ភ្នំពេញៈ សមាគម​ចំនួន​​ ១២ ​ដែល​មាន​អ្នក​អង្កេតការណ៍​ចំនួន​ ២៧៦ ​នាក់​នឹង​ចូលរួម​អង្កេតការណ៍​បោះឆ្នោត​ព្រឹទ្ធសភា ខណៈ​អង្គការ​ក្នុង​ស្រុក​ដែល​មាន​ឯកទេស​ខាង​ការងារ​បោះឆ្នោត​មិន​ចូលរួម ដែល​ទំនង​ជា​​មិនបាន​ចាត់ទុក​ថា មាន​សារៈសំខាន់​នៅ​ពេល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គជប​) ​មាន​សមាគម​តែ​ ១២ ​ទេ ដែល​បាន​ស្នើសុំ​អង្កេតការណ៍​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​។

ចំនួន​នេះ​បញ្ជាក់​ថា អង្គការ​សមាគម​ចំនួន​ ៩ ​មិន​បាន​ចូលរួម​ទេ បើ​ប្រៀបធៀប​នឹង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​មុន​ដែល​មាន​អង្គការ​សមាគម​ ២១ ​ចូលរួម​។

លោក ឌឹម សុវណ្ណារុំ អ្នក​នាំពាក្យ​ គ.ជ.ប បាន​ថ្លែង​ថា ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ​មាន​សមាគម​តែ​ ១២ ​ហ្នឹង​ទេ ដែល​បាន​ស្នើសុំ ហើយ គ.ជ.ប បាន​អនុញ្ញាត​ចំណែក​អង្គការ​ខុមហ្វ្រែល​ (Comfrel) ​និង​និចហ្វិច (Nicfec) ​ដែល​មាន​ឯកទេស​ខាង​ការ​បោះឆ្នោត​មិន​បាន​ចូលរួម​ឃ្លាំ​មើល​ការ​បោះឆ្នោត​នេះ​ទេ​។

លោក ឌឹម សុវណ្ណារុំ ថ្លែង​ថា​ការ​ធ្លាក់​ចុះ​នៃ​សមាគម និង​អ្នក​អង្កេត​ការណ៍​នេះ​ដោយសារ​ចំណាប់​អារម្មណ៍​​លើ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ខុស​ពី​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​។

លោក​បាន​បន្ត​ថា​៖ «​ចំណាប់​អារម្មណ៍​ខុស​គ្នា​។ ការ​បោះឆ្នោត​ជាតិ គឺ​ការ​បោះឆ្នោត​សកល និង​ការ​បោះឆ្នោត​អសកល​ខុស​គ្នា​។ ​ការ​បោះឆ្នោត​អសកល អ្នក​អង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ចាប់​អារម្មណ៍​តិច​ជាង​»​។

ចំណែក​តួលេខ​អង្គការ​សមាគម និង​អ្នក​អង្កេតការណ៍​អន្តរជាតិ​ គ.ជ.ប និង​សរុប​ចំនួន​នៅ​ថ្ងៃ​ទី​ ២៣​។

ក្នុង​ចំណោម​សមាគម​ទាំង​ ១២ ​ដែល​​នឹង​ឃ្លាំមើល​ការ​បោះឆ្នោត​នេះ មាន​សមាគម​មួយ​ចំនួន​ធ្លាប់​ចូលរួម​ឃ្លាំមើល​ពី​មុន ហើយ​សមាគម​មួយ​ចំនួន​ហាក់​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​។

សមាគម​សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យ​កម្ពុជា​ (CDSIF) ​មាន​ចំនួន​អ្នក​អង្កេតការណ៍​នៅ​ក្នុង​ខេត្ត-ក្រុង​ទាំង​ ២៥ ដោយ​មាន​អ្នក​ឃ្លាំមើល​ចំនួន​ ៩៣ ​នាក់​។ សមាគម​នេះ​ធ្លាប់​បាន​ចេញ​ញត្តិ​គាំទ្រ​ការ​សាលដីកា​តុលាការ​កំពូល​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

ក្នុង​ចំណោម​សមាគម​ ១២ ​នេះ​ក៏​មាន​សមាគម​ចំនួន​ ៤ ​ដែល​មាន​ប្រធាន​តែ​មួយ​គឺ​សមាគម​អ្នក​លក់​ឱសថ​កម្ពុជា សមាគម​សហព័ន្ធ​វិនិយោគិន​​សមាគម​យុវជន​សេដ្ឋកិច្ច​កម្ពុជា និង​សមាគម​សហព័ន្ធ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា​។

តាម​ព័ត៌មាន​នៅ​លើ​គេហទំព័រ​មួយ​ចំនួន​បាន​បញ្ជាក់​ថា សមាគម​ទាំង​ ៤ ​នេះ​មាន​លោក ឡី សុភាព ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រធាន​។ ប៉ុន្តែ​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ឡី សុភាព បាន​ទេ​កាលពី​ម្សិលមិញ​។

លោក កន សាវ៉ាង មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​បាន​ថ្លែង​ថា ខុមហ្វ្រែល​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នេះ​ទេ ដោយសារ​តាមរយៈ​អង្គ​បោះឆ្នោត​ដែល​មាន​តែ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​តំណាងរាស្ត្រ​នោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​អសកល​នេះ​អាច​ដឹង​មុន​។

លោក​បាន​ថ្លែង​ថា​៖ «​ឆ្នាំ​នេះ​ក្រោយ​ពេល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក ឃើញ​ថា​លទ្ធផល​គឺ​វា​ជាក់ស្តែង​ណាស់​គឺ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំងអស់​ជា​អង្គ​បោះឆ្នោត​មកពី​គណបក្ស​កាន់​អំណាច​។ ដូច្នេះ​លទ្ធផល​យើង​អាច​ដឹង​មុន​ដោយសារ​គ្មាន​ការ​ប្រកួត​ប្រជែង​ណា​មួយ​ក្នុង​ការ​ទិញ​ទឹកចិត្ត​ទេ​»​។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា​ការ​ថយ​ចុះ​នៃ​សមាគម​អង្កេតការណ៍​នេះ ដោយសារ​វា​ជា​ការ​បោះឆ្នោត​អសកល​ដែល​មាន​អ្នក​ចូលរួម​បោះឆ្នោត​តិច ហើយ​សុទ្ធតែ​ជា​បេក្ខជន​គឺ​មិន​មាន​សារៈសំខាន់​ដូច​ការ​បោះឆ្នោត​សកល​ជ្រើស​តាំង​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទេ​។

លោក​ថ្លែង​ថា​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​​ធំ​ជាង​គេ​ត្រូវ​បាន​រំលាយ ការ​បោះឆ្នោត​នេះ​មិន​មាន​ន័យ​ឡើយ​។

លោក​ថា​៖ «​ការ​បោះឆ្នោត​នេះ​ក្រោយ​ការ​រំលាយ​បក្ស​សង្គ្រោះ វា​មិន​មាន​ន័យ​។ សមាគម​ជំនាញ​ប្រហែល​ជា​មិន​មាន​ជំនួយ​សម្រាប់​ចូល​ឃ្លាំ​មើល​ ឬ​និង​មិន​ចង់​ចូលរួម​ឃ្លាំ​មើល​ការ​បោះឆ្នោត​ដែល​មិន​មាន​ន័យ​»៕