ភ្នំពេញ ប៉ុស្ដិ៍ | ​Shukaku នឹង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៅ​បឹងកក់

Shukaku នឹង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៅ​បឹងកក់

ប៉ុស្តិ៍ អចលនទ្រព្យ

កាលបរិច្ឆេទផ្សាយ:
២៣ មិថុនា ២០១៦ | ១០:៥៨

អ្នកយកព័ត៌មាន:
Post Staff

ប្រធានបទផ្សេងៗ

អ្នក​នាង Michelle Lau អ្នក​គ្រប់គ្រង​គម្រោង​របស់​ក្រុមហ៊ុន Shakaku។

ការ​អភិវឌ្ឍ​លើ​អតីតដី​បឹងកក់​ដែល​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ បានក្លាយ​មក​ជា​​ប្រធានបទ​ដ៏​ចម្រូង​ចម្រាស់​បំផុត​មួយ ហើយ​ស្របពេល​នេះ​ដែរក៏​វា​ជា​តំបន់​អភិវឌ្ឍ​អចលនទ្រព្យ​យ៉ាង​ឆាប់រហ័ស និង​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។ ហើយ​​​ឥឡូវនេះ​ទំព័រ​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​អភិវឌ្ឍ​អចលនទ្រព្យ​នេះជិត​ចាប់ផ្តើម​ហើយ​។ ​ក្នុង​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​អចល​ទ្រព្យ​ឯកជន ShukakuInce. ដែលជា​ក្រុមហ៊ុន​អចល​ទ្រព្យ​ទទួល​បានការ​ផ្តល់ សម្បទាន​រយៈពេល៩៩​ឆ្នាំ សម្រាប់​ ការ​អភិវឌ្ឍ​លើ​តំបន់​នេះ​កាលពី​ឆ្នាំ​២០០៨​កន្លងទៅ ការចាប់ផ្តើម​អភិវឌ្ឍ​នៅ​លើដី​ក្នុង​តំបន់​នេះ​នឹងមិន​ងាយ​ស្រួល​នោះ​ឡើយ​។

សេចក្តី​កែ​តម្រូវ   នៅ​ក្នុង​អត្ថបទ «Shukaku នឹង​បើក​ទំព័រ​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​នៅ​បឹងកក់» នៃ​ប៉ុស្តិ៍​អចលនទ្រព្យ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ ២៣ ខែ​មិថុនា នៅ​កថាខណ្ឌទី៣ ដែល​ថា [ក្នុង​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​អចល​ទ្រព្យ​ឯកជន ShukakuInce. ដែល​ជា​ក្រុមហ៊ុន​អចល​ទ្រព្យ​ទទួល​បានការ​ផ្តល់ សម្បទាន​រយៈ​ពេល​៩៩​ឆ្នាំ សម្រាប់​ ការ​អភិវឌ្ឍ​លើ​តំបន់​នេះ​កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ ​ការ​ចាប់ផ្តើម​អភិវឌ្ឍ​នៅ​លើដី​ក្នុង​តំបន់​នេះ​នឹង​មិន​ងាយ​ស្រួល​នោះ​ឡើយ​។] សូម​អាន​ថា [ក្រុមហ៊ុន ShukakuInc. មាន​កិច្ចសន្យា​ជួល​រយៈ​ពេល​ចំនួន ៩៩ឆ្នាំ នៅ​លើ​ដី​ដែល​ធ្លាប់​តែ​ជា​អតិត​បឹង​កក់។ នេះ​គឺ​មិន​ពិត​ទេ។ បើ​យោង​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន Shukaku គឺ​ក្រុមហ៊ុន​នេះ​មាន​សិទ្ធិ​កាន់កាប់​ដី​នេះ​ដោយ​មិន​កំណត់​រយៈ​ពេលវេលា។]
​ដោយមាន​ការបូមទឹក​ចេញ និងចាក់​ខ្សាច់​បំពេញ​បឹង​ក្នុង​ឆ្នាំ​២០០៨ សារព័ត៌មាន​ល្បីៗ​ជាច្រើន​បាន​ចុះផ្សាយ​នូវ​បញ្ហា​វិវាទ កម្ម​សិទ្ធិ​របស់​អតីត​អ្នកភូមិ​រស់​នៅ​បឹងកក់ប្រមាណ ២​ម៉ឺន​នាក់ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ទីនោះ ហើយ​ពុំ​បានទទួល​សំណង​សម​ស្រប ហើយ​ភ្លាមៗ​នោះអាជ្ញាធរ​បាន គេច​ វេស​ពី​សំណួរ​ដែល​សួរ​ថា តើ​ដីនោះ ​នឹងត្រូវ​អភិវឌ្ឍ​ទៅជា​អ្វី? ​រឿង​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​បញ្ហា​ទឹកជំនន់​ដែល​បាន​​កើតឡើង​ក្រោយ​ពេល​ចាក់​ខ្សាច់​លុប​បឹង​នោះ​ ដែល​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កន្លែង​ស្តុក​ទឹក និង​កន្លែង​ទឹក​ហូរ​ពី​ទីក្រុង​ភ្នំពេញ​ ​ក្នុង​រដូវ វស្សា​។ ​បើទោះបីជា​បញ្ហា​ទឹកជំនន់ និង​ការផ្តល់​សំណង​ទៅ​ឲ្យ​ជន​រង​គ្រោះ ​​ដែល​ត្រូវបាន​បណ្តេញចេញ​ពុំទាន់​បាន​ដោះស្រាយ​ចប់​រួច​រាល់ ដោយ​សាលាក្រុង​ក្តី ក្រុមហ៊ុន Shukaku ត្រូវបាន​រង​ការរិះគន់​ពី​​មតិសាធារណៈ​យ៉ាងធ្ងន់ធ្ងរ ដែល​​ក្នុងនោះ​មាន​សំណួរ​ធំ​មួយ​មិនទាន់​ឆ្លើយ​ចេញ​ គឺ​៖ តើ​គេ​នឹង​ធ្វើអ្វី​នៅលើ​ផ្ទៃដី​បឹង​ទំហំ ១១១.៦ ហិកតា ដែល​គេ​ទើបតែ​ចាក់ដី​បំពេញ​ ហើយវា​​ជា​កន្លែង​អភិវឌ្ឍ​សំណង់​អចលនទ្រព្យ​ដ៏​ធំជាងគេ​មួយ​នៅ​ចំ​ចំណុចកណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​? ​ក្នុង​បទសម្ភាសន៍​លើកដំបូង​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍ Michelle Lau ដែលជា​ប្រធាន​គ្រប់គ្រង​ទូទៅ​​នៃ​ក្រុមហ៊ុន​នេះ បាន​ទទួល​ស្គាល់ថា ការផ្លាស់​ទីលំនៅ​របស់​អ្នកភូមិ​បឹងកក់​គួរតែ​ត្រូវបាន​ដោះ​ស្រាយ​ល្អប្រសើរ​ជាង​នេះ ឯ​​បញ្ហា​ទឹកជំនន់​ក៏​នៅតែមាន​ដដែល​។ បើទោះជា​យ៉ាងនេះ​ក្តី​អ្នកនាង​ស្នើ និយាយ​តែ​អំពី​អនាគត​វិញ ព្រោះ​ក្រុមហ៊ុន Shukaku បានរៀបចំ​រួចរាល់​នូវ​ទិសដៅ​ក្នុងការ​អភិវឌ្ឍ​លើ​អតីត​បឹងកក់​នេះ ដែល​ឥឡូវ​នេះ Shukaku ហៅ​តំបន់​នេះ​ថា Phnom Penh City Centre (PPCC)​។ ​ស្ត្រី​ម្នាក់​វ័យ២៦​ឆ្នាំ ដែល​ត្រូវ​បាន​​គេ​ដឹង​ថា​ជា​កូនស្រី​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោក ឡៅ ម៉េង​ឃិន ​គឺជា​អ្នកគ្រប់គ្រង​ដោះស្រាយលើ​បញ្ហា​នេះ​សម្រាប់​ក្រុមហ៊ុន Shukaku តាំងពី​ឆ្នាំ ២០១២​មក​ម្ល៉េះ។ អ្នកនាង​ជា​ម្ចាស់ និង​ជា​អ្នក​គ្រប់គ្រង​កិច្ច​សហការ​មុខ​ជំនួញ​ជាច្រើន​នៅ​ក្នុង​​ប្រទេស​កម្ពុជា និង​មាន​បរិញ្ញា​បត្រ​ខាង​ផ្នែក​ពាណិជ្ជកម្ម​ពី​សាកល​វិទ្យាល័យ​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។

ទិដ្ឋភាព​កាល​ពី​ម្សិល​ម៉ិញ​នៃ​ដី​បែង​ចែក​ជា​ឡូត៍ៗ និង​សកម្មភាព​របស់​ការ​ដ្ឋាន​សំណង់​មួយ​ចំនួន នៅ​លើ​អតីត​ដី​បឹងកក់។មឿន ញាណ

​មុខនាទី​របស់​អ្នក​នាង​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ផ្សព្វផ្សាយ​ពី​សំណង់​អចលនទ្រព្យ​នៅ​បឹងកក់​ទទួល​បាន​ភាព​ជោគជ័យ ចាប់​តាំង​ពី​ការចាប់ផ្តើម​គ្រា​ដំបូង​ដ៏​លំបាក​លំបិន ​ទំនាក់ទំនង​ដែល​ជួប​​បញ្ហា​ចម្រូង​ចម្រាស់​យ៉ាង​ច្រើន ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​សាធារណជន​ស្គាល់​ពី​វិសាលភាព និង​ទំហំ​ដ៏​ធំ​នៃ​គម្រោង​អភិវឌ្ឍ​មួយ​នេះ។ ​នៅ​ពាក់កណ្តាល​ដំណើរការ​នៃគម្រោង​អភិវឌ្ឍ​ដ៏​ធំ​នេះ ប៉ុស្តិ៍​អចលនទ្រព្យ បាន​ជួប Lau ដែល​ពេលនោះ ​អ្នកនាង​មាន​ភាព​ស្ងប់​ស្ងាត់ និង​ស្លៀកខោ​ខៅ​ប៊​យ​ពណ៌​ខៀវ​អាវយឺត​ដៃ​វែង​យ៉ាង​សាមញ្ញ។ តែ​​អ្នកនាង​បាន​និយាយ​យ៉ាង​ម៉ឺង​ម៉ាត់ និង​មាន​ភាព​វិជ្ជមាន​ចំពោះ​ភាពជោគជ័យ​ដ៏​ធំ​របស់ PPCC។ ​គម្រោង​អភិវឌ្ឍ​សម្រាប់​ប្លង់​មេ​ថ្មី​របស់ PPCC បានចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១២ គឺជា​ឆ្នាំ​ដែល​អ្នកនាង Lau ឈាន​ជើង​ចូលទៅក្នុង​ក្រុម​ហ៊ុន Shukaku​។ ​លាតសន្ធឹង​នៅលើ​ផ្ទៃដី ១១១.៦​​ហិកតា Shukaku ហាក់ដូចជា​មាន​ការ​ជោគជ័យ ក្នុងការ​អភិវឌ្ឍ និង​ផ្តល់នូវ​ប្លង់​មេ​សម្រាប់​គម្រោង​អភិវឌ្ឍ​យ៉ាង​ច្បាស់​លាស់ និង​មាន​តម្លាភាព​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ​ប្លង់​មេ​ថ្មី​នេះ​បាន​ពុះ​ចែក​ដី​ទៅ​ជា​​ដីឡូត៍ ៤០​កន្លែង ដោយឡែក​ពីគ្នា ដោយ​ដីឡូត៍​នីមួយៗ​សុទ្ធ​តែមាន​គម្រោង​សម្រាប់​ការ​អភិវឌ្ឍ​ច្បាស់លាស់​រៀងៗ​ខ្លួន ហើយ​សំខាន់បំផុត​នោះ​វា​បង្កើត​នូវ «ទីក្រុង​ថ្មី​មួយ​ស្ថិតនៅក្នុង​ទីក្រុង​ដែលមាន​ស្រាប់​ទៅហើយនោះ ហើយ​ថែមទាំង​អាច​រស់​នៅបាន​ទៀតផង​ជាមួយនឹង​ការ​រចនា និង​រៀបចំ​សម្រាប់​គម្រោង​សំណង់​គេហដ្ឋាន​ទីក្រុង ដែលមាន​ស្តង់ដា​អន្តរជាតិ​ក្រោម​គោលការណ៍​ណែនាំ​គម្រោង​អភិវឌ្ឍ​ច្បាស់ លាស់ និង​មាន​របៀប​រៀប​រយ​»។ នេះ​បើតាម​សម្តី​របស់​អ្នក​នាង Lau​។

​ពិតណាស់ តំបន់​ដ៏​ធំ​ដូច PPCC មិនអាច​អភិវឌ្ឍ​បាន​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​តែមួយ​ឯកឯង​បាន​នោះទេ​។ ​ជំនួស​ឲ្យ​ការ​ព្យាយាម​សហការ​ធំៗ​ជាមួយ​ក្រុមហ៊ុន​ផ្សេង ​ដែល​ធ្លាប់បាន​សាកល្បង​រួច​មក​ហើយ​ក្នុង​ឆ្នាំ​២០១៤ ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Erdos Hongiun Investment Corporation ដែល​មាន​បំណង​ចង់​សហការ​អភិវឌ្ឍ​លើ​ផ្ទៃដី​ប្រហែល ៥០​ភាគ រយ នៃ​ផ្ទៃដី​នោះ​ទាំង​មូល តែ​ត្រូវ​បរាជ័យ​នោះ ក្រុមហ៊ុន Shukaku បាន​ប្តូរ​ទស្សនៈ​វិស័យ​របស់​ខ្លួន​ហើយ​ផ្លាស់​មក​ស្វែងរក​ដៃគូ​សហការ​វិញ​ម្តង​។ ​អ្នកនាង Lau បាន​ថ្លែងថា​ ៖ «ដោយ​សារ​យើង​បានរួម​ប​ញ្ជូ​ល​នូវ​ការគ្រប់គ្រង​គម្រោង​អភិវឌ្ឍ​ទីក្រុង​ទៅក្នុង​គម្រោង​របស់​យើង ព្រម​ទាំង​ប្រព័ន្ធ​ទាំងមូល​រួច​ហើយ​នោះ នាពេល​បច្ចុប្បន្ន យើង​កំពុង​ស្វែងរក​សហគ្រាស​ចាប់ពី​ខ្នា​ត​តូច​ទៅ​ខ្នាត​កណ្តាល​សម្រាប់​ការ សហការ​គ្នា​ជា​ដៃគូ​»​។ ​ខណៈដែល​ដីឡូត៍​ខ្លះ​ត្រូវបាន​លក់ ឬ​នឹងត្រូវ​បាន​លក់​ទៅ​ឲ្យ​វិនិយោគិន ​ដែល​យើង​ពុំបាន​ស្គាល់​នោះ Shukaku នឹង​នៅតែ​ដំណើរការ​អភិវឌ្ឍ​លើដី​មួយ​ចំនួន​ធំ​នៅ​តំបន់​នេះ​ដដែល​។ ​អ្នកនាង Lau ថ្លែងបន្តថា​ ៖ «យើង​កំពុងតែ​ស្វែងរក​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​យល់​ពីអ្វី​ដែល​ពួកយើង​កំពុង​ធ្វើ ព្រោះ​ពួកគេ​ត្រូវតែ​យល់ថា យើង​មិន​ត្រឹម​តែ​បង្កើត​នូវ​គម្រោង​សំណង់​ដាច់​ដោយ​ឡែក​ពី​គេ​ដូច​នៅ​តំបន់ បឹងកេងកង ឬ​ទួល​គក​នោះទេ តែ​យើង​ចង់​បង្កើត​ទីក្រុង​មួយ​តែ​ម្តង»។​ ​ខុសពី​ទីក្រុង​ភ្នំពេញ គម្រោង PPCC មានបំណង​ចង់​រៀបចំ​គម្រោង​អភិវឌ្ឍ​ផ្សេងៗ​គ្នា ទៅក្នុង​តំបន់​តែមួយ​តែមាន​ផ្នែក និង​ប្រភេទ​នៃ​សំណង់​ខុសៗ​គ្នា​។ នៅ​ «​ទីក្រុង​នៅក្នុង​ទីក្រុង​» របស់ Shukaku សំណង់​អាគារ​គេហដ្ឋាន ពាណិជ្ជកម្ម និង​អាគារ​ចម្រុះ ត្រូវបាន​រៀបចំ​ឲ្យ​ស្ថិត​នៅ​តាម​ប្រភេទ​ក្នុង​តំបន់​ច្បាស់​លាស់​។ ​យោងតាម អ្នកនាង Lau​គុណ​ប្រយោជន៍​នៃ​ការកំណត់​ឲ្យ​បាន​ច្បាស់​នូវ​តំបន់ និង​ទីតាំងថា តើ​​កន្លែង​ណា ត្រូវដាក់​ប​ញ្ជូ​ល និង​កន្លែង​ណា​មិនត្រូវ​ដាក់​ប​ញ្ជុ​ល​នោះ គឺ​នឹងមាន «​តំបន់​ស្ថិតនៅ​ចំណុចកណ្តាល​មួយ សម្រាប់​ការ​ធ្វើ​ជំនួញ​ដើម្បី​ជម្រុញ​នូវ​ប្រសិទ្ធិ​ភាព​ ភាពងាយស្រួល និង​ដំណើរ​ការ​ការងារ​ប្រកបដោយ​ភាព​ជឿ​ជាក់​។ PPCC នឹង​ក្លាយជា​តំបន់​ជំនួញ ពាណិជ្ជកម្ម និង​ច្រក​ចេញ​ចូល​ហិរញ្ញវត្ថុ​ថ្មី​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​»​។​ ​អ្នកនាង​បាន​បន្ថែមថា​ ៖ «​មិន​មែន​មានតែ​ប៉ុណ្ណឹង​ទេ​។ ទស្សនៈ​វិស័យ​របស់ខ្ញុំ គឺ​ដើម្បី​បង្កើត​នូវ​កន្លែង​មួយ​ដែល​សហគមន៍​អាច​រស់នៅ​បាន​នៅ​ថ្ងៃ​អនាគត​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ពុំ​ចាំបាច់​ចេញ​ ក្រៅ​ពី​តំបន់​នេះ​ក៏បាន​។ ហើយ​វា​បូករួម​ទាំង​ទីធ្លា​ដើមឈើ និង​សួន​ច្បារ​ព្រមទាំង​ផ្លូវថ្នល់​ដែល​មាន​​សុវត្ថិភាព​ក៏ដូចជា​ផ្តល់នូវ​ច្រក​ពាណិជ្ជក​ម្ម​នៅ​ចំ​កណ្តាល ​ដើម្បី​ជម្រុញ​នូវ​ប្រសិទ្ធិភាពខ្ពស់​ ភាព​ងាយស្រួលកាន់​តែ​ប្រសើរ និង​ដំណើរការ​ការងារ​ប្រកបដោយ​ភាពជឿជាក់​។ PPCC នឹង​ក្លាយ ជា​ទីក្រុង​នៃរាជ​ធានី​ភ្នំពេញ​»​។​ ​រហូត​មក​ដល់​ពេល​នេះ Shukaku បាន​បង្ហាញ​គម្រោង​ចំនួន ៤ នៅក្នុង​តំបន់ PPCC ហើយ​ត្រូវបាន​គេ​រំពឹង​ថា នឹង​ប្រកាស​បង្ហាញ​គម្រោង​មួយទៀត​នៅ​ថ្ងៃ​សុក្រ​នេះ​។ ​កាលពី​ម្សិល​ម៉ិ​ញ Salomon Wolf សហ​ស្ថាបនិក​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​អាល្លឺម៉ង់ និង​ហុងកុង​ឈ្មោះ Meridian Holdings ក៏បាន​បង្ហាញ​គម្រោង​អភិវឌ្ឍ​ថ្មី​របស់ខ្លួន​ជា​ចុង​ក្រោយ​បង្អស់​នៅក្នុង PPCC ដែរ ដោយ​​មាន​​តម្លៃ​ប្រមាណ៤០០​លាន​ដុល្លារ ដែល​រួមមាន​អគារ​ចម្រុះ​ហើយ​មាន​ឈ្មោះថា Meridian Square ក្រោម​កិច្ចសហការ​ជាមួយ Shukaku​។ ក្រុមហ៊ុន Meridian រំពឹងថា នឹងមាន​ការ​ប្រកាស​ស្រដៀង​គ្នា​នេះដែរ​​ នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ ​ជាមួយនឹង​រយៈពេល​អ​ភិ​វ​ឌ្ឍ​ដែល​រំពឹងថា នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៥ PPCC អាច​រំពឹងថា នឹងមាន​ភ្ញៀវ​ចូល​ទស្សនា​ប្រមាណ ២​សែន​នាក់ រហូត​ដល់ពេល​សាង​សង់​រួច ហើយ​ក្នុងនោះ ៥៦០០០ នាក់ ជា​អតិថិជន​ដែល​នឹង​ស្នាក់​នៅ​​ទីនោះ​ផ្ទាល់​តែម្តង​៕

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com