Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ឧកញ៉ា លី ហួរ ៖ ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៨ នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ទេ

Content image - Phnom Penh Post
លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា។ មឿន ញាណ

លោក​ឧកញ៉ា លី ហួរ ៖ ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៨ នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ទេ

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​របស់លោក ដើម្បី​លើកឡើង​ពី​និន្នាការ​ទីផ្សារ និង​ចរន្ត​នៃ​ការអភិវឌ្ឍ​លំនៅឋាន​នៅ​កម្ពុជា​។

លោក​ឧកញ៉ា​បាន​អនុញ្ញាត​ផ្តល់​បទ​សម្ភាស​ជាមួយ​លោក ស៊ីវ ម៉េង អ្នក​យក​ព័ត៌មាន​ផ្នែក​អចលនទ្រព្យ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដើម្បី​លើកឡើង​នូវ​ទស្សនៈ​វិស័យ និង​ការ​វិវឌ្ឍ​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។

តើ​លោក​ឧកញ៉ា​មើល​ឃើញ​ដូចម្តេច​ពី​ស្ថានភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន?

ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​នេះ នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​ការលក់​លំនៅឋាន​លំដាប់​ប្រណីតៗ និង​មានតម្លៃ​ថ្លៃ ហាក់​មាន​ភាព​យឺតយ៉ាវ​បន្តិច ប៉ុន្តែ​ទីផ្សារ​សម្រាប់​ប្រជាជនមាន​ប្រាក់​ចំណូល​មធ្យម និង​ក្រោម​មធ្យម​បាន​រីក​ធំ និង​មាន​តម្រូវការ​ច្រើន​។

ជាក់ស្តែង​កាលពី​ពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​បើក​គម្រោង​ផ្ទះ​សម្រាប់ អ្នក​មាន​ប្រាក់ចំណូល​មធ្យម និង​ចំណូល​ក្រោម​មធ្យម​ជាង ២០០ ​ផ្ទះ ស្ថិត​នៅ​លើដី​ទំហំ ៣​​ ហិកតា បាន​លក់​អស់​តែ​ក្នុង​រយៈពេល​ត្រឹម​១​ខែ​ប៉ុណ្ណោះ​។

ទោះជា​យ៉ាង​ណា​ផ្ទះ សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម និង​ក្រោម​មធ្យម​ពិបាក​ចំណេញ ដោយ​សារ​ដី​មាន​តម្លៃ​ថ្លៃ និង​បន្ត​ឡើង​ថ្លៃ​រហូត​។

ប្រសិន​ជា​ប្រមើល​មើល​ពី​ទីផ្សារ​អចលនទ្រព្យ សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាង​មុខ តើ​លោក​ឧកញ៉ា​គិតថា វិស័យ​នេះ​នឹង​ប្រឈម​បញ្ហា​ឬ​ទេ​?

ខ្ញុំ​គិត​ថា វា​មិន​មាន​បញ្ហា​នោះទេ ប្រសិនជា​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​មាន​កំណើន​ដូច​បណ្តា​ឆ្នាំ​កន្លង​មក និង​បច្ចុប្បន្ន​នេះ ព្រោះ​តម្រូវ​ការ​លំនៅឋាន​នៅ​តែ​មាន​ចំនួន​ច្រើន ដោយសារ​ប្រទេស​យើង​កំពុង​អភិវឌ្ឍន៍ ប្រជាជន​ចូលមក​រស់នៅ​ទីក្រុង​កាន់​តែ​ច្រើន​ពិសេស​ប្រទេស​យើង​មិន​មាន​គ្រោះ​មហន្តរាយ​ដូចជា ខ្យល់​ព្យុះ ទឹក​ជំនន់ រញ្ជួយ​ផែនដី ឬ​ផ្ទុះ​ភ្នំភ្លើង​នោះទេ​។

ប្រសិន​ជា​សេដ្ឋកិច្ច​របស់​យើង​នៅ​តែ​សម្រេច​បាន​កំណើន​៧​ភាគរយ ខ្ញុំ​គិតថា វិស័យ​នេះ​នឹង​នៅតែ​ល្អ​ប្រសើរ​ថែម​ទៀត ព្រោះ​កំណើន​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ និង​ចរន្ត​សេដ្ឋកិច្ច​ដើរ​ស្របគ្នា​។

សព្វ​ថ្ងៃ​នេះ​ក្នុង​មួយឆ្នាំ​ប្រទេស​យើង​ត្រូវការ​លំនៅឋាន​ប្រមាណ​២​ម៉ឺន​ខ្នង​ក្នុង​មួយឆ្នាំ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​របស់​យើង ពិសេស​លំនៅឋាន​សម្រាប់​អ្នកមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​មិនទាន់​គ្រប់​នៅឡើយ​ទេ​ដែល​ទាមទារ​ឲ្យ​មានការ​វិនិយោគ​ច្រើន​ថែមទៀត​។

ចរន្ត​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​កំពុង​មាន​សភាព​ផុលផុស​តើ​លោក​ឧកញ៉ា​គិតថា ទិស​ខាង​ណា​នៃ​រាជធានី​ភ្នំពេញ នឹង​មាន​ការ​អភិវឌ្ឍ​ខ្លាំង​នា​ពេល​អនាគត​?

បើ​ពិនិត្យ​តាម​ក្បួន​ខ្នាត​បុរាណ និង​ការវិវឌ្ឍ​នៃ​នគរូបនីយកម្ម​តាម​លក្ខណៈ​វិទ្យាសាស្ត្រ យើង​ត្រូវ​ស្រមៃ​ថា តម្រូវ​ការ​ចាំបាច់​របស់​ប្រជា​ពលរដ្ឋ​ជា​អ្វី គឺ​ទឹក និង​ផ្លូវ ដូច្នេះ​តំបន់​ស្ថិត​នៅ​តាម​បណ្តោយ​ទន្លេ ដូចជា​ផ្លូវ​ជាតិ​លេខ​ ១ លេខ​ ៥​ លេខ​ ៦ និង​ផ្លូវជាតិ​លេខ​ ៧ ​សុទ្ធ​តែ​ជា​តំបន់​មាន​សក្តានុពល​មិន​ចេះ​រីងស្ងួត ទោះបី​ទៅ​ដល់​ទីណា​ក៏ដោយ​។

អ្វី​សំខាន់​គឺ​ទឹក តំបន់​គ្មាន​ទឹក ទោះជា​យើង​ចង់​កែច្នៃ​បែប​ណា​ក៏​ពិបាក​ដែរ ហើយ​យើង​ទាំង​អស់​គ្នា​ក៏បាន​ដឹងថា ពី​មុន​មក​យើង​ស្ថិត​ក្រោម​អាណានិគម​បារាំង គឺ​ការ​កសាង​ទីក្រុង​សុទ្ធ​តែ​ជាប់​មាត់​ស្ទឹង បឹង ព្រែក ទន្លេ សមុទ្រ ដូចជា​ពោធិសាត់ បាត់ដំបង ក្រចេះ កំពង់ចាម សុទ្ឋ​តែ​យក​ទីក្រុង​នៅជាប់​មាន​ទន្លេ ស្ទឹង​។

លោក​ឧកញ៉ា​បាន​បង្ហាញ​តាម​ទស្សនៈ​សុទិដ្ឋិ​និយម​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បច្ចុប្បន្ន និង​ទៅ​អនាគត សម្រាប់​ក្នុង​អំឡុង​ពេល​មាន​ការ​រៀបចំ​បោះឆ្នោត​ឆ្នាំ​២០១៨ អាចជា​ពេលដែល​ប្រជា​ពលរដ្ឋ​បារម្ភ​ជាថ្មី​ឬទេ​? តើ​លោក​ឧកញ៉ា​គិត​ដូចម្តេច​ពី​បញ្ហា​នេះ​?

ខ្ញុំ​គិតថា អ្នក​រក​ស៊ី អ្នក​វិនិយោគ និង​ប្រជា​ពលរដ្ឋ​ទូទៅ មិនគួរ​បារម្ភ​ពី​បញ្ហា​នេះ​ពេក​ទេ​។ ដោយ​សារ​អ្វី​ជា​តម្រូវ​ការ​ចាំបាច់ ដែល​ជា​មុខរបរ​ប្រចាំថ្ងៃ​ដូចជា កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម គឺជា​កត្តា​ចម្បង ដែល​យើង​គួរផ្តោត និង​គិតតែ​ធ្វើ​ទៅ ព្រោះ​រយៈពេល​៥​ឆ្នាំ​ម្តង​តែង​តែ​មាន​ការ​បោះឆ្នោត ហើយ​ប្រជាជន​ក៏​កាន់តែ​យល់ដឹង​ច្រើន មិន​គួរ​បារម្ភ​ពី​បញ្ហា​នេះ​ទេ គួរតែ​គិត​អំពី​មុខរបរ​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​រីកចម្រើន​។

កម្ដៅ​នយោបាយ​នា​ពេល​នេះ​និង​អាច​អូសបន្លាយ​ដល់​មុនពេល​បោះឆ្នោត​នាពេល​ខាង​មុខ តើ​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​ទំនុក​ចិត្ត​អ្នក​វិនិយោគ​ឬទេ​?

ប្រសិន​ជា​យើង​ចេះ​តែ​ស្តាប់​គេ​និយាយ យើង​ដឹង​មិន​ច្បាស់ គឺ​វា​មិន​ដូច​អ្វី​ដែល​យើង​នៅទីនេះ​ផ្ទាល់​នោះទេ គឺ​យើង​នៅ​ទីនេះ​ឃើញ​ជាក់​ស្តែង គឺ​មិន​មាន​បញ្ហា​អ្វី​ផង ដូច្នេះ កុំ​គិតពី​ចំណុច​នេះ​ខ្លាំង​ពេក​។

បើ​យើង​ស្តាប់​គេ​និយាយ ហើយ​មើល​ព័ត៌មាន​ខ្លះ​បំប៉ោង​បន្ថែម កាន់​តែ​ធំធេង​ណាស់ ប៉ុន្តែ​សម្រាប់​យើង​ជា​អ្នក​នៅ​ទីនេះ វិនិយោគ​ផ្ទាល់ គឺ​មិនមាន​បញ្ហា​ទេ ហើយ​បើ​មាន​បញ្ហា​ខ្ញុំ​នឹងមិន​បញ្ចេញ​គម្រោង​ថ្មី​របស់ខ្ញុំ​ជា​បន្តបន្ទាប់​ទេ ហើយ​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ ខ្ញុំ​នឹង​បញ្ចេញ​គម្រោង​វិនិយោគ​ថ្មី​បន្ថែម​ទៀត​។​

​ខ្ញុំ​មិន​គិតថា​វា​ជា​បញ្ហា​ធំ​ទេ ព្រោះ​បន្ទាប់ពី​ការបោះឆ្នោត​ហើយ អ្វីៗ​នឹង​ល្អ​រៀបរយ​ឡើងវិញ​ជា​ប្រក្រតី​។ ហេតុនេះ​យើង​មានមុខ​របរ​អ្វី យើង​ត្រូវ​គិត​អ្វី​ចំពោះមុខ​ថា តើ​យើង​អាចធ្វើ​អ្វី​បាន មិនមែន​ដូច​ឮ​ផ្គរ​ក្តុងក្តាំងៗ ហើយ​ទៅ​ចាក់ទឹក​ចោល​អស់ ប៉ុន្តែ​ការពិត​វា​មិនមាន​ភ្លៀង​ផង​។​
​ខ្ញុំ​គិតថា គ្មាន​បញ្ហា​អ្វី​នោះទេ បើ​មាន​បញ្ហា​ខ្ញុំ​មិន​វិនិយោគ​បន្ត​នោះទេ ព្រោះ​គម្រោង​អចលនទ្រព្យ​ធំៗ​ចាយលុយ​ច្រើន​ណាស់ គ្រាន់តែ​ដី​មួយ​ហិកតា​ខ្ទង់លាន​ដុល្លារ ហើយ​គម្រោង​របស់​យើង​មាន​រហូតដល់​២០​ហិកតា​ជាង ក៏មានដែរ នេះ​មិនទាន់​រាប់បញ្ចូល​សម្ភារ​សំណង់​នៅឡើយ​ផង​។​

ជាមួយ​នឹង​ល្បឿន​នៃ​ការអភិវឌ្ឍ​របស់​វិស័យ​ឯកជន តើ​រដ្ឋាភិបាល​បាន​ឆ្លើយតប​យ៉ាង​ដូច​ម្តេច​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​?

​បញ្ហា​ហាក់​នៅ​ដដែល ព្រោះ​និយាយ​ឲ្យ​ចំ​ល្បឿន​នៃ​ការអភិវឌ្ឍ​នៅ​ស្រុក​យើង​លឿន​មែនទែន ដែល​ការវិនិយោគ​នៅ​តំបន់​ខ្លះ មិនទាន់មាន​ការអភិវឌ្ឍ​ប្រព័ន្ធ​លូ បណ្តាញ​ទឹកស្អាត និង​តំបន់​ខ្លះ​មិន​ទាន់មាន​បង្គោល​ភ្លើង​ទេ អ៊ីចឹង​បានជា​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា កាលពី​ដើម​សប្តាហ៍​មុន​បាន​ធ្វើ​សិក្ខាសាលា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ដូចជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដា និង​រដ្ឋាករទឹក​ស្វយ័ត្ន​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​មាន​ការ​ស្វែងយល់​គ្នា​ទៅវិញ​ទៅមក​ថា អ្វី​ជា​តម្រូវ​ការចាំបាច់ និង​ការ​ឆ្លើយតប​មក​វិញ​។​

​ជាការ​ឆ្លើយតប​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានបង្ហាញ​ផែនការមេ​រហូតដល់​ឆ្នាំ​ ២០៣០ ប៉ុន្តែ​នៅតែ​មិន​គ្រប់គ្រាន់ ដោយ​តំបន់​ខ្លះ​នៅ​ប្រគល់​ឲ្យ​ឯកជន​វិនិយោគ​នៅឡើយ ហើយ​នៅពេល​ឯកជន​វិនិយោគ​តម្លៃ​ទឹក​មានតម្លៃ​ខ្ពស់ ហើយ​កំណើន​នេះ គឺ​ដោយសារ​តម្រូវការ​ប្រើប្រាស់​មាន​ច្រើន ធៀប​នឹង​ការផ្គត់ផ្គង់​នៅ​មាន​កម្រិត​។

​ពីមុន​និយាយ​ពី​ជាយក្រុង​មិន​អី​ទេ ប៉ុន្តែ​ឥឡូវ​នៅ​តំបន់​ជាយក្រុង​ក៏​កកស្ទះ​ដែរ ដែល​យើង​ទទួលស្គាល់​ទាំងអស់គ្នា​ថា ការអភិវឌ្ឍ​មាន​ល្បឿន​លឿន ហើយ​បើ​មើល​ម៉ោង​ចូលធ្វើការ និង​ម៉ោង​ចេញពី​ធ្វើការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​គ្រប់កន្លែង​។ នេះ​ជា​ចំណុច​ដែល​យើង​ត្រូវ​ទទួលស្គាល់​ទាំងអស់គ្នា​។ ហេតុនេះ​យើង​កុំ​បារម្ភ​ពេក​ពី​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​នយោបាយ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ