Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​អភិរក្ស​មិន​ច្បាស់​លាស់​ ធ្វើ​ឲ្យ​សំណង់​សម័យ​អាណា​និគម​ នៅ​ភ្នំពេញ​ ត្រូវ​រង​ការ​បំផ្លាញ

Content image - Phnom Penh Post
ផ្ទះ​សម័យ​អាណា​និគម​បារាំង​ដែល​នៅ​សល់​រហូត​មក​ទល់​បច្ចុប្បន្ន​នៅ​ទីក្រុង​បាត់ដំបង។ មឿន ញាណ

ការ​អភិរក្ស​មិន​ច្បាស់​លាស់​ ធ្វើ​ឲ្យ​សំណង់​សម័យ​អាណា​និគម​ នៅ​ភ្នំពេញ​ ត្រូវ​រង​ការ​បំផ្លាញ

ប្រហែល​កម្ពុជា ជា​ប្រទេស​សម្បូរ​ដោយ​សម្បត្តិ​បេតិកភណ្ឌ​ពេក​ហើយ បានជា​ការអភិរក្ស​សំណង់​សម័យ​អាណា​និគម ហាក់​មិន​សូវ​មាន​ការ​យកចិត្ត​ទុកដាក់​ជា​ដុំកំភួន​ពី​អាជ្ញាធរ​ពាក់ព័ន្ធ បើទោះជា​វត្តមាន​សំណង់​ទាំង​នេះ បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់​ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ក្តី​។

នៅ​ក្នុង​រាជធានី​ចំណាស់ និង​ជា​រាជធានី​ដែល​ធ្លាប់​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​បារាំង ជិត​មួយ​ទសវត្សរ៍​នេះ បាន​បន្សល់​ទុក​នូវ​មរតក​សំណង់​ចម្រុះ​ស្ថាបត្យ​កម្ម ដែល​មាន​រចនាប័ទ្ម​ទាក់ទាញ​ផ្សេងៗ​គ្នា ហើយ​សំណង់​លំនៅឋាន​បេតិកភណ្ឌ​ទាំង​នោះ​ជាង ៤០០​ទីតាំង នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​កែច្នៃ​ជា​ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត ឬក៏​រុះរើ​ចោល​សាងសង់​ជាថ្មី​ជាដើម ក៏​សមត្ថកិច្ច​ជំនាញ​មិន​អាច​គ្រប់គ្រង​បាន​ដែរ​។

​លោក ហេង សេង​លី នាយក​គ្រប់គ្រង​ទូទៅ​នៃ​ភោជនីយដ្ឋាន Park Café ដែលមាន​សាខា​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ ក្នុង នោះ​ភោជនីយដ្ឋាន​មួយ​ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ទល់មុខ​មន្ទីរពេទ្យ​កាល់ម៉ែត ជា​សំណង់​សល់​ពី​សម័យ​អាណានិគម​បារាំង​។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​ព្រឹក​ថ្ងៃ​អង្គា​រថា ការជ្រើសរើស​ទីតាំង​ភោជនីយដ្ឋាន​នៅ​ទីតាំង​ខាងលើនេះ គឺ​ស្ថិតនៅលើ​ផ្លូវធំ ជា​តំបន់​មមាញឹក និង​មាន​ចំណត​ចត​យានយន្ត​បាន​ច្រើន​គ្រឿង និង​គួបផ្សំ​នឹង​ស្ថាបត្យកម្ម​របស់​អគារ​នេះ​មាន​ភាព​ទាក់ទាញ​គួរ​ឲ្យ​ចាប់អារម្មណ៍​។​

​លោក​បន្តថា ៖ «​ខ្ញុំ​គិតថា រចនាប័ទ្ម​របស់​អគារ​នេះ ជា​ភាព​ទាក់ទាញ​មួយផ្នែក ព្រោះ​ក្រៅពី​រចនាប័ទ្ម និង​ជា​ស្ថាបត្យកម្ម​សល់​ពី​សម័យ​អាណានិគម ភោជនីយដ្ឋាន​នេះ​ក៏មាន​ទីតាំង​ល្អ និង​ចំណត​ឡានធំ​ទូលាយ​ផងដែរ​»​។

លោក​បន្តថា​៖ «​អ្នក​ចូលមក​ភោជនីយដ្ឋាន​ជា​ក្រុមមនុស្ស​ចម្រុះ ទាំង​វ័យក្មេង វ័យ​កណ្តាល និង​វ័យចាស់​។ មនុស្ស​វ័យក្មេង​មិន​ចាប់អារម្មណ៍​ពី​រចនាប័ទ្ម​របស់​អគារ​នេះ​ទេ ប៉ុន្តែ​មនុស្ស​ចាស់ៗ​ដែល​យល់​ពី​តម្លៃ​បេតិកភណ្ឌ ពួកគាត់​មានការ​ចាប់​អារម្មណ៍​ច្រើន​ចំពោះ​សំណង់​នេះ​»​។​

​ជា​អារម្មណ៍​ផ្ទាល់ខ្លួន លោក ហេង សេង​លី បាន​ឲ្យ​ដឹងថា ៖ «​ពេល​ខ្ញុំ​ដើរចូល​ភោជនីយដ្ឋាន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ប្លែក មាន​អារម្មណ៍​ដូច​ចូលក្នុង​សារមន្ទីរ ឬ​នឹកឃើញ​ពី​អតីតកាល​»​។

លោក​បន្ត​ថា ទោះជា​យ៉ាងណា ដោយសារ​ភាពចំណាស់ និង​អាយុកាល​បាន​ធ្វើ​ឲ្យ​ផ្នែក​ខ្លះៗ​របស់​សំណង់​នេះ ដូចជា​ដំបូល រនូត​ទ្រ ក្បឿង បាន​ពុកផុយ និង​ត្រូវ​បាន​ជួស​ជុល​ជា​ច្រើន​លើក​មក​ហើយ​។​

Content image - Phnom Penh Post
សំណង់​សម័យ​អាណា​និគម​បារាំង។ មឿន ញាណ

​យោងតាម​របាយការណ៍​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹងថា សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ៥២៣​ ទីតាំង ក្នុងនោះ​មាន​សំណង់​បេតិកភណ្ឌ ដែល​ត្រូវបាន​ចាត់ជា​ចំណាត់ថ្នាក់ គឺមាន​ចំណាត់ថ្នាក់​លេខ​១ មាន​ចំនួន​៣៤​ទីតាំង​។ ចំណាត់ថ្នាក់​លេខ​២ មាន​ចំនួន ២៤​ទីតាំង និង​ចំណាត់ថ្នាក់​លេខ​ ៣ មាន​ចំនួន​ ១៧​ ទីតាំង​។ ចំណែកឯ​ចំណាត់​ថ្នាក់​លេខ​៤ គឺ​សំណង់​លំនៅដ្ឋាន​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​មាន​ចំនួន ៤៤៨​ ទីតាំង​។​

​មន្ត្រី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រាជធានី​ភ្នំពេញ បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា កន្លងមក​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដោយមាន​កិច្ចសហការ​ពី​ក្រុម​អ្នកជំនាញ​ឯកទេស​បារាំង បានធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ទៅលើ​សំណង់​បេតិកភណ្ឌ និង​សំណង់​ប្រវត្តិសាស្ត្រ​នៅ​រាជធានី​ភ្នំពេញ​។

តាម​ការសិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​នោះ​យើង​បាន​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​កិច្ចការ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ឆ្នាំ​១៩៩៦ គឺ​ច្បាប់​នោះបាន​កំណត់​មាន​ពីរ​ផ្នែក​ទី​ ១ ស្នាដៃ​របស់​មនុស្ស ឬ​ធម្មជាតិ ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ជា​សិល្បៈ សាសនា​វិទ្យាសាស្ត្រ ហើយ​បានបង្ហាញ​ឲ្យ​ឃើញ​អំពី​វប្បធម៌​របស់​សង្គម​។​

​ទី​២ សំណង់​ដែលមាន​អាយុកាល​ចាប់ពី​៥០​ឆ្នាំ ទៅ​១០០​ឆ្នាំ​ឡើងទៅ តែ​ក្នុងនោះ​ត្រូវ​និយាយ​អំពី​សម័យកាល ដែល​ចែកជា​៤ គឺ​សម័យ​បុរេប្រវត្តិសាស្ត្រ​មុន​សម័យអង្គរ គឺ​ពី​សតវត្សរ៍​ទី​១ ដល់​ចុង​សតវត្សរ៍​ទី​៨ សម័យអង្គរ​ចាប់ពី​សតវត្សរ៍​ទី​៩ ដល់​សតវត្សរ៍​ទី​១៥ និង​សម័យ​ក្រោយ​អង្គរ​ពី​សតវត្សរ៍​ទី​១៥ រហូតដល់​បច្ចុប្បន្ន​។​

​ការរាប់​បញ្ចូល​ជា​សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​នោះ អាច​មិន​គិតពី​អាយុកាល​ក៏មាន ដូចជា សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង មាន​អាយុកាល​មិន​ដល់​៥០​ឆ្នាំ​នោះទេ តែ​វា​ជា​តឹកតាង​ប្រវត្តិសាស្ត្រ ចំណែកឯ​សំណង់ផ្ទះ​ចាស់​ពី​សម័យ​អាណានិគម​បារាំង ដែលមាន​អាយុកាល​ប្រហែល​ពី​៧០ ទៅ​៨០​ឆ្នាំ តែ​មិនអាច​រក្សាបាន ព្រោះ​វា​ជា​សំណង់​ឯកជន​។​

​លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែងថា បើ​គិតពី​ចំនួន​អគារ​សល់​ពី​សម័យ​អាណានិគម ដែល​មាននៅ​រាជធានី​ភ្នំពេញ គឺមាន​ចំនួន​តិចជាង​ខេត្តបាត់ដំបង ហើយ​ដោយសារ​វត្តមាន​អគារ​សម័យ​អាណានិគម​មាន​ច្រើន​នៅ​ខេត្តបាត់ដំបង បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មកពី​តំបន់​អឺរ៉ុប​ជាច្រើន​ជាពិសេស​ទេសចរ​វ័យ​ចំណាស់ៗ​ទៅ​ទស្សនា​នៅ​ខេត្តបាត់ដំបង​ច្រើនឡើងៗ​។

លោក​បន្តថា ខេត្តបាត់ដំបង ក្រៅពី​ការអភិរក្ស​បាន នូវ​អគារ​សម័យ​អាណានិគម​ច្រើន ក៏មាន​ភាព​ទាក់ទាញ​ជាច្រើន​ទៀត ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ភាព​ស្អាត និង​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌​ច្រើន​នៅក្នុង​ខេត្ត​នេះ​។​

​លោក​បន្តថា ៖ «​ខ្ញុំ​បាន​លើក​ពី​បញ្ហា​អភិរក្ស​សំណង់​សម័យ​អាណានិគម​នេះ​ជាង​១០​ឆ្នាំ​មកហើយ ប៉ុន្តែ​ជា​លទ្ធផល​អគារ​សម័យ​នោះ​ជាច្រើន​បាន​បាត់បង់​ជា​បណ្តើរៗ ដោយសារ​ការកែច្នៃ និង​ការ​វាយបំផ្លាញ​ចោល ដោយ​ជំនួស​មកវិញ​ជា​សំណង់​ថ្មី​ប៉ុន្តែ​គ្មាន​សិល្បៈ​ទាក់ទាញ​អ្វី​បន្តិច​សោះឡើយ​»​។​

​លោក មាន ចាន់​យ៉ា​ដា អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​។​

​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ នរៈ​សត្យា បាន​ថ្លែងថា ជាគោលការណ៍​ក្រសួង​បាន​អភិរក្ស​អគារ សល់​ពី​សម័យ​អាណានិគម​ទាំងនេះ និង​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​សំណង់​វាយបំផ្លាញ​ចោល ហើយ​ធ្វើ​ថ្មី​នោះទេ ប៉ុន្តែ​ប្រសិនជា​ពួកគេ​ជួសជុល ត្រូវសុំ​មក​ខាង​អ្នកជំនាញ​បេតិកភណ្ឌ​ជាមុនសិន​។

លោក​បន្តថា ក្រសួង​បានធ្វើ​អនុ​ក្រិ​ត្យ​មួយ ដែលមាន​គោលដៅ​អភិរក្ស​អគារ​ទាំងនោះ ប៉ុន្តែ​មិនទាន់​បានអនុម័ត​នៅឡើយ ដោយសារ​នៅមាន​ការជជែក​គ្នា​រវាង​ការដាក់​ពាក្យ​ខុសគ្នា​ទាក់ទង​នឹង​អគារ​ទាំងនោះ​ថា តើ​ត្រូវ​ដាក់ពាក្យ​ជា​សំណង់​សម័យ​អាណានិគម ឬ​សំណង់​បេតិកភណ្ឌ​។​

Content image - Phnom Penh Post
ផ្ទះ​សម័យ​អាណា​និគម​បារាំង​ដែល​នៅ​សល់​រហូត​ទល់​បច្ចុប្បន្ន​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​គេ​កែច្នៃ​ទៅ​ជា​ហាង​កាហ្វេ​ផាក។ មឿន ញាណ

​លោក​បន្តថា ៖ «​សំណង់​សម័យ​អាណានិគម ជាការ​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង ក៏ដូចជា​រួមចំណែក​ទា​ក់​ទាញ​ភ្ញៀវទេសចរ​ផងដែរ​»​។

លោក​បន្តថា​៖ «​នៅ​កម្ពុជា​ទោះជា​សាងសង់​អគារ​ខ្ពស់កប់ពពក ក៏​មិន​ឈ្នះ​គេ​ដែរ អ្នកទេសចរ​ពួកគេ​បានឃើញ​អគារ​ទាំងនោះ​នៅ​ប្រទេស​ជឿនលឿន​នានា​រួចទៅហើយ ប៉ុន្តែ​ពួកគេ​អាច​មិនទាន់​ឃើញ​ពី​សំណង់​សល់​ពី​សម័យ​អាណានិគម ដែលជា​មរតក​ប្រវត្តិសាស្ត្រ និង​ជា​អគារ​មាន​រចនាប័ទ្ម​ដ៏​ទាក់ទាញ​មួយ​»​។​

​លោក ថៃ នរៈ​សត្យា បាន​បន្តថា អគារ​សម័យ​អាណានិគម​ភាគច្រើន​សាងសង់​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩០០ ដល់​ឆ្នាំ​១៩២០ ដែល​សំណង់​ទាំងនោះ​មិន​ប្រើប្រាស់​ដែក​នោះទេ ស្ថាបត្យករ​ពេលនោះ​ពួកគេ​ប្រើប្រាស់​ឥដ្ឋ និង​សំណាញ់​សម្រាប់​ទ្រទ្រង់​សសរ និង​ពិ​ដាន​អគារ ដែលមាន​ភាព​ធន់ និង​រឹងមាំ ពិសេស​សំណង់​ទាំងនោះ​មាន​ខ្លោង​ទ្វារធំៗ កម្ពស់​អគារ​ខ្ពស់ៗ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ