Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ងាត់ៗ​រដ្ឋាភិបាល​កម្ពុជា​ បង្ហា​ញ​មហិច្ឆតា​សាងសង់​ទីក្រុង​ថ្មី​មួយ​ទៀត ដោយ​ស្វែងរក​ដៃគូ​វិនិយោគ​ធំៗ

ស្ងាត់ៗ​រដ្ឋាភិបាល​កម្ពុជា​ បង្ហា​ញ​មហិច្ឆតា​សាងសង់​ទីក្រុង​ថ្មី​មួយ​ទៀត ដោយ​ស្វែងរក​ដៃគូ​វិនិយោគ​ធំៗ

រដ្ឋាភិបាល​បាន​និង​កំពុង​ស្វះ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​សាងសង់​ទីក្រុង​ថ្មី​មួយ ដែល​គ្រោង​ដាក់​ឈ្មោះ​ថា «ទីក្រុង​នាគរាជ​សម្តេច​តេជោ​» ស្ថិត​នៅ​ប្រជុំ​រវាង​ទន្លេ​សាប និង​ទន្លេ​មេគង្គ​។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ភឿង សុភ័ណ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​សាងសង់​ទីក្រុង​ថ្មី​មួយ​ដែល​មាន​ទំហំ​ផ្ទៃ​ដី​ពី២ ​ទៅ​៣​ម៉ឺន​ហិកតា និង​គ្រោង​ចំណាយ​ទឹក​ប្រាក់​វិនិយោគ​៨០​ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន​៣​ដែល​បាន​ចាប់​អារម្មណ៍​លើ​គម្រោង​នេះ តែ​មិន​ទាន់​ប្រាកដ​ប្រជា​ទេ ប៉ុន្តែ​បើ​ពួក​គេ​ប្រាកដ​ប្រជា​ទាល់​តែ​ពួក​គេ​ទម្លាក់​លុយ​ចូល​មក​។

លោក​បន្ត​ថា​ ៖ «​ការ​សាងសង់​ទីក្រុង​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ពេល​ណា​មាន​ថវិកា ព្រោះ​រដ្ឋាភិបាល​មិន​ចង់​ចំណាយ​ទឹក​ប្រាក់​ច្រើន​បែប​នេះ​ទេ ទើប​យើង​ចង់​បាន​ការ​សហការ​ពី​វិស័យ​ឯកជន​»​។

លោក​បន្ត​ថា​ ៖ «​ទីក្រុង​ថ្មី​នេះ​អាច​នឹង​ចំណាយ​រយៈពេល​ជាង​១០​ឆ្នាំ​ក្នុង​ការ​សាងសង់ ប្រសិន​ជា​មាន​ថវិកា​គ្រប់គ្រាន់ ហើយ​ប្លង់​មេ​របស់​ទីក្រុង​នេះ​បាន​រៀបចំ​រួច​រាល់​ហើយ​»​។

លោក ភឿង សុភ័ណ្ឌ បាន​បន្តថា រយៈ​ពេល​៥៨០​ឆ្នាំ​ហើយ កម្ពុជា​មិន​ធ្លាប់​កសាង​ទីក្រុង​ថ្មី​ទេ «​ហេតុ​នេះ​ទើប​យើង​នឹង​សាងសង់​ទីក្រុង​ថ្មី​នេះ​ដោយ​ដាក់​ឈ្មោះ​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ ត្រូវ​នឹង​ឆ្នាំ​កំណើត​របស់​សម្តេច​» ដែល​អគារ​ក្នុង​ទីក្រុង​នេះ​នឹង​រចនា​ដូច​រូប​នាគ​ផុស​ចេញ​ពី​ដី​។ លោក​បន្ត​ថា​៖ «​យើង​បាន​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ក្រោម​ដី ផ្លូវ​គោក និង​ផ្លូវ​ទឹក រួច​រាល់​ក្នុង​ប្លង់​មេ​រួច​ហើយ ដោយ​ធានា​ថា មិន​មាន​បញ្ហា​ចរាចរណ៍​បាន​រយៈពេល ៥០០​ឆ្នាំ​ទៅ​មុខ​ទៀត​»​។

លោក​បន្ត​ថា​ ៖ «​សំណង់​ទីក្រុង​នេះ​នឹង​មាន​លក្ខណៈ​ទំនើប តាម​រចនាប័ទ្ម​ខ្មែរ​ទំនើប ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ​»​។

ទោះ​ជា​យ៉ាង​ណា​លោក ភឿង សុភ័ណ្ឌ មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទីតាំង​នៃ​ទីក្រុង​នេះ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​ថ្លែង​ថា លោក​ស្វាគមន៍​គម្រោង​នេះ ប្រសិន​ជា​សាង​សង់​បាន​វា​នឹង​ជួយ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ ប៉ុន្តែ​លោក​មិន​សូវ​មាន​សុទិដ្ឋិ​និយម​ពី​ការ​សាង​សង់​ទីក្រុង​នេះ​ឡើយ ដោយ​លោក​បាន​ថ្លែង​ថា លោក​មិន​សូវ​មាន​ជំនឿ​ពី​ការ​សាងសង់​ទីក្រុង​នេះ​ទេ «​យើង​រង់​ចាំ​មើល ប៉ុន្តែ​បើ​សាង​សង់​បាន​លោក​ពិត​ជា​អបអរ​សាទរ​»​។

លោក​បន្ត​ថា​ ៖ «​និយាយ​ពី​ការ​សាងសង់​ទីក្រុង វា​ងាយស្រួល សរសេរ​ក៏​ងាយ​ស្រួល តែ​ការ​ធ្វើ​ពិត​ប្រាកដ​មិន​ងាយ​ស្រួល​ទេ​។ ជាក់ស្តែង​មើល​តែ​ក្រុង​ថ្មី ត្បូង​ឃ្មុំ រហូត​មក​ទល់​ពេល​នេះ ធ្វើ​បាន​ប៉ុន​ណា​ហើយ​»​។

ទោះ​ជា​យ៉ាង​ណា​លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​សម្តែង​ សុទិដ្ឋិ​និយម​ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ ដោយ​លោក​បាន​ថ្លែង​ថា សម្រាប់​គម្រោង​សាងសង់​ទីក្រុង​ថ្មី​នេះ និង​ទំហំ​ទីក្រុង​ថ្មី​នេះ​មិន​ធំ​នោះ​ទេ​។ អ្វី​សំខាន់​គឺ​ការ​រៀបចំ​ឲ្យ​មាន​ប្លង់​មេ​ច្បាស់​លាស់​ពិត​ជា​ល្អ​ប្រសើរ និង​អាច​ធ្វើ​ទៅ​បាន​ហើយ​។

លោក​បន្ត​ថា​ ៖ «​ទីក្រុង​ធំ​បែប​នេះ មិន​មែន​សាងសង់​១ឆ្នាំ​ ឬ​២​ឆ្នាំ​ទេ វា​ត្រូវ​ការ​រយៈពេល​១០​ឆ្នាំ​ឡើង​ទៅ ព្រោះ​វា​ជា​ពេល​វេលា​សមស្រប ដោយ​សារ​កំណើន​ប្រជាសាស្ត្រ និង​ប្រាក់​ចំណូល​ប្រជាជន​ក៏​កើន​ឡើង​»​។

លោក​បន្ត​ថា ​៖ «​ប្រសិន​ជា​ទីក្រុង​នេះ​ស្ថិត​នៅ​ស្រប​ផ្លូវ​ជាតិ​លេខ​៦ វា​ពិត​ជា​ល្អ​ប្រសើរ ព្រោះ​តំបន់​នេះ​មាន​ទីក្រុង​រណប​ពីរ​បី​រួច​ទៅ​ហើយ ហេតុ​នេះ​បើ​សិន​គម្រោង​ទីក្រុង​ថ្មី​មក​តំបន់​នេះ ពិត​ជា​អាច​ទៅ​រួច និង​មាន​សក្តានុពល​អាច​ផ្គួប​គ្នា​បាន​»​។

លោក​បណ្ឌិត វ៉ាន់ វ៉ាត អ្នក​ឯក​ទេស​ផ្នែក​នគរូបនីយកម្ម​ បាន​ថ្លែង​ថា តំបន់​ដែល​គ្រោង​រៀបចំ​ទីក្រុង​នេះ​មាន​ដី​ទំនាប​បន្តិច ប៉ុន្តែ​ជា​តំបន់​មាន​បរិស្ថាន​ល្អ និង​ខ្យល់​អាកាស​បរិសុទ្ឋ ដោយ​សារ​វា​ជា​តំបន់​ដី​ទំនាប និង​មាន​ទន្លេ​នៅ​ជុំវិញ​។ តែ​យ៉ាង​ណា​តំបន់​នេះ​ជា​ទី​ទំនាប​ដែល​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​បញ្ចៀស​ការ​លិច​លង់​នា​ពេល​អនាគត​។

លោក​បន្ត​ថា ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​មិន​គួរ​អភិវឌ្ឍ​តែ​នៅ​ក្បែរ​ទីក្រុង​ភ្នំពេញ​នោះ​ទេ គួរ​ពង្រីក​ទៅ​កាន់​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច ដើម្បី​ឲ្យ​របាយ​នៃ​ការ​អភិវឌ្ឈ​មិន​ឃ្លាត​គ្នា​ពេក​​រវាង​ទីក្រុង និង​ជនបទ និង​មិន​ធ្វើ​ឲ្យ​មាន​ប្រជាជន​ចំណាក​ស្រុក​ច្រើន​។

លោក​បន្ត​ថា​ ៖ «​រដ្ឋាភិបាល​សាងសង់​ទីក្រុង​នឹង​បាន​ផល​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច ធ្វើ​ឲ្យ​ប្រជាជន​ទទួល​បាន​ការងារ និង​ផល​ប្រយោជន៍ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​ផ្តោត​ទៅ​កាន់​ខេត្ត​ដទៃ ព្រោះ​បើ​គម្រោង​ថ្មី​នេះ​នៅ​ជិត​ក្រុង​ភ្នំពេញ វា​ហាក់​ដាក់​ទម្ងន់​បន្ថែម​ទៀត សម្រាប់​ទីក្រុង​នេះ​»​។ លោក​បន្ត​ថា​ ៖ «​បើក​សាង​ទីក្រុង​ក្បែរ​ក្រុង​ភ្នំពេញ នឹង​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍ និង​ការ​បំពុល​បរិស្ថាន​បន្ថែម​ទៀត​»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ