ស្របពេលទីផ្សារលំនៅឋាននៅតែមានសក្តានុពលអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន លីយ៉ុងផាត់ គ្រុបកាលពីពេលថ្មីៗនេះបានចាប់ផ្តើមចូលមកវិនិយោគលើវិស័យអចលនទ្រព្យតាមរយៈការបោះទុនដើម្បីវិនិយោគសាងសង់បុរីមួយមានឈ្មោះថា The Premier Land។
លោកឧកញ៉ា សេង ញ៉ក់ នាយកគ្រប់គ្រងគម្រោង The Premier Land ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លីយ៉ុងផាត់ គ្រុប បាននិយាយថាសក្តានុពលរបស់តំបន់គឺជាមូលហេតុសំខាន់ដែលជំរុញឲ្យគម្រោង The Premier Land លេចរូបរាងឡើង។
ក្រុមហ៊ុនសម្រេចសាងសង់គម្រោងនេះឡើងព្រោះបច្ចុប្បន្នខណ្ឌសែនសុខ ត្រូវបានគេទទួលស្គាល់ថាជាតំបន់ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរដែលនេះជាកត្តាចម្បងក្នុងការទាក់ទាញឲ្យមនុស្សចូលមករស់នៅ និងប្រកបអាជីវកម្មកាន់តែច្រើន។
លើសពីនេះទៀតបច្ចុប្បន្នទីនេះក៏ជាតំបន់ប្រមូលផ្តុំទៅដោយធនាគារ សាលារៀនអន្ដរជាតិ និងផ្សារអន្តរជាតិធំៗចំនួន ២ ផងដែរ។
លោកបន្តថា៖ “ទីតាំងលំនៅឋានបែបទំនើប និងប្រណីតទាំងនេះនឹងមានភាពងាយស្រួលសម្រាប់រស់នៅ ឬអាចនិយាយថាមានភាពប្រសើរជាងលំនៅឋាននៅកណ្តាលក្រុងទៀតផងព្រោះគ្រាន់តែដើរឆ្លងផ្លូវនឹងទៅដល់ផ្សារទំនើបធំៗចំនួន ២ គឺ Makro និង Aeon2 ព្រមទាំងនៅជិតនឹងសាលារៀនអន្តរជាតិផងដែរ”។
លោកបន្តថា៖ “គម្រោងនេះក៏ស្ថិតនៅជិតនឹងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ សែនសុខ ដែលជាកន្លែងថ្មីមានបរិវេណធំទូលាយអាចទទួលភ្ញៀវបានរហូតដល់ ៥ ០០០ នាក់រួមទាំងមានចំណតរថយន្តធំទូលាយលើទំហំដី ៥០ ០០០ ម៉ែត្រការ៉េ”។
ជាមួយនឹងល្បឿននៃការអភិវឌ្ឍនៅក្នុងខណ្ឌសែនសុខដ៏លឿនស្ទើរមិនគួរឲ្យជឿនេះលោកឧកញ៉ា លី ហួរ អគ្គនាយកបុរីវិមានភ្នំពេញក៏បាននិងកំពុងពង្រីកគម្រោងលំនៅឋានថ្មីលើផ្ទៃដីទំហំជាង ១៦ ហិកតានៅតំបន់ក្បែរនោះផងដែរ ដោយដាក់ឈ្មោះថា “ភូមិរុងរឿង”។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលមានឯកទេសខាងទិញលក់លំនៅឋាននៅតាមបុរីនានាបានថ្លែងថាទីផ្សារលំនៅឋាននៅតែមានភាពល្អប្រសើរ ពិសេសលំនៅឋានដែលផ្តោតលើប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតទាបដល់ប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ប៉ុន្តែលំនៅឋានសម្រាប់ក្រុមអេលីតដែលមានតម្លៃចាប់ពីជាង ១ លានដុល្លារឡើងទៅរាងពិបាកក្នុងការលក់បន្តិច។ ផ្ទុយទៅវិញលំនៅឋានដែលមានតម្លៃត្រឹមចន្លោះពី ១៥ ទៅ ៣០ ម៉ឺនដុល្លារនៅតែលក់បានច្រើន។
លោកបន្តថា៖ “កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកំណើនសេដ្ឋកិច្ច និងលក្ខខណ្ឌនៃការផ្តល់ឥណទានរបស់ធនាគារមានភាពងាយស្រួលព្រមទាំងអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះកាន់តែមានភាពប្រកួតប្រជែងបានធ្វើឲ្យទីផ្សារបុរីនៅតែមានប្រជាប្រិយភាពដដែល”។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកស្រី អាន សុធីតា បាននិយាយថាដោយសារទីផ្សារបុរីនៅតែមានភាពពេញនិយមសម្រាប់ប្រជាជនក្នុងស្រុកហេតុនេះទើបបច្ចុប្បន្នទាំងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគមកពីបរទេស ដូចជា ជប៉ុន និងសិង្ហបុរី ជាដើមគឺសុទ្ធតែមានការចាប់អារម្មណ៍ចំពោះការវិនិយោគសាងសង់បុរីលក់។
អ្នកនាងបន្តថា៖ “ការសាងសង់បុរីលក់សំខាន់ស្ថិតនៅលើទីតាំងនិង តម្លៃហើយវានៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនក្នុងស្រុក”៕