យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង (URA) កាលពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា ការលក់​ផ្ទះ​ក្នុង​ខែ​មករា​កន្លងមក​មាន​ចំនួន​ ៥២២ ​យូនីត ដែល​ចំនួន​នេះ​គឺ​កើន​ ២១ ​ភាគរយ បើ​ធៀប​នឹង​ខែ​ធ្នូ ឆ្នាំ​ ២០១៧ ដោយ​ពេល​នោះ​លក់​បាន​ចំនួន​ ៤៣១ ​យូនីត​។ ទិន្នន័យ​នេះ​បើ​ធៀប​ទៅ​នឹង​ខែ​មករា ឆ្នាំ​ ២០១៧ គឺ​កើនឡើង​ចំនួន​ ៣៧ ​ភាគរយ​ដោយ​ពេល​នោះ​លក់​បាន​ត្រឹមតែ​ ៣៨២ ​យូនីត​ប៉ុណ្ណោះ​។

យោង​តាម​ភ្នាក់ងារ​អចលនទ្រព្យ PropNex Realty បាន​បង្ហាញ​ថា ការលក់​កាលពី​ខែ​មុន​គឺជា​អត្រា​ខ្ពស់​បំផុត​សម្រាប់​ខែមករា​ចាប់​តាំងពី​ឆ្នាំ​ ២០១៥ មក​។

ទោះបី​ជា​យ៉ាង​ណា វា​នៅ​តែ​ទាប​ជាង​តួលេខ​ប្រចាំ​ខែ​ជាទូទៅ ព្រោះ​អ្នក​អភិវឌ្ឍន៍​ភាគច្រើន​មាន​ផែនការ​ចាប់ផ្តើម​គម្រោង​របស់​គេ​ បន្ទាប់ពី​បុណ្យ​ចូល​ឆ្នាំ​ចិន​រួច​។

លោក Ismail Gafoor អគ្គនាយក​ក្រុមហ៊ុន PropNex និយាយ​ថា​៖ «​ជាទូទៅ​ខែ​ធ្នូ និង​ខែ​មករា គឺជា​ខែ​ដែល​សកម្មភាព​នៃ​ការ​ទិញ- លក់​អចលនទ្រព្យ​មាន​ល្បឿន​យឺត​ជាងគេ​»​។

លោក​បាន​បន្ត​ថា​៖ «​ទោះបី​ជា​យ៉ាងណា​ការ​មើល​តួលេខ​ដែល​ប្រៀបធៀប​ជាមួយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន វា​ហាក់​ដូចជា​បង្ហាញ​ថា​ខែ​មករា​ឆ្នាំ​ ២០១៨ កំពុង​ទទួល​បាន​សម្ទុះ​ជាមួយ​អ្នក​ទិញ​ផ្ទះ​ផង​ដែរ​»​។

គម្រោង​ដែល​លក់​ដាច់​បំផុត​ក្នុង​ខែ​មករា​ គឺ Symphony Suites ដែល​ស្ថិត​នៅ​តំបន់ Yishun ដោយ​គម្រោង​នេះ​លក់​បាន​រហូត​ដល់​ ៦៥ ​យូនីត គម្រោង Gem Residences នៅ​តំបន់ Toa Payoh លក់​បាន​ចំនួន​ ៤៤ ​យូនីត និង​គម្រោង Parc Botannia នៅ​ក្នុង​តំបន់ Sengkang លក់​បាន​ចំនួន​ ៤៣ ​យូនីត​។

លោក Ismail រំពឹង​ថា​នឹង​ឃើញ​មាន​ប្រតិបតិ្តការ​ទិញ-លក់​ច្រើន​បន្ថែម​ទៀត​បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ខណៈ​ដែល​អ្នក​អភិវឌ្ឍន៍​ត្រៀម​ខ្លួន​បង្កើត​គម្រោង​ថ្មីៗ​មួយ​ចំនួន​ដូចជា Tapestry នៅ Tampines Avenue 10, Enclave @ Holland និង Rivercove Residences EC នៅ Sengkang ជាដើម​។

អគ្គនាយក​ក្រុមហ៊ុន PropNex កត់សម្គាល់​ថា៖ «​សកម្មភាព​នៅ​លើ​ទីផ្សារ​នឹង​ចាប់ផ្តើម​កើនឡើង​ពី​ខែ​មីនា ជាមួយ​នឹង​ប្រតិបត្តិការ​ដែល​ស្ថិត​ក្នុង​រង្វង់ ​១០០០ ​យូនីត​»​។

លោក Ismail ក៏​បាន​ព្យាករ​ថា បន្ទប់​ស្នាក់នៅ​ចំនួន ​១២០០០ ​យូនីត​ (​ដោយ​មិន​រាប់​បញ្ចូល ECs) ​នឹង​ត្រូវ​លក់​ដាច់​ក្នុង​ឆ្នាំ​ ២០១៨ ដែល​ចំនួន​នេះ​គឺ​ប្រហាក់​ប្រហែល​ទៅ​នឹង​កាលពី​ឆ្នាំ​ ២០១៧ កន្លង​មក​៕