Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ​នៅ​តែ​បន្ត​កើនឡើង

Content image - Phnom Penh Post
ការដ្ឋាន​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ ១ កាលពី​ពេល​កន្លង​មក។ ផា លីណា

តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ​នៅ​តែ​បន្ត​កើនឡើង

ស្ថាបនា​បញ្ចប់​ផ្លូវជាតិ​លេខ​ ១ មិនមែន​ជា​ហេតុផល​ចម្បង​​តែ​មួយ​ធ្វើឲ្យ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ឡើង​ថ្លៃ​ទេ ប៉ុន្តែ​កំណើន​នៃ​តម្រូវការ ស្ថានភាព​ភូមិសាស្ត្រ និង​ការ​កើនឡើង​នូវ​តំបន់​ឧស្សាហកម្ម និង​លំនៅឋាន​ជា​ហេតុផល​ចម្បង​ធ្វើឲ្យ​តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​ដ៏សំខាន់​នេះ​បន្ត​កើនឡើង​បន្ថែម​ទៀត​។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ថា​តម្លៃ​ដី​ធ្លី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ នៅ​តែ​បន្ត​កើនឡើង ប៉ុន្តែ​កើនឡើង​ក្នុង​កម្រិត​តិចតួច​ធៀប​នឹង​កំណើន​កាលពី ២ ​ទៅ​ ៣ ​ឆ្នាំ​មុន ព្រោះ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ទាំង​ដី​ស្រែ​ប្រាំង ដី​បឹង មាន​ការ​ប្រមូល​ទិញ​ពី​ឈ្មួញ​ធំៗ​អស់​ទៅ​ហើយ​។

លោក​បន្ត​ថា​ការ​ប្រមូល​ទិញ​ដី​នៅ​តំបន់​នេះ​ភាគច្រើន​អ្នក​ទិញ​ទុក​សាងសង់​បុរី រោងចក្រ សហគ្រាស និង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

ដី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​មាន​តម្លៃ​ខុសៗ​គ្នា​អាស្រ័យ​លើ​ទីតាំង​ដោយ​គិត​ចាប់ពី​ស្ពាន​ព្រះមុនីវង្ស​ដល់​បុរី​ ប៉េង ហួត ដី​មាន​តម្លៃ​ចាប់ពី ៨៥០ ​ទៅ​ ១៥០០ ​ដុល្លារ​ផ្លូវ​តូចៗ​ខាង​ក្នុង​មាន​តម្លៃ​ ៣០០ ​ទៅ​ ៥០០ ​ដុល្លារ​។

ចាប់ពី​បុរី​ ប៉េង ហួត ដល់​រោងចក្រ​ថៃហ្គ័រ​មាន​តម្លៃ​ចាប់ពី ២៥០ ​ដល់​ ៣០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ​។ គិត​ពី​ច្រក​ចូល​រោងចក្រ​ថៃហ្គ័រ​ដល់​តំបន់​កៀនស្វាយ​មាន​តម្លៃ​ចាប់ពី​ ១០០ ទៅ​ ២០០ ​ដុល្លារ​អាមេរិក និង​ពី​តំបន់​កៀនស្វាយ​ដល់​តំបន់​អ្នក​លឿន​មាន​តម្លៃ​ចន្លោះ​ពី​ ២០ ដល់ ៨០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​អាស្រ័យ​លើ​ទីតាំង ទំហំ​ដី​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សុខនីម​។

លោក​បន្ត​ថា​៖ «​អនាគត​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​នឹង​កាន់​តែ​មាន​សក្តានុពល​ដោយសារ​ផ្លូវជាតិ​លេខ​ ១ ជា​ច្រក​របៀង​ភ្ជាប់​ភាគ​ខាង​ត្បូង​អាស៊ាន និង​តភ្ជាប់​ផ្លូវ​សូត្រ​បស់​ចិន​»​។

លោក សេង សុភ័ក្រ នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា CPL បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា​តម្លៃ​ដីធ្លី​នៅ​តាម​តំបន់​ផ្លូវជាតិ​លេខ​ ១ ពិតជា​បាន​ឡើង​ថ្លៃ​ខ្ពស់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ​នៅ​ចន្លោះ​ឆ្នាំ​ ២០១៦ និង​ឆ្នាំ​ ២០១៧ តម្លៃ​ដីធ្លី​បាន​ថមថយ​ល្បឿន​នៃ​កំណើន​ដោយ​អត្រា​កើនឡើង​មាន​ចន្លោះ​ពី ៥ ទៅ​ ១០ ​ភាគរយ​ប៉ុណ្ណោះ​ព្រោះ​តម្លៃ​ដី​នៅ​តាម​តំបន់​នេះ​បាន​កើនឡើង​រួច​ទៅ​ហើយ​។

លោក​បន្ត​ថា ​ប្រសិន​ជា​ដី​ឡើង​ថ្លៃ​ខ្ពស់​ពេក ក៏​វា​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ និង​សកម្មភាព​វិនិយោគ​ផង​ដែរ​។

លោក​បន្ត​ថា​៖ «​តំបន់​នេះ​ចាប់ពី​កៀនស្វាយ​ដល់​អ្នក​លឿង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៣ កំពុង​សាងសង់ និង​ដំណើរការ​ជា​តំបន់​មាន​កំពង់ផែ និង​ជា​តំបន់​មាន​កម្លាំង​ពលកម្ម​ច្រើន​ដែល​ធ្វើឲ្យ​មាន​គម្រោង​បង្កើត​តំបន់​ឧស្សាហកម្ម​ច្រើន​»​។ លោក​បន្ត​ថា​៖ «​ដី​នៅ​តំបន់​នេះ​ចាប់ពី​ស្ពាន​មុនីវង្ស ដល់​បុរី​ ប៉េង ហួត កៀនស្វាយ តម្លៃ​ដី​បាន​កើនឡើង​ពី ២ ​ទៅ​ ៣ ​ដង ធៀប​នឹង​រយៈពេល​ ៥ ​ឆ្នាំ​មុន​»​។

ជាក់ស្តែង​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​នៅ​តំបន់​បុរី ប៉េង ហួត កាលពី ៥ ​ឆ្នាំ​មុន​មាន​តម្លៃ​ចន្លោះ​ពី​ ២០០​ ទៅ​ ៣០០ ​ដុល្លារ​បច្ចុប្បន្ន​បាន​​កើនឡើង​ដល់ ១០០០ ​ទៅ ​២០០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក សេង សុភ័ក្រ បាន​បន្ត​ថា​មាន​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​បរទេស​បាន​ប្រមូល​ទិញ​ដី​នៅ​តាម​​បណ្តោយ​ផ្លូវ​នេះ​ច្រើន​ណាស់​រាប់​តាំង​ពី​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន ថៃ និង​អ្នក​វិនិយោគ​ក្នុង​ស្រុក​ដែល​ធ្វើឲ្យ​ផ្ទៃដី​ស្រែប្រាំង​នៅ​ផ្នែក​ខាង​ក្រោយ​ផ្លូវ​នេះ​មាន​តម្លៃ​ពី ១ ​ទៅ​​ ២ ​ដុល្លារ​ឡើង​ដល់​ ២០ ​ទៅ​ ៣០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

អគ្គនាយក​ក្រុមហ៊ុន TOWN CITY Real Estate លោក វ៉ន ចាន់ថន បាន​ថ្លែង​ថា​តម្លៃ​ដីធ្លី​នៅ​តាម​តំបន់​នេះ​បាន​ឡើង​ថ្លៃ​រហូត​មក​ដោយសារ​តែ​មាន​តម្រូវការ​ច្រើន​ហើយ​វា​មិន​ឡើង​តែ​នៅ​តាម​ផ្លូវជាតិ​លេខ​ ១ ​ទេ​វា​ឡើង​នៅ​ស្ទើរ​គ្រប់​តំបន់​ដែល​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​ងាយស្រួល ដូចជា ផ្លូវជាតិ​លេខ​ ១ មាន​កំពង់ផែ និង​ផ្លូវគោក​ដែល​ងាយស្រួល​ដឹក​ទំនិញ​​ទៅ​កាន់​ប្រទេស​វៀតណាម និង​​មាន​ការ​សាងសង់​បុរី​លំនៅឋាន​នៅ​តាម​តំបន់​នេះ​ច្រើន​។

លោក​បន្ត​ថា​៖ «​ពី​មុន​គេ​ទិញ​ដី គេ​ពឹង​លើ​លក្ខខណ្ឌ​ធម្មជាតិ​ថា​តំបន់​ណា​មួយ​នោះ​អាច​ធ្វើអ្វី​បាន ប៉ុន្តែ​ឥឡូវ​គេ​គិត​ផ្ទុយ​ពី​នេះ​គឺ​គេ​គិត​កែច្នៃ​ធម្មជាតិ ដែល​មាន​ស្រាប់​នៅ​ទី​នោះ​អាច​ធ្វើអ្វី​បាន​ទៅ​វិញ​»។

លោក​បន្ត​៖ «​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​មាន​តម្លៃ​ល្អ​ធៀប​នៅ​តំបន់​ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ និង​ជា​ដី​មិន​ពិបាក​ក្នុង​ការ​កែច្នៃ​»​។

លោក អ៊ា សុវណ្ណារ៉ា ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ពិត​ជា​មាន​ការ​ប្រមូល​ទិញ​ដី​ច្រើន​នៅ​តំបន់​នេះ​ពិសេស​នៅ​តំបន់​វាល​ទំនាប​ផ្នែក​ខាង​ក្នុង​ផ្លូវជាតិ​លេខ​ ១ ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​បាន​កើនឡើង ជាក់ស្តែង​ដី​នៅក្នុង​ភូមិ​របស់​លោក​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន មួយ​ម៉ែត្រការ៉េ​តម្លៃ​តែ​ ៥០ ទៅ​ ៧០ ​ដុល្លារ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​បាន​កើនឡើង​ចន្លោះ​ពី ២៥០ ទៅ​ ៣០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​បន្ត​ថា​៖ «​តាម​ខ្ញុំ​ដឹង​ក្រុមហ៊ុន​វឌ្ឍនៈ​បាន​ប្រមូល​ទិញ​ដី​​ច្រើន​រាប់រយ​ហិកតា​ដើម្បី​វិនិយោគ​គម្រោង​អ្វី​មួយ​នៅ​តំបន់​នេះ​»៕

0

Comments

Please, login or register to post a comment