ភូមិគ្រឹះប្រណីតមួយកន្លែងដែលពួនសំងំក្នុងព្រៃពណ៌បៃតងខ្ចី និងអាចមើលឃើញទេសភាពផ្ទៃសមុទ្រដ៏ស្រស់ត្រកាលមានឈ្មោះថា Villa Des Palmes។
ភូមិគ្រឹះនេះត្រូវបានរចនាម៉ូដ និងសាងសង់ដោយស្ថាបត្យករជនជាតិបារាំងមួយរូប និងបើកទទួលការកក់សម្រាប់ការស្នាក់នៅលម្ហែកាយរយៈពេលខ្លីសម្រាប់ភ្ញៀវទេសចរនៅខេត្តកែប។
អ្វីដែលគួរឲ្យទាក់ទាញជាងនេះទៅទៀតនោះ គឺវីឡាឈ្មោះ «សាលាថ្មី» ដែលជាវីឡាលក្ខណៈឯកជនសម្រាប់គូស្នេហ៍ដោយមានផ្នែកខាងក្នុងធំទូលាយ និងការតុបតែងដ៏ស្រស់ស្អាត ហើយថែមទាំងមានអាងហែលទឹកប្រវែងដល់ទៅ ២២ ម៉ែត្រទៀតផង។ បន្ទប់គេងមានពណ៌ស្រទន់ ហើយគ្រឿងប្រើប្រាស់គឺសុទ្ធតែផលិតពីធម្មជាតិព្រមទាំងមានការតុបតែងបែបសម័យកាលទំនើប និងកៅអីសាឡុងម៉ូដបុរាណថែមទៀតផង។
ផ្នែកខាងលើនៃវីឡានេះមានទំហំធំទូលាយផ្តល់នូវខ្យល់ដកដង្ហើមស្រស់ស្រាយ និងហ៊ុមព័ទ្ធទៅដោយការរចនាដែលប្រើរនាបឈើ និងសំរឹទ្ធផងដែរ។
នាពេលរាត្រី ខ្យល់សមុទ្របក់រំភើយ អ្នកអាចបើកវាំងនន និងអង្គុយលើកៅអីសាឡុងដ៏ទន់ល្មើយមើលខ្សែភាពយន្តឌីវីឌីលើកញ្ចក់ទូរទស្សន៍ទំហំធំ និងប្រព័ន្ធឧបករណ៍បំពងសំឡេងរចនាយ៉ាងពិសេសសម្រាប់ភាពយន្ត និងតន្ត្រី ហើយអ្នកអាចបើកសំឡេងតិច ឬខ្លាំងតាមចិត្តចង់ ដ្បិតគ្មានអ្នកជិតខាងណាម្នាក់នៅក្បែរអ្នកឡើយ៕