ស្របពេលដែលចំនួនខុនដូថ្មីៗចូលទីផ្សារកាន់តែច្រើននោះ ការសិក្សាមួយបានព្យាករថា តម្លៃខុនដូអាចនឹងមានការធ្លាក់ចុះខ្លះនៅឆ្នាំ ២០១៨ នេះ។
នាយិកាក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា តម្លៃខុនដូកាលពីឆ្នាំ ២០១៧ កន្លងមកមិនមានអ្វីប្រែប្រួលនោះទេ បើធៀបនឹងឆ្នាំ ២០១៦ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៨ នេះខុនដូដែលមានតម្លៃទាប និងមធ្យមអាចនឹងធ្លាក់ចុះខ្លះដោយសារការប្រកួតប្រជែងក្នុងទីផ្សារកើនឡើង ខណៈចំនួនអាផាតមិនក៏កំពុងកើនឡើងច្រើនផងដែរ។
របាយការណ៍នៃការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានព្យាករថា នៅឆ្នាំ ២០១៨ នេះតម្លៃខុនដូខ្នាតទាប អាចធ្លាក់ចុះ ១១ ភាគរយ ខ្នាតមធ្យមអាចធ្លាក់ចុះ ៤ ភាគរយ ប៉ុន្តែតម្លៃសម្រាប់ខុនដូខ្នាតខ្ពស់ (Luxury) នឹងមានការកើនឡើងចំនួន ៣ ភាគរយ។ ការសិក្សានោះក៏បានរកឃើញផងដែរថា នៅក្នុងឆ្នាំ ២០១៨ នេះអត្រាជួលខុនដូនឹងមានការធ្លាក់ចុះខ្លះផងដែរ។
អ្នកនាង អាន សុធីតា បានអះអាងថា៖ «ខុនដូដែលបានផ្គត់ផ្គង់ចូលទីផ្សាររួចហើយមានចំនួន ៨,៦០០ យូនីត និងនៅឆ្នាំនេះនឹងមានខុនដូចំនួន ១៧ គម្រោងដែលស្មើនឹង ១៣,០០០ យូនីតទៀត នឹងត្រូវដាក់ចូលទីផ្សារបន្ថែមទៀត។ ការធ្លាក់ចុះតម្លៃនេះ វាមានជាប់ទាក់ទងនឹងការកើនឡើងនៃការផ្គត់ផ្គង់»។
ការសិក្សាខាងលើបានរកឃើញថា ខុនដូ ប្រណីត នៅកម្ពុជាបច្ចុប្បន្នមានតម្លៃជាមធ្យម ៣២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខុនដូកម្រិតមធ្យម ២៦០០ ដុល្លារ និងខុនដូតម្លៃទាបមានតម្លៃមធ្យម ១៣៥០ ដុល្លារ។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group លោកឧកញ៉ា សៀ ឫទ្ធី ដែលបាននិងកំពុងវិនិយោគគម្រោង The Bridge, The PeAk និងគម្រោងជាច្រើនទៀតបានថ្លែងថា វាហាក់ឆាប់ពេកក្នុងការសន្និដ្ឋានថា ការលក់ និងតម្លៃជួលខុនដូក្នុងឆ្នាំ ២០១៨ នេះធ្លាក់ចុះ។ អ្វីដែលសំខាន់គឺគេគួរផ្តោតថា តើការលក់នាឆ្នាំនេះអាចបានច្រើនដូចឆ្នាំមុន ឬអត់? ព្រោះគម្រោងសាងសង់ថ្មីៗនៅក្នុងឆ្នាំនេះមិនកើនឡើងទេ ប៉ុន្តែក៏មិនថយចុះដែរ។
លោកមានប្រសាសន៍ថា៖ «ខុនដូភាគច្រើនវិនិយោគដោយជនជាតិចិន ដូច្នេះវាមិនសូវពាក់ព័ន្ធនឹងទីផ្សារក្នុងស្រុកច្រើននោះទេ»។
តាមការសិក្សារបស់ក្រុមហ៊ុន Vtrust Appraisal ដែលទើបបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ចំនួនខុនដូនៅរាជធានីភ្នំពេញមានចំនួន ១៦០ ទីតាំងដែលស្មើនឹង ៦១១៩៩ យូនីតក្នុងនោះ ៣៣ ទីតាំងបានបញ្ចប់ និងដាក់ចូលទីផ្សារដែលស្មើនឹង ៨៧៩៣ យូនីត។ ក្រៅពីរាជធានីភ្នំពេញនៅខេត្តព្រះសីហនុមានខុនដូសរុបកើនដល់ ១៥ គម្រោង និងមានផ្ទះ (យូនីត) ប្រមាណ ៤១៧០ យូនីត ដែលភាគច្រើននៃខុនដូទាំងនោះកំពុងសាងសង់។
ភាគហ៊ុនិកនៃក្រុមហ៊ុនលំនៅឋាន អ៊ិល កម្ពុជា ភ្នំពេញ លោក ទុយ ប៊ុន ដែលបាននិងកំពុងវិនិយោគខុនដូចំនួន ៦ ទីតាំងបាននិយាយថាការលក់ខុនដូនៅឆ្នាំ ២០១៨ មានសភាពធម្មតាដោយក្នុងរយៈពេលជាងមួយខែកន្លងមកនេះក្រុមហ៊ុនអាចលក់បានចន្លោះពី ២០ ទៅ ៣០ យូនីត និងលក់ក្នុងតម្លៃចន្លោះពី ៨០០ ទៅ ១០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
លោកបន្តថា៖ «ដោយសារគម្រោងរបស់ខ្ញុំផ្តោតលើអ្នកមានចំណូលមធ្យម ដូច្នេះវាមិនរងផលប៉ះពាល់ដោយសារការប្រកួតប្រជែងនោះទេ ព្រោះគម្រោងខុនដូតម្លៃបែបនេះមិនមានច្រើនក្នុងទីផ្សារប្រទេសកម្ពុជានោះទេ។ លោកបានបន្តថា ៖ «មូលហេតុដែលក្រុមហ៊ុនរបស់ខ្ញុំផ្តោតលើប្រជាជនមានចំណូលមធ្យម ដោយសារប្រជាជនមានជីវភាពបែបនេះមានចំនួនច្រើន ហើយគម្រោងរបស់យើងលក់ក្នុងតម្លៃចាប់ពី ២៨,០០០ ដល់ជាង ៣០,០០០ ជាតម្លៃដែលប្រជាជនខ្មែរភាគច្រើនមានលទ្ធភាពទិញបាន»។
លោក ប៊ុន ប្រាប់ទៀតថាអតិថិជនដែលទិញបន្ទប់ស្នាក់នៅក្នុងខុនដូរបស់លោកភាគច្រើនជាជនជាតិខ្មែរ ប៉ុន្តែក្នុងប៉ុន្មានខែកន្លងមកនេះក៏មានជនជាតិចិនមួយចំនួនបានមកទិញផងដែរ ដែលធ្វើឲ្យគម្រោងនេះមានអតិថិជនចម្រុះជាតិសាសន៍៕