ប្រជាពលរដ្ឋមូលដ្ឋានស្ថិតក្នុងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងអ្នកមានអចលនទ្រព្យនៅក្បែរៗទីតាំងដែលរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ថ្មី) បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងជាមួយនឹងការទាមទារតម្លៃដីធ្លីទៅតាមការចង់បានរបស់ពួកគេ ខណៈអ្នកជំនាញអះអាងថាដីធ្លីនៅក្បែរព្រលានយន្តហោះមិនមានសក្តានុពលខ្លាំងក្លានោះទេ។
លោក ហេង ចាន់ មេឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលបានថ្លែងឲ្យដឹងតាមរយៈទូរស័ព្ទកាលពីថ្ងៃចន្ទថាគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះបានជួយធ្វើឲ្យដីធ្លីក្នុងតំបន់របស់លោកហក់ឡើងមួយកម្រិត ប៉ុន្តែប្រជាជនរស់នៅតំបន់នេះមិនសូវមានដីច្រើននោះទេ ដោយដីភាគច្រើនជាដីរបស់ឧកញ៉ា និងអ្នកមានបណ្តាបុណ្យស័ក្តិធំ។
លោកបានបញ្ជាក់ថា៖ «យ៉ាងណាក៏ខ្ញុំរីករាយព្រោះបើមានការសាងសង់ព្រលានយន្តហោះនៅតំបន់នេះ វានឹងជួយផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាជនក្នុងមូលដ្ឋានផងដែរ»។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនក្នុងស្រុក OCIC ជាមួយក្រុមហ៊ុនមកពីប្រទេសចិនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីដើមខែមករាកន្លងមក។ គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះស្ថិតនៅលើផ្ទៃដី ២៦០០០ ហិកតា និងគ្រោងបោះទុនវិនិយោគសាងសង់សរុបចំនួន ១៥០០ លានដុល្លារអាមេរិក។
លោក មាន សាវ៉ាត ប្រជាពលរដ្ឋរស់នៅក្នុងឃុំកណ្ដោកបានលើកឡើងថា លោកមានការរីករាយដែលបានឮពីគម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះដែលវានឹងជួយធ្វើឲ្យដីធ្លីរបស់ប្រជាជនក្នុងតំបន់ឡើងថ្លៃ ប៉ុន្តែសម្រាប់លោកផ្ទាល់គឺមានតែដីលំនៅឋានប៉ុណ្ណោះមិនមានសល់ដីសម្រាប់លក់នោះទេ។
លោកបានបន្តថា លោកមិនដឹងពីហេតុផលពិតប្រាកដដែលនាំឲ្យដីនៅតំបន់នេះឡើងថ្លៃនោះទេ ហើយប្រជាជនប្រហែលជាគិតថាតំបន់នេះនឹងមានការអភិវឌ្ឍខ្លាំង ទើបពួកគេទាមទារតម្លៃដីរបស់ពួកគេឡើងខ្ពស់។
នៅពេលសាកសួរពីទីតាំងពិតប្រាកដនៃព្រលានយន្តហោះថ្មីលោក សាវ៉ាត បានប្រាប់ថាលោកមិនដឹងពីទីតាំងនៅកន្លែងណាជាក់លាក់នោះទេ ហើយក៏មិនបានដឹងពីទីតាំងនៅជិតព្រលានយន្តហោះដែលនឹងត្រូវរងការរំខានពីសំឡេង និងមិនអាចសាងសង់អគារខ្ពស់ៗបាននោះទេ។
លោកបាននិយាយថា៖ «ខ្ញុំរំពឹងថាការសាងសង់ព្រលានយន្តហោះនាពេលខាងមុខនឹងអាចជួយផ្លាស់ប្ដូរជីវភាព និងការរស់នៅបែបស្រុកស្រែរបស់អ្នកនៅទីនេះទៅកាន់តំបន់មួយដែលមានការរីកចម្រើន និងអភិវឌ្ឍលឿន»។
តាមប្រភពមួយបានអះអាងថាកាលពីមុនដីនៅតំបន់នេះ ១ ម៉ែត្រការ៉េ មានតម្លៃចន្លោះពី ២-៣ ដុល្លារ ចំណែកដីបឹងអាចមានតម្លៃទាបជាងនេះ តែនៅពេលនេះគេអាចទារបានចន្លោះពី ១៥ ទៅ ៣០ ដុល្លារ។
ទោះជាយ៉ាងណាលោក អ៊ុង ប៊ុនធឿន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថាការពិតនៅប្រទេសជឿនលឿន ដីនៅក្បែរព្រលានយន្តហោះមិនឡើងថ្លៃខ្ពស់ឡើយ ហើយពេលខ្លះថែមទាំងមានតម្លៃទាបទៀតផង។ ដីនៅក្បែរព្រលានយន្តហោះគឺមិនសូវមានតម្លៃដូចដីនៅក្បែរស្ថានីយរថភ្លើងនោះទេ ព្រោះនៅជិតស្ថានីយរថភ្លើងគឺមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើការ និងទៅសាលារៀនជាដើម។
លោកបានលើកនូវហេតុផលមួយចំនួនដូចជា ទី ១ តំបន់ជុំវិញព្រលានយន្តហោះមានហានិភ័យខ្ពស់ ដែលអាចនឹងកើតឡើងភ្លាមៗ ទី ២ មិនអាចសាងសង់អគារខ្ពស់ៗបាន ទី ៣ រំខានដោយសារសំឡេងឡើងចុះរបស់យន្តហោះ ទី ៤ មិនអាចរកស៊ីអ្វីជាដុំកំភួនបាន ព្រោះនៅពេលណាដែលគេធ្វើព្រលានរួចគេនឹងធ្វើរបងព័ទ្ធជុំវិញ និងនៅពេលមានភ្ញៀវមកដល់ត្រូវឡើងជិះឡាន ឬរថភ្លើងទៅកាន់ទីក្រុង ទី ៥ បើទិញប៉ះចំដីព្រលាននោះលក់មិនបានតម្លៃខ្ពស់នោះទេដោយរដ្ឋអាចជាអ្នកកំណត់តម្លៃទិញលក់ផងដែរ។
លោក ប៊ុនធឿន បានបន្តថា៖ «ខ្ញុំធ្លាប់រស់នៅកៀកព្រលានយន្តហោះ ដូច្នេះខ្ញុំយល់ពីរឿងទាំងអស់នេះ»។
អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា មានប្រសាសន៍ថាការពិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ថ្មី) ដែលគេគ្រោងនឹងសាងសង់នោះមានទំហំដីជាង ៧០០ ហិកតាប៉ុណ្ណោះ។ ចំណែកផ្ទៃដីដែលកាត់ចេញពីចំណែកនៃគម្រោងទាំងមូល (ទំហំ ២៦០០០ ហិកតា) គឺសម្រាប់សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាននានាដែលក្រុមហ៊ុនបានគ្រោងទុករួចហើយ។
លោកបន្តថា៖ «ការវិនិយោគព្រលានយន្តហោះមិនផ្តល់ផលចំណេញទេ ដូច្នេះមានតែការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅជុំវិញប៉ុណ្ណោះ ទើបក្រុមហ៊ុនអាចរកផលចំណេញបាន»។ លោកបន្តថា៖ «គម្រោងបែបនេះគេហៅថា Airport City ដែលមានភាពពេញនិយមខ្លាំងនៅប្រទេសជឿនលឿនលើសកលលោក»។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានប្រាប់ថាការទាមទារឡើងថ្លៃដីធ្លីនៅគ្រប់ទីកន្លែងជុំវិញបរិវេណព្រលាននោះជារឿងមិនសមស្រប ព្រោះបើឡើងគួរឡើងតែតំបន់មានហេដ្ឋារចនាសម្ព័ន្ធធំៗ ឬតំបន់អាចសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មបាន។ អ្នកនាងបន្តថាគម្រោងនេះវាត្រូវការពេលវេលានឹងចំណាយពេលចន្លោះពី ៥ ទៅ ១០ ឆ្នាំទៀតទើបអាចសាងសង់បញ្ចប់។
អ្នកនាង សុធីតា ថ្លែងថា៖ «ទីតាំងជិតព្រលានយន្តហោះមិនសូវសមស្របសម្រាប់អភិវឌ្ឍលំនៅឋានទេដោយសារវាមានសំឡេងរំខានពីយន្តហោះឡើងចុះ»។
អ្នកនាងបន្តថាគម្រោងព្រលានយន្តហោះថ្មីនេះមានទាំងរឿងវិជ្ជមាន និងមិនសូវវិជ្ជមាន។ វិជ្ជមានត្រង់ថាមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវទឹក និងអគ្គិសនីជាដើម ចំណែកផលអវិជ្ជមានគឺតំបន់ជុំវិញព្រលានយន្តហោះនឹងរងការរំខានដោយសារសំឡេងនៃការឡើងចុះនៃយន្តហោះ និងមិនអាចសាងសង់អគារខ្ពស់ៗបាន។