ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង Mandalay នាពេល​នេះ​គឺ​កំពុង​មាន​ការ​រីកចម្រើន​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​ទីក្រុង​ទំនើបៗ​របស់​ប្រទេស​មីយ៉ាន់ម៉ា​។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Colliers International​។

ក្រុមហ៊ុន Colliers International បាន​ព្យាករ​ថា​នឹង​មាន​អ្នក​អភិវឌ្ឍន៍​ជាច្រើន​ចូលរួម​ក្នុង​ការ​រៀបចំ​ប្លង់​មេ​នៅ​ទី​នោះ ដែល​នឹង​រឹត​តែ​ធ្វើឲ្យ​អ្វីៗ​កាន់តែ​ល្អប្រសើរ​បន្ថែម​ទៀត​។

ក្រុមហ៊ុន​នេះ​ក៏​បាន​ផ្តល់​ដំបូន្មាន​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​ឲ្យ​ចូលរួម​ពង្រឹង និង​កែលម្អ​គុណភាព​នៃ​ការ​រស់នៅ និង​លំនៅឋាន​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ផង​ដែរ​។

បច្ចុប្បន្ន​កំណើន​នៃ​ជើង​ហោះហើរ​ក៏​ដូចជា​ជនបរទេស​នៅ​ក្នុង​ទីក្រុង​នេះ​ក៏​បាន​បង្ហាញ​នូវ​សញ្ញា​វិជ្ជមាន​ផង​ដែរ​សម្រាប់​វិស័យ​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច និង​ទេសចរណ៍​។

Colliers International ក៏​បាន​ផ្តល់​អនុសាសន៍​ឲ្យ​បណ្តា​សណ្ឋាគារ​ទាំងអស់​គួរ​រៀបចំ​ឱ្យ​មាន​កញ្ចប់​ពិសេស​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​កត្តា​ប្រវត្តិសាស្ត្រ និង​សក្តានុពល​ទេសចរណ៍​ធម្មជាតិ​នៅ​ក្នុង​តំបន់​។

មាន​ការ​រំពឹង​ថា ដី​ទំនេរ​ដែល​មាន​ទំហំ​ធំៗ​នឹង​បន្ត​ពង្រឹង​សក្តានុពល​វិស័យ​អចលនទ្រព្យ​ក្នុង​ក្រុង Mandalay ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

កាលពី​ឆ្នាំ​ ២០១៧ មាន​បន្ទប់​ស្នាក់នៅ​ (​ខុនដូ​) ​ចំនួន​ជាង​ ៥០០ ​យូនីត​បាន​ដាក់​ចូល​ក្នុង​ទីផ្សារ​។ ការ​កើនឡើង​នេះ គឺ​ដោយសារ​មាន​គម្រោង​មួយ​ចំនួន​បាន​បញ្ចប់​ដែល​មាន​ដូចជា គម្រោង Khayay Condominium របស់​ក្រុមហ៊ុន Asia Bright Land និង​គម្រោង Sky Villa Condominium របស់ NTL Construction Group ជាដើម​។ តម្លៃ​ជា​មធ្យម​របស់​ខុនដូ​នៅ​ទីក្រុង Mandalay គឺ​ ១៤០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ខាង​មុខ​ទីក្រុង​នេះ​នឹង​មាន​អគារ​ការិយាល័យ​ពាណិជ្ជកម្ម ធំៗ​ចំនួន​ ២ លេចឡើង​គឺ Mingalar Mandalay និង Mandalay Convention Center & Commercial Complex​។

Mandalay គឺជា​ទីក្រុង​ធំ​ទី​ ២ របស់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​មាន​ប្រជាជន​រស់នៅ​ជាង​ ១,២ ​លាន​នាក់​។ ការ​កើនឡើង​នៃ​កម្រិត​ជីវភាព​របស់​ប្រជាជន​នៅ​ទី​នោះ​បាន​ធ្វើឲ្យ​ការ​ចំណាយ​ទៅ​លើ​ការ​ទិញ​ទំនិញ​ផ្សេងៗ​កើន​ឡើង​ជា​លំដាប់​៕