Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​បញ្ចប់​ហើយ​ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​៨០%

Content image - Phnom Penh Post
ពលរដ្ឋមកចុះឈ្មោះថ្ងៃចុងក្រោយ នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ម្សិលមិញ។ ផា លីណា

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​បញ្ចប់​ហើយ​ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​៨០%

ភ្នំពេញៈ ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ពួក គេ​មាន​ការ​រីករាយ​ដែល​បាន​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជាង ៨០ ភាគរយ ក្នុង​ចំណោម​អ្នក​មាន​សិទិ្ធ​បោះឆ្នោត​ប្រមាណ ៩,៦ លាន​នាក់ ក្នុង​រយៈកាល​បី​ខែ​កន្លង​មក​។

ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​រយៈពេល​បី​ខែ បាន​បញ្ចប់​នៅ​ពាក់​កណ្តាល​យប់​នៃ​យប់​មិញ ដោយ​ពន្យារ​ពេល​លើសពី​ពេលវេលា​ផុត​កំណត់ ដែល​កំណត់​ត្រឹម​ម៉ោង ៥:៣០ នាទី​ល្ងាច ដើម្បី​ឲ្យ​ចំនួន​អ្នក​ចុះ​ឈ្មោះ​ឈាន​ដល់ ៧,៩ លាន​នាក់ ដែល​មាន​ន័យ​ថា ប្រជា​ពលរដ្ឋ​១,៧​លាន​នាក់​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ដោយ​​ គ.ជ.ប ​នឹង​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់​ខែ​មិថុនា​បាន​ទេ​។ តួលេខ​នេះ គឺ​ទាប​ជាង ៩,៦ លាន​នាក់ ដែល​បាន​ចុះឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ (​ដែល​នៅ​ទីបំផុត​ចំនួន​អ្នក​ទៅ​បោះឆ្នោត គឺមាន​តែ ៦,៦​លាន​នាក់​) និង ចំនួន​ ៩,២ លាន​នាក់​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ ២០១២ (​តែ​ចំនួន​ទៅ​បោះឆ្នោត​គឺ​មាន​តែ​៦​លាន​នាក់​)​។

ទោះ​យ៉ាង​ណា​ក្តី ការ​បោះ​ឆ្នោត​ទាំង​ពីរ​នោះ បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា មាន​ឈ្មោះ​ស្ទួន និង​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត ហើយ​សមាជិក គ.ជ.ប លោក ឯម សុផាត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​សន្និសីទ​កាសែត​មួយ​នៅ​ការិយាល័យ គ.ជ.ប នៅ​ក្នុង​ក្រសួង​មហា​ផ្ទៃ​កាលពី​ល្ងាច​ម្សិល​មិញ​ថា លោក​មាន​សេចក្តី​រីករាយ ចំពោះ​លទ្ធផល​ចុង​ក្រោយ ដែល​សម្រេច​បាន​នេះ​។

លោក សុផាត ថ្លែង​ថា​៖ «​ជា​ទូទៅ ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី បាន​ដំណើរ​ការ​ទៅ​ដោយ​រលូន សុវត្ថិភាព និង​ទទួល​បាន​លទ្ធផល​ល្អ​»​។ មាន​បញ្ហា​ខ្លះៗ ប៉ុន្តែ​បញ្ហា​ទាំង​នោះ​ត្រូវ​បាន​កែ​តម្រូវ​ហើយ​។

លោក​បន្ត​ថា​៖«​ទីមួយ មាន​ការ​អនុវត្ត​ការ​ចុះ​ឈ្មោះ ដែល​មាន​កំហុស​មួយ​ចំនួន ដែល​តម្រូវ​ឲ្យ​មាន​ការ​កែ​តម្រូវ នៅ​នាយកដ្ឋាន​ទិន្នន័យ​អ្នក​បោះ​ឆ្នោត​នៅ គ.ជ.ប.»​។

«​អ៊ីនធឺណិត​មាន​លក្ខណៈ​យឺត ដែល​ជា​បញ្ហា​មួយ សម្រាប់​ក្រុម​អ្នក​ចុះ​ឈ្មោះ​ក្នុង​ការ​ផ្ញើ​ទិន្នន័យ​»​។ ការ​លំបាក​មួយ​ទៀត​គឺថា ការ​ចុះ​ឈ្មោះ​រយៈពេល​បី​ខែ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​អំឡុង​រដូវភ្លៀង​ខ្លាំង និង​មាន​ទឹក​ជំនន់​។

លោក សុផាត ថ្លែងថា អ្នក​បោះ​ឆ្នោត​ប្រមាណ​១,៧ លាន​នាក់ ដែល​មិន​បាន​ចុះ​ឈ្មោះ អាច​ដោយ​សារ​ជា​ពលករ​ចំណាក​ស្រុក​នៅ​ក្នុង​ប្រទេស​ ថៃ​ (​ដែល​មាន​ប្រមាណ ១,១ លាន​នាក់​) ព្រម​ទាំង​កំហុស​នៃ​ចំនួន​ប៉ាន់​ប្រមាណ​ដើម​របស់ គ.ជ.ប​។

លោក សុផាត បន្ត​ថា​៖ «​ទីមួយ ប្រជាជន​ជាច្រើន​មាន​អាសយដ្ឋាន​ពីរ​ឬ​បី​»​។ លោក​ពន្យល់​ថា នៅ​ពេល​មន្ត្រី​មូលដ្ឋាន​រាយការណ៍​ចំនួន​ប៉ាន់​ប្រមាណ​អ្នក​បោះ​ឆ្នោត​មក គ.ជ.ប មនុស្ស​ម្នាក់​ដដែល​អាច​រាប់​ពីរ​ដង​។

«​ទី​ពីរ​ពលករ​ចំណាក​ស្រុក ទាំង​នៅ​ក្នុង​និង​ក្រៅ​»​។ «​ទី​បី ប្រជាជន​ខ្លះ​មិន​អាច​ចុះឈ្មោះ​បាន ដោយសារ​ពួកគេ​ជាប់​ពន្ធនាគារ ...»​។ «​ស្ថិតិ ៩,៦​លាន​នាក់​គឺ​បាន​មក​ពី​ចុង​ឆ្នាំ​២០១៥​។ ដូច្នេះ​អត្រា​អ្នក​ស្លាប់​គឺ​មាន​ប្រហែល ១​ភាគរយ​»​។

លោកស្រី ម៉េង សុភារី ដែល​ជា​មេធាវី​ម្នាក់ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ទទួល​បន្ទុក​បញ្ហា​ចុះឈ្មោះ​បោះ​ឆ្នោត​សម្រាប់​គណបក្ស​បាន​សូម​ឲ្យ​ក្រុម​ប្រឹក្សា​ភិបាល គ.ជ.ប ពិចារណា​ពន្យារ​ពេល​ការ​ចុះ​ឈ្មោះ​រយៈពេល​បួន​ថ្ងៃ​ទៀត​។ «​ការ​ពន្យារ​ពេល​ការ​ចុះ​ឈ្មោះ អាច​មាន​ផល​ប៉ះពាល់​ខ្លះ​ប៉ុន្តែ​ផល​ប៉ះពាល់​ទាំង​នោះ​មិន​ធ្ងន់ធ្ងរ​ចំពោះ​ថវិកា​និង​កាល​វិភាគ​របស់ គ.ជ.ប​.​ទេ​»​។

លោក គល់ បញ្ញា នាយក​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុម ហ្វ្រែល បាន​ថ្លែង​ថា លោក​ជឿថា បញ្ហា​ធំ​ពីរ​ដែល​នាំ​ឲ្យ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​តិច​ជាង​ចំនួន​រំពឹង​ទុក​គឺ​«​ការ​ចំណាក​ស្រុក ទៅ​ក្រៅ​ប្រទេស​។ យើង​សង្កេត​ឃើញ​ថា មាន​ពលករ​ចំណាក​ស្រុក​ជាច្រើន ទៅ​ធ្វើ​ការ​នៅ​បរទេស​ដោយ​មិន​ត្រឡប់​មក​ចុះឈ្មោះ​។ ទី​ពីរ ប្រជាជន​ប្រហែល​មួយ​លាន​នាក់ មិន​មាន​អត្ត​សញ្ញាណប័ណ្ណ​កម្ពុជា​»​។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី លោក ហ្សង ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប ថ្លែង​ថា គជប នឹង​មិន​មាន​ការ​ពន្យារ​ពេល​ចុះ​ឈ្មោះ​លើសពី​យប់​មិញ​ទេ​៕ PS

0

Comments

Please, login or register to post a comment