ទីផ្សារស៊ីម៉ងត៍នៅកម្ពុជាកាន់តែធ្វើពិពិធកម្មតាមរយៈសមត្ថភាពផលិតកើនឡើង ដោយសារប្រទេសនេះមានរោងចក្រជាច្រើនបាននិងកំពុងដំណើរការផលិត ដើម្បីឆ្លើយតបនឹងតម្រូវការនៃការរីកចម្រើនផ្នែកសំណង់ក្នុងស្រុកដែលមានការកើនឡើងជាប្រចាំ។
បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៣ កំពុងដំណើរការ គឺ ChipMong Insee Cement, Kampot Cement, Cambodia Cement Chakrey Ting ខណៈរោងចក្រ ២ ទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់គឺ ThaiBoon Rong Cement និងក្រុមហ៊ុន Battambang Conch Cement។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលលោក យស មុនីរ៉ាត់ មានប្រសាសន៍តាមទូរស័ព្ទកាលពីថ្ងៃអង្គារថា រោងចក្រផលិតស៊ីម៉ងត៍ទាំង ៣ ដែលកំពុងដំណើរការនេះរួមមានរោងចក្រ Kampot Cement អាចមានសមត្ថភាពផលិតបានប្រមាណ ២ លានតោន ក្នុង ១ ឆ្នាំរោងចក្រ Cambodia Cement Chakrey Ting មានសមត្ថភាពផលិតបានជាង ១ លានតោន និងរោងចក្រ Chip Mong Cement មានសមត្ថភាពផលិតបាន ១,៧ លានតោន។ ចំណែករោងចក្រ Battambang Conch Cement ដែលគ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៨ នេះអាចមានសមត្ថភាពផលិតបាន ១,៧ លានតោនក្នុងមួយឆ្នាំ។
លោកបន្តថា៖ «រោងចក្រទាំង ៤ នេះមានសមត្ថភាពផលិតស៊ីម៉ងត៍បានចន្លោះពី ៦ ទៅ ៧ លានតោនក្នុងមួយឆ្នាំ ដែលខ្ញុំគិតថា សមត្ថភាពផលិតនេះគឺអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកគ្រប់គ្រាន់ហើយនាពេលបច្ចុប្បន្ន។ តែទោះបីជាយ៉ាងណាដោយសារប្រទេសយើងមានការអភិវឌ្ឍលឿននោះ ដូច្នេះការនាំចូលបន្ថែមអាចនៅតែមានដដែល»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ស៊ីម៉ងត៍ផលិតក្នុងស្រុកមានគុណភាពមិនចាញ់ស៊ីម៉ងត៍នាំចូលពីបរទេសនោះទេ ដោយវត្ថុធាតុដើមរបស់យើងក៏មានគុណភាពល្អដែរ។ ម្យ៉ាងវិញទៀតបើទោះជាផលិតក្នុងស្រុកក្តី ប៉ុន្តែបច្ចេកវិទ្យាដែលប្រើប្រាស់សម្រាប់ការផលិត គឺសុទ្ធតែនាំចូលពីបរទេសទាំងអស់។
លោកបានបន្តថា ប្រសិនបើស៊ីម៉ងត៍ក្នុងស្រុកគ្មានគុណភាពមិនមែនក្រុមហ៊ុនសាងសង់មួយចំនួនមកពីប្រទេសជប៉ុន ជ្រើសរើសស៊ីម៉ងត៍នោះសម្រាប់សាងសង់ស្ពាន ឬអគាររបស់ពួកគេនោះទេ។
លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ីស៊ីមេន ខមភើរេសិន បានថ្លែងឲ្យដឹងក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ងត៍ Chip Mong Insee CementCorporation (CMIC) ដែលបានបោះទុនវិនិយោគ ២៦២ លានដុល្លារដោយសហការជាមួយក្រុមហ៊ុន Thai Siam City Cement Corporation (SCCC) កាលពីសប្តាហ៍មុនថា កត្តាសន្តិភាព ការរីកចម្រើនសេដ្ឋកិច្ច និងភាពងាយស្រួលក្នុងការធ្វើអាជីវកម្មបានទាក់ទាញអ្នកវិនិយោគទាំងតូចទាំងធំឲ្យចូលមកវិនិយោគនៅកម្ពុជា។
លោកឧកញ៉ាបានថ្លែងថា៖ «នេះជារោងចក្រធំជាងគេក្នុងប្រទេសកម្ពុជា ដែលផលិតស៊ីម៉ងត៍មានគុណភាពខ្ពស់ ប្រើប្រាស់ វត្ថុធាតុដើមល្អៗក្នុងប្រទេសរួមមានដីក្រហមបុកសាយ និងដីឥដ្ឋជាដើម»។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានថ្លែងថា រហូតមកទល់ពេលនេះការផលិតស៊ីម៉ងត៍ក្នុងស្រុកនៅតែមិនអាចឆ្លើយតបបានតាមតម្រូវការនៅឡើយ ព្រោះបច្ចុប្បន្នមានតម្រូវការស៊ីម៉ងត៍ច្រើនណាស់ ដោយសារកម្ពុជាកំពុងសាងសង់អគារខ្ពស់ៗច្រើន និងវិស័យដទៃទៀតក៏មានការប្រើប្រាស់ស៊ីម៉ងត៍ច្រើនផងដែរ។
លោកឧកញ៉ាបានបន្តថា៖ «បើទោះជាមិនអាចផ្គត់ផ្គង់បានគ្រប់ក្តី ប៉ុន្តែខ្ញុំគិតថាការវិនិយោគលើរោងចក្រផលិតស៊ីម៉ងត៍វានឹងចូលរួម ចំណែកកាត់បន្ថយការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេសមកកម្ពុជាបានយ៉ាងច្រើនដែរ»។
លោក ម៉េង ចំរើន ប្រធានគ្រប់គ្រងគម្រោង Olympia City បាននិយាយថា នៅក្នុងការដ្ឋានសំណង់នៃអគារខ្ពស់ៗដូចជាគម្រោងដែលលោកកំពុងគ្រប់គ្រងគឺបានជ្រើសរើសយកស៊ីម៉ងត៍ដែលផលិតក្នុងស្រុក (K Cement) មកប្រើប្រាស់ដោយសារផលិតផលស៊ីម៉ងត៍នេះមានគុណភាពខ្ពស់ និងជាប់បានយូរ។
លោកបានអះអាងថា៖ «ស៊ីម៉ងត៍ដទៃទៀតតាមបទពិសោធរបស់ខ្ញុំហាក់មិនសូវមានភាពរឹងមាំដូច K Cement នោះទេ»។ លោកបន្តថា៖ «បើសួរថាហេតុអី ខ្ញុំមិនអាចពន្យល់ពីលក្ខខណ្ឌ ឬបច្ចេកទេសក្នុងការផលិតនោះទេ»៕