ភ្នំពេញៈ សន្ទស្សន៍​សកល​មួយ​ស្តីពី​អំពើ​ពុករលួយ​បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ទី​ ១៦១ ​ក្នុង​ចំណោម​ប្រទេស​ ១៨០ ខណៈ​របាយការណ៍​នេះ​បាន​ចង្អុល​បង្ហាញ​ជាក់លាក់​អំពី​សេរីភាព​សារព័ត៌មាន​ទន់ខ្សោយ និង​ការ​ការពារ​រដ្ឋាភិបាល​ទន់ខ្សោយ ហើយ​ក្រុម​អ្នក​អត្ថាធិប្បាយ​បាន​លើក​ឡើង​ជា​ដដែលៗ​ថា​ជា​ក្តីបារម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សន្ទស្សន៍ Corruption Perception Index ត្រូវ​បាន​ចេញ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​កាល​ព្រឹក​ម្សិលមិញ និង​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​នានា​ផ្អែក​ទៅ​លើ​កម្រៃ​នៃ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ ហើយ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ចំនួន​ ៥ ​ចំណាត់​ថ្នាក់​ ២ ​ឆ្នាំ​មក​ដល់​ចំណាត់ថ្នាក់​ជិត​ដល់​បាត​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ កម្ពុជា​ត្រូវ​បាន​ដាក់​ចំណាត់​ថ្នាក់​នៅ​បាត​ក្រោម​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​អស់​រយៈពេល​ ៣ ​ឆ្នាំ​ជាប់​គ្នា​។

ប្រទេស​សិង្ហបុរី​ជា​ប្រទេស​ដែល​ត្រូវ​បាន​ដាក់​ចំណាត់ថ្នាក់​កំពូល​លើ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ស្តីពី​អំពើ​ពុករលួយ​តិច​ជាងគេ និង​នៅ​ចំណាត់​ថ្នាក់​ទី​ ៦ ​ទូទាំង​ពិភពលោក​។

នៅ​ពី​លើ​ប្រទេស​កម្ពុជា គឺ​ប្រទេស​មីយ៉ាន់ម៉ា ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ ១៣០ និង​ប្រទេស​ឡាវ​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​ ១៣៥ នៅក្នុង​ប្លុក​តំបន់​អាស៊ាន​។

ការវិភាគ​របាយការណ៍​នេះ​ដោយ​អ្នក​និពន្ធ​បាន​បង្ហាញ​ថា​ការ​បរាជ័យ​របស់​ប្រទេស​ទាំង​នោះ​ក្នុង​ការ​ការពារ​អ្នក​កាសែត​ និង​ការ​រារាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ន័យ​ថា​ពួកគេ​ងាយ​នឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ​។

របាយការណ៍​នេះ​សរសេរ​​ថា​៖ «​ការវិភាគ​បន្ថែម​ទៀត​ទៅ​លើ​លទ្ធផល​បង្ហាញថា ប្រទេស​ដែល​មាន​ការ​ការពារ​សារព័ត៌មាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​តិចតួច​បំផុត​ក៏​មាន​និន្នាការ​មាន​អត្រា​ពុករលួយ​អាក្រក់​បំផុត​ផង​ដែរ​»​។

ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​បង្ក្រាប​ក្នុង​រយៈពេល​ ៦ ​ខែ​ចុងក្រោយ​នេះ​ដែល​មិន​ត្រឹម​តែ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុត​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ការ​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាច្រើន​ទៀត​ផង​។

កាលពី​ឆ្នាំ​មុន​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី​ ២ ​នាក់ និង​អ្នក​ផលិត​ខ្សែភាពយន្ត​ឯករាជ្យ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ ​«​ចារកម្ម​» ខណៈ​កាសែត​ឌឹខេមបូឌាដេលី ដែល​ជា​កាសែត​ឯករាជ្យ​ត្រូវ​បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​ បន្ទាប់ពី​មាន​បញ្ហា​បំណុល​ពន្ធ​ចំនួន​ ៦,៣ ​លាន​ដុល្លារ ហើយ​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ជាច្រើន​ទៀត​ត្រូវ​បាន​បិទ​មិន​ឲ្យ​ផ្សាយ​រលក​ធាតុអាកាស​របស់​ខ្លួន​។

របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​កាលពី​ម្សិលមិញ​បាន​ហៅ​ការ​វាយប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង និង​អង្គការ​ក្រៅ​រដ្ឋាបាល​ថា​ជា​ «​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ក្នុង​លក្ខណៈ​ខុស​» ​ដើម្បី​រារាំង​សកម្មភាព​ផ្សេងៗ​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា និង​បាន​ចង្អុល​ទៅ​ការ​បំបិទ​សំឡេង​នៃ​ហ្វ្រេកង់​វិទ្យុ និង​ការ​បិទ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​។

លោក ព្រាប កុល នាយក​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែង​ថា វា​មិន​ជា​ការ​ល្អ​ទេ​ដែល​កម្ពុជា​នៅ​ពី​ក្រោយ​គេ​ក្នុង​តំបន់​អាស៊ាន​អស់​រយៈពេល​ ៣ ​ឆ្នាំ​ជាប់​គ្នា ហើយ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​សេវា​សាធារណៈ​គឺ​មាន​ភាព​រីកចម្រើន​តិចតួច​។

លោក​ថ្លែង​ថា​ខណៈ​រដ្ឋាភិបាល​ហាក់បី​ដូចជា​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ដោះស្រាយ​អំពី​អំពើ​ពុករលួយ​ បន្ទាប់ពី​លទ្ធផល​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣ ​គួរ​ឲ្យ​ភ្ញាក់ផ្អើល សកម្មភាព​កម្ចាត់​អំពើ​ពុករលួយ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​។

លោក​បាន​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ប៉ុន្តែ​ភាព​ល្អ​ប្រសើរ​ទាំង​នេះ​គឺ​ក្រោម​ការ​រំពឹងទុក​ខ្លាំង​របស់​សាធារណជន ជាពិសេស​នៅ​ពេល​អំពើ​ពុករលួយ​ធំៗ​មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​»​។

លោក​ក៏​បាន​យល់ស្រប​ផង​ដែរ​ថា ការ​វាយប្រហារ​ជាប់ៗ​គ្នា​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ខណៈ​ដូច​ឃើញ​ក្នុង​អំឡុង​ការ​បង្ក្រាប​ឆ្នាំ​មុន គឺ​មាន​ការ​គ្រោះថ្នាក់​ចំពោះ​ការ​បង្ហាញ​អំពី​អំពើ​ពុករលួយ​។

របាយការណ៍​នេះ​លើក​ឡើង​នូវ​ទិន្នន័យ​ពី​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត​ដែល​បង្ហាញ​ថា ពី​ឆ្នាំ​ ២០១២ ក្នុង​ចំណោម​អ្នក​កាសែត​ ៣៦៨ ​នាក់​ដែល​បាន​ស្លាប់​ដោយសារ​ស្វែងរក​ព័ត៌មាន​អំពី​អំពើ​ពុករលួយ ៩៦ ​ភាគរយ​គឺ​មកពី​ប្រទេស​ដែល​មាន​វិស័យ​សាធារណៈ​ពុករលួយ​។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន បាន​ច្រានចោល​ចំពោះ​ការ​ដាក់​ចំណាត់ថ្នាក់​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ខ្វល់​ទេ​អំពី​ចំណាត់ថ្នាក់​លេខ​ ១ លេខ​ ២ លេខ​ ៣​។ អ្វី​ដែល​សំខាន់​គឺ​ថា​សង្គម​កម្ពុជា​កំពុង​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​វិបុលភាព ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ នេះ​ឆ្លុះ​បញ្ចាំង​ថា គ្មាន​អំពើ​ពុករលួយ មិន​ដូច​អ្វី​ដែល​ពួកគេ​និយាយ​»៕ PS