Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កំណែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង តាម​ការ​កំណត់​ថវិកា​ថ្នាក់​ជាតិ

Content image - Phnom Penh Post
ឥដ្ឋ​ក្រាល​សួន​ច្បារ​ខាង​មុខ​ព្រះ​បរម​រាជវាំង ត្រូវ​បាន​ជួស​ជុល​ជា​ថ្មី។ រូបថត មួង វណ្ណឌី

កំណែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង តាម​ការ​កំណត់​ថវិកា​ថ្នាក់​ជាតិ

ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង​ស្ថិត​នៅ​ក្នុង​គោលការណ៍​នយោបាយ​អភិវឌ្ឍន៍​ថ្នាក់​ជាតិ​របស់​រាជ​រដ្ឋាភិបាល ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ​តាម​រយៈ​អន្តរ​ក្រសួង​ពាក់ព័ន្ធ និង​សាលា​រាជធានី​ភ្នំពេញ​។

ជា​រៀងរាល់​ឆ្នាំ​មាន​ការ​កំណត់ មធ្យោបាយ និង​សេវា​ថែទាំ​ទូទាំង​ប្រទេស​ត្រូវ​បាន​ត្រួត​ពិនិត្យ​ជា​រៀងរាល់​ត្រីមាស​នៃ​ការ​បែងចែក​ឥណទាន​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​នៅ​ក្នុង​ជំពូក​ ឬ​តាម​ចំណាត់​ថ្នាក់​អាទិភាព និង​ចំណាត់​ថ្នាក់​កម្មវិធី​នៃ​ការ​កំណត់​ថវិកា​សម្រាប់​ការ​គ្រប់គ្រង​ជា​ប្រចាំ​ឆ្នាំ​ហើយ​នៅ​ឆ្នាំ​២០១៧ ក៏​ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី​។

ដោយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពីពេល​ថ្មីៗ​នេះ មាន​ទីតាំង​សំខាន់ៗ​ជាច្រើន ដូច​ជា​ព្រះ​បរម​រាជវាំង សួន​ច្បារ​តាម​បណ្តោយ​ទន្លេ សួន​ច្បារ​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន ត្រូវ​បាន​រៀបចំ​ការ​កែ​លម្អ​ឡើង​សាជាថ្មី ក៏​ដូច​ជា​កែប្រែ​ពី​ចាស់​មក​ជា​ថ្មី ស្រប​ទៅ​តាម​គោលការណ៍​អភិវឌ្ឍន៍​ និង​សោភ័ណភាព​។

យោង​តាម​សៀវភៅ​រាជកិច្ច​ឆ្នាំ​ទី​១៧ លេខ​៦៨ ប្រចាំ​ត្រី​មាស​ទី​៣ ឆ្នាំ​២០១៧ ផ្សាយ​ចេញ​ពី​ទីស្តីការ​គណៈ​រដ្ឋ​មន្រី្ត បាន​បង្ហាញ​ថា ការ​គ្រប់គ្រង​ថវិកា​ថ្នាក់​ជាតិ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ការ​ចាត់​ចំណាត់​ថ្នាក់​ខ្ទង់​ចំណាយ​លើ​មធ្យោបាយ និង​សេវា​ផ្តត់​ផ្គង់ ថែទាំ ដែល​មាន​ការ​ចំណាយ​ថវិកា​សរុប​រួម​ប្រមាណ ៨៨៣១៦០​លាន​រៀល ហើយ​នៅ​ក្នុង​នោះ​រាជធានី​ភ្នំពេញ ក៏​មាន​ខ្ទង់​ចំណាយ​លើ​មធ្យោបាយ និង​សេវា​បែប​នេះ​ប្រមាណ១៣៧១៤​លាន​រៀល​ផង​ដែរ​។

លោក ម៉េត មាស​ភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​ផែនការ​សាងសង់​និង​សេវា​ថែទាំ ជា​គម្រោង​ត​របស់​សាលា​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ចំណាយ​លើ​សេវា​សាធារណៈ​ទាំង​អស់​នេះ​ស្ថិត​ក្រោម​កញ្ចប់​ថវិកា​ជាតិ​។

កាល​ពី​សប្តាហ៍​មុន នៅ​សួន​ច្បារ​ខាង​មុខ​ព្រះបរម​រាជវាំង និង​សួន​ច្បារ​មួយ​ចំនួន​ទៀត​នៅ​ទីតាំង​សំខាន់ៗ ត្រូវ​បាន​គេ​ធ្វើ​ការ​ជួសជុល​កែប្រែ និង​អភិវឌ្ឍ ទៅ​តាម​គំរូ​ប្លង់​របស់​គម្រោង​អភិវឌ្ឍន៍​ថ្នាក់​ជាតិ​។

លោក មាស​ភក្តី បាន​បន្ត​ថា​ ៖ «នៅ​ក្នុង​ផែនការ បាន​កំណត់​ទីតាំង និង​ពេលវេលា​ច្បាស់​លាស់​ក្នុង​ការ​កែលម្អ​ទីតាំង​ចាស់ និង​ការ​អភិវឌ្ឍ​ថ្មី ហើយ​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី ដូចជា​ការ​រៀបចំ​សួន​ច្បារ ការធ្វើ​ផ្លូវ​ថ្មី ការ​ជុស​ជុល​ផ្លូវ​​ដែល​ខូច ការ​រៀបចំ​ប្រព័ន្ធ​លូ (ការ​ដាក់​លូ​ថ្មី ការ​ស្តារ​លូ​ចាស់ និង​ប្តូរ​ទំហំ​លូ​)​ជាដើម មាន​នៅ​ក្នុង​ការ​កំណត់​នោះ​»។

លោក​បាន​បន្ត​ថា​ ៖ «​មាន​ទីតាំង​ច្រើន​ណាស់​ទាំង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ដែល​បាន​កែលម្អ​ជា​រៀង​រាល់​ឆ្នាំ ដូចជា​ខាង​មុខ​ព្រះ​បរម​រាជវាំង​នាពេល​ថ្មីៗ​នេះ បាន​កែប្រែ​សួនច្បារ និង​ការ​ពង្រីក​ផ្លូវ​ដើរ​ឲ្យ​ធំ​ជាង​មុន​ដើម្បី​សម្រួល​ដល់​ប្រជាជន​ក្នុងការ​ធ្វើ​ដំណើរ​កម្សាន្ត​»​។

​ផែន​ការ​អភិវឌ្ឍន៍​ទីក្រុង​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ត្រូវ​ចំណាយ​នៅក្នុង​កញ្ចប់​ថវិកា​របស់​ថ្នាក់​ជាតិ នៃ​រាជរដ្ឋាភិបាល ដែល​មិនមែន​មានតែ​នៅ​រាជធានី​ភ្នំពេញ​នោះ​ទេ​ថែម​ទាំង​នៅតាម​បណ្តា​ខេត្ត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​។ ទាំង​អស់​នេះ​ជា​គម្រោង​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅក្នុង​ទីក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ​។

លោក​បាន​ថ្លែង​ថា​ ៖ «​យើង​មាន​ខ្ទង់​ថវិកា​សម្រាប់​ចំណាយ​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ពី​ចំនួន​កំណត់​ច្បាស់​ណា​មួយ​ឡើយ ដោយ​សារ​ការអភិវឌ្ឍ​នីមួយៗ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រោង​ការ​ចំណាយ​របស់​អ្នក​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។ ឧទាហរណ៍​ថា ការ​ចំណាយ​លើ​អ្វី​ខ្លះ អស់​ថវិកា​ប៉ុន្មាន ប្រើប្រាស់​សម្ភារ​អ្វី​ខ្លះ ចំណាយ​ពេល​វេលា​ប៉ុន្មាន វា​ជា​បច្ចេក​ទេស​របស់​អ្នក​ជំនាញ​នីមួយៗ​»​។

លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ World Express Tour បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​តស៊ូ​មតិ​របស់​ក្រុម​លោក​អំពី​ការ​បង្កើត​ទីតាំង​បៃតង គឺ​ដើម្បី​ប្រយោជន៍​ទាំង​អស់​គ្នា ដូច​ជា​ថ្នាក់​ដឹក​នាំ អ្នក​ជំនាញ​ដែល​ប្រតិបត្តិ​គម្រោង និង​ប្រជា​ពលរដ្ឋ​ទាំងអស់​។

លោក​បន្ត​ថា​ ៖ «​ទាំង​សុខ​ភាព​ផ្លូវ​កាយ និង​សុខភាព​ផ្លូវ​ចិត្ត គឺ​ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​បរិយាកាស​ជុំវិញ​ខ្លួន ដូច​ជា​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្អាត អនាម័យ និង​ចរាចរណ៍​ ហើយ​វា​ជា​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេសជាតិ​ទាំង​មូល​»​។

លោក​បន្ថែម​ថា ជា​ពិសេស​ការ​កែ​ច្នៃ​សួន​ច្បារ និង​សំណង់​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ មក ជា​ឆ្នាំ​ដែល​ក្រុម​របស់​លោក​បាន​ស្នើ​សុំ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ការងារ​នេះ​ប្រកប​ដោយ​ភាព​រីកចម្រើន និង​មានការ​អនុវត្ត​រហូត​ដល់​បច្ចុប្បន្ន ដូចជា​ការកែលម្អ​សួន​តាម​មាត់់ទន្លេ សួន​ច្បារ​ខាងមុខ​ព្រះបរម​រាជវាំង សួន​កាណ​ឌី​យ៉ា និង​សួន​វត្តភ្នំ​ជាដើម​។ ឧទាហរណ៍៖ នៅ​ប្រទេស​គេ​មិន​ត្រឹម​តែមាន​សួនច្បារ​ទេ ថែមទាំង​សួន​ទឹក​ទៀត​ផង​។

លោក​បាន​បន្តថា​ ៖ «​ការ​រៀបចំ​សួន​ច្បារ សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ សណ្តាប់​ធ្លាប់​ចរាចរណ៍​ គឺជា​ភាព​ទាក់ទាញ​ពលរដ្ឋ​ដើម្បី​ធ្វើ​លំហាត់​ប្រាណ និង​ទេសចរណ៍​នៅ​ក្នុង​ទីក្រុង​។ ទន្ទឹម​នឹង​ប្រជា​ពលរដ្ឋ​មានការ​កើន​ឡើង​នៅ​ទីក្រុង សាលា​ក្រុង​ត្រូវ​មាន​វិធានការ​ម៉ឺង​ម៉ាត់ ក្នុង​ការ​អនុ​វត្ត​លើ​ច្បាប់​ផាក​ពិន័យ​ដល់​អ្នក​ចោល​សំរាម​ពាស​វាល​ពាស​កាល ហើយ​បេ្តជ្ញា​អនុវត្ត និង​ផលិត​ធុង​សំរាម​លក់​ក្នុង​តម្លៃ​សមរម្យ​ឲ្យ​ប្រជា​ពលរដ្ឋ​មានលទ្ធភាព​បាន​ចូល​រួម​»​។

ផ្ទុយ​ទៅ​វិញ​បើសិន​ជា​គ្មាន​ការ​ទប់​ស្កាត់​នោះ​ទេ វា​នឹង​ជៈ​ឥទិ្ធពល​អាក្រក់​មក​វិញ​ដល់​ប្រជាជន ដូចជា បញ្ហា​អនាម័យ សំរាម នៅ​តាម​កន្លែង​លម្ហែកាយ ហើយ​ប្រទេស​កម្ពុជា​ក៏​មិន​ទាន់​មាន​កន្លែង​លម្ហែ​បៃតង​នៅ​ឡើយ​ទេ​។

Content image - Phnom Penh Post
ឥដ្ឋ​ក្រាល​សួន​ច្បារ​តាម​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ​ កំពុង​ជួស​ជុល​ជា​ថ្មី។ រូបថត មួង វណ្ណឌី

ចំណែក​សហ​ស្ថាបនិក​នៃ​បណ្ណាល័យ​បញ្ញវន្ត លោក សុខ ឡាក់ ដែល​ជា​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ទាំង​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេវា​សាធារណៈ​នានា​នៅ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ឆ្លើយតប​ទៅនឹង​កំណើន​ជាច្រើន​របស់​ប្រជាជន ដែល​បាន​ចំណាក​ស្រុក​មក​រស់នៅ និង​ប្រក​បរបរ​នៅ​ក្នុង​ទីក្រុង​។

លោក​បាន​បន្ថែម​ថា ៖ «​យើង​ឃើញ​ថា រចនា​សម្ព័ន្ធ​មាន​ការ​ប្រសើរ​លើ​ការ​គិត​គូរ​ជាច្រើន​ខាង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ ដូច​ជា ការពង្រីក​ផ្លូវ​ថ្នល់ សួន​ច្បារ កន្លែង​កម្សាន្ត​នៅ​តំបន់​សំខាន់ៗ និង​សេវាសា​ធារណៈ រួមមាន​សេវា​ឡានក្រុង​ជាដើម​។ ប៉ុន្តែ​វិស័យនេះ​នៅ​មាន​ភាព​ខ្វះខាត នូវ​ទីតាំង​តំបន់​បៃតង ទីតាំង​ហាត់​ប្រាណ​ដើម្បី​ឲ្យ​ប្រជាជន​មាន​ឱកាស​ក្នុង​ការ​ស្រូប យក​ខ្យល់​បរិសុទ្ធ​នៅ​ក្នុង​ទីក្រុង​»​។

ខណៈ​ពេល​ដែល​តំបន់​សំខាន់​ដូច​ជា​តាម​បណ្តោយ​មាត់​ទន្លេ ព្រះបរម​រាជវាំង វត្តភ្នំ​ជាដើម មាន​កន្លែង​សម្រាប់​ដើរ​លម្ហែ និង​កម្សាន្ត ប៉ុន្តែ​ទីតាំង​មួយ​ចំនួន​ធំ​របស់​រាជ​ធានី​ភ្នំពេញ នៅ​ខ្វះ​ចន្លោះ​សេវា​សាធារណៈ​ទាំង​នោះ​។

លោក​បាន​បន្ត​ថា ៖ «​ខ្ញុំ​យល់​ថា​អ្នក​ជំនាញ​ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​គួរតែ​ធ្វើការ​គិតគូរ​ពង្រីក​សេវា​សាធារណៈ​ឲ្យ​មាន​និរន្តរ​ភាព​ស្មើៗ​គ្នា​នៅ​ក្នុង​ទីក្រុង ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ជាតិ​កំពុង​មាន​ការ​រីក​ចម្រើន​ទៅ​មុខជា​បន្ត​បន្ទាប់​»​។

ឧទាហរណ៍​ ៖ នៅ​តំបន់​សង្កាត់​អូឡាំពិក និង​តាម​ផ្លូវ​កម្ពុជា​ក្រោម គេ​សង្កេត​ឃើញ​ថា ​មាន​ការ​សាងសង់​នៅ​អគារ​ខ្ពស់ៗ​ដែល​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​តំបន់​បៃតង​មួយ​ចំនួន​ធំ ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ គួរ​គិត​គូរ​បង្កើត​នូវ​តំបន់​បៃតង​បន្ថែម​។

ភាព​ទាក់ទាញ​នៃ​ទីក្រុង​កើត​ឡើង​នៅ​ពេល​ដែល​និរន្តរភាព​របស់​ទេសភាព​ទីក្រុង​ស្ថិតស្ថេរ និង​សុខ​មាលភាព​របស់​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​។ ពួក​គាត់​ត្រូវ​ធ្វើ​ការ​គិត​គូរ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​ចរន្ត​ទីក្រុង​មាន​ភាព​រស់​រវើក​ខណៈ​ពេល​ដែល​កំណើន​សេដ្ឋកិច្ច និង​ស្រប​តាម​កំណើន​ប្រជាជន​នៅ​ទីក្រុង ដើម្បី​ជៀសវាង​ផល​អវិជ្ជមាន​ដែល​កើត​មាន​ដោយ​ប្រការ​ណា​មួយ​។

លោក​បាន​ថ្លែង​បន្ត ​៖ «​ប្រជាជន​គួរ​ចូលរួម​កំណត់​បញ្ហា​សង្គម នូវ​ចំណុច​ខ្វះខាត​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ (​បញ្ហា​កាក​សំណល់ ប្រព័ន្ធ​លូ​) និង​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ដើម្បី​ឲ្យ​ពួក​គាត់​បាន​ដឹង និង​ចូលរួម​ដោះស្រាយ​គ្នា​តាម​រយៈ​ការ​អប់រំ​ដល់​ប្រជាជន​ក្នុង​ទីក្រុង​»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ