ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​លោក​ ជា ​សុផារ៉ា បាន​ស្នើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​នានា​ងាក​មក​ជួយ​គិតគូរ​ពី​ការវិនិយោគ​លើ​គម្រោង​លំនៅឋាន​ដែល​មាន​តម្លៃ​ទាប​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

ក្នុង​ពេល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​របស់​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​អង្គារ លោក ជា សុផារ៉ា បាន​ស្នើឲ្យ​អ្នក​អភិវឌ្ឍន៍​វិស័យ​លំនៅឋាន​នានា​ជួយ​វិនិយោគ​លើ​លំនៅឋាន​មាន​តម្លៃ​ទាប​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​ និង​ស្បែកជើង​ និង​ក្រុម​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​អាច​មាន​លំនៅឋាន​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​។

លោក​មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​មិនមែន​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍​សាងសង់​លំនៅឋាន​តម្លៃ​ទាប ទៅ​សាងសង់​នៅ​ជិត​សហគមន៍​អ្នក​មាន​ជីវភាព​ធូរធារ និង​ធ្វើឲ្យ​ខូច​បរិយាកាស​សហគមន៍​របស់​គេ​នោះ​ទេ ប៉ុន្តែ​គួរ​សាងសង់​លំនៅឋាន​តម្លៃ​ទាប​នៅ​តាម​តំបន់​ជាយក្រុង​»​។ ​លោក​បន្ត​ថា៖ «​ខ្ញុំ​ជឿ​ថា​ប្រសិន​បើ​សាងសង់​ផ្ទះ​ដែល​មាន​រចនាសម្ព័ន្ធ​សមស្រប​ និង​មិន​មាន​ការ​ដេគ័រ ឬ​បំពាក់​សម្ភារ​បរិក្ខារ​ច្រើន​នោះ​គឺ​អាច​លក់​ក្នុង​តម្លៃ​ទាប​បាន​»​។

លោក​បាន​បន្ត​ថា យើង​គួរផ្តោត​លើក​ម្មករ​រោងចក្រ​ដែល​ពួកគេ​មាន​ប្រាក់ខែ​ចាប់ពី​ ១៧០ ​ដុល្លារ​ឡើង​ទៅ​ដោយ​ពួកគេ​អាច​លៃលក​ ៨០ ទៅ​ ១០០ ​ដុល្លារ​ក្នុង​មួយ​ខែ​បង់​ថ្លៃ​ផ្ទះ​បាន ព្រោះ​បើ​ពួកគេ​ជួល​ផ្ទះ​គេ​តម្លៃ​ ៥០ ​ដុល្លារ​ក្នុង​មួយ​ខែ​រយៈពេល​ ១០ ​ឆ្នាំ​ ឬ​ ២០ ​ឆ្នាំ​ក៏​នៅ​តែ​ជា​ផ្ទះ​របស់​គេ​ដដែល​។

លោក​បន្ត​ថា​ បច្ចុប្បន្ន​ មាន​ប្រជាជន​ខ្មែរ​ប្រហែល​ ១,២ ​លាន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ និង​បាន​ផ្ញើ​ប្រាក់​ប្រមាណ​ ២០០០ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ត្រឡប់​មក​កម្ពុជា​វិញ ហេតុ​នេះ​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​នានា​គួរ​រក​ឱកាស​ធ្វើការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ទទួល​បាន​សាច់ប្រាក់​ទាំង​នោះ​យក​មក​ប្រើប្រាស់​ហើយ​អាច​ឲ្យ​អ្នក​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ឱកាស​ទិញ​លំនៅឋាន​បាន​។

លោក ជា សុផារ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា​បច្ចុប្បន្ន​ក្នុង​មួយ​ឆ្នាំ​កម្ពុជា​ត្រូវការ​លំនៅឋាន​ថ្មី​ប្រមាណ​ ១ ​ម៉ឺន​ខ្នង ដោយ​តម្រូវការ​នេះ​គឺ​គិត​តែ​ក្រុម​ប្រជាជន​រស់នៅ​ទីក្រុង​ និង​ទីប្រជុំជន​ប៉ុណ្ណោះ​។

ទោះបី​ជា​យ៉ាង​ណា​លោក ជា សុផារ៉ា ​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​លំនៅឋាន​តម្លៃ​ទាប​គួរ​មាន​តម្លៃ​ប៉ុន្មាន​ជាក់លាក់​ទេ​។

ការដ្ឋាន​សាងសង់​ផ្លូវ​ក្នុង​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​របស់ WorldBridge Group ។ ស្រេង ម៉េងស្រ៊ុន

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរីវិមាន​ភ្នំពេញ លោក​ឧកញ៉ា​ លី ហួរ បាន​ថ្លែង​ថា ការលក់​លំនៅឋាន​តម្លៃ​ខ្ពស់​ហាក់​មាន​ភាព​យឺតយ៉ាវ​បន្តិច​ហេតុ​នេះ​ក្រុមហ៊ុន​របស់​លោក​កំពុង​ត្រៀម​វិនិយោគ​លំនៅឋាន​តម្លៃ​ទាប​បន្ថែម​ទៀត​ ដោយសារ​ក្រុម​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ហើយ​តម្រូវការ​លំនៅឋាន​តម្លៃ​ទាប​ក៏​មាន​តម្រូវការ​ច្រើន​ផង​ដែរ​នាពេល​បច្ចុប្បន្ន​នេះ​។

បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចំនួន​ ៤ ​កំពុង​វិនិយោគ​លើ​លំនៅឋាន​មាន​តម្លៃ​ទាប​មាន​ដូចជា ក្រុមហ៊ុន​ WorldBridge Group ដែល​កំពុង​វិនិយោគ​លើ​លំនៅឋាន​តម្លៃ​ទាប​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ ក្រុមហ៊ុន ប៊ុនជេស្ឋ វិនិយោគ​លើ​លំនៅឋាន​តម្លៃ​ទាប​នៅ​សង្កាត់​ព្រែកតាទែន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥ ក្រុមហ៊ុន Arakawa Cambodia Co, Ltd វិនិយោគ​លំនៅឋាន​អគារ​សហកម្មសិទ្ធិ​ (​ខុនដូ​) ​តម្លៃ​ទាប​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ និង​ក្រុមហ៊ុន​បុរីវិមាន​ភ្នំពេញ​កំពុង​វិនិយោគ​លំនៅឋាន​មាន​តម្លៃ​ទាប​នៅក្នុង​សង្កាត់​បាក់ខែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦​។

លោក​ឧកញ៉ា លី ហួរ បាន​ប្រាប់​ទៀត​ថា​នៅ​ពេល​ឆាប់ៗ​នេះ​ក្រុមហ៊ុន​លោក​ក៏​នឹង​បន្ថែម​ទុន​ដើម្បី​វិនិយោគ​លំនៅឋាន​តម្លៃ​ទាប​មួយ​បន្ថែម​ទៀត​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៦ ​ផង​ដែរ​។

បុរស​ម្នាក់​ដែល​មាន​បំណង​ចង់​ទិញ​លំនៅឋាន​តម្លៃ​ទាប​ដោយ​គ្រាន់តែ​ប្រាប់​ឈ្មោះ សុជាតិ កំពុង​បម្រើ​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍​មួយ​បាន​និយាយ​ថា​លោក​ចង់​ទិញ​ផ្ទះ​តម្លៃ​ទាប ប៉ុន្តែ​លោក​គិត​ថា លំនៅឋាន​តម្លៃ​ទាប​ដែល​ប្រកាស​លក់​កន្លង​មក​មាន​តម្លៃ​ថ្លៃ​ហើយ​មាន​ចម្ងាយ​ឆ្ងាយ​ពេក​ពី​កន្លែង​ធ្វើការ​របស់​លោក​ក៏​ដូចជា​ទីប្រជុំជន​ក្រុង​។

លោក​អះអាង​ថា៖ «​ផ្ទះ​តម្លៃ​ទាប​គួរ​មាន​តម្លៃ​ចន្លោះ​ពី​ ១០០០០ ​ទៅ​ ១៥០០០ ដុល្លារ​ក្នុង​ ១ ​ល្វែង ប៉ុន្តែ​លំនៅឋាន​តម្លៃ​ទាប​ដែល​ដាក់​លក់​កន្លង​មក​សុទ្ធតែ​មាន​តម្លៃ​ថ្លៃ​ខ្ពស់​ហួស​ពី​លទ្ធភាព​របស់​ខ្ញុំ​»​។

លោក ជា សុផារ៉ា អញ្ជើញ​ចូលរួម​សម្ពោធ​គម្រោង Arakawa Residence​។ស្រេង ម៉េងស្រ៊ុន

លំនៅឋាន​ដែល​កំពុង​វិនិយោគ​ដោយ​ក្រុមហ៊ុន WorldBridge Group ​មាន​តម្លៃ​ចន្លោះ​ពី​ ២៥,០០០ ​ទៅ ​៣០,០០០ ​ដុល្លារ​អាមេរិក​អាស្រ័យ​លើ​ទំហំ​ផ្ទះ​ និង​ប្រភេទ​ផ្ទះ​នីមួយៗ​។

ឆ្លើយតប​នឹង​ការវិនិយោគ​លំនៅឋាន​មាន​តម្លៃ​ទាប​នេះ​លោក​ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ​WorldBridge Group ដែល​វិនិយោគ​លំនៅឋាន​តម្លៃ​ទាប​ដំបូង​នៅ​កម្ពុជា​បាន​ថ្លែង​ថា គម្រោង​របស់​លោក​មិន​ផ្តោត​លើ​ប្រាក់​ចំណេញ​ទេ ព្រោះ​បើ​ចង់​បាន​ប្រាក់​ចំណេញ​លោក​មិន​សាងសង់​លំនៅឋាន​តម្លៃ​ទាប​ទេ លោក​សាងសង់​ខុនដូ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រសើរ​ជាង​។

លោក​បន្ត​ថា៖ «​ខ្ញុំ​ចង់​ជួយ​រដ្ឋាភិបាល​ និង​ជួយ​ប្រជាជន​ឲ្យ​មាន​ផ្ទះ​សមរម្យ​សម្រាប់​ជា​ជម្រក​របស់​ពួកគេ​»៕