Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - SINO PLAZA ពន្យា​ពេល​លក់​គម្រោង​របស់​ខ្លួន​ ខណៈ​ការ​សាង​សង់​កំពុង​បន្ត

Content image - Phnom Penh Post
ទិដ្ឋភាព​ជាក់​នៅ​ការ​ដ្ឋាន​គម្រោង SINO PLAZA កាល​ពី​ដើម​សប្តាហ៍​នេះ។ ស្រេង ម៉េងស្រ៊ុន

SINO PLAZA ពន្យា​ពេល​លក់​គម្រោង​របស់​ខ្លួន​ ខណៈ​ការ​សាង​សង់​កំពុង​បន្ត

គម្រោង SINO PLAZA តម្លៃ ២៥០​លាន​ដុល្លារ​បាន​ពន្យា​ពេល​នៃ​ការ​លក់​គម្រោង​របស់​ខ្លួន ក្នុង​មូលហេតុ​មិន​សូវ​ច្បាស់​លាស់​ខណៈ​សកម្មភាព​សាងសង់​គម្រោង​នេះ​នៅ​តែ​បន្ត​ដោយ​មិន​បាន​ផ្អាក​នោះ​ទេ។

បុគ្គលិក​មួយរូប ដែល​បាន​ធ្វើ​ការ​នៅ​ផ្នែក​លក់​គម្រោង SINO PLAZA បាន​និយាយ​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា គម្រោង​នេះ​បាន​ផ្អាក​ការ​លក់ និង​បាន​​បង្វិលប្រាក់​ជូនទៅ​អតិថិជន​ត្រឡប់​ទៅ​វិញ​រួចហើយ ដោយ​សារ​ម្ចាស់​គម្រោង​នេះ​បាន​ធ្វើ​ការ​កែលម្អ​គម្រោង​របស់​ខ្លួន​សាជាថ្មី​។

គម្រោង​នេះ​បាន​លក់​អស់​ប្រមាណ ២០​យូ​នី​ត ជា​កំឡុង​ពេល​ដែល​ការ​លក់​ខុន​ដូ បាន​ធ្លាក់​ចុះ​ជា​ទូទៅ​នៅ​ក្នុង​ទីផ្សារ​នេះ​។

បុគ្គលិក​រូប​នោះ​បាន​បន្ត​ថា​ ៖ «​ខ្ញុំ​មិន​ដឹង​ពី​មូល​ហេតុ​ដែល​គម្រោង​នេះ​ត្រូវ​ឌីសាញ​ឡើង​វិញ​ ក្នុង​រូបភាព​បែប​ណា​ឡើយ និង​មិន​ដឹង​ថា គម្រោង​នេះ​នឹង​ចាប់​ផ្តើម​លក់​ឡើង​វិញ​នៅ​ពេល​ណា​នោះ​ទេ​»​។

បុគ្គលិក​ដដែល​បាន​បន្ត​ថា​ ៖ «ទោះជា​យ៉ាង​ណា​សកម្មភាព​សាងសង់​គ្រឹះ​របស់​គម្រោង​នេះ​មិន​បាន​ផ្អាក​នោះទេ គឺ​ការ​សាង​សង់​បាន​និង​កំពុង​បន្ត យ៉ាង​សកម្ម​នៅ​ឡើយ​»​។

តាម​រយៈ​ការ​ចុះ​សង្កេត​ជាក់​ស្តែង របស់​អ្នក​យក​ព័ត៌មាន​អចនល​ទ្រព្យ​នៃ​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ បាន​សង្កេត​ឃើញ​ថា គម្រោង​នេះ​ពិតជា​កំពុង​ដំណើរ​ការ​សាង​សង់​យ៉ាង​សកម្ម​ពិត​មែន​។

តាម​ការ​ប្រកាស​ព័ត៌មាន​ពី​ដំបូង​បាន​ឲ្យ​ដឹង​ថា គម្រោង SINO PLAZA ជា​គម្រោង​ចម្រុះ ដែល​មាន​ខុនដូ ផ្សារ​ទំនើប រោង​ភាព​យន្ត ភោជនីយ​ដ្ឋាន ក្លឹប​ហាត់​ប្រាណ និង​ម៉ាស្សា​លំដាប់​អន្តរជាតិ នៅ​លើ​អាគារ​កំពស់ ​៤៥ ​ជាន់ ចំនួន​ ៤​ អគារ ក្នុង​គម្រោង​នេះ​។ គម្រោង​នេះ​ក៏​មាន​សាង​សង់​លំនៅដ្ឋាន​សម្រាប់​ប្រជាជន មាន​ប្រាក់​ចំណូល​មធ្យម​នៅ​ផ្នែក​មួយ​នៃ​អាគារ​មួយ​ក្នុង​ចំណោម​ទាំង​បួន​អគារ​នៃ​គម្រោង​នេះ​ផង​ដែរ​។

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន Hutton CPL ដែល​ជា​ភ្នាក់ងារ​លក់​ផ្តាច់​មុខ​នៃ​គម្រោង​នេះ បាន​បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​លោក​បាន​ថ្លែងថា លោក​មិន​អាច​បញ្ជាក់​ពី​ព័ត៌​មាន​លំអិត​បាន​ទេ ដោយ​សារ​គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​កែប្រែ​ប្លង់​របស់​ខ្លួន ហើយ​ការ​ចាប់​ផ្តើម​លក់​ផ្ទះ​ឡើង​វិញ​នៅ​ក្នុង​គម្រោង​នេះ​ជា​ថ្មី មិន​ទាន់​ដឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ​ទេ។

លោក​បន្ត​ថា​៖ «​អ្វីៗ​យើង​រង់ចាំ​ការ​សម្រេច​ពី​ក្រុមហ៊ុន ព្រោះ​ក្រុមហ៊ុន​កំពុង​រៀបចំ​គម្រោង​របស់​ខ្លួន​ជាថ្មី​ឡើង​វិញ»។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​ថ្លែង​ថា ក្រសួង​មិន​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​ការ​ពន្យា​ពេល​លក់ ឬ​គម្រោង​នេះត្រូវ​ផ្លាស់​ប្តូរ​ការ​ឌីសាញ​ថ្មី​នោះ​ទេ។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងថា ក្នុងស្ថានភាព​ទីផ្សារ​បែបនេះ គម្រោង​នេះ​ហាក់​ដូច​ជា​ធំ​ពេក ស្រប​ពេល​បច្ចុប្បន្ន​អ្នកទិញ​គម្រោង​ណា​មួយ ទាល់តែ​គម្រោង​នោះ​សាងសង់​បាន​ច្រើន​សិន មិន​មែន​គ្រាន់​តែ​លើក​ស្លាក​យីហោ​ហើយ​អាច​លក់​បាន​ដូច​ពី​មុន​នោះ​ទៀត​ទេ ព្រោះ​ពីមុន​អ្នក​ទិញ​ធ្វើ​តាម​គ្នា មិន​ដឹង​ទាំង​ខុនដូ​មាន​ទម្រង់​បែប​ណា​ផង​។

លោក​បន្ត​ថា ​៖ «​បើ​គិត​ពី​ទីតាំង​របស់​គម្រោង​នេះ ស្ថិត​នៅ​កម្រិត​ផ្កាយ​បី​ប៉ុណ្ណោះ និង​អាច​លក់​១​ម៉ែត្រ​ការ៉េ​តម្លៃ​ចន្លោះ​ ១ ២០០ ​ទៅ ​១ ៥០០​ ដុល្លារ​បាន មិន​អាច​លក់​១​ម៉ែត្រ​ការ៉េ ២ ០០០​ ដុល្លារ​បាន​នោះ​ទេ​»​។

លោក​បន្ត​ថា ​៖ «​អ្វី​សំខាន់ គឺ​គម្រោង​នេះ​មិន​ត្រូវ​ទីតាំង វា​មិន​ដូច​តំបន់​បឹង​កេងកង​១ តំបន់​ទន្លេបាសាក់ និង​តំបន់​ដូន​ពេញ​នោះ​ទេ ដូច្នេះ គម្រោង​នេះ​គួរ​ផ្តោត​លើ​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​»៕

0

Comments

Please, login or register to post a comment