រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​បង្កើត​ក្រុង​នៅ​តាម​ស្រុក​នីមួយៗ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្តល់​សេវាសាធារណៈ និង​ជំរុញ​ការវិនិយោគ ដើម្បី​អភិវឌ្ឍ​នៅតាម​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត​។

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង កាលពី​ពេល​ថ្មីៗ​នេះ​បាន​មាន​ប្រសាសន៍​ថា ក្រសួងមហាផ្ទៃ​មាន​ផែនការ​បង្កើត​ក្រុង​នៅ​តាម​ស្រុក​នីមួយៗ​ដែល​ការបង្កើត​នេះ គឺ​មាន​ផលប្រយោជន៍​ច្រើន​ណាស់​ដូចជា ងាយស្រួល​ក្នុង​ការ​ផ្សព្វផ្សាយ​បញ្ជ្រាប​ព័ត៌មាន ងាយស្រួល​ផ្តល់​សេវាសាធារណៈ​ផ្សេងៗ ពិសេស​មាន​ភាពងាយស្រួល​ដល់​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​តាម​តំបន់​តែ​ម្តង​។

លោក​មាន​ប្រសាសន៍​ថា៖ «​ការបង្កើត​ឲ្យ​មាន​សេវា​របៀប​នេះ​នឹង​អាច​ផ្តល់​ភាពជោគជ័យ​កាន់តែ​ច្រើន​ដល់​ម្ចាស់​ឧស្សាហកម្ម និង​សិប្បកម្ម​ព្រម​ទាំង​អាច​ជួយ​ដល់​កម្មករ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ការងារ​ធ្វើ​នៅ​ជិត​ផ្ទះសំបែង ពិសេស​វា​ជា​ផ្នែក​មួយ​ដែល​នឹង​ចូលរួម​ជួយ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​មក​រស់នៅ​ទីក្រុង​ផង​ដែរ​»​។

លោក ស ខេង បាន​បន្ត​ថា នៅពេល​ដែល​រាជរដ្ឋាភិបាល​បង្កើត​ក្រុង​បន្ថែម​កាន់តែ​ច្រើន​យើង​នឹង​ជំរុញ​ការផ្តល់សេវា​សាធារណៈ​កាន់តែ​ខិតជិត​ និង​ទីកន្លែង​ណា​ដែល​អាច​បង្កើត​ច្រកចេញ​ចូល​តែ​មួយ​បាន គឺ​យើង​ត្រូវ​តែ​អនុវត្ត ព្រោះ​សម្រាប់​អ្នកមាន​តម្រូវការ​នៅ​លើ​ការផ្តល់​សេវា​ពួកគេ​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការដើរ​ស្វែងរក​កន្លែង​ផ្តល់​សេវា​នោះ​ទេ ដែល​នេះ​នឹង​ជំរុញ​ដល់​ការអភិវឌ្ឍ​ទាំង​វិស័យ​ឯកជន និង​សង្គមជាតិ​ទាំង​មូល​។

លោក​បន្ត​ថា៖ «​ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​គឺ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​គ្រប់​ទីកន្លែង ជាពិសេស​ការបន្ត​ពង្រីក​ច្រក​ចេញ​ចូល​តែមួយ​ឲ្យ​បាន​ដល់​ឃុំ​សង្កាត់​បន្ថែម​ទៀត ក្នុង​នោះ​នៅ​តាម​បណ្តា​ស្រុក​នីមួយៗ​ដែល​មាន​ទីប្រជុំជន ក៏​គ្រោង​ប្រែក្លាយ​ទីប្រជុំជន​ក្នុង​ស្រុក​នោះ​ទៅជា​សង្កាត់​ផង​ដែរ ព្រោះ​ទីប្រជុំជន​ស្រុក​ក៏​ជា​កូន​ទីក្រុង​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ដំណើរការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​ទាំង​មូល​»​។

ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ថ្លែង​ស្រដៀង​គ្នា​ថា រដ្ឋាភិបាល​នឹង​បង្កើត​ក្រុង​នៅ​តាម​បណ្តា​ស្រុក​នីមួយៗ ដើម្បី​ពង្រីក​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ និង​ការវិនិយោគ​សាធារណៈ ពិសេស​ធ្វើឲ្យ​ទីប្រជុំជន​នីមួយៗ​កាន់តែ​មាន​ការ​រីកចម្រើន​។

លោក​បន្ត​ថា៖ «​គេ​សង្កេត​ឃើញ​នៅ​តាម​ទីប្រជុំជន​មួយ​ចំនួន​កំពុង​មាន​ការរីកចម្រើន​លឿន​នាពេល​នេះ​ហើយ​ជីវភាព និង​សេដ្ឋកិច្ច​មូលដ្ឋាន​ក៏​មាន​ភាពប្រសើរ​ដែរ​»​។

អភិបាលស្រុក​ពារាំង​នៃ​ខេត្ត​ព្រៃវែង លោក ហ៊ី ធួក បាន​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​បំណង​បែប​នេះ និង​បង្កើត​ឲ្យ​មាន​ច្រកចេញ​ចូល​តែ​មួយ ដើម្បី​បង្កើន​ការផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ងាយស្រួល ហើយ​ការងារ​ទាំង​នេះ​រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុកដាក់​ណាស់​សម្រាប់​ថ្នាក់ក្រោម​ជាតិ តាមរយៈ​គោលនយោបាយ​វិមជ្ឈការ និង​សហវិមជ្ឈការ​។

លោក​បន្ត​ថា៖ «​ការពង្រឹង​ការងារ និង​ផ្តល់​សេវា​នៅ​ថ្នាក់​មូលដ្ឋាន​មាន​សារៈសំខាន់​ណាស់ ដើម្បី​ពង្រឹង និង​ពង្រីក​ការអភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​»​។

ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​និយាយ​ថា ប្រសិន​បើ​បង្កើត​ក្រុង​ថ្មីៗ​ដើម្បី​តែ​បង្ខិត​សេវា​ទៅ​ដល់​ប្រជាពលរដ្ឋ​មិន​មាន​ផលប្រយោជន៍​ច្រើន​នោះ​ទេ ប៉ុន្តែ​បើ​រដ្ឋាភិបាល​បង្កើត​ឡើង​ដើម្បី​ជំរុញ​ការវិនិយោគ​ពិតជា​ល្អ​ប្រសើរ​ណាស់ ព្រោះ​វា​នឹង​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ដែល​អាច​បង្កើត​ការងារ និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​។ លោក​បន្ត​ថា ប្រសិន​បើ​បង្កើត​ឲ្យ​មាន​អាជីវកម្ម ឬ​សហគ្រាស​មួយ​នៅ​ក្នុង​ចន្លោះ​ឃុំ​ពី​ ៣-៤ វា​នឹង​ស្រូប​យក​បាន​នូវ​កម្លាំង​ពលកម្ម​ច្រើន​។

លោក​បាន​អះអាង​ថា៖ «​ការបង្កើត​ក្រុង​នៅ​តាម​មូលដ្ឋាន​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វិនិយោគ​កាន់តែ​ច្រើន​នៅ​តាម​មូលដ្ឋាន​វា​ជា​រឿង​អបអរ​មែនទែន​ប្រសិន​បើ​រាជរដ្ឋាភិបាល​ធ្វើ​បែប​នេះ​»៕