ភ្នំពេញៈ កម្មកររោងចក្រ Benoh Apparel ដែលបានវិលត្រឡប់មកធ្វើការវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ ខែនោះបាននាំគ្នាធ្វើកូដកម្ម ក្រោយពីថៅកែរោងចក្ររត់ចោលកម្មករមិនបើកប្រាក់ខែឲ្យ ហើយទាមទារសំណងពីរាជរដ្ឋាភិបាល។
កម្មករប្រមាណ ២០០ នាក់បាននាំគ្នាប្រមូលផ្ដុំតវ៉ានៅខាងក្រៅរបងបេតុងរោងចក្រដែលហ៊ុមព័ទ្ធដោយខ្សែលួសបន្លា។ ប៉ូលិសប្រដាប់អាវុធបានអង្កេតមើល ខណៈដែលមេដឹកនាំសហជីពបាននិយាយដាក់ប្រដាប់បំពងសំឡេង។
រោងចក្រនេះបានផ្អាកសកម្មភាពនៅក្នុងកាលៈទេសៈដ៏ចម្រូងចម្រាសកាលពីខែវិច្ឆិកាដោយបានប្រាប់ទៅកម្មករប្រមាណ ៦០០ នាក់ក្នុងចំណោមកម្មករទាំងអស់ ១០០០ នាក់ឱ្យត្រឡប់មកធ្វើការវិញនៅខែមករាហើយនៅពេលនោះបានបើកប្រាក់ខែឲ្យកម្មករតែ ៣០ ដុល្លារប៉ុណ្ណោះ។ ប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ ២០១៧ គឺ ១៥៣ ដុល្លារ។
អ្នកនាង ម៉ុន មករា អាយុ ៣១ ឆ្នាំដែលធ្វើការក្នុងរោងចក្រ Benoh អស់រយៈពេល ១០ ឆ្នាំមកហើយនោះបានបង្ហាញការព្រួយបារម្ភថាកម្មករអាចនឹងមិនទទួលបានសំណងនោះទេ ទោះបីជាមានការជួបពិភាក្សាជាមួយតំណាងមកពីក្រសួងការងារក្តី។
អ្នកនាង មករា បាននិយាយថា៖ «ដូចគ្នាអ្នកតំណាងមកពីក្រសួងការងារបានមកប្រជុំនៅរោងចក្រកាលពី ២ ខែមុន ហើយបានអះអាងថាគាត់ធានាថាថៅកែនឹងមិនរត់ចោលទេ ហើយបានបញ្ចុះបញ្ចូលកម្មករឱ្យទទួលយកលុយចំនួន ៣០ ដុល្លារក្នុងមួយខែ»។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរងនៃគណៈកម្មាធិការទទួលបន្ទុកដោះស្រាយកូដកម្ម និងបាតុកម្មនៅក្រសួងការងារបានថ្លែងថាលោកគ្រាន់តែអនុវត្តតាម «ដំណើរការ» នៅពេលចរចាអំពីការពន្យារប្រាក់បៀវត្សរ៍ប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «វាជាការបិទដោយខុសច្បាប់»។ លោកបានពន្យល់ថាកម្មករអាចដាក់ពាក្យបណ្តឹងទៅតុលាការបាន ដើម្បីសុំបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
អ្នកនាង រឹម សៅលាភ ដែលបានធ្វើការនៅរោងចក្រ Benoh នេះអស់រយៈពេល ៩ ឆ្នាំមកហើយនោះលើកឡើងថាម្ចាស់ផ្ទះជួលបានជូនដំណឹងប្រាប់កម្មករថាពួកគេមិនទាន់បង់ថ្លៃជួលផ្ទះ ៣ ខែមកហើយ។
អ្នកនាងថ្លែងថា៖ «ខ្ញុំចង់ឱ្យក្រសួងការងារជួយដល់កម្មករឲ្យពួកគេទទួលបានប្រាក់កម្រៃទៅតាមច្បាប់។ ប្រសិនបើយើងលក់ទ្រព្យសម្បត្តិរោងចក្រគឺមានតែម៉ាស៊ីនដេរចាស់ៗដែលមួយគ្រឿងអាចលក់បានត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះ។ វាមិនយុត្តិធម៌ទេ»។
លោក យ៉ុន សុខសារ៉េន ប្រធានសហជីព Union for Khmer Workers បានថ្លែងថាលោកត្រូវបានគេទាក់ទងដើម្បីឲ្យជួយចរចាអំពីស្ថានការណ៍នេះជាមួយរដ្ឋាភិបាល។
លោកបានថ្លែងថា៖ «កម្មករ ២០០ នាក់បានសុំខ្ញុំឱ្យធ្វើជាតំណាងឱ្យពួកគេ។ រោងចក្រត្រូវបានបិទហើយមួយវិញទៀតយើងមិនមានសហជីពដែលចុះបញ្ជី ... ដូច្នេះខ្ញុំមិនបារម្ភថា ខ្ញុំបំពានច្បាប់សហជីពទេ ហើយខ្ញុំក៏មិនបារម្ភថារដ្ឋាភិបាលនឹងចាត់វិធានប្រឆាំងនឹងសហជីពរបស់យើងដែរ។ គោលបំណងតែមួយគត់របស់យើងគឺជួយកម្មករ»។
កម្មករជាច្រើនបានអះអាងថារោងចក្រនេះស្ថិតនៅក្រោមឆត្ររបស់ក្រុមហ៊ុន H & M ប៉ុន្តែវាមិនត្រូវបានចុះបញ្ជីថាជាអ្នកផ្គត់ផ្គង់នៅលើគេហទំព័ររបស់ពួកគេទេ ហើយតំណាងក្រុមហ៊ុនម្នាក់មិនបានឆ្លើយតបទៅនឹងសំណើសុំអធិប្បាយលើបញ្ហានេះទេ៕ NS