SANSIRI PLC ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​នៅ​ប្រទេស​ថៃ មាន​ផែនការ​បង្កើត​លំនៅឋាន​ថ្មី​ចំនួន​ ៣១ ​កន្លែង​ក្នុង​ឆ្នាំ​ ២០១៨ នេះ​ក្នុងតម្លៃ​សរុប​ ៦៣,២​ ពាន់​​លាន​បាត​ (២០១០​ លាន​ដុល្លារ​អាមេរិក​) ដែលជា​ចំនួន​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ការបង្កើត​ក្រុមហ៊ុន​។

ក្រុមហ៊ុន​មាន​គោល​បំណង​លក់​មុន (Presales) ឱ្យ​បាន​ប្រាក់​ចំនួន​ ១ ៤៣១​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨ ដែល​ចំនួន​នេះ​គឺ​កើន​ឡើង​ ២៤​ ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​មុន​។

លោក Wanchak Buranasiri នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Sansiri Plc បាន​និយាយ​ថា ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់​ទាំង​អស់​នា​ឆ្នាំ​នេះ​នឹង​ក្លាយ​ជា​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​ក្រុមហ៊ុន​។

លោក​បាន​អះអាង​ថា ​៖ «​ការ​លក់​មុន (Presales) កាលពី​ឆ្នាំ​ ២០១៧ មាន​ចំនួន ​១ ២២៨ ​លាន​ដុល្លារ ខ្ពស់​ជាង​តម្លៃ​ដែល​យើង​បាន​កំណត់ ដែល​មាន​ចំនួន​ ១ ១៨៦ ​លាន​ដុល្លារ​។ ជាមួយនឹង​និន្នាការ​វិជ្ជមាន​ជាច្រើន​ដែលមាន​នៅក្នុង​ឆ្នាំនេះ យើង​សង្ឃឹម​ថា​ការ​លក់​នៅ​ឆ្នាំ​ក្រោយ​នឹង​ឈាន​ដល់ ​១ ៥៩៤ ​លាន​ដុល្លារ​»​។

និន្នាការ​នេះ​រួម​បញ្ចូល​ផ្នែក​សេដ្ឋកិច្ច​ទាំង​មូល ដែល​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​មាន​កំណើន​៤​ភាគរយ​ផង​ដែរ​។

ផែនការ​របស់ Sansiri ក្នុង​ឆ្នាំ​ ២០១៨ គឺ​ទទួល​បាន​ប្រាក់​ចំនួន​ ៤១៣ ​លាន​ដុល្លារ​ពី​ការ​លក់​ទៅ​ឲ្យ​ជនបរទេស ដែល​អតិថិជន​សំខាន់ គឺ​ជន​ជាតិ​ចិន និង​ហុងកុង ដោយ​ពួក​គេ​ទាំង​នោះ​មាន​តម្រូវ​ការ​ខ្ពស់​សម្រាប់​ខុនដូ​នៅ​ក្នុង​ទីក្រុង​បាងកក​។

ក្នុង​ឆ្នាំ​ ២០១៨ នេះ​ក្រុមហ៊ុន​ក៏​មាន​គម្រោង​នឹង​បើក​សាខា​នៅ​ទីក្រុង ​ហុងកុង ដែល​ទីនោះ​នឹង​ក្លាយជា​សាខា​ទី ​៦ នៅ​ក្រៅ​ប្រទេស ខណៈ​កន្លង​មក​ក្រុមហ៊ុន​មាន​៤​សាខា​រួច​មក​ហើយ​ក្នុង​ប្រទេស​ចិន គឺ​នៅ​ទីក្រុង​ប៉េកាំង សៀង​ហៃ គ័ងស៊ូ និង​ស៊ិន​ជាំង និង​មួយ​កន្លែង​ទៀត​ក្នុង​ប្រទេស​សិង្ហ​បុរី​។

ក្រុមហ៊ុន​សង្ឃឹម​ថា នឹង​ទទួល​បាន​ចំណែក​ទីផ្សារ​ថ្មី​ចំនួន​៣​បន្ថែម​ទៀត គឺ​ប្រទេស ​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​កោះ​តៃវ៉ាន់ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ពី​ការ​លក់​ទៅ​ឲ្យ​អតិថិជន​នៅ​ប្រទេស​ចិន ហុងកុង សិង្ហ​បុរី និង​ម៉ាឡេស៊ី ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក Uthai Uthaisangsuk ប្រធាន​ផ្នែក​ប្រតិបត្តិការ បាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ​ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​គម្រោង​ខុនដូ​ថ្មី​ចំនួន​១២​កន្លែង ដែល​មាន​តម្លៃ​សរុប ​១ ០៦៥​ លាន​ដុល្លារ ដោយ​ខុនដូ ចំនួន​៧​ស្ថិតក្នុង​ទីក្រុង ​បាងកក ក្រៅពី​នោះ​មាន​នៅ ឈៀង​ម៉ៃ ហួ​ហ៊ីន ប៉ាតាយ៉ា ភូកេត និង​ហាត់​យ៉ៃ​។

កាល​ពី​ឆ្នាំ​មុន​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​ចំនួន​២៨៣​លាន​ដុល្លារ ពី​ការលក់​ខុនដូ​នៅ​តាម​បណ្តា​ខេត្ត ដែល​គម្រោង​ទាំង​នោះ​បាន​បញ្ចប់​រួចរាល់​ហើយ​។

នៅ​ទីក្រុង​បាងកក គម្រោង​ខុនដូ​ចំនួន​៤ ទៅ​៦ នឹង​ក្លាយ​ជា​ការ​បណ្តាក់​ទុន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន BTS Group Holdings ឬ​ក្រុមហ៊ុន​ជប៉ុន Tokyu Corporation​។​

យ៉ាង​ហោច​ណាស់​គម្រោង​ចំនួន​២ នឹង​ត្រូវ​បង្កើត​ឡើង​ដោយ ក្រុមហ៊ុន Sansiri ស្ថិត​នៅ​ក្រោម​ម៉ាក​ថ្មី។

នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​នឹង​ចំណាយ​ថវិកា​ចំនួន​៤៧៨​លាន​ដុល្លារ​សម្រាប់​ទិញ​ដី ខណៈ ​កាល​ពី​ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ចំណាយ​ទៅ​លើ​ការ​ទិញ​ដី​អស់​ចំនួន​ ៥១០ ​លាន​ដុល្លារ​៕ PS