Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - Makro ផ្សារ​ទំនើប​លក់​ដុំ​ក្នុង​តម្លៃ​ថោក​របស់​ថៃ​ ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ

Content image - Phnom Penh Post
(រូប​ខាង​លើ)​ផ្ទាំង​ប៉ាណូ​របស់​ផ្សារ Makro និង​(រូប​ខាង​ក្រោម)​កម្មករ​សំណង់​កំពុង​ដើរ​នៅ​ខាង​មុខ​របង​ស័ង្កសី​ព័ទ្ធ​ជុំវិញ នៃ​បរិវេណ​ការដ្ឋាន​សំណង់​របស់​ផ្សារ​នេះ។ មឿន ញាណ

Makro ផ្សារ​ទំនើប​លក់​ដុំ​ក្នុង​តម្លៃ​ថោក​របស់​ថៃ​ ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ

កាល​ពី​អំឡុង​ដើម​ខែ​ឧសភា​នេះ ស្លាក​យីហោ​ផ្សារ Makro ដែល​មាន​ឈ្មោះ​ល្បី​ជា​ផ្សារ​លក់​ទំនិញ​បោះ​ដុំ មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ចាប់​ផ្តើម​លើក​ស្លាក​សញ្ញា​ការិយាល័យ​លក់​របស់​ខ្លួន​ថា «ចង់​យក​ផលិតផល​មក​លក់​ក្នុង​ម៉ាក្រូ» នៅ​តាម​ជញ្ជាំង​ស័ង្កសី​ហ៊ុមព័ទ្ធ​ទីតាំង​ការ​ដ្ឋាន​សំណង់​នៃ​ផ្សារ​នេះ ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ភាគ​ពាយ័ព្យ​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​ការដ្ឋាន​សំណង់​មាន​ក្រុម​កម្មករ និង​វិស្វករ​ចម្រុះ​ជាតិ​សាសន៍​ខ្មែរ​-​ថៃ កំពុង​បំពេញ​កិច្ចការ​របស់​ពួក​ខ្លួន​យ៉ាង​មមារ​ញឹក​។

ឆ្លើយ​តប​តាម​រយៈ​អ្នក​បក​ប្រែ​ភាសា នាយ​ក្រុម​ការងារ​ជនជាតិ​ថៃ​មួយរូប បាន​ឲ្យ​ដឹង​ថា​ ៖ «​ពួក​យើង​កំពុង​រៀបចំ​បរិវេណ​នេះ ដើម្បី​សាងសង់​ជា​សំណង់​ផ្សារ Makro»​។

លោក​ពន្យល់​បន្ត​ថា ចំណែក​គ្រឹះ​ខាង​ក្រោម​ដី​របស់​សំណង់​ផ្សារ Makro នេះ​ត្រូវ​បាន​ស្ថាបនា​រួច​រាល់​ហើយ ហើយ​ផ្នែក​ខាង​លើ​ដី​នៃ​សំណង់​នេះ​គឺជា​គ្រោង​ដែក​ដែល​នឹង​ត្រូវ​ចាប់​ផ្គុំ​លើក​ឡើង​យ៉ាង​ឆាប់​រហ័ស​។

លោក Sam Oeun (​សម អឿន​) ជា Resident Engineer (​វិស្វករ​លំនៅឋាន​) បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​ត្រូវ​បាន​ថៅកែ​ថៃ​ជួល​ឲ្យ​ធ្វើជា​ទីប្រឹក្សា​ខាង​​សំណង់​ដើម្បី​ធ្វើ​ការងារ​ត្រួត​ពិនិ​ត្យ​ការដ្ឋាន​សំណង់​ផ្សារ​ដ៏​ធំ​មួយ​នេះ​។

លោក​បន្តថា​ ៖ «តាម​គំរូ​ស្ថាបត្យកម្ម​របស់​សំណង់​ផ្សារ Makro នេះ គ្រោង​សំណង់​ទាំង​អស់​នឹង​ត្រូវ​សាងសង់​ឡើង​ដោយ​ដែក​។ វា​ជា​សំណង់​ធំ​ទូលាយ ប៉ុន្តែ​មិន​ខ្ពស់​នោះ​ទេ​»​។

«​នៅ​ពេល​សាងសង់​រួចរាល់ អគារ​ផ្សារ​នេះ​នឹង​មាន​កំពស់​ត្រឹម ២​ជាន់ គឺ​ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​១» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក អឿន​។ «​តាម​ការ​គ្រោង​ទុក ការ​សាងសង់​សំណង់​របស់​ផ្សារ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​»​។

ផ្សារ Makro នៅ​ខណ្ឌ​សែន​សុខ ក្រុង​ភ្នំពេញ ជា​សាខា​ដំបូង​បំផុត​នៅ​កម្ពុជា​នេះ ត្រូវ​បាន​សាងសង់​នៅលើ​បរិវេណ​ដី​ទំហំ ២៥៣​ ម៉ែត្រ​បណ្តោយ និង​ទទឹង ១៨៤​ម៉ែត្រ ឬ​ស្មើនឹង​ផ្ទៃដី​ជិត ៥ ហិកតា​។ ចំណែក​តួ​សំណង់​អគារ​ផ្សារ​មាន​ទំហំ ១២៨ ​ម៉ែត្រ គុណ ១០២​ម៉ែត្រ នឹងមាន​កម្ពស់ ២​ជាន់​។ រីឯ​បរិវេណ​ផ្ទៃដី​នៅសល់ គឺជា​ចំណត​យានយន្ត​គ្រប់​ប្រភេទ និង​ជា​សួនច្បារ​។

Makro នឹង​ក្លាយ​ជា​ផ្សារ​ទំនើប ជា​ឃ្លាំង​ស្តុក​ដ៏​ធំ និង​ជា​ផ្សារ​លក់​បោះ​ដុំ​ធំ​បំផុត​ដំបូង​គេ​ក្នុងតម្លៃ​សមរម្យ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ផ្សារ​នេះ នឹង​ពុំមាន​ជួល​តូប ហាង ឬក៏​ទីកន្លែង​លក់​នៅ​ក្នុង​ផ្សារ​នេះ​ទៅ​ឲ្យ​ភាគី​ផ្សេងៗ​ទេ​។

អតីត​មន្ត្រី​ជាន់​ខ្ពស់​ខណ្ឌ សែនសុខ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ ៖«ដី​ ដែល​គេ​កំពុង​សាងសង់​ផ្សារ​ម៉ាក្រូ នោះ​គឺជា​អតីត​ដី​បឹង​ពោងពាយ ឥឡូវ​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ភរិយា​»។

បើ​តាម​ការ​ពន្យល់​របស់​បុគ្គលិក​ផ្នែក​លក់​មួយរូប​បាន​ឲ្យ​ដឹង​ថា ​៖ «​សាខា​ផ្សារ Makro នៅ​កម្ពុជា​ដំបូង​គេ​នេះ នឹង​បើក​ដំណើរ​ការ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ហើយ​»​។

អ្នក​ស្រី និរតី បាន​បន្ត​ថា​៖ «​វា​នឹង​ក្លាយ​ជា​ផ្សារ​លក់​ដុំ​ដ៏​ធំ​បំផុត ទំនិញ​មាន​គុណ​ភាព​ខ្ពស់​ពិតៗ និង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​នៅ​កម្ពុជា​»​។

អ្នក​ស្រី​បន្ត​ថា​ ៖ «​ខាង​ក្រុមហ៊ុន​របស់​យើង​នឹង​ធ្វើ​ការ​នាំ​ចូល​នូវ​ទំនិញ​ជាច្រើន​ប្រភេទ​មក​ពី​ប្រទេស​ថៃ​ដោយ​ផ្ទាល់ ដើម្បី​យក​មក​លក់​បោះ​ដុំ​នៅ​ក្នុង​ផ្សារ​នេះ ហើយ​យើង​ក៏​រីករាយ​ក្នុង​ការ​ទទួល​ចែក​ចាយ​រាល់​កសិផល និង​​មុខ​ទំនិញ​ផលិត​ក្នុង​ស្រុក​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​»​។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦ បាន​បង្ហាញថា​៖ ក្រុមហ៊ុន Makro ROH Co., Ltd. ដែល​ជា​ក្រុមហ៊ុន​ដើម​របស់ Siam Makro ជា​អ្នក​វិនិយោគ​ផ្សារ Makro នៅ​កម្ពុជា បាន​ចុះ​បញ្ជី​ការ​វិនិយោគ​នៅ​ក្រសួង​ពាណិជ្ជកម្ម​(​កម្ពុជា​)​ក្នុង​តម្លៃ ២​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ថៃ​មួយ​នេះ​ដាក់​ទុន​វិនិយោគ​ចំនួន ៧០​ភាគរយ ជាមួយ​ក្រុមហ៊ុន​ដៃគូ​វិនិយោគ​ក្នុង​ស្រុក​ចំនួន ៣០​ភាគរយ​ទៀត​។

បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​អន​ឡាញ​ក្នុង​ស្រុក​ឈ្មោះ​ខេ​ម​បូណូមីស (https://cambonomist.com/) បាន​ឲ្យ​ដឹង​ថា ចំណែក​៣០​ភាគរយ​នៃ​ការ​វិនិយោគ​នេះ គឺជា​ការ​វិនិយោគ​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​ក្រុមហ៊ុន LYP៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ