Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​ជាង​ ១០០០ ​នាក់​តវ៉ា​ទាមទារ​ឲ្យ​បើក​ប្រាក់ខែ​ទៀងទាត់

Content image - Phnom Penh Post
កម្មករ​រោងចក្រ​ ហ្គាវ័ន្ត អែកភ័ររៀល ​ក្នុង​ខេត្ត​កណ្តាល​នាំ​គ្នា​អង្គុយ​តវ៉ា​កាលពី​ម្សិលមិញ​។ ផា លីណា

កម្មករ​ជាង​ ១០០០ ​នាក់​តវ៉ា​ទាមទារ​ឲ្យ​បើក​ប្រាក់ខែ​ទៀងទាត់

កណ្តាលៈ កម្មករ​ប្រមាណ​ជាង​ ១០០០ ​នាក់​នៅ​រោងចក្រ ហ្គាវ័ន្ត អែភភ័ររៀល (First Gawon Apparel (Cambodia) Co.,Ltd) កាលពី​ម្សិលមិញ​បាន​ធ្វើ​កូដកម្ម​នៅក្នុង​រោងចក្រ និង​ធ្វើការ​តវ៉ា​នៅ​មុខ​​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ក្រុង​តាខ្មៅ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដែល​រោងចក្រ​បើក​ប្រាក់​ឈ្នួល​មិន​ទៀងទាត់ និង​បើក​មិន​គ្រប់​ចំនួន​ និង​មិន​គោរព​លក្ខខណ្ឌ​ការងារ​។

កម្មករ​ផ្នែក​ដេរ​ម្នាក់​ដែល​ប្រមូល​ផ្តុំ​គ្នា​ក្បែរ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី អ្នកស្រី សាន សុខុន ឲ្យ​ដឹង​ថា​ថៅកែ​រោងចក្រ ហ្គាវ័ន្ត បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​មិន​ទៀងទាត់ ជួនកាល​ថែម​ទាំង​បើក​ឲ្យ​ខ្វះ​ម្នាក់ៗ​ចន្លោះ​ ៥០ ​ទៅ​ ៦០ ដុល្លារ ហើយ​ក្នុង​មួយ​ខែ​បើក​ពីរ ឬ​បី​ដង​។ ប៉ុន្តែ​បើ​ការងារ​វិញ​ត្រូវ​បាន​ថៅកែ​បង្ខំ​ឲ្យ​ធ្វើការ​លើស​ម៉ោង​កំណត់ និង​ជំរុញ​ឲ្យ​ធ្វើការ​លឿនៗ និង​ច្រើនៗ​បំផុត​។

អ្នកស្រី​បន្ត​ថា​៖ «​ការ​អនុវត្ត​បែប​នេះ​រយៈពេល​ជាង ១ ឆ្នាំ​មក​ហើយ ដែល​ធ្វើឲ្យ​ពួក​ខ្ញុំ​ទ្រាំ​លែង​បាន​ទើប​ផ្ទុះ​ការ​តវ៉ា​ជំទាស់​នឹង​ការ​អនុវត្ត​បែប​នេះ​។ ការ​តវ៉ា​នេះ​ពួក​ខ្ញុំ​បាន​បែងចែក​ជា​ពីរ​ក្រុម​ដោយ​មួយ​ក្រុម​មាន​គ្នា​ចំនួន​ជាង ៤០០ ​នាក់ មក​តវ៉ា​នៅ​ខាង​មុខ​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល និង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ក្រុង​តាខ្មៅ និង​មួយ​ក្រុម​ទៀត​មាន​គ្នា​ប្រមាណ​ជាង ៦០០ នាក់​បាន​ធ្វើ​កូដកម្ម​ក្នុង​រោងចក្រ​ដោយ​មិន​ធ្វើការ​»​។

អ្នកស្រី ឡុង ស្រីអូន ឲ្យ​ដឹង​ថា​កន្លង​មក​ក្រុម​កម្មករ​ធ្លាប់​​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ​ដែរ​ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ទេ បាន​ត្រឹម​តែ​សន្យា​ទើប​នៅ​ពេល​នេះ​កម្មករ​បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ភូមិគ្រឹះ​លោក ហ៊ុន សែន តែ​ម្តង​។

អ្នកស្រី​បន្ត​ថា​កម្មករ​ស្នើសុំ​ឲ្យ​ថៅកែ​រោងចក្រ និង​ភាគី​ពាក់ព័ន្ធ​ជួយ​កំណត់​យក​ថ្ងៃ​ទី​ ១០ ជា​ថ្ងៃ​ដែល​បើក​ប្រាក់ខែ ហើយ​ក្នុង​មួយ​ខែ​ត្រូវ​បើក​សរុប​តែ​ម្ដង ហើយ​ភាគី​រោងចក្រ​ត្រូវ​គោរព​តាម​ច្បាប់​ការងារ​កម្ពុជា​ដោយ​មិន​ត្រូវ​បង្ខិតបង្ខំ​ឲ្យ​ធ្វើការ​លើស​ម៉ោង​ ឬ​ធ្វើការ​បន្ថែម​ម៉ោង​ឡើយ​ថែម​ទាំង​ត្រូវ​កំណត់​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក និង​បញ្ឈប់​ការ​ដាក់​ពិន័យ​ឲ្យ​រត់​ជុំវិញ​រោងចក្រ ចំពោះ​អ្នក​មក​ធ្វើការ​យឺត​ម៉ោង​។

អ្នកស្រី​បន្ថែម​ថា​៖ «​ជាទូទៅ​គេ​បើក​លុយ​គឺ​ថ្ងៃ ១០ តែ​ថៅកែ​មិន​បើក​ឲ្យ​ថ្ងៃ​ ១០ ​ទេ គាត់​ទាញ​ឲ្យ​ដល់​ទី​ ១៤ ជួន​កាល​ដល់​ថ្ងៃ​ទី​ ២០ ក៏​មាន​ដែរ​ហើយ​ក្នុង​មួយ​ខែ​បើក ២ ឬ ៣ ​ដង​ហើយ​បើក​ម្ដង ៥០ ដុល្លារ ឬ​ ៧០ ដុល្លារ ហើយ​ពេល​ខ្លះ​ទៀត​ជំពាក់​លុយ​កម្មករ​ដល់​ទៅ ២ ឬ​ ៤ ​ខែ​ទើប​បើក​ឲ្យ​ម្ដង​»​។

លោក លឹម សារ៉ុម ប្រធាន​ការិយាល័យ​ដោះស្រាយ​វិវាទ​នៃ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កណ្ដាល​​ បាន​ឲ្យ​ដឹង​​ កាលពី​ម្សិលមិញ​ថា​​ លោក​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ​ដោយ​ក្រុម​ការងារ​បាន​កោះ​ហៅ​តំណាង​ភាគី​រោងចក្រ Gawon មក​សួរ​នាំ​រួចរាល់​ដែរ ប៉ុន្ដែ​ភាគី​រោងចក្រ​អះអាង​ថា​ពួកគេ​ខ្វះខាត​លុយ​បើក​ឲ្យ​កម្មករ​ទើប​សុំ​ពន្យារ​ម្ដង​ជា​ពីរ​ដង​ដូច​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ភាគី​រោងចក្រ​យល់​ព្រម​រក​លុយ​មក​បើក​ឲ្យ​កម្មករ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១៤ ខែ​តុលា​ខាង​មុខ​នេះ ប៉ុន្ដែ​មាន​កម្មករ​មួយ​ចំនួន​មិន​យល់​ព្រម​តាម​ការ​សន្យា​នេះ​ដោយ​ពួកគាត់​អះអាង​ថា​ថៅកែ​នេះ​សន្យា​ដដែលៗ ហើយ​ពួកគេ​ក៏​បន្ត​ធ្វើ​កូដកម្ម​បន្ដ​ទៀត​»​។

អ្នក​តំណាង​រោងចក្រ First Gawon Apparel (Cambodia) Co.,Ltd សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​យ៉ាង​ខ្លី​ថា​៖ «​ដោយសារ​តែ​ក្រុមហ៊ុន​មាន​បញ្ហា​រាំងស្ទះ​ផ្នែក​ខាង​ហិរញ្ញវត្ថុ​មួយ​ចំនួន​។ ម្យ៉ាង​វិញ​ទៀត​ក្រុម​អ្នក​បញ្ជា​ទិញ​ក៏​មាន​ការ​ថយ​ចុះ​ដែរ ហើយ​គ្រប់​មុខ​ជំនាញ​ត្រូវ​បាន​កកស្ទះ​ទើប​បង្វិល​លុយ​មិន​ទាន់​ដោយ​បើក​ឲ្យ​កម្មករ​មាន​ការ​យឺតយ៉ាវ​បន្ដិច​»​។

កញ្ញា យ៉ុង លាភ អគ្គលេខាធិការរង​នៃ​សហជីព​សេរី​កម្មករ​កម្ពុជា​ដែល​បាន​ឃ្លាំ​មើល​ការ​វិវត្ត​នៃ​កូដកម្ម​នេះ​បាន​លើក​ឡើង​ថា​៖ «​ការពិត​រោងចក្រ​មួយ​នេះ តែងតែ​មាន​រឿង​បែប​នេះ​ដោយ​ថៅកែ​ប្រាប់​កម្មករ​ខ្លួន​ថា​មិន​ទាន់​មាន​លុយ​គ្រប់គ្រាន់ ហើយ​សុំ​ពន្យារពេល​ទៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​នោះ ប៉ុន្ដែ​គាត់​មិន​បាន​ធ្វើ​តាម​សន្យា​នោះ​ទេ​»៕

0

Comments

Please, login or register to post a comment