គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ពី​ប្រទេស​ចិន​ឆ្ពោះ​ទៅ​ប្រទេស​ឡាវ ដែល​មាន​ប្រវែង​សរុប​ ៤០៩ ​គីឡូម៉ែត្រ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៧ កន្លង​មក​សម្រេចការ​សាងសង់​បាន​ប្រមាណ​ ២០.៣ ​ភាគរយ​ហើយ បន្ទាប់ពី​បាន​ចាប់ផ្តើម​សាងសង់​អស់​រយៈពេល​ ១២ ​ខែ​រួច​មក​។ នេះ​បើ​តាម​អាជ្ញាធរ​ប្រទេស​ឡាវ​ដែល​ទទួល​បន្ទុក​លើ​គម្រោង​នេះ​។

គម្រោង​ដែល​មាន​តម្លៃ​ ៥៩៨៦ ​លាន​ដុល្លារ​នេះ ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​បញ្ចប់​រួចរាល់​នៅ​ថ្ងៃ​ទី​ ២ ខែ​ធ្នូ ឆ្នាំ​ ២០២១ ខាង​មុខ ខណៈ​កាលពី​ដំបូង​គម្រោង​នេះ​បាន​ប្រកាស​ថា​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ ឆ្នាំ​ ២០២១​។

សមាជិក​ជាន់​ខ្ពស់​មួយ​រូប​ពី​គណៈកម្មការ​គ្រប់គ្រង​សំណង់​ផ្លូវ​រថភ្លើង​ឡាវ-ចិន លោក Pothong Ngonphachanh បាន​ថ្លែង​នៅ​វេទិកា Laos-China Cooperation នៅ​ទីក្រុង​វៀងចន្ទន៍​កាលពី​សប្តាហ៍​មុន​ថា គម្រោង​នេះ​នឹង​ត្រូវការ​រយៈពេល​ ​ឆ្នាំ​។

កាលបរិច្ឆេទ​បញ្ចប់​គម្រោង​នេះ​ត្រូវ​បាន​ជំរុញ​ឲ្យ​បាន​លឿន​ជាង​កាលបរិច្ឆេទ​ដំបូង ក្រោយ​ពេល​មាន​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី Thongloun Sisoulith នៅ​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​តំបន់​ភាគ​ខាង​ជើង​ដើម្បី​ពិនិត្យ​មើល​ការដ្ឋាន​។

ការ​ប្តូរ​កាលបរិច្ឆេទ​នេះ​មាន​ន័យ​ថា គម្រោង​នេះ​នឹង​បញ្ចប់​ចំ​ថ្ងៃ​គ្នា​ជាមួយ​នឹង​ថ្ងៃ​ប្រារព្ធ​ខួប​ទី​ ៤៦ នៃ​ការ​ចាប់​កំណើត​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ (​ថ្ងៃ​ទី​ ២ ខែ​ធ្នូ ឆ្នាំ​ ១៩៧៥ ដល់​ថ្ងៃ​ទី​ ២ ខែ​ធ្នូ ឆ្នាំ​ ២០២១)​។

ផ្លូវ​រូង​ក្រោម​ដី​ចំនួន​ ៥៣ ​កន្លែង​កំពុង​ត្រូវ​បាន​ជីក និង​ខួង ដើម្បី​ឲ្យ​រថភ្លើង​អាច​បើក​កាត់​ភ្នំ​នានា​បាន​។ រហូត​មក​ដល់​ពេល​នេះ​ផ្លូវ​ក្រោម​ដី​សរុប​ដែល​បាន​ខួង​រួច​មាន​ប្រវែង​ ៣៧៣១៤ ​ម៉ែត្រ​ដែល​ស្មើ​នឹង​ ១៨,៨ ​ភាគរយ​នៃ​ប្រវែង​សរុប​ ១៩៧,៨៣ ​គីឡូម៉ែត្រ​នៃ​ផ្លូវ​រូង​ក្រោម​ដី​ទាំង​ ៧៥​ កន្លែង​ដែល​ខួង​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​នោះ​។

ទន្ទឹម​នឹង​នេះ​ដែរ ស្ពាន​ចំនួន​ ៤៧ ​ក្នុង​ចំណោម​ ១៦៧ ​កំពុង​តែ​ត្រូវ​បាន​សាងសង់​។ នេះ​បើ​យោង​តាម​លោក Pothong​។

ប្រវែង​សរុប​បញ្ចូល​គ្នា​នៃ​ផ្លូវ​រូង​ក្រោម​ដី និង​ស្ពាន គឺ​ស្មើ​នឹង​ ៦២ ​ភាគរយ​នៃ​ប្រវែង​ផ្លូវ​រថភ្លើង​សរុប​ដែល​ភ្ជាប់​ពី​ទីក្រុង​វៀងចន្ទន៍​ទៅ​កាន់​ព្រំដែន​ប្រទេស​ឡាវ និង​ចិន​។ ផ្នែក​ផ្សេងៗ​ទៀត​នៃ​គម្រោង​នេះ​រួម​មាន​បណ្តាញ​អគ្គិសនី បណ្តាញ​ទឹក និង​ផ្លូវថ្នល់​ក៏​កំពុង​ត្រូវ​បាន​សាងសង់​។

តំបន់​ដែល​ត្រូវ​ស្ថាបនា​ផ្លូវ​រថភ្លើង​ចំនួន​ ៨៤ ​ភាគរយ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ដើម្បី​ឲ្យ​ពួកគេ​ចាប់ផ្តើម​ការ​សាងសង់​។

តែ​ទោះបី​ជា​យ៉ាង​ណា​លោក Pothong បាន​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​បាន​បង់ប្រាក់​សំណង​ទៅ​កាន់​ប្រជាជន​ដែល​បាន​រង​ផលប៉ះពាល់​ពី​គម្រោង​នេះ​ឡើយ​។ លោក​បាន​បន្ត​ថា ការ​ដោះស្រាយ​ផលប៉ះពាល់​នៃ​ការ​បាត់បង់​ទ្រព្យសម្បត្តិ និង​ការ​បង់​ប្រាក់​សំណង​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​ដែល​បញ្ហា​នេះ​វា​ទាមទារ​នូវ​ពេលវេលា​យូរ​ទៀត​។

អ្នកភូមិ Dongxiengdy នៃ​ខណ្ឌ Naxaithong ទីក្រុង​វៀងចន្ទន៍ លោក Vongdao Xayavong បាន​ប្រាប់​សារព័ត៌មាន Vientiane Times ថា​ផ្ទះ​របស់​លោក​ស្ថិត​នៅ​ចំ​ផ្លូវ​រថភ្លើង​តែ​ម្តង ហើយ​លោក​ត្រូវ​តែ​ផ្លាស់​ចេញ ប៉ុន្តែ​លោក​មិន​ទាន់​អាច​រើ​ចេញ​បាន​ឡើយ ដោយសារ​តែ​លោក​មិន​ទាន់​បាន​ទទួល​សំណង​។

ប្រជាជន​ប្រមាណ​ជាង​ ៣០ ​គ្រួសារ​ក្នុង​ភូមិ​នេះ​នឹង​រង​ផលប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​នេះ​។

របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាជន​ចំនួន ៤៤១១ ​គ្រួសារ​ក្នុង​ខេត្ត Luang Namtha, Oudomxay, Luang Prabang និង​ទីក្រុង​វៀងចន្ទន៍​នឹង​រង​ផលប៉ះពាល់​ពី​គម្រោង​នេះ​។

សរុបមក​ដី​ទំហំ ៣៨៣២ ​ហិកតា និង​សំណង់​ចំនួន​​ ៣៣៤៦ ​កន្លែង រួម​ទាំង​ដំណាំ និង​ដើមឈើ​នឹង​រង​ផលប៉ះពាល់​ផង​ដែរ​។ អាជ្ញាធរ​ប្រទេស​ឡាវ ដែល​ទទួល​បន្ទុក​លើ​គម្រោង​នេះ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពួកគេ​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​ ដោយសារ​តែ​គម្រោង​ផ្លូវ​រថភ្លើង​ឡាវ-ចិន​នេះ​៕

Vientiane Times