​ទាំង​នោះ​ដែល​អាច​កែលម្អ​ដើម្បី​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​?»​។

ជាក់ស្តែង​ទិន្នន័យ EZ-Link ត្រូវ​បាន​ប្រើប្រាស់​ដោយ URA ដើម្បី​មើល​ថា តើ​មនុស្ស​ចាស់ជរា​មាន​សកម្មភាព និង​ការ​ផ្លាស់​ទីលំនៅ​ដូចម្តេច​ខ្លះ​? ដែល​វា​នឹង​ផ្តល់​ព័ត៌មាន​ទៅ​អ្នក​ធ្វើ​គម្រោង​ថា តើ​កន្លែង​ណា​ដែល​ស័ក្តិសម​ទៅ​នឹង​តម្រូវការ​សម្រាប់​កន្លែង​ទទួល​ថែទាំ​មនុស្ស​ចាស់ជរា​។

លោក Wong បាន​និយាយ​ថា៖ «​យើង​ត្រូវ​តែ​មើល​វា​ជា​លក្ខណៈ​តំបន់​ធំៗ​តែម្តង ហើយ​មើល​ថា​តើ​យើង​អាច​ផ្សារភ្ជាប់​បណ្តាញ​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ និង​ការ​រួម​បញ្ចូល​គ្នា​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត​ដោយ​របៀប​ណា​?»

បញ្ហា​ប្រឈម

ខណៈ​ដែល​ប្រទេស​សិង្ហបុរី ព្យាយាម​ដាក់​ចេញ​នូវ​គម្រោង​ប្រកប​ដោយ​មហិច្ឆតា​ដ៏ធំ​បែប​នេះ​លោក Wong បាន​លើក​ឡើង​អំពី​ឧបសគ្គ​ប្រឈម​ចំនួន​ ៣ ដែល​បាន​ឃើញ​ក្នុង​ប្រទេស​ដទៃ ហើយ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​គម្រោង​ទាំងនេះ​។

បញ្ហា​ប្រឈម​ទី​ ១ គឺ​ហិរញ្ញវត្ថុ​ដែល​អាច​នឹង​រារាំង​រដ្ឋាភិបាល​ពី​ការ​កែលម្អ​ជាថ្មី ឬ​សង់​ថ្មី​ឡើង​វិញ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​ចាំបាច់​មួយ​ចំនួន ទី​ ២ គឺ​ការ​ខ្វែង​មតិ​ផ្នែក​នយោបាយ ដែល​មិន​យល់​ស្រប​គ្នា​ទាក់ទង​នឹង​ការ​ដំណើរការ​ទៅ​មុខ​របស់​គម្រោង និង​ទី​ ៣ គឺ​គំនិត «​មិន​អាច​ប៉ះ​ដី​ខ្ញុំ​បាន​ទេ​» ឬ «​មិន​ចង់​បាន​ការ​អភិវឌ្ឍ​ថ្មី​» ឬ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​សាធារណជន​។

លោក​ថ្លែង​ថា មាន​ហេតុផល​ចំនួន​ ៣ ​ដែល​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​កំពុង​តែ​អាយុកាល​កាន់​តែ​ចាស់​ទៅ​មិន​អាច​កែលម្អ​ជាថ្មី​បាន ឬ​សង់​ថ្មី​បាន​ក្នុង​បណ្តា​ទីក្រុង​ដែល​មាន​ការ​អភិវឌ្ឍ​ជឿនលឿន​មួយ​ចំនួន​។

លោក Wong បន្ថែម​ថា​៖ «​ប្រសិន​បើ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​មិន​អាច​កើត​មាន​នោះ ជា​លទ្ធផល​វា​អាច​ធ្វើឲ្យ​មាន​ការ​ធ្លាក់ចុះ​នូវ​ផលិតភាព ការ​ប្រកួតប្រជែង និង​ប៉ះពាល់​ដល់​កម្រិត​នៃ​ការដែល​ប្រើប្រាស់ ឬ​ស្នាក់នៅ​ផង​ដែរ​»​។

លោក​បាន​សង្កត់​ធ្ងន់​ថា​៖ «​ចាំបាច់​ណាស់ យើង​មិន​ត្រូវ​ឲ្យ​មាន​រឿង​បែប​នេះ​កើតឡើង​ក្នុង​ប្រទេស​សិង្ហបុរី​បាន​ជា​ដាច់​ខាត​»៕

Ng Jun Sen , The Strait Times (Singapore)