Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​បញ្ចប់​កិច្ចព្រមព្រៀង​ TPP អាច​នឹង​ស្តារ​ការ​ប្រកួត​វិស័យ​កាត់ដេរ

Content image - Phnom Penh Post
កម្មករ​កំពុង​ដេរ​សម្លៀក​បំពាក់​នៅក្នុង​រោងចក្រ​កាត់ដេរ​មួយ​នៅ​ខេត្ត​កណ្តាល​កាលពី​ខែ​មុន​។ ហេង ជីវ័ន

ការ​បញ្ចប់​កិច្ចព្រមព្រៀង​ TPP អាច​នឹង​ស្តារ​ការ​ប្រកួត​វិស័យ​កាត់ដេរ

ភ្នំពេញៈ បន្ទាប់ពី​ជ័យជម្នះ​របស់​លោក ដូណាល់ ត្រាំ នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក​កាលពី​ថ្ងៃ​ពុធ ខណៈ​​​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​លោក​ដែល​​បាន​សន្យា​ថា​នឹង​បញ្ចប់​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក (TPP)​ លោក​ ហេង ​សួរ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ការ​បញ្ចប់​កិច្ចព្រមព្រៀង​​ដៃគូ​ពាណិជ្ជកម្ម​នោះ​វា​អាច​នឹង​ស្តារ​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​កាត់ដេរ​នៅ​ក្នុង​តំបន់។

សមាជិក​ចំនួន ១២ របស់​ដៃគូ​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក (TPP)​ បាន​ចុះ​ហត្ថលេខា​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​ដែល​នៅ​ពេល​នោះ​គេ​រំពឹង​ថា​ដើម្បី​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​ទាំងអស់​ដែល​រួម​បញ្ចូល​ទាំង​សហរដ្ឋ​អាមេរិក កាណាដា វៀតណាម ម៉ាឡេស៊ី និង​ប្រទេស​ជប៉ុន​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​លោក​ ត្រាំ​ ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ប្រធានាធិបតី​បាន​អនុម័ត​ជំហរ​គាំពារ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​បាន​សន្យា​ថា​នឹង​ធ្វើការ​ចរចា​លើ​កិច្ចព្រមព្រៀង​ជាថ្មី ឬ​ក៏​លុប​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​នោះ​ចោល។ «ដៃគូ​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក (TPP)​ គឺជា​មហន្តរាយ​មួយ​ដែល​ជំរុញ​ដោយ​អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​ពិសេស​ពី​វា​គឺជា​អ្នក​ដែល​ចង់​រំលោភ​ប្រទេស​របស់​យើង​គឺជា​ការ​រំលោភ​ជា​បន្តបន្ទាប់​មក​លើ​ប្រទេស​របស់​យើង»។ លោក​ ត្រាំ ​បាន​ថ្លែង​យ៉ាង​ដូចនេះ​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​មួយ​នៅ​ក្នុង​រដ្ឋ​អូហៃយ៉ូ​សហរដ្ឋ​អាមេរិក​កាលពី​ចុង​ខែ​មិថុនា​កន្លង​ទៅ។

ដោយ​បាន​ស្វាគមន៍​ការ​ទទួល​​ជ័យជម្នះ​របស់​លោក​ ត្រាំ កាលពី​ម្សិលមិញ​លោក​ ហេង សួរ បាន​ឱ្យ​ដឹង​ថា​លោក​ ត្រាំ អាច​នឹង​លុប​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក (TPP)​ចោល​ដែល​អាច​រារាំង​ផលប្រយោជន៍​ដែល​បាន​រំពឹង​ទុក​សម្រាប់​ប្រទេស​ជិត​ខាង​គឺ​វៀតណាម។ លោក​ថ្លែង​ថា៖ «ប្រសិន​បើ​គាត់ [លោក​ ត្រាំ] ពិតជា​លុប​កិច្ចព្រមព្រៀង TPP នោះ​ចោល​មែន​នេះ​វា​មាន​ន័យ​ថា​​ប្រទេស​កម្ពុជា​អាច​រក្សា​បាន​នូវ​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ក្នុង​វិស័យ​កាត់ដេរ​ និង​ដាក់​ឲ្យ​បណ្តា​ប្រទេស​ជិត​ខាង​មាន​ភាព​ស្មើ​ជាមួយ​នឹង​យើង​ម្តង​ទៀត​»។ លោក​សួរ​បាន​ឱ្យ​ដឹង​ថា​វិស័យ​កាត់ដេរ​អាច​ប្រឈម​មុខ​នឹង​ «បញ្ហា» ប្រសិន​បើ​វា​ត្រូវ​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​វៀតណាម​ដែល​គេ​រីករាយ​ជាមួយ​នឹង​ការ​នាំ​ចេញ​ដោយ​មិន​បាច់បង់​ពន្ធ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដែល​ស្ថិត​នៅ​ក្រោម​កិច្ចព្រមព្រៀង TPP នេះ​ខណៈ​ដែល​ការ​នាំ​ចេញ​របស់​កម្ពុជា​អាច​នឹង​ត្រូវ​នៅ​តែ​បង់​ពន្ធ។

កាលពី​ម្សិលមិញ​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​សក្តានុពល​​នៃ​ការ​លុប​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក (TPP) ​នេះ​ចោល​គឺ​អាច​ពន្យារ​ពេល​ដល់​ប្រទេស​កម្ពុជា​នៅក្នុង​រយៈពេល​ខ្លី​​​ប៉ុន្តែ​វា​គឺជា​បញ្ហា​រចនាសម្ព័ន្ធ​នៅក្នុង​វិស័យ​​នេះ​ដែល​ត្រូវ​បាន​​បណ្តាល​​ឲ្យ​វា​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​។

លោក Miguel Chanco អ្នក​វិភាគ​សេដ្ឋកិច្ច​របស់ Economist Intelligence Unit សម្រាប់​ប្រទេស​អាស៊ាន​បាន​ថ្លែង​ថា «ការ​ស្លាប់​កិច្ចព្រមព្រៀង TPP» វា​នឹង​មិន​ចាំបាច់​បកស្រាយ​ថា​នឹង​មាន​ការ​កើនឡើង​នៅ​ក្នុង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​នោះ​ទេ។

លោក Chanco បញ្ជាក់​តាមរយៈ​អ៊ីមែល​ថា៖ «ទោះ​មាន​ ឬ​គ្មាន​កិច្ចព្រមព្រៀង TPP វា​មិន​ថ្វី​នោះ​ទេ​ព្រោះ​ការ​ពិត​គឺ​ថា​ប្រាក់​ឈ្នួល​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​របស់​ប្រទេស​នេះ​កំពុង​កើនឡើង​ជា​លំដាប់​ហើយ​វា​កាត់​បន្ថយ​ចំណាយ​លើ​ការ​ប្រកួត​ប្រជែង​របស់​ខ្លួន​តាមរយៈ​កិច្ចព្រមព្រៀង TPP នេះ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ផ្សេង​ទៀត​មាន​សង្ឃឹម​ច្រើន​ដូចជា​ប្រទេស​វៀតណាម​ជាដើម​»​។

លោក​ កេន លូ អ្នក​នាំពាក្យ​សមាគម​រោងចក្រ​កាត់ដេរ​បាន​ថ្លែង​ថា​លើស​ពី​នេះ​ទៀត​កម្ពុជា​​​អាច​នឹង​បង្កើន​នូវ​ផលិតភាព​កម្មករ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ​និង​ការ​បណ្តុះ​បណ្តាល​ជាដើម​ក៏​ដូចជា​ការ​គាំទ្រ​ផង​ដែរ​ដល់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទប់ស្កាត់​ការ​ចាកចេញ​របស់​ការវិនិយោគ​ក្នុង​វិស័យ​នេះ​។

ទោះ​ជា​យ៉ាង​ណា​លោក William Conklin នាយក​ប្រចាំ​ប្រទេស​របស់​មជ្ឍមណ្ឌល​ក្រុម​សាមគ្គីភាព​ការងារ និង​តស៊ូ​មតិ​បាន​ឱ្យ​ដឹង​ថា​ទោះ​មាន​ ឬ​គ្មាន​កិច្ចព្រមព្រៀង TPP នេះ​ក៏​វៀតណាម​បាន​ដើរ​ទៅ​មុខ​រួច​ហើយ​ជាមួយ​នឹង​ការ​នាំ​យក​វិស័យ​កាត់ដេរ​របស់​ខ្លួន​ចូល​ទៅ​កាន់​ស្តង់ដារ​មួយ​ដែល​​គេ​តម្រូវ​​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម។ លោក​ថ្លែង​ថា៖ «ពួកគេ​នៅ​តែ​ដំណើរការ​វា​។ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​មើល​ពី​អ្វី​ដែល​បាន​ផ្លាស់ប្តូរ​ដ៏គួរ​ឲ្យ​កត់សម្គាល់​នៅ​ទី​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន​មនុស្ស​មក​វិនិយោគ​នៅ​ក្នុង​​វិស័យ​នេះ»៕ NS

0

Comments

Please, login or register to post a comment