Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ ​បន្ត​ឡើង​ថ្លៃ​ ទោះជា​ការបោះឆ្នោត​ឃុំ​សង្កាត់​ ជិត​ចូល​មកដល់

Content image - Phnom Penh Post
គម្រោង​អភិវឌ្ឍន៍​មួយ​កន្លែង​នៅ​ម្តុំកាំកូស៊ីធី ភាគពាយ័យ្យ​នៃ​ក្រុង​ភ្នំពេញ​។ មឿន ញាណ

តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ ​បន្ត​ឡើង​ថ្លៃ​ ទោះជា​ការបោះឆ្នោត​ឃុំ​សង្កាត់​ ជិត​ចូល​មកដល់

ទោះបី​ជាការ​លក់​លំនៅឋាន និង​អគារ​សហកម្ម​សិទ្ឋិ​បាន​ថមថយ​ល្បឿន​ក្តី ប៉ុន្តែ​តម្លៃ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មាន​សក្តានុពល​មួយ​ចំនួន​នៅតែ​ឡើង​ថ្លៃ​នៅ​ឆ្នាំនេះ​ខុសពី​ពេល​កៀក​នឹងការ​បោះឆ្នោត​នាពេល​កន្លង​មក ដែល​តម្លៃ​ដីធ្លី​ស្ថិត​ក្នុង​សភាព​ទ្រឹង។

លោក សន សៀប អគ្គនាយក និង​ស្ថាបនិក​ក្រុមហ៊ុន Key Realestate បាន​ថ្លែង​ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃចន្ទ​ថា ទោះជា​ស្ថានភាព​ក្នុង​វិស័យនេះ​ស្ងប់ស្ងាត់ គម្រោង​នានា​បាន​និង​កំពុង​សាងសង់​ក្តី ប៉ុន្តែ​តម្លៃ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​នៅតែ​បន្ត​ឡើង​ថ្លៃ​នៅ​តំបន់​មួយ​ចំនួន​នៃក្រុង​ភ្នំពេញ​ដែលការ​កើន​ឡើង​តម្លៃដី​ភាគច្រើន ធ្វើឡើង​ដោយ​ម្ចាស់ដី និង​អ្នកមាន​ធនធាន ដែល​ពួកគេ​មិនត្រូវ​ការ​ប្រាក់​បង្វិល ពួកគេ​នៅតែ​លក់​ក្នុង​តម្លៃ​ថ្លៃ។

លោក​បន្តថា ៖ «ក្នុង​ស្ថានភាព​ឥឡូវនេះ អ្នក​រកស៊ី​មួយ​ចំនួន​រង់ចាំ​មើល និង​បាន​ទិញដី​ទុក​ដោយសារ​ពួកគេ​គិតថា ក្រោយការ​បោះឆ្នោត​សកម្មភាព​សេដ្ឋកិច្ច​ដីធ្លី​នឹងហក់​ឡើង​ខ្ពស់»។

លោក​បន្តថា៖ «ជាក់ស្តែង​តម្លៃ​ដីធ្លី​នៅភាគ​ខាងជើង​ទីក្រុង​រណប CAMKO តម្លៃ​ដីធ្លី​កំពុង​ហក់​ឡើង​ខ្ពស់ ដោយសារ​មាន​សកម្មភាព​អភិវឌ្ឍ​នៅ​តំបន់​នោះ​ច្រើន»។

តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ និង​តាមផ្លូវ​ឧកញ៉ា​ម៉ុង ឫទ្ឋី កាលពី ៥ ឆ្នាំមុន​មាន​តម្លៃ​ចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន​ដីធ្លី​នៅ​តំបន់​នោះបាន​កើនដល់ ៧០០ ទៅ ៩០០ ដុល្លារ និង​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ឋី បាន​កើនឡើង​ដល់​ចន្លោះ​ពី ១០០០ ទៅ ១៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ នេះ​បើតាម​ការវាយ​តម្លៃ​របស់​លោក​សន សៀប។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បាន​ថ្លែងថា តម្លៃ​ដីធ្លី​នៅ​ឆ្នាំនេះ​នៅតែ​បន្ត​កើន​ឡើង ប៉ុន្តែ​មិន​កើន​ខ្ពស់​នោះទេ គឺ​កើន​ឡើង​ក្នុង​រង្វង់ ៥ ទៅ ១០ ភាគរយ​ប៉ុណ្ណោះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ សកម្មភាព​ទិញ​លក់​នៅ​តែមាន​សកម្មភាព​ដដែល និង​ការចូល​មកដល់​របស់​អ្នកវិនិយោគ​អន្តរជាតិ​ដូចជា អ្នកវិនិយោគ​ចិន ជប៉ុន សិង្ហបុរី និង​អ្នកវិនិយោគ​មកពី​អឺរ៉ុប​កាន់តែ​ច្រើន។

លោក​បន្តថា ៖ «តម្លៃ​ដីធ្លី​មិន​ធ្លាក់ចុះ​នោះទេ គ្រាន់តែ​សកម្មភាព​នៃការ​ទិញ​លក់ មិនសូវ​មាន​ភាព​មមា​ញឹក​ខ្លាំង​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន»។

លោក សុខនីម បាន​បន្តថា ដីធ្លី​ដែល​ឡើងថ្លៃ និង​មាន​សកម្មភាព​ដោះដូរ​ច្រើន មាន​ក្នុងតំបន់​ភ្នំពេញ​ថ្មី តំបន់​កប់ស្រូវ ស្ថិតក្នុង​ខណ្ឌ​ព្រែកព្នៅ ខណ្ឌ​សែនសុខ និង​តំបន់​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ដែល​ជាតំបន់​មានដី​នៅសល់​ទំនេរ និង​ប្រភេទ​ដីធំៗ ដែល​ត្រូវការ​ទុន​ច្រើន​ដើម្បី​ធ្វើការ​វិនិយោគ។

យោងតាម​ការសិក្សា​របស់​វេបសាយ www.realestate.com.kh ដែល​បានធ្វើ​ការសម្ភាស​ប្រជាពលរដ្ឋ​កម្ពុ​ជាង ៥០០០ នាក់ បាន​រកឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ជាង ៥០ ភាគរយ គិតថា តម្លៃ​ដីធ្លី​នៅ​កម្ពុជា​នឹង​ឡើង​ថ្លៃ​បន្ថែម​ទៀត។

ទោះជា​យ៉ាងណា ​របាយការណ៍​អង្កេត​បឋម​របស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀលធីគ្រុប បាន​រកឃើញ​ថា តម្លៃ​ដីធ្លី​នៅ​ត្រីមាសទី ១ ឆ្នាំ​នេះ បាន​ថមថយ​ល្បឿន ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក ប៉ែន សុខ​គា ប្រធាន​ផ្នែក​វាយ​តម្លៃ​នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀលធីគ្រុប បាន​ថ្លែងថា តម្លៃ​ដីធ្លី​ឆ្នាំនេះ​មិនបាន​ឡើង​ថ្លៃ​នោះ​ទេ ដោយសារ​ហានិភ័យ​ផ្សេងៗ​ទាក់ទង​នឹងការ​ព្រួយបារម្ភ​ពីការ​បោះឆ្នោត ដែល​ធ្វើឲ្យ​ដីតំបន់​ខ្លះបាន​ធ្លាក់ចុះ​តម្លៃ​ចន្លោះ​ពី ១០ ទៅ ១៥ ភាគរយ ករណី​ម្ចាស់​ដីត្រូវការ​ប្រាក់​បង្វិល។

លោក​បន្តថា ទោះជា​ដីធ្លី​ជាទូទៅ​បាន​ថមថយ​ល្បឿន​ក្តី ប៉ុន្តែ​ដីនៅ​តំបន់​ភ្នំពេញ​ថ្មី និង​តំបន់ CAMKO City បាន​បន្ត​ឡើងថ្លៃ ដោយសារ​តំបន់​នេះមាន​សកម្មភាព​អភិវឌ្ឍ​ថ្មីៗ​ច្រើន ព្រោះ​ពីមុន​មក​តំបន់​នេះ​ជាដី​ទំនេរ ប៉ុន្តែ​ពេលនេះ​មាន​ផ្សារទំនើប AEON MALL ទី ២ មានបុរី ដែលមាន​ការសាងសង់​តាម​ស្តង់ដារ និងជា​តំបន់​មាន​មនុស្ស​ច្រើន​រស់នៅ។

លោក​បន្តថា ៖ «ការឡើង​ថ្លៃដី​របស់​ម្ចាស់ដី ដោយសារ​ពួកគាត់​មើលឃើញ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ឋ​ថ្មីៗ ការអភិវឌ្ឍ​គម្រោង​នានា ប៉ុន្តែ​សកម្មភាព​ទាំង​នោះ វា​មិនមែន​ជាអ្វីដែល​ពួកគាត់​ទាមទារ​នោះទេ»។

លោក​បន្តថា៖ «ប្រសិនជា​មើល​ពីតម្រូវការ ខ្ញុំ​គិតថា តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​មិនត្រូវ​ឡើង​ដល់​កម្រិត​បច្ចុប្បន្ន​ទេ»។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន Hutton CPL ដែល​បាន​បើក​ការិយាល័យ​មួយ​នៅ​ខេត្ត​ព្រះសីហនុ និង​កំពុង​ពិនិត្យ​ការងារ​នៅ​ទីនោះ​បាន​ថ្លែងថា សកម្មភាព​ទិញ​លក់​ដីធ្លីនៅ​ខេត្ត​ព្រះសីហនុ ពិត​ជាមាន​សកម្មភាព​ច្រើន ហើយ​តម្លៃ​ដីធ្លី​ក៏បាន​កើន​ឡើង​ផងដែរ ប៉ុន្តែ​កំណើន​ប៉ុន្មាន​ភាគរយ​លោក​មិនទាន់​អាច​វាយតម្លៃ​បាន​នៅ​ឡើយទេ។

លោក​បន្តថា ៖ «ដីធ្លី​នៅ​ក្រុង​ព្រះសីហនុ កំពុង​ឡើង​ថ្លៃ ដោយសារ​ការចូល​ទៅដល់​របស់​អ្នកវិនិយោគ​ច្រើន ពិសេស​អ្នកវិនិយោគ​ចិន ប៉ុន្តែ​តម្លៃដី​មិន​កញ្ជ្រោល​ខ្លាំង​នោះ​ទេ»។

ប្រធាន​សមាគម​អ្នកវាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​ថ្លែងថា នៅ​ឆ្នាំនេះ​ពិតជា​មាន​ភាព​ចម្លែក ព្រោះ​សកម្មភាព​ដោះដូរ​នៅ​តែមាន​ភាព​សកម្ម ទោះជាការ​បោះឆ្នោត​ជិត​ចូលមក​ដល់​ក្តី តម្លៃ​ដីធ្លី​នៅតែ​បន្ត​ឡើង​ថ្លៃ​ដោយសារ​មាន​សកម្មភាព​ទិញ​លក់​ច្រើន ខុសពី​ពេល​កៀក​បោះឆ្នោត​កន្លង​មក ដែល​ដីធ្លី​ស្ថិត​ក្នុង​សភាព​ទ្រឹង៕

0

Comments

Please, login or register to post a comment