Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តម្រូវការ​ផ្សារ​ទំនើប​បន្ត​កើនឡើង​ ស្រប​ពេល​បញ្ហា​ប្រឈម​ក៏​ចូល​មក​ដល់

Content image - Phnom Penh Post
ផ្សារ​ទំនើប AEON Mall 1 ដែល​បាន​បើក​កាលពី​ឆ្នាំ​ ២០១៤ និង​គ្រោង​បើក AEON Mall 2 នៅ​ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​។ SUPPLIED

តម្រូវការ​ផ្សារ​ទំនើប​បន្ត​កើនឡើង​ ស្រប​ពេល​បញ្ហា​ប្រឈម​ក៏​ចូល​មក​ដល់

នៅ​ពេល​និយាយ​ពី​ការ​រីកចម្រើន​ផ្សារ​ទំនើប គេ​និយាយ​ពី​កម្លាំង​ទិញ ប៉ុន្តែ​នៅ​កម្ពុជា​ហាក់​មាន​និន្នាការ​ផ្ទុយ​គ្នា​ស្រប​ពេល​ដែល​ទំហំ និង​តម្រូវការ​ផ្សារ​ទំនើប​បាន​កើនឡើង ប៉ុន្តែ​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏​បាន​លេច​ឡើង​ព្រម​គ្នា​ផង​ដែរ​។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ប៊ុណ្ណារៀលធីគ្រុប​ដែល​បាន​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​បាន​រកឃើញ​ថា​គិត​ត្រឹម​ដំណាច់​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ​មាន​ចំនួន​ ៣៩ ក្នុង​នោះ​ ៣១ ​បាន​បញ្ចប់​គម្រោង​របស់​ខ្លួន និង​ដាក់​ឲ្យ​ដំណើរការ និង​មាន​ទំហំ​សរុប​ចំនួន​ជាង ១,១ ​លាន​ម៉ែត្រការ៉េ ក្នុង​នោះ​ផ្សារ​ទំនើប​លំដាប់​ A មាន​ទំហំ​ជាង​ ៨០ ​ម៉ឺន​ម៉ែត្រការ៉េ ផ្សារ​ទំនើប​កម្រិត​ B មាន​ទំហំ​ជាង​ ២៤ ​ម៉ឺន​ម៉ែត្រការ៉េ និង​ផ្សារ​ទំនើប​កម្រិត​ C មាន​ទំហំ​ ៧៥៦០១ ​ម៉ែត្រការ៉េ​។

ការ​សិក្សា​ដដែល​បាន​រកឃើញ​ថា​អត្រា​ប្រើប្រាស់​ផ្សារ​ទំនើប​បាន​កើនឡើង​ចន្លោះ​ពី​ ២០ ទៅ​ ៣០ ​ភាគរយ​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន និង​តម្លៃ​ជួល​មាន​ការ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ​ដោយ​តម្លៃ​ជួល​ផ្សារ​កម្រិត​ A មាន​តម្លៃ​ចន្លោះ ៣៥ ​ទៅ​ ៤០ ​ដុល្លារ​កម្រិត ​B មាន​តម្លៃ​ចន្លោះ​ពី ២៥ ​ទៅ​ ៣០ ​ដុល្លារ និង​កម្រិត​ C មាន​តម្លៃ​ចន្លោះ​ពី​ ១២ ​ទៅ​ ២៥ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

ការ​សិក្សា​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ជាមួយ​នឹង​កំណើន​នៃ​ការ​កើនឡើង​នូវ​វត្តមាន​ផ្សារ​ទំនើប​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​លក់​រាយ​នៅ​តាម​ផ្សារ​ប្រពៃណី​ក្នុង​ស្រុក​នានា​ផង​ដែរ​ដូចជា​ផ្សារ​អូឡាំពិក អូរឬស្សី ផ្សារធំថ្មី និង​ផ្សារ​ទួលទំពូង​ជាដើម​។

ការ​ថមថយ​នូវ​ការ​លក់​នេះ​ដោយសារ​ក្រុមហ៊ុន​ធំៗ​របស់​ថៃ និង​ក្រុមហ៊ុន​ដទៃ​ទៀត​បាន​ពង្រីក​ការ​លក់​ផលិតផល​របស់​ពួកគេ​ដល់​តាម​បណ្តា​ស្រុក​នៅ​តាម​ខេត្ត​នានា​ដែល​ធ្វើឲ្យ​ចំនួន​អ្នក​មក​ទិញ​ទំនិញ​នៅ​ក្រុង​ភ្នំពេញ​បាន​ធ្លាក់​ចុះ​ផង​ដែរ​។

លោក ប៉ែន សុខគា នាយក​ផ្នែក​វាយតម្លៃ​នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀលធីគ្រុប​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ផ្សារ​ទំនើប​ធំៗ​ជាច្រើន​ទៀត​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០១៨ ​ខាង​មុខ​ដូចជា​ផ្សារ​ Parkson Mall, AEON Mall2, Olympia Plaza, MaKro និង្សារ​ទំនើប​ក្នុង​គម្រោង The Bridge ជាដើម​។

លោក​បន្ត​ថា ​ការ​កើនឡើង​នូវ​វត្តមាន​ផ្សារ​ទំនើប​ទាំង​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ផ្សារ​តូចៗ​ដូចជា ផ្សារ​សុវណ្ណា រតនា​ផ្លាហ្សា CITY Mall និង​ផ្សារ​មួយ​ចំនួន​ទៀត​ប្រឈមមុខ​នឹង​ការ​បាត់បង់​អតិថិជន​។

លោក​បន្ត​ថា៖ «​តម្រូវការ​ផ្សារ​ទំនើប​កើនឡើង​ដោយសារ​ការ​មក​ដល់​នូវ​ផលិតផល​ល្បីៗ ប៉ុន្តែ​កម្លាំង​ទិញ​នៅ​តាម​ផ្សារ​ទំនើប​មិន​មាន​ការ​ប្រែប្រួល​ជា​ដុំ​កំភួន​នោះ​ទេ​»​។ លោក​បន្ត​ថា​៖ «​ការ​កើនឡើង​នូវ​ផ្សារ​ទំនើប​កាន់តែ​ច្រើន ក៏​មាន​ការ​ព្រួយបារម្ភ​ផង​ដែរ​ដោយសារ​ការ​ផ្គត់ផ្គង់​ហាក់​លើស​តម្រូវការ​ធៀប​នឹង​កម្លាំង​នៃ​ការ​ទិញ​របស់​ប្រជាជន​ក្នុង​ស្រុក​»​។

លោក ប៉ែន សុខគា បាន​បន្ត​ថា​ចំនួន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ភ្នំពេញ និង​ជនបរទេស​មក​រស់នៅ និង​ធ្វើការ​នៅ​ក្រុង​ភ្នំពេញ​បាន​ជួយ​ដល់​ផ្សារ​ទំនើប​ទាំង​នោះ ប៉ុន្តែ​ផ្សារ​ទំនើប​ទាំង​នោះ​មិន​សូវ​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជួយ​ច្រើន​នោះ​ទេ​ដោយសារ​ចំនួន​ភ្ញៀវទេសចរ​មក​ទស្សនា​ក្រុង​ភ្នំពេញ​នៅ​មាន​កម្រិត​។

យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញ​ថា​ទំហំ​ផ្សារ​ទំនើប​នៅ​កម្ពុជា​ធៀប​នឹង​មនុស្ស​ម្នាក់​មាន​ទំហំ​ ០,១ ​ម៉ែត្រការ៉េ ខណៈ​ប្រទេស​ថៃ​មាន​ទំហំ ០,៤ ​ម៉ែត្រការ៉េ​ធៀប​នឹង​មនុស្ស​ម្នាក់​ដូច​គ្នា​។

អ្នកនាង អាន សុធីតា នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia បាន​ថ្លែង​ថា​តាម​ធម្មតា​អ្នក​វិនិយោគ​ធំៗ​មុន​ពេល​ពួកគេ​មក​វិនិយោគ​នៅ​កម្ពុជា ពួកគេ​បាន​សិក្សា​ពី​តម្រូវការ និង​ស្ថានភាព​ទីផ្សារ​នៅ​កម្ពុជា​រួច​ទៅ​ហើយ ប៉ុន្តែ​អ្នកនាង​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ទាំង​នោះ​គួរ​សិក្សា​ពី​ទំហំ​ទីផ្សារ​ធៀប​នឹង​ចំនួន​មនុស្ស​សិក្សា​ពី​កម្លាំង​នៃ​ការ​ទិញ និង​ស្ថានភាព​នៃ​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។

អ្នកនាង​បន្ត​ថា៖ «​កម្លាំង​ទិញ​នៅ​តាម​ផ្សារ​ទំនើប​នៅ​ភ្នំពេញ​មិន​ទាន់​មាន​ការ​ប្រែប្រួល​ជា​ដុំកំភួន​ទេ​គឺ​ផ្នែក​កម្សាន្ត ភេសជ្ជៈ និង​អាហារ​នៅ​តែ​មាន​ភាព​ពេញនិយម​ជាង​គេ​»​។

ការសិក្សា​របស់​ក្រុមហ៊ុន​ប៊ុណ្ណារៀលធីគ្រុប​ក៏​បាន​បញ្ចូល​នូវ​ផ្សារ​ទំនើប Emart របស់​ក្រុមហ៊ុន​កូរ៉េ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រ៉ូយាល់គ្រុប ដែល​គ្រោង​វិនិយោគ​លើ​ទឹកប្រាក់​ទំហំ​ ១២០ ​លាន​ដុល្លារ និង​ផ្សារ​ទំនើប​របស់​អ្នក​វិនិយោគ​មកពី​ប្រទេស​ម៉ាឡេស៊ី​ដែល​គ្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អ៊ីស្លាម​ដំបូង​គេ​នៅ​កម្ពុជា​ក្នុង​តម្លៃ​ទឹកប្រាក់​ ២៥០ ​លាន​ដុល្លារ​ផង​ដែរ ប៉ុន្តែ​ផ្សារ​ទំនើប​ទាំង​ពីរ​នេះ​មិន​ទាន់​ដឹង​មាន​ទីតាំង​នៅ​ទីណា​ពិតប្រាកដ​នៅ​ឡើយ​ទេ​។

លោក ហាប់ រិទ្ធី នាយក​គ្រប់គ្រង​ទូទៅ​នៃ​ផ្សារ​ទំនើប​សូរិយា​ដែល​ទើប​បាន​បញ្ចប់​ការ​ជួសជុល​ដោយ​ចំណាយ​ប្រាក់​ប្រមាណ​ ៥ ​លាន​ដុល្លារ​អាមេរិក​បាន​ថ្លែង​ថា​ផ្សារ​ទំនើប​នេះ​បាន​បញ្ចប់​ការ​ជួសជុល​ហើយ​និង​គ្រោង​បើក​សម្ភោធ​សាជាថ្មី​នៅ​ខែ​តុលា ឬ​ចុង​ឆ្នាំ​នេះ​។ ការ​បញ្ចប់​ការ​ជួសជុល​នេះ​បាន​ធ្វើឲ្យ​ផ្សារ​នេះ​ទាក់ទាញ​នូវ​ផលិតផល និង​ភោជនីយដ្ឋាន​ល្បីៗ​កាន់តែ​ច្រើន​មក​កាន់​ទី​នេះ​។

លោក​បន្ត​ថា​ចំនួន​ភ្ញៀវ​មក​កាន់​ផ្សារ​នេះ​កើនឡើង ឬ​ថយ​ចុះ​លោក​មិន​អាច​និយាយ​បាន​ទេ​ព្រោះ​កំពុង​ធ្វើ​ការងារ​ជាមួយ​អ្នក​ជួល​ស្តង់​ក្នុង​ផ្សារ​នេះ​។

នៅពេល​សួរ​ពី​ការ​មក​ដល់​នូវ​ផ្សារ​ទំនើប​ធំៗ និង​ការ​ប្រកួត​ប្រជែង​លោក ហាប់ រិទ្ធី បាន​ថ្លែង​ថា​៖ «​ផ្សារ​របស់​យើង​ផ្តោត​លើ​អតិថិជន​ក្នុង​ស្រុក​ច្រើន​ជាង​តែ​ផ្សារ​ទំនើប​ធំៗ​ដែល​នឹង​បើក​នៅ​ឆ្នាំ​ក្រោយ​មាន​ស្តង់ដារ​អន្តរជាតិ ប៉ុន្តែ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ការ​មក​ដល់​នៃ​ផ្សារ​ទំនើប​ធំៗ​កាន់តែ​ច្រើន​ជា​រឿង​ល្អ​ព្រោះ​វា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ