ឆ្លងកាត់​ការពិនិត្យ​វាយ​តម្លៃ​ប្រកប​ដោយ​ភាព​សុក្រឹត​ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា ឆ្នាំ​ ២០១៨ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន PropertyGuru បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​កាលពី​ចុង​សប្តាហ៍​កន្លង​មក​នៅ​សណ្ឋាគារ Sofitel Phokeethra​។

ប្រធាន​គណៈកម្មការ​វាយតម្លៃ​គម្រោង​ដែល​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​ដណ្តើម​ពាន​រង្វាន់ PropertyGuru Cambodia Property Awards លោក សន សៀប បាន​និយាយ​ថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏ធំ និង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​។ នៅ​ក្នុង​ឆ្នាំ​នេះ​មាន​គម្រោង​លំនៅឋាន ខុនដូ អាផាតមិន សួនច្បារ និង​កន្លែង​លក់​ទំនិញ​ជាដើម​សរុប​ទាំងអស់​ជាង​ ៦០ បាន​ដាក់​ពាក្យ​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​។ លោក​បន្ត​ថា​ក្រុម​ការងារ​បាន​ចំណាយ​រយៈពេល​ជិត​ ៤ ​ខែ ក្នុង​ការ​ត្រួតពិនិត្យ​ទៅ​លើ​សំណើ​ដែល​ដាក់​ចូលរួម​ប្រកួត​ប្រជែង​ការ​សម្រេច​ជ្រើសរើស​សំណើ​ជាប់​ក្នុង​ជម្រើស ការចុះ​ទៅ​ពិនិត្យ​មើល​ផ្ទាល់ និង​ការប្រជុំ​ពិនិត្យ វាយតម្លៃ និង​ដាក់​ពិន្ទុ​។

លោក សន សៀប មាន​ប្រសាសន៍​ថា​៖ «​ព្រឹត្តិការណ៍​នេះ​អាច​និយាយ​ថា ជា​ការបញ្ជូនសារ​ដ៏សំខាន់​ទៅ​ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​នៅ​កម្ពុជា​ឲ្យ​ដឹង​បាន​ពី​ចំណុច​ដែល​ខ្លួន​ត្រូវ​ខិតខំ​ប្រឹងប្រែង ដើម្បី​អភិវឌ្ឍ​ក្រុមហ៊ុន​របស់​ខ្លួន​ឲ្យ​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ និង​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួតប្រជែង​នាពេល​ខាង​មុខ​»​។

លោកស្រី អាន សុធីតា ប្រគល់​វិញ្ញាបនបត្រ​ដល់​តំណាង​ក្រុមហ៊ុន NORO Mall by NI Development Co., Ltd​។ មឿន ញាណ

គណៈកម្មការ​ដែល​ចូលរួម​ក្នុង​ការ​ដាក់ពិន្ទុ​សម្រាប់​កម្មវិធី​នេះ​មាន​ចំនួន​ ៩ ​រូប (​ខ្មែរ​ចំនួន​ ៥ ​រូប និង​ជនបរទេស​ ៤ ​រូប​) ដែល​ជា​អ្នក​ជំនាញ​មកពី​វិស័យ​មួយ​ចំនួន​ដូចជា សំណង់ ស្ថាបត្យកម្ម អចលនទ្រព្យ ច្បាប់​ និង​ធនាគារ​ជាដើម​។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ថា​ការរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​គឺ​ពិត​ជា​ល្អ​ណាស់​សម្រាប់​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ព្រោះ​វា​នឹង​ចូលរួម​ជួយ​ជំរុញ​ដល់​ការលើក​កម្ពស់​កម្រិត​ស្តង់ដារ​សំណង់​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។ លោក​មាន​ប្រសាសន៍​ថា៖ «​ជយលាភី​នា​ថ្ងៃ​នេះ​មិន​ត្រឹម​តែ​ជា​គំរូ​ល្អ​សម្រាប់​វិស័យ​វិស្វកម្ម និង​ស្ថាបត្យកម្ម​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជា​ក្រុមហ៊ុន​ដែល​មាន​ការទទួល​ខុសត្រូវ​ខ្ពស់​ទាំង​ផ្នែក​ស្មារតី សន្តិសុខ​សុវត្ថិភាព សោភណភាព អនាម័យ និង​អត្តសញ្ញាណ​នៃ​វប្បធម៌​ជាតិ ព្រម​ទាំង​ច្បាប់​នៃ​ការសាងសង់​ផង​ដែរ​»​។

លោក​ឧកញ៉ា ចេង ខេង ថតរូប​អនុស្សាវរីយ៍​ជាមួយ​តំណាង​ក្រុមហ៊ុន​ដែល​ទទួល​បាន​ជយលាភី​។ មឿន ញាណ

លោក Terry Blackburn ស្ថាបនិក និង​ជា​នាយក​គ្រប់គ្រង​របស់ PropertyGuru Asia Property Awards បាន​និយាយ​ថា ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​សំណង់​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​កម្ពុជា គឺជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

បុរី ប៉េងហួត គ្រុប​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ល្អ​បំផុត ដូច្នេះ ប៉េង​ហួត គ្រុប នឹង​ត្រូវ​ធ្វើ​ជា​តំណាង​របស់​កម្ពុជា​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី PropertyGuru Asia Pro-perty Awards លើក​ទី​ ៨ ដែល​រៀបចំ​ឡើង​ក្នុង​ទីក្រុង​បាងកក ប្រទេស ថៃ នា​ថ្ងៃ​ទី​ ៨-៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨​។ PropertyGuru Asia Property Awards ដែល​ជា​កម្មវិធី​ដ៏ធំ​នៅក្នុង​តំបន់ និង​ជា​ពានរង្វាន់​អចលនទ្រព្យ​ដ៏មាន​កិត្យានុភាព​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ បន្ទាប់ពី​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៥៕

លោក ប៉ែន សុផល (​ស្តាំ​) ប្រគល់​វិញ្ញាបនបត្រ​ដល់​តំណាង​ក្រុមហ៊ុន Eden Garden​។ ហុង មិនា