ការ​ចុះ​ហត្ថលេខា​បាន​ចប់​រួចរាល់​ហើយ​នៅ​ឡើយ​តែ​ពេលវេលា​ដើម្បី​ចាប់ផ្តើម​សាងសង់​ផ្លូវ​ល្បឿន​លឿន​តម្លៃ​ ១៩០០ ​លាន​ដុល្លារ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​បាន​កំណត់​ពេល​ជាក់លាក់​តែ​ប៉ុណ្ណោះ ខណៈ​មន្ត្រី​ជំនាញ​អះអាង​ថា​នឹង​ចាប់ផ្តើម​នៅ​ពេល​ឆាប់ៗ​នេះ​។

អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក វ៉ា ស៊ឹមសូរិយា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដែល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ត្រូវ​បាន​កំណត់​ពេលវេលា​ជាក់លាក់​នោះ​​ទេ ព្រោះ​បច្ចុប្បន្ន​ក្រុម​មន្ត្រី​អន្តរ​ក្រសួង​កំពុង​ចុះ​សិក្សា និង​ដោះស្រាយ​ផលប៉ះពាល់​ទៅ​លើ​លំនៅឋាន និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​។ ​ផលប៉ះពាល់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នេះ​អាច​មាន​ច្រើន​ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចំណាយ​ប្រាក់​ខ្លះ​តាមរយៈ​ជំនួយ ឥត​សំណង​ពី​រដ្ឋាភិបាល​ប្រទេស​ចិន​។

លោក​មាន​ប្រសាសន៍​ថា​តាម​គម្រោង​ផ្លូវ​នេះ​នឹង​សាងសង់​នៅ​ស្រប​តាម​ផ្លូវជាតិ​លេខ​ ៤ ​ទាំង​សង​ខាង ប៉ុន្តែ​ភាគច្រើន​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ​នៃ​ផ្លូវជាតិ​លេខ​ ៤ (​ចេញ​ពី​ភ្នំពេញ​)​។

លោក​បន្ត​ថា៖ «​គិត​ពី​ពេល​នេះ​តទៅ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ក៏​ដូចជា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជា​រឿង​ចាំបាច់ ដើម្បី​បង្កើន​សម្ទុះ​សេដ្ឋកិច្ចជាតិ​»​។

តាម​ឯកសារ​ដែល​ទទួល​បាន​នៅ​​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយ​លោក Liu Gitao ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ចិន​លោក លី ខឺឈាង មក​កម្ពុជា​កាលពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា​ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ប្រវែង ​១៩០,៦៣ ​គីឡូម៉ែត្រ​មាន​ទទឹង​ផ្លូវ​ទំហំ​ ២៤ ​ម៉ែត្រ​ (២ ​ទៅ ២ ​មក​) ដោយ​ធ្វើ​ឡើង​ក្រោម​រូបភាព BOT​។

ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​មាន​សួនច្បារ​នៅ​កណ្តាល និង​របាំង​សង​ខាង​ផ្លូវ​ព្រម​ទាំង​មាន​ទីតាំង​សម្រាប់​ឈប់​សម្រាក​ទៀត​ផង​។

លោក វ៉ា ស៊ីមសូរិយា បាន​បន្ត​ថា​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​មាន​ទីតាំង​ចំណុច​ឆ្លងកាត់​ប្រមាណ​ ១០ ​កន្លែង​ជា​ផ្លូវ​ដែល​លោក​គិត​ថា​នឹង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ព្រម​ទាំង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើឲ្យ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ធ្លាក់​ចុះ​ផង​ដែរ​។

លោក​បន្ត​ថា​តាម​គម្រោង​ការ​សាងសង់​ផ្លូវ​នេះ​គ្រោង​ចំណាយ​រយៈពេល​ ៤ ​ឆ្នាំ​ទើប​បញ្ចប់​ការ​សាងសង់ ហេតុ​នេះ​យើង​រំពឹង​ថា​ការ​សាងសង់​នឹង​អាច​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​។

ទោះ​ជា​យ៉ាង​ណា​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ការ​ដោះស្រាយ​ផលប៉ះពាល់​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​បញ្ចប់​រួច​ហើយ​។

ក្រោយ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​បញ្ចប់​ផ្លូវ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់​តែ​មាន​រយៈខ្លី​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីកចម្រើន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ ផ្លូវជាតិ​លេខ​ ៤ ដែល​ចេញ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​កំពុង​ប្រើប្រាស់​សព្វ​ថ្ងៃ​មាន​ប្រវែង​ជាង​ ២៣០ ​គីឡូម៉ែត្រ​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ខេត្ត​ព្រះសីហនុ​ទាំង​មូល​ជា​តំបន់​ឧស្សាហកម្ម​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​ ២០១៥-២០២៥ ដែល​ជា​គោលនយោបាយ​មួយ​ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែ​តុលា​ឆ្នាំ​ ២០១៦ កន្លង​មក​នេះ​។

ទីប្រឹក្សា​ជាន់​ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា​បញ្ហា​ប្រឈម​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា​គឺ​ការ​ដឹក​ជញ្ជូន​មាន​តម្លៃ​ថ្លៃ ដោយសារ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​គិតគូរ​វិនិយោគ ប៉ុន្តែ​ការ​សាងសង់​អ្វី​មួយ​វា​មិន​ចំណាយពេល​មួយ​ថ្ងៃ ឬ​មួយ​ឆ្នាំ​នោះ​ទេ​ហេតុនេះ​រដ្ឋាភិបាល​គួរ​ពន្លឿន​ការ​វិនិយោគ​លើ​ផ្លូវ​ល្បឿន​លឿន និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​។

លោក​បន្ត​ថា​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន ឬ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជា​ការ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ​ព្រោះ​បើ​ចង់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ត្រូវ​តែ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មុន​។

នាយិកា​នៃ​ក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong មាន​ប្រសាសន៍​ថា​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ពិត​ជា​ជួយ​ច្រើន​ណាស់​ដល់​ប្រទេស​កម្ពុជា​ក៏​ដូចជា​កាត់​បន្ថយ​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ដែល​អាច​ធ្វើឲ្យ​អ្នក​ធ្វើ​ដំណើរ​សន្សំ​ប្រាក់​បាន​ច្រើន​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ពិសេស​ធ្វើឲ្យ​តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ក្នុង​ខេត្ត​កណ្តាល កំពង់ស្ពឺ កើនឡើង​ថែម​ទៀត​។

អ្នកនាង Grace Rachny Fong បាន​អះអាង​ថា៖ “​នាពេល​អនាគត​តម្លៃ​ដី​នៅ​ខេត្ត​កំពង់ស្ពឺ​អាច​ផ្ទុះ​ឡើង​ដោយសារ​ការ​សាងសង់​ផ្លូវ​នេះ និង​ជា​ខេត្ត​ដែល​មាន​ទីតាំង​នៅ​កៀក​រាជធានី​ភ្នំពេញ​។

អ្នកនាង​បន្ត​ថា​តម្លៃ​ដីធ្លី និង​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​មាន​ការ​កើនឡើង​ហើយ​សកម្មភាព​អភិវឌ្ឍន៍​នឹង​កាន់តែ មាន​ភាព​រស់រវើក​បន្ថែម​ទៀត​”៕