ប្រភព​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គ្រោង​នឹង​វាយកម្ទេច​សណ្ឋាគារ កាំបូឌីយ៉ាណា (Hotel Cambodiana ) ​ដើម្បី​សាងសង់​អគារ​ខ្ពស់​បំផុត​មួយ​នៅ​កម្ពុជា​។

ផែនការ​ដែល​គ្រោង​នឹង​សាងសង់​អគារ​មាន​កម្ពស់​ជាង​កន្លះ​គីឡូម៉ែត្រ​នេះ​នឹង​ធ្វើ​ឡើង​នៅលើ​បរិវេណ​នៃ​សណ្ឋាគារ​ កាំបូឌីយ៉ាណា ដែល​ស្ថិត​នៅ​ចំណុច​ប្រសព្វ​រវាង​ទន្លេសាប និង​ទន្លេមេគង្គ ក្នុង​រាជធានី​ភ្នំពេញ​។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន​ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក គិត ម៉េង គ្រោង​នឹង​ឈូស​សណ្ឋាគារ​កាំបូឌីយ៉ាណា ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​សាងសង់​អគារ​មួយ​ដែល​មាន​កម្ពស់​ ៦០០ ​ម៉ែត្រ​។

លោក​ថ្លែង​ថា៖ «​ពេល​នេះ​វា​គ្រាន់​តែ​ជា​ផែនការ​ប៉ុណ្ណោះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ស្នើសុំ​រដ្ឋាភិបាល​នូវ​សិទ្ធិ​សម្រាប់​គម្រោង​នេះ​»​។ លោក​បន្ត​ថា​៖ «​សណ្ឋាគារ​កាំបូឌីយ៉ាណា​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ក្រុមហ៊ុន​នេះ​នឹង​សាងសង់​អគារ​ [​កម្ពស់​ ៦០០ ​ម៉ែត្រ​] ​នៅ​ទី​នោះ​»​។

រ៉ូយ៉ាល់ គ្រុប ដែល​បាន​ទិញ​អចលនទ្រព្យ​នេះ​កាលពី​ឆ្នាំ​ ២០១៥ មិន​ទាន់​បាន​ប្រកាស​ពី​គម្រោង​នេះ​ទេ​ហើយ​ក៏​មិន​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ហៅ​ទូរស័ព្ទ​ផងដែរ​។

ប្រសិន​បើ​ផែនការ​សាងសង់​អគារ​ថ្មី​នេះ​អាច​ដំណើរការ​ទៅ​ដោយ​ជោគជ័យ វា​នឹង​ក្លាយ​ជា​អគារ​ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​ទី​ ៤ ​ក្នុង​ពិភពលោក​។ បច្ចុប្បន្ន​អគារ​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក​មាន​ឈ្មោះ​ថា Burj Khalifa ស្ថិត​ក្នុង​ទីក្រុង ឌូបៃ របស់​ប្រទេស​អេមីរ៉េត អារ៉ាប់រួម ទី​ ២ អគារ Shanghai Tower ក្នុង​ទីក្រុង​ស៊ាងហៃ ប្រទេស​ចិន និង​ទី​ ៣ អគារ Abraj Al-Bait Clock Tower ក្នុង​ទីក្រុង ម៉ាកា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។

នាពេល​កន្លង​មក​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែល​បាន​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន Sun Kian Ip Group របស់​ប្រទេស​ចិន​ក៏​បាន​ប្រកាស​ពី​ផែនការ​ក្នុង​ការ​សាងសង់​អគារ​មួយ​ដែល​មាន​កម្ពស់​ ៥៦០ ​ម៉ែត្រ​នៅ​ទីតាំង​ជិត​នោះ​ផង​ដែរ (Dream Land) ក្រោម​ទុនវិនិយោគ​ចំនួន​ ២,៧ ​ពាន់​ដុល្លារ​។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គ្រោង​នឹង​វាយ​រំលំ​សណ្ឋាគារ កាំបូឌីយ៉ាណា ដើម្បី​សាងសង់​អគារ​ខ្ពស់​បំផុត​មួយ​នៅ​កម្ពុជា​។ រូបថត ហ៊ឹន ពិសី

បើ​សិន​ជា​គម្រោង​ទាំង​ ២ នេះ​លេច​រូបរាង​ឡើង​នោះ​វា​នឹង​ក្លាយ​ជា​អគារ​ដ៏ខ្ពស់​ដែល​មាន​ចម្ងាយ​ក្នុង​រង្វង់​ត្រឹម​តែ​ ៥០០ ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រះបរមរាជវាំង ឬ​វិមាន​ឯករាជ្យ​។

លោក​បណ្ឌិត វាន់ វ៉ាត អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ទីក្រុង​បាន​និយាយ​ថា លោក​មិន​ដែល​បាន​ឃើញ​លិខិត​ផ្លូវការ​របស់​សាលា​រាជធានី​ភ្នំពេញ ឬ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទាក់ទង​នឹង​ការ​កំណត់​កម្ពស់​អគារ​ជា​ផ្លូវការ​នោះ​ទេ​។ លោក​បាន​បន្ត​ថា ទោះបី​ជា​យ៉ាងណា​ការ​មាន​អគារ​ខ្ពស់ៗ​គឺជា​រឿង​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែង​ថា៖ «​រដ្ឋាភិបាល​ប្រហែល​ចង់​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ ហើយ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​វិនិយោគិន​បរទេស​ចូល​មក​វិនិយោគ​កាន់តែ​ច្រើន​នៅ​កម្ពុជា​»​។

បុគ្គលិក​បម្រើ​ការងារ​នៅ​សណ្ឋាគារ Cambodiana ម្នាក់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ដើម​សប្តាហ៍​នេះ​ថា រូប​លោក​បានឮ​ព័ត៌មាន​ដែល​គេ​និយាយ​ពី​ការ​អភិវឌ្ឍ​អគារ​ខ្ពស់​ជាងគេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅលើ​ទីតាំង​នៃ​សណ្ឋាគារ Cambodiana Hotel នេះ​ដែរ ដែល​ពេលវេលា​នៃ​ការ​អភិវឌ្ឍ​នោះ​អាច​នឹង​ដឹង​ច្បាស់​នៅ​ពេល​ការ​បោះឆ្នោត​ជាតិ​រួចរាល់​ (​ចុង​ខែ​កក្កដា ឆ្នាំ​ ​២០១៨)​។

លោក​បាន​បន្ត​ថា​ តាម​ដឹង​ការវិនិយោគ​នោះ​គឺ​ក្រុមហ៊ុន Royal Group បាន​សហការ​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​ដើម្បី​អភិវឌ្ឍ​គម្រោង​ធំៗ​ចំនួន​ ២ ​នៅ​កម្ពុជា​។

លោក​បាន​អះអាង​ថា៖ «​ខ្ញុំ​ឮ​គេ​និយាយ​ថា​អ្នកឧកញ៉ា​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ដ៏ធំ​មកពី​ប្រទេស​ចិន​ដើម្បី​អភិវឌ្ឍ​អគារ​ធំៗ​ចំនួន​ ២ គឺ​ ១ ​នៅលើ​ទីតាំង​សណ្ឋាគារ Cambodiana និង​មួយ​កន្លែង​ទៀត​នៅ​តំបន់​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​។ នៅ​ពេល​ការ​សាងសង់​រួចរាល់​ភ្ញៀវទេសចរ​ចិន​ដែល​ចង់​មក​កម្សាន្ត​នៅ​កម្ពុជា​នឹង​កាន់​តែ​មាន​ភាព​ងាយស្រួល​មួយ​កម្រិត​ទៀត​»​។

បើ​តាម​ប្រភព​នោះ​បច្ចុប្បន្ន​មាន​បុគ្គលិក​ប្រហែល​ជិត​ ៥០០ ​នាក់​កំពុង​បម្រើ​ការងារ​នៅក្នុង​សណ្ឋាគារ Cambodiana​។

សណ្ឋាគារ​កាំបូឌីយ៉ាណា គឺជា​អគារ​ដ៏ល្បីល្បាញ​មួយ​របស់​រាជធានី​ភ្នំពេញ​ដែល​បាន​សាងសង់​ឡើង​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០​។ សណ្ឋាគារ​ដែល​នៅ​ពេល​សាងសង់​ដំបូង​មាន​ចំនួន​ ១០០ ​បន្ទប់​នេះ ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​ ១៩៦៩ តែ​ត្រូវ​បិទ​ទ្វារ​ទៅវិញ​នៅ​ឆ្នាំ​បន្ទាប់​។

ក្នុង​ឆ្នាំ​ ១៩៩១ វិនិយោគិន​សិង្ហបុរី​បាន​ជួល​សណ្ឋាគារ​នេះ​រយៈពេល​ ៧០ ​ឆ្នាំ​ពី​រដ្ឋាភិបាល​កម្ពុជា​។ អគារ​នេះ​ត្រូវ​បាន​កែលម្អ និង​ពង្រីក ព្រម​ទាំង​យក​ឈ្មោះ​សណ្ឋាគារ​របស់​បារាំង Sofitel មក​ប្រើប្រាស់​ចាប់​តាំង​ពី​ឆ្នាំ​ ២០០១ មក​។ នៅ​ឆ្នាំ​ ២០០៥ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បាន​ទិញ​បន្ត​ពី​វិនិយោគិន​សិង្ហបុរី ក្នុង​តម្លៃ​មួយ​ដែល​មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង ។

នេះ​មិនមែន​ជា​ព័ត៌មាន​ដំបូង​ដែល​និយាយ​ពី​ការ​វាយ​រំលំ​សណ្ឋាគារ Cambodiana នេះ​ឡើយ ដោយ​កាលពី​ឆ្នាំ​ ២០១៦ កន្លង​មក​ក៏​មាន​ព័ត៌មាន​ពី​ផែនការ​ក្នុងការ​វាយ​អគារ​នេះ​ចោល ដើម្បី​សាងសង់​អគារ​ថ្មី​ដែល​មាន​កម្ពស់​ ២០ ​ជាន់​ដែរ តែ​នៅ​ទីបំផុត​ផែនការ​នេះ​ត្រូវ​លុបចោល​ទៅ​វិញ​៕