Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​វិនិយោគ​បុរី​ធំៗ ​ចាប់​ផ្តើម​គម្រោង​ថ្មី​ឡើង​វិញ​ បន្ទាប់​ពី​ការ​លក់​លំនៅឋាន ​ចាប់​ផ្តើម​កើន​ឡើង

Content image - Phnom Penh Post
ការ​រចនា​ផ្នែក​ខាង​ក្នុង​នៃ​ផ្ទះ​បុរី​មួយ​កន្លែង​នៅ​ជាយ​ក្រុង​ភ្នំពេញ។ ហុង មិនា

អ្នក​វិនិយោគ​បុរី​ធំៗ ​ចាប់​ផ្តើម​គម្រោង​ថ្មី​ឡើង​វិញ​ បន្ទាប់​ពី​ការ​លក់​លំនៅឋាន ​ចាប់​ផ្តើម​កើន​ឡើង

បន្ទាប់​ពី​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​កាល​ពី​ដើម​ឆ្នាំ​នេះការ​លក់​​លំនៅឋាន​នៅតាម​បុរី​នានា​បាន​ចាប់​ផ្តើម​ងើប​ឡើង​វិញ​នៅ​ត្រីមាស​ទី​ ២ ​ក្នុង​ឆ្នាំ​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នក​វិនិយោគ​បុរី​នានា​។​

​អ្នកនាង ទេព កន្និដ្ឋា ប្រធាន​ផ្នែក​លក់​នៃ​បុរី​ប៉េង​ហួត​គ្រុប បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​អង្គារ ​ថា ការ​លក់​លំនៅឋាន​ក្នុង​ឆ្នាំនេះ ពិតជា​មានការ​កើន​ឡើង ដោយ​បុរី​ ប៉េង ហួត បាន​លក់​លំនៅ​ឋាន​បាន​សម្រេច​លើស​គោល​ដៅ​រំពឹង​ទុក និង​ដោយ​សារ​មើល​ឃើញ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​នៅ​តែ​រឹងមាំ​ក្រុមហ៊ុន​បាន​សម្រេច​បើក​គម្រោង​​ធំៗ​ ចំនួន​បី​ទៀត ដែល​មាន​លំនៅឋាន​ជាង ​៣ ០០០ ​ខ្នង​ផ្ទះ ហើយ​ផ្ទះ​ចាប់​ផ្តើម​លក់​ក្នុង​តម្លៃ​ចាប់ពី​ជាង​ ១៨ ​ម៉ឺន​ដុល្លារ ដល់​ជាង ២​ លាន​ដុល្លារ​អាមេរិក។​

​អ្នកនាង​បន្តថា​ ៖ «​ដោយសារ​ការជឿជាក់​លើ​ស្ថានភាព​ទីផ្សារ​បែប​នេះ​ហើយ​ទើប​យើង​ចាប់ផ្តើម​គម្រោង​ថ្មី​ប្រកប​ដោយ​ទំនុក​ចិត្ត ព្រោះ​អ្នក​មក​ទិញ​លំនៅឋាន​ពួក​គេ​មិនបាន​និយាយ​ពី​អ្វី​ទាក់ទង​នឹង​ការ​បោះឆ្នោត​ទេ​»​។

អ្នកនាង​បន្ត​ថា ​៖ «​ភាពជឿជាក់​របស់អតិថិជន​ចំពោះ​បុរី ដែល​យើង​មាន​ទុន​គ្រប់​គ្រាន់​សម្រាប់​សាងសង់ ក៏​ជា​ផ្នែក​មួយ​នៃ​ភាពជោគជ័យ​របស់​យើង​ផង​ដែរ​»​។​

​ទីតាំង​ទាំងបី​ដែល​បុរី​ប៉េង​ហួត បាន​និង​កំពុង​ដំណើរកា​រ គឺ​ទី​១ នៅក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ​១ ទី ២ ស្ថិត​នៅ​បណ្តោយ​មហាវិថី​សម្តេច​តេជោ​ ហ៊ុន សែន​ (​ផ្លូវ​ ៦០ ​ម៉ែត្រ​) និង​ទី​ ៣ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា​។​

​ជំនួយការ​អគ្គនាយក​បុរី​ពិភព​ថ្មី​លោក ង៉ែត ពិសិដ្ឋ បាន​បដិសេធ​មិន​អត្ថាធិប្បាយ ប៉ុន្តែ​លោក​ទទួលស្គាល់ថា នៅ​ថ្ងៃទី​៧ កក្កដា ​ខាង​មុខ​នេះ បុរី​ពិភពថ្មី​នឹង​បើក​ការ​ដ្ឋាន​សាងសង់​បុរី​ចំនួន​បី ទីតាំង​ទៀត​នៅ​ជាយក្រុង​ភ្នំពេញ ដោយ​​ទី​តាំងទី​១ នៅ​តំបន់​កួរស្រូវ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​២​និង​ផ្លូវ​ ៣៧១ ទី​២ ស្ថិតនៅ​តំបន់​កំបូល និង​ទី​៣ ស្ថិតនៅ​តំបន់​ឈូក​​វ៉ា ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ។​

​លោក​បន្តថា​ ៖ «​ការ​លក់​លំនៅឋាន​នៅ​តាម​បុរី​នានា​ពិតជា​កើន​ឡើង​»​។

​អ្នកនាង សួ ស៊ូហ្វាង នាយក​គ្រប់គ្រង​ទូទៅ​បុរី​រិទ្ធ បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា ការ​លក់​បុរី​នៅ​អំឡុង​ត្រីមាស​ទី ​២ ​ឆ្នាំ​នេះ ពិតជា​មាន​​ការ​កើន​ឡើង បើ​ធៀប​នឹង​ចុង​ឆ្នាំ​មុន និង​ដើម​ឆ្នាំនេះ ដោយ​សារ​អ្នក​នាង​មើល​ឃើញ​អ្នក​មក​ទិញ​លំនៅឋាន​បុរី​កាន់តែ​ច្រើន​ជាង​​មុន​។

អ្នក​នាង​មិន​អាច​បញ្ជាក់​​ពី​មូល​ហេតុ​នោះ​ទេ ប៉ុន្តែ​ហេតុ​ផល​ជាក់​ស្តែង​ប្រហែលជា​ប្រជា​ពលរដ្ឋ​លែង​សូវ​បារម្ភ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​។​

​អ្នក​នាង​បន្ត​ថា​ ៖ «​ហេតុផល​ចម្បង​ប្រហែល​ប្រជាជន​លែង​សូវ​បារម្ភ​ពី​បញ្ហា​នយោបាយ​ទៀត​ហើយ ព្រោះ​ចរន្ត​ស្វែងរក​ទិញ​លំនៅឋាន​នៅ​តាម​បុរី​កំពុង​កើន​ឡើង​»​។

អ្នកនាង​បន្ថែមថា​ ៖ «អ្នក​ទិញ​បុរី​បច្ចុប្បន្ន​នេះ​ប្រហែល ​៥០ ​ភាគរយ ប្រើប្រាស់​លុយ​ខ្លួន​ឯង និង​ ៥០​ ភាគរយ​ទៀត​ប្រើ​ប្រាស់​ឥណទាន​ពី​ធនាគារ​នានា​»​។​

​អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម ដែល​ជា​ក្រុមហ៊ុន​មាន​ឯកទេស​លើ​ការ​ទិញ​លក់​លំនៅ​ឋាន នៅ​តាម​បុរី​នានា​បាន​ថ្លែង​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ចាប់ផ្តើម​មាន​ទំនុកចិត្ត​ឡើងវិញ បន្ទាប់ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ ឃុំ​-​សង្កាត់ ដែល​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​បញ្ចេញ​ប្រាក់ ទិញ​លំនៅឋាន​នៅតាម​បុរី​នានា​កើនឡើង​។

លោក​បន្តថា ទីផ្សារ​បុរី​បាន​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​ទាំង​លំនៅឋាន​ថ្មី និង​ការ​ទិញ​ផ្ទះ​បន្ត​នៅតាម​បុរី​នានា ដើម្បី​ស្នាក់​នៅ និង​វិនិយោគ​យកប្រាក់​ចំណេញ​។​ ​

​លោក​បន្តថា​ ៖ «​ប្រាក់​ចំណូល​ប្រជា​ពលរដ្ឋ​កើនឡើង និង​ការ​ភ័យខ្លាច​ពី​ការបោះឆ្នោត​បាន​រសាយ​បន្តិច​ម្តងៗ​»​។

លោក​បន្ត​ថា ​៖ «​អ្នកទិញ​លំនៅឋាន​តាម​បុរី​នានា​ប្រមាណ​៧០ ទៅ​៨០​ភាគ​រយ បាននិង​កំពុង​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ ដែល​ផ្តល់​លក្ខខ​ណ្ឌ​កាន់តែ​ងាយ​ស្រួល​ក្នុងការ​ទទួល​បាន​ប្រាក់​កម្ចី​»​។​

​លោក ប៉ែន សុខ​គា នាយក​ផ្នែក​វាយតម្លៃ​នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ទីផ្សារ​បុរី​ពិតជា​មានការ​ងើបឡើង​វិញ ជាក់​ស្តែង​យើង​ឃើញ​បុរី​ពិភពថ្មី​លក់​បាន​ជោគ​ជ័យ​ក្នុង​ត្រីមាស​ចុងក្រោយ​នេះ បន្ទាប់ពី​ស្ថានភាព​ទូទៅ​បាន​ស្ងប់​ស្ងាត់​កាលពី​ដើម​ឆ្នាំនេះ​។

លោក​បន្តថា ដោយសារ​នៅ​តែ​មាន​តម្រូវ​ការ​ពី​ប្រជា​ពលរដ្ឋ និង​ការ​ផ្តល់​ឥណទាន​ពី​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​ឥណទាន​កាន់តែ​ងាយ​ស្រួល​ជាង​មុន​៕

0

Comments

Please, login or register to post a comment