Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ទឹក​ចាស់​ នៅ​ខណ្ឌ​មានជ័យ​បាន​ចាប់​ផ្តើម

Content image - Phnom Penh Post
កម្មករ​សំណង់​របស់​សាលា​ក្រុង​កំពុង​បិទ​ស្លាក​លេខ​ផ្ទះ​ថ្មី​នៅ​ក្រោម​ស្ពាន​ស្ទឹង​មានជ័យ។ ហេង ជីវ័ន

គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ទឹក​ចាស់​ នៅ​ខណ្ឌ​មានជ័យ​បាន​ចាប់​ផ្តើម

ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មិន​សំដៅ​លើ​សំណង់​អគារ ស្ពាន ថ្នល់ សួនច្បារ ឬ​ផ្សារ​ទំនើប ប្រព័ន្ធ​ប្រឡាយ​ទឹក ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង​កែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​នៅក្នុង​ទីក្រុង​នីមួយៗ​ជា​ពិសេស​ក្រុង​ភ្នំពេញ ដែល​ប្រឈម​នឹង​ការ​កក​ស្ទះ​ប្រព័ន្ធ​ទឹក​កខ្វក់ ឬ​ទឹក​ភ្លៀង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

ថ្មីៗ​នេះ​សាលា​រដ្ឋធានី​ភ្នំពេញ​បាន​រៀបចំ​ប្រព័ន្ធ​ប្រឡាយ​ទឹក​នៅ​ក្នុង​ខណ្ឌមានជ័យ ត្រង់​ចំណុច​ភូមិ​មានជ័យ តាម​លក្ខណៈ​បច្ចេកទេស​ដើម្បី​ឲ្យ​មាន​លំហូរ​ទឹក​បាន​ល្អ មាន​បរិស្ថាន​ស្អាត និង​បម្រើ​តួនាទី​ផ្សេង​ទៀត​។

លើសពី​នេះ សាលា​រាជធានី បាន​រៀបចំ​ទីតាំង​ក្បែរ​មាត់​ប្រឡាយ​ទាំង​នោះ​សង់​ជា​លំនៅឋាន​សម្រាប់​ឲ្យ​ប្រជាជន​ក្រីក្រ​ស្នាក់នៅ តាម​រយៈ​ការ​ពុះ​ដី​ជា​ឡូត៍ ដើម្បី​ផ្តល់​កម្មសិទ្ធិ​ស្រប​ច្បាប់​សម្រាប់​ប្រជាជន​នៅ​តំបន់​នោះ​ឲ្យ​បាន​សមរម្យ​បន្ទាប់ពី​ការអភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយទឹក​ឲ្យ​មាន​របៀបរៀបរយ​ដូចជា ការរៀបចំ​កាយ​យក​សំរាម​កកស្ទះ​ចេញ រៀបចំ​ប្រព័ន្ធ​ផ្លូវ និង​ប្រព័ន្ធ​លូ​ជាដើម​។

លោក ម៉េត មាស​ភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា រហូត​មក​ទល់​សព្វថ្ងៃ​មាន​បងប្អូន​ប្រជា​ពលរដ្ឋ គាត់​ចូលមក​ធ្វើការ​រស់​នៅលើ​ប្រឡាយ និង​បាន​ចាក់​ដី​បន្ថែម​លុប​លើ​ប្រឡាយ​ស្ទឹងមានជ័យ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទឹក​មិន​អាច​ហូរ​បាន​។

ប្រឡាយ​ជា​អាង​ស្តុក​ទឹក និង​ជា​ផ្លូវ​ទឹក​ហូរ​នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់ចូល​ប្រឡាយ ប៉ុន្តែ​សព្វថ្ងៃ​មាន​ប្រជាជន​ជាង​៥០០​គ្រួសារ មក​ស្នាក់​នៅលើ​ប្រឡាយ​នៅ​តំបន់​នោះ​។

លោក មាស​ភក្តី បន្តថា សព្វ​ថ្ងៃ​នេះ​ប្រឡាយ​មិន​បាន​ប្រើ និង​បំពេញ​មុខងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​ប្រឡាយ​ឡើយ ដែល​បង្ក​ឲ្យ​មាន​ឧបសគ្គ​ដូចជា​ធ្វើ​ឲ្យ​ប្រឡាយ​រាក់ ដោយ​សារ​មាន​គំនរ​ដី​ភក់ សំរាម ដែល​ចោល​ដោយ​ប្រជា​ពលរដ្ឋ ការ​រំលោភ​ចាក់ដី​ថែម​លើ​ប្រទ្បាយ និង​បាំង​មុខ​ទឹក​ហូរ​។

លោក​បាន​ឲ្យ​ដឹងថា ៖ «​ហើយ​ការ​រស់នៅ​លើ​ប្រឡាយ គឺ​មិន​ស្រប​ច្បាប់​ឡើយ និង​បានធ្វើ​ឲ្យ​បញ្ហា​ដែល​ប្រជា​ពល រដ្ឋ​នៅ​ក្នុង​តំបន់ និង​ប្រជាជន​ដែល​ឆ្លង​កាត់​ប្រឈម​បញ្ហា​ដោយ​សារ​ប្រឡាយ​នីមួយៗ​មិន​បាន​ប្រើ​ជា​មុខងារ​របស់​ខ្លួន​ដូចជា​ប្រឡាយ​ស្ទឹងមានជ័យ​ជាដើម​»​។

លោក​បន្ត​ទៀត​ថា​៖ «​តាម​ការ​សិក្សា​ពី​គម្រោង​នេះ សាលា​រាជធានី​ភ្នំពេញ​មាន​គោល​បំណង​អភិវឌ្ឍ​ប្រឡាយ​ទឹក​ស្ទឹងមានជ័យ ឲ្យ​ទៅ​ជា​ប្រឡាយ​ទឹក​បេតុង ឲ្យ​ដូច​ប្រឡាយ​ផ្សេងៗ​ទៀត ដែល​យើង​បាន​ធ្វើ​រួម​មក​ហើយ ឲ្យ​ប្រកប​ដោយ​ភាព​ល្អ​ប្រសើរ ស្អាត និង​ងាយ​ស្រួស​ក្នុង​ការ​គ្រប់គ្រង​»​។

លោក​បន្ត​ទៀត​ថា ក្រុង​មិន​អាច​អភិវឌ្ឍ​លើ​កិច្ចការ​នេះ​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ ដូច្នេះ​ត្រូវ​ធ្វើការ​ជា​៤​ដំណាក់កាល​។ ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់កាល ត្រូវ​រៀបចំ​ប្រជាជន​ឲ្យ​មក​រស់នៅ​ក្នុង​ផ្ទះ​ស័ង្កសី​បណ្តោះ​អាសន្ន​សិន​។ «​ដំណាក់កាល​ទី​១ នឹង​មាន​ជាង​១៥០​គ្រួសារ មក​រស់នៅ​ផ្ទះ​បណ្តោះ​អាសន្ន​ដោយ​មិន​គិត​ថ្លៃ​ទឹក​ភ្លើង និង​សេវា​សាធារណៈ ទើប​ធ្វើ​ការ​ដ្ឋាន​ដើម្បី​ឈូស​ឆាយ​ដី​អភិវឌ្ឍ​»​។

គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ទឹក​នេះ​នឹង ត្រូវ​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំនេះ​នៅ​ពេល​ដែល​ប្រជាជន​ក្នុង​ដំណាក់​កាល​ទី​១ ផ្លាស់ប្តូរ​ទៅ​រស់នៅ​ទីតាំង​ថ្មី​បណ្តោះអាសន្ន​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​។

Content image - Phnom Penh Post
ទិដ្ឋភាព​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​សង់​នៅ​លើ​ប្រឡាយ​ទឹក​ស្ទឹង​មានជ័យ។ ហេង ជីវ័ន

ទោះបី​ជាមាន​ប្រជាជន​ច្រើនជាង ៥០០​គ្រួសារ មកពី​ក្នុង​៨​សហគមន៍​ក្នុង​សង្កាត់​សឹ្ទង​មានជ័យ លោក​មាស​ភក្តី ប្រាប់​ថា ៖ «​ការ​ផ្តល់​ជូន​ផ្ទះ​បណ្តោះ​អាសន្ន បង្គន់​អនាម័យ ទឹក ភ្លើង សេវា​ពេទ្យ សេវា​សន្តិសុខ និង​សេវាសាធារណៈ​នានា ដោយ ឥត​គិត​ថ្លៃ​ដល់​ប្រជាជន ហើយ​ការ​រើម​កនូវ​ទីតាំង​ថ្មី​នេះ​ត្រូវបាន​ធានា​ទាំង​លំនៅឋាន សុវិត្ថ​ភាព និង​សុខុមាលភាព​»​។

បន្ទាប់​ពី​ការ​អភិវឌ្ឍ​មួយ​ដំណាក់​កាលៗ ប្រជាជន​នឹង​ត្រូវ​ចាប់​ឆ្នោត​ដើម្បី​ទទួល​បាន​កម្មសិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​រហូត​ដល់​ដំណាក់​កាល​បញ្ចប់​។ ទីតាំង​នោះ​ប្រជាជន​អាច​កាន់កាប់​ដី​ទំហំ​៤​គុណ​៦​ម៉ែត្រ ឬ​ប្រមាណ​២៤​ម៉ែត្រការ៉េ តាមរយៈ​ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ក្នុង​ការ​កាន់​កាប់​ស្រប​ទៅ​តាម​ច្បាប់​នៃ​ការ​សាងសង់​។

លោក មាស​ភក្តី បន្ថែម​ថា ៖ «​ខ្ញុំ​គិតថា ប្រជាជន​បាន​ស្វែងយល់ និង​សហការ​ច្បាស់​លាស់​ទាំង​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍​រួម​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដោយ​ការ​រស់នៅ​សព្វ​ថ្ងៃ​របស់​គាត់​មិន​មាន​ច្បាប់​នៅ​តំបន់​នោះ​ឡើយ ប៉ុន្តែ​វា​ជា​ការល្អ​សម្រាប់​ពួក​គាត់​នៅ​ពេល​ដែល​ទទួលបាន​ដី​កម្មសិទ្ធិ​»​។

នេះ​គឺជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​តំបន់​។ លោក​បាន​ពន្យល់​ថា គម្រោង​ផ្ទះ​បណ្តោះ​អាសន្ន​នេះ​បាន​ចំណាយ​ពេល​ជិត​មួយខែ​ក្នុង​ការ​សាងសង់ ហើយ​ប្រជាជន​អាចមក​រស់នៅ​ប្រហែល​រយៈពេល​៣​ខែ ក្នុង​ដំណាក់កាល​ទី​១​។

កញ្ញា ពោធិ៍ ចាន់ថន អាយុ ៣២​ឆ្នាំ ជា​ប្រជាជន​រស់នៅ​ភូមិ​ស្ទឹងមានជ័យ​១ បាន​រៀបរាប់​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា ៖ «​គ្រួសារ​របស់​ខ្ញុំ​រស់នៅ​ក្បែរ​មាត់​ប្រឡាយ​ស្ទឹងមានជ័យ​នេះ​ជាង​១០​ឆ្នាំ​ហើយ ដោយ​ទិញ​ដី​បន្ត​ពី​ម្ចាស់​ដី​ចាស់ ហើយ​ពួកយើង​ក៏បាន​ចូលរួម​ប្រជុំ និង​យល់​ពី​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​នេះដែរ​»​។

ស្ថិត​នៅ​ក្នុង​ផ្ទះ​ដែល​មាន​សមាជិក​គ្រួសារ ជិត​១០​នាក់ កញ្ញា ចាន់ថន បាន​ប្រាប់​ថា ៖ «​គ្រួសារ​របស់ខ្ញុំ​បាន​ទិញ​ដី​ក្នុង​តម្លៃ​៧​ពាន់​ដុល្លារ ហើយ​បាន​ចំណាយ​លើ​ការសាងសង់​ជាច្រើន​ទៀត​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ហើយ​ពួក​យើង គឺ​ស្ថិតនៅ​ក្នុង​ដំណាក់​កាល​ទី​២​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​នៅ​ទី​នេះ បន្ទាប់​ពី​ការ​ស្នើ​សុំ​ជាច្រើន​ឆ្នាំ​»​។

បើ​តាម​ការ​ប្រជុំ​ជារឿយៗ​មក ប្រជាជន​នៅ​សង្កាត់​ស្ទឹងមានជ័យ បាន​យល់​ព្រម​ក្នុង​ការ​ពិភាក្សា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។

កញ្ញា​បាន​បន្តថា ៖ «​ទាំង​ម្ទា​ស់ដី​តូច ឬ​ធំ គឺ​ទទួលបាន​សំណង​ដី ដែលមាន​កម្មសិទ្ធិ​ទំហំ ៤ ​គុណ​នឹង​ ៦​ ម៉ែត (​ស្មើនឹង​ ២៤ ​ម៉ែត្រការ៉េ​) បន្ទាប់ពី​ការរៀបចំ​អភិវឌ្ឍ​នេះ​»​។

គម្រោង​អភិវឌ្ឍ​នេះ​បាន​និយាយ​យូរណាស់​មកហើយ ប៉ុន្តែ​គម្រោង​ទើប​ចាប់ផ្តើម​នៅ​ខែធ្នូ​នេះ​។ កញ្ញា​ប្រាប់ថា ៖ «​ពួកយើង​សង្ឃឹមថា ការតវ៉ា និង​ស្នើសុំ​ដើម្បី​ទទួលបាន​ដី​មួយ​រស់នៅ​ជិត​សាលារៀន កន្លែង​ប្រកប​អាជីវកម្ម ពីព្រោះ​ការផ្លាស់ប្តូរ​ទៅ​រស់នៅ​កន្លែង​ផ្សេង​អាច​បង្ក​នូវ​ផល​លំបាក​ច្រើន​»​។

Content image - Phnom Penh Post
សមាជិក​នៃ​គ្រួសារ​មួយ​ស្ថិត​នៅ​ក្នុង​ផ្ទះ​ដែល​សង់​នៅ​តាម​ប្រឡាយ​ទឹក​ស្ទឹង​មានជ័យ។ ហេង ជីវ័ន

ការ​ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង សំណង់​ពី​ប្រជាជន​ប្រមាណ​ជិត​៥០០​គ្រួសារ ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ រៀបចំ​ប្រព័ន្ធ​ប្រឡាយ​លូ និង​រស់នៅ​កន្លែង​ដើម​។ កញ្ញា​ចាន់ថន​ថា ៖ «​ទោះបីជា​យើង​ទទួលបាន​ដី​តូច​ជាង​មុន​ក៏ដោយ ក៏​យើង​នៅតែ​ទទួលយក​សំណង់​មួយ​នេះ​ដើម្បី​ជាការ​អភិវឌ្ឍ​តំបន់​ស្ទឹងមានជ័យ​នេះ​»​។

«​យើង​សង្ឃឹមថា ប្រព័ន្ធ​លូ​លែង​ស្ទះ សំរាម​មាន​របៀប​រៀបរយ គ្មាន​ចោរកម្ម និង​ក្មេង​ឆក់​។ យើង​តែង​ទៅ​ប្រជុំ​ជាមួយ​ប្រជាជន និង​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ដង​។ គម្រោង​នេះ​ប្រហែល​យ៉ាងតិច ១​ឆ្នាំ ដើម្បី​បញ្ចប់​ការងារ​នេះ​»​។

តាម​រយៈ​ប្រជាជន និង​និស្សិត​នៅ​សាកល​វិទ្យាល័យ​មួយ​ចំនួន​បាន​រៀបចំ​ប្លង់​ពី​ទីតាំង​នៅទីនេះ ប្រជាជន​បាន​មើល​ឃើញ​ពី​ភាព​វិជ្ជមាន​តាម​ប្លង់​ព្រាង​បន្ទាប់ពី​ការសិក្សា​។ កញ្ញា​បន្តថា ការប្រជុំ​ចុង​ក្រោយ​ពី​បញ្ហា​នេះ បានធ្វើ​ឡើង​កាលពី​ខែតុលា​ដោយ​សហគមន៍ «​ស្ត្រី​សាម​គី្គ​មានជ័យ​» និង​អង្គការ​ដៃគូ​។

លោក អ៊ឹម សុង អាយុ​៧០​ឆ្នាំ ជា​ប្រជាជន​ដែល​ជួល​ផ្ទះ​នៅ​ក្បែរ​ប្រឡាយ​ស្ទឹងមានជ័យ បាន​ប្រាប់ថា លោក​រស់នៅ​ផ្ទះជួល​មួយ​នេះ​ជាង​១០​ឆ្នាំ​ហើយ បន្ទាប់ពី​ផ្លាស់​ប្តូរ​ពី​ខេត្តព្រៃវែង​។ លោក​បន្ត​ថា ៖ «​ខ្ញុំ​មិន​ទាន់​មាន​ដំណឹង​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ឡើយ​»​។

ដោយ​គ្រួសារ​របស់​លោក សុង ប្រកប​មុខ​របរ​លក់​ត្រី​នៅ​ផ្សារ​ក្បែរ​នោះ​និយាយ​ថា លោក​ភ័យខ្លាច​ការផ្លាស់ប្តូរ​លំនៅ​ឋាន​ទៅ​នៅ​ឆ្ងាយ និង​ពិបាក​ក្នុងការ​ប្រកប​ការងារ​។

អ្នកស្រី ឌី ចាន់ថន អាយុ​៤៩​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្ទឹងមានជ័យ ​១ បាន​ប្រាប់ថា ផ្ទះ​របស់​អ្នកស្រី​មិនបាន​ប៉ះ​នឹង​គម្រោង​អភិវឌ្ឍ​ប្រឡាយទឹក​ស្ទឹងមានជ័យ​ទេ ប៉ុន្តែ​ភាគច្រើន​នៃ​ប្រជាជន​រស់នៅ​ជិត​នេះ​មានការ​ប៉ះពាល់​ច្រើន​។​

អ្នក​ស្រី​បាន​បន្តថា ៖ «​ទោះបីជា​ប៉ះពាល់ ឬ​មិន​ប៉ះពាល់​ការ​អភិវឌ្ឍ​តំបន់​ប្រឡាយ​នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​លិច​ទឹក សំរាម និង​កិ្លន​ស្អុយ​ផ្សេងៗ​»​។

គួរ​បញ្ឋាក់​ដែរ​ថា ការ​រៀបចំ​ប្រព័ន្ធ​ប្រឡាយ​ទឹក និង​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​ប្រឡាយ​ស្ទឹងមានជ័យ សាលា​រាជធានី​ភ្នំពេញ បាន​រៀបចំ​ជា​វេទិកា​សាធារណៈ​ជាច្រើន​ដង ដើម្បី​ពិគ្រោះ​យោបល់​ពី​ប្រជាជន​ក្នុង​សហគមន៍ ហើយ​ប្រជាជន​បាន​យល់ព្រម​ ១០០​ ភាគរយ តាម​ការអភិវឌ្ឍ​។ ប្រឡាយ​ស្ទឹង​មានជ័យ ជា​ប្រឡាយ​មេ​ដែល​បង្ហូរទឹក​ពី​ក្រុងភ្នំពេញ កាត់​តាម​សង្កាត់​ស្ទឹងមានជ័យ រហូត​ទៅ​ដល់​ម្តុំ​ស្ពាន​ព្រែក​ហូរ ខេត្តកណ្តាល ​(​ជាង ​១៣​ ហិកតា​)​។

អាជ្ញាធរ​ក្រុង​ធ្វើ​ផ្ទះ​បណ្តោះអាសន្ន​ក្រោម​ស្ពាន​ស្ទឹងមានជ័យ​ឲ្យ​ប្រជាជន​ស្នាក់​នៅ​ផ្ទះ​បណ្តោះ​អាសន្ន​នេះ​មាន​ទំហំ ៣,៥០​ ម៉ែត្រ គុណ​នឹង ​៤ ​ម៉ែត្រ ហើយ​ការ​សាង​សង់​ស្ថិត​នៅ​ក្រោម​គម្រោង​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ​។ គម្រោង​សំណង់​នេះ​បាន​ចាប់​ផ្តើម​តាំងពី​ចុងខែ​វិច្ឆិកា​រហូតដល់​ដើម​ខែ​ធ្នូ​នេះ​ជា​គម្រោង​ថវិកា​របស់​ សាលា​រាជធានី​ភ្នំពេញ​។

ផ្ទះ​សង្ក័សី​ចំនួន​១៦០​បន្ទប់​នេះ មាន​បន្ទប់​ទឹក​ចំនួន​១០​ហើយ​ការ​ប្រើប្រាស់​ទឹក ភ្លើង និង​សេវាសាធារណៈ​នានា​ដោយ​ឥត​គិត​ថ្លៃ​ឡើយ​។

ផ្ទះ​ទាំងនេះ​ស្ថិត​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ អាច​ចំណាយ​ពី ២០០០​ ទៅ​ ៣០០០​ ដុល្លារ​សម្រាប់​ផ្ទះ​មួយ​។ តាម​ការកំណត់​របស់​សាលា​រាជធានី​ភ្នំពេញ ប្រហែល​១៥៣​គ្រួសារ​មក​រស់នៅក្នុង​ដំណាក់កាល​ទី​១ នៅក្នុង​ខែ​ធ្នូ​នេះ​៕

Content image - Phnom Penh Post
កុមារ​តូចៗ​កំពុង​នាំ​គ្នា​ដើរ​ទៅ​សាលា​នៅ​តាម​ផ្លូវ​លំ​ដ៏​តូច​ចង្អៀត​នៅ​តំបន់​ប្រឡាយ​ទឹក​ស្ទឹង​មានជ័យ។ ហេង ជីវ័ន

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ