វិនិយោគិន​អចលនទ្រព្យ​ព្រមទាំង​គ្រួសារ​ជាច្រើន​ទៀត​នឹង​បាន​ចូលរួម​ក្នុងការ​ពិសា​អាហា​ពេល​ល្ងាច​ជាមួយ​នឹង​កូនប្រុស​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ​គឺ​ Trump Jr. ​នៅ​ទីក្រុង​ដែលី​ក្នុង​សប្តាហ៍​នេះ ក្រោយ​ពេល​ដែល​លោក​លក់​បាន​ផ្ទះ​ជាច្រើន​ក្នុង​អគារ​ប្រណីត Trump Towers នៅ​ជាយ​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា​។

ដៃគូ​សហការ​ក្នុង​ប្រទេស​ឥណ្ឌា​របស់​លោក​ Trump បាន​សន្យា​ដោយ​ផ្តល់នូវ​ការ​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​កូនប្រុស​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចំពោះ​អតិថិជន​ទាំងឡាយ​ណា​ដែល​បាន​ទិញ​ផ្ទះ​ពី​អគារ​ខ្ពស់​ដែល​មាន​ការ​រចនា​បង្អួច​យ៉ាងធំ​តាំងពី​បាត​រហូត​ដល់​ពិតាន​ និង​មាន​ការ​រចនា​ម៉ូដ​បែប​សិល្បៈ​ប្រកបដោយ​ភាព​ប្រណីត​និង​ «​ការ​រស់នៅ​លំដាប់​អភិជន​ដែល​មាន​អ្នក​ប្រចាំការ​បម្រើ​»​។

ជាមួយ​នឹង​ការតម្រូវ​ឲ្យ​កក់​ប្រាក់​ជាមុន​ដល់​ទៅ​ ២.៥ ​លានរូពី ឬ​ប្រហែល​ ៣៩០០០ ​ដុល្លារ​អាមេរិក​សម្រាប់​ផ្ទះ​មាន​តម្លៃ​ទាប​ជាងគេ​នោះ​តម្លៃ​នេះ គឺ​ខ្ពស់​ហួស​ពី​សមត្ថភាព​របស់​ប្រជាជន​ឥណ្ឌា​ភាគច្រើន​ទៅ​ហើយ​។

បើទោះ​ជា​មាន​អតិថិជន​ប្រមាណ​ ៧៥ ​រូប​បាន​ទិញ​ហើយ​ក្តី Tribeca ដែល​ជា​ក្រុមហ៊ុន​សាងសង់​របស់​ឥណ្ឌា​រំពឹង​ថា​អតិថិជន​នឹង​កើន​ដល់​ ១០០ ​រូប​មុន​កាលបរិច្ឆេទ​ផុតកំណត់​នៃ​ប្រម៉ូសិន​ពិសេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នេះ​បើ​យោង​តាម​សម្តី​បុគ្គលិក​ម្នាក់​បាន​ប្រាប់ AFP ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

បុគ្គលិក​រូប​នោះ​បាន​និយាយ​ថា៖ «​ការជួប​ពិសា​អាហារ​ពេល​ល្ងាច​នេះ គឺជា​ការ​អរគុណ​ដល់​អតិថិជន​ក្នុង​ការ​បង្ហាញ​នូវ​ជំនឿ​ទុកចិត្ត​យ៉ាង​ក្រៃលែង​ចំពោះ​គម្រោង​ដែល​នឹង​សាងសង់​ចប់​រួចរាល់​ក្នុង​ពេល​ខាង​មុខ​»​។

អគារ​ដែល​មាន​កម្ពស់​ ៤៧ ​ជាន់​នេះ​នឹង​មាន​លំនៅឋាន​ចំនួន​ ២៥០ ​យូនីត​ហើយ​រំពឹង​ថា​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​ ២០២៣​។

ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​លើ​កាសែត​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា អ្នក​ដែល​នឹង​ស្នាក់នៅ​អគារ​នេះ​នឹង​រួមមាន «​ឧស្សាហករ​ដ៏ល្បី​ឈ្មោះ​ម្នាក់​» «​សិល្បករ​ដ៏ល្បីល្បាញ​» និង «​កីឡាករ​ Cricket ​ឥណ្ឌា​ដ៏ល្បី​ឈ្មោះ​»​ ផង​ដែរ​បើ​ទោះ​ជា​ព័ត៌មាន​នេះ​មិន​បាន​បញ្ជាក់​ច្បាស់​ថា តើ​ជា​អតិថិជន​ទាំង​នេះ​បាន​ទិញ​រួច​ហើយ ឬ​នៅ​ក្តី​។

«​លោក​ Trump មក​ដល់​ហើយ​។ ​តើ​អ្នក​ត្រូវបាន​គេ​អញ្ជើញ​ដែរ​ឬ​ទេ​? នេះ​ជា​ការ​សរសេរ​នៅលើ​ទំព័រ​កាសែត Times of India ដែល​ចេញ​កាលពី​ថ្ងៃ​ចន្ទ​។

គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​ Gurgaon ​ដែល​ក្រុមហ៊ុន​ធំៗ​ជាច្រើន​បាន​មក​បោះ​ទីតាំង​នៅ​ទី​នោះ​។

ឥណ្ឌា គឺជា​ទីផ្សារ​អន្តរជាតិ​ធំ​ជាងគេ​បង្អស់​របស់​ Trump Organization ទៅ​ហើយ​ដោយ​មាន​គម្រោង​ក្នុង​ទីក្រុង​ធំៗ​ដល់​ទៅ​ ៤ គឺ​ទីក្រុង​ Mumbai,Pune, Gurgaon និង ​Kolkata​។

គម្រោង​ទាំងអស់​នេះ​សុទ្ធ​តែ​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ក្នុង​ស្រុក​ដោយ​បាន​ទទួល​ការ​អនុញ្ញាត​ពី Trump Organization ឲ្យ​ប្រើ​ឈ្មោះ​ខ្លួន​ និង​យក​ចំណែក​ប្រាក់​ចំណេញ​របស់​គម្រោង​ទាំង​នេះ​។

បើ​តាម​របាយការណ៍​តម្លៃ​ប៉ាន់ស្មាន​នៃ​គម្រោង​ទាំងអស់​នេះ​មាន​តម្លៃ​ប្រហែល​ ១.៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

គ្រួសារ​លោក Trump រកប្រាក់​ចំណូល​បាន​ប្រហែល​ ៣ ​លាន​ដុល្លារ​ពី​ការ​យក​ឈ្មោះ​របស់​ក្រុមហ៊ុន​ទៅ​ប្រើ​កាលពី​ឆ្នាំ​ ២០១៦ ​ក្នុង​ប្រទេស​ឥណ្ឌា​។ ​នេះ​បើ​តាម​របាយការណ៍​របស់​កាសែត​ New York Times​។

Trump Jr. និង​ប្អូនប្រុស​របស់​លោក​បច្ចុប្បន្ន គឺជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​ក្រោយ​ពេល​ដែល​ឪពុក​របស់​ពួកគេ​បាន​ដកខ្លួន​ចេញ​នៅពេល​ដែល​ក្លាយជា​ប្រធានាធិបតី​ដើម្បី​បញ្ចៀស​ពី​បញ្ហា​ទំនាស់​ផលប្រយោជន៍​ផ្សេងៗ​។

បើ​ទោះបី​ជា​ស្ថានទូត​អាមេរិក​បាន​ថ្លែង​ថា លោក​កំពុង​នៅ​ទីក្រុង​ដែលី​ក្នុង​ដំណើរ​ទស្សនកិច្ច​មិន​ផ្លូវការ​ក្តី​លោក​ Trump Jr. នឹង​ថ្លែង​សុន្ទរកថា​លើ​វេទិកា​ទំនាក់ទំនង​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុង​កិច្ចប្រជុំ​មុខ​ជំនួញ​មួយ​នៅ​ថ្ងៃ​សុក្រ​ដែល​មាន​លោក​ប្រធានាធិបតី​ឥណ្ឌា​ Narendra Modi គឺជា​វាគ្មិន​សំខាន់​។

គម្រោង​អគារ​ប្រណីត​នៅ​ Gurgaon ​នេះ​កំពុង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​ឈ្មោះ​ Tribeca និង ​M3M ដោយ​រំពឹង​ថា​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុង​ឆ្នាំ​នេះ​។

ទីផ្សារ​លំនៅឋាន​នៅ​ប្រទេស​ឥណ្ឌា​បាន​ជួប​នឹង​បញ្ហា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយសារ​តែ​ចំនួន​លំនៅឋាន​ក្នុង​ទីក្រុង​បាន​កើន​លើស​តម្រូវការ​បូកផ្សំ​នឹង​ផលប៉ះពាល់​ពី​ការ​ផ្លាស់ប្តូរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៃ​ការ​បង់ពន្ធ​ក្នុង​ឆ្នាំ​ ២០១៦ ​ផង​ដែរ​៕