Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​យក​សត្វ​ដែល​ធ្លាប់​ទុក​ដូចជា​មិត្ត​ ធ្វើ​ម្ហូប​ កើតឡើង​ជាមួយ​ការ​រិះគន់

អ្នក​ជួយ​សង្គ្រោះ​ឆ្កែ​នៅ​កម្ពុជា​អ្នកស្រី Martina Mayr បង្ហាញ​ការ​ស្រឡាញ់​ចំពោះ​ឆ្កែ​ដែល​បាន​សង្គ្រោះ។
អ្នក​ជួយ​សង្គ្រោះ​ឆ្កែ​នៅ​កម្ពុជា​អ្នកស្រី Martina Mayr បង្ហាញ​ការ​ស្រឡាញ់​ចំពោះ​ឆ្កែ​ដែល​បាន​សង្គ្រោះ។ រូបថត ATHENA ZELADONII

ការ​យក​សត្វ​ដែល​ធ្លាប់​ទុក​ដូចជា​មិត្ត​ ធ្វើ​ម្ហូប​ កើតឡើង​ជាមួយ​ការ​រិះគន់

ភ្នំពេញៈ ខណៈ​ដែល​ពិធី​បុណ្យ​សាច់​​ឆ្កែ​​ក្នុង​ទីក្រុង​ Yulin នៅ​ប្រទេស​ចិន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​​យ៉ាង​ខ្លាំង​ជុំវិញ​ពិភពលោក​នោះ​នៅ​កម្ពុជា​​ភោជនីយដ្ឋាន​​​មួយ​ចំនួន​​​មាន​បម្រើ​សាច់​ឆ្កែ​​ធ្វើ​ជា​ម្ហូប​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​តូច​។ ប៉ុន្តែ​នៅ​ទី​នេះ​ការ​លក់​សាច់​ឆ្កែ​​ក៏​មាន​លក្ខណៈ​ចម្រូងចម្រាស​ផង​ដែរ​។

នៅ​ម៉ោង​ ៧ ​ព្រឹក​ជា​រៀងរាល់​ថ្ងៃ​ប្តី​របស់​អ្នកស្រី មីន តឿន តែងតែ​ទាក់​ក​ឆ្កែ​នៅ​ក្នុង​ទ្រុង​​​រហូត​ដល់​វា​ឈប់​ស្រែក​ហើយ​បន្ទាប់​​មក​យក​ញញួរ​​ពុះ​លលាដ៍​ក្បាល​របស់​វា។ ការ​រឹត​ក​ឆ្កែ​បែប​​នេះ​ត្រូវ​បាន​អ្នកស្រី តឿន ជា​ប្រពន្ធ​ពន្យល់​ថា​ដើម្បី​ចៀសវាង​កុំ​ឲ្យ​វា​ខាំ​។

អ្នកស្រី តឿន និង​ប្តី​របស់​អ្នកស្រី​​បាន​​បើក​ហាង​លក់​សាច់​ឆ្កែ​​នៅ​ក្នុង​ខេត្ត​កណ្តាល​។ ជា​ធម្មតា​គាត់​ចេញ​ទៅ​ភូមិ​នៅ​ជិត​នោះ​ដើម្បី​​រក​ទិញ​ឆ្កែ​ហើយ​ឆ្កែ​ស្ទើរ​​​ទាំងអស់​ត្រូវ​បាន​លក់​ដោយ​ម្ចាស់​របស់​វា​ខណៈ​ដែល​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​ឆ្កែ​ដែល​មាន​លក្ខណៈ​មិន​ល្អ​។ កាល​ពី​ចុង​ខែ​មុន​មាន​ឆ្កែ​​ ១០ ​​ក្នុង​ទ្រុង​ពីរ​ខាង​ក្រោយ​ហាង​របស់​គាត់​។

នៅ​ទូទាំង​ប្រទេស​កម្ពុជា​ភោជនីយដ្ឋាន​​ និង​​​កន្លែង​សម្លាប់​​ឆ្កែ​​បន្ត​បំពេញ​តម្រូវ​ការ​​សាច់​ឆ្កែ​។ ​ប៉ុន្តែ​ការ​លក់​​សាច់​ឆ្កែ​​គឺ​មាន​បញ្ហា​ចម្រូង​ចម្រាស និង​​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​។

​អ្នក​ខ្លះ​​យល់​ឃើញ​ថា ​វា​ជា​សាច់​ដែល​មាន​រសជាតិ​ឆ្ងាញ់​បំផុត​រីឯ​អ្នក​ខ្លះ​​ថា​វា​គ្មាន​​ក្រម​សីលធម៌​​ និង​គ្មាន​ចិត្តធម៌​ក្នុង​ខ្លួន។ ​

ការ​យក​ឆ្កែ​ធ្វើ​ម្ហូប​នេះ​ធ្វើ​ឲ្យ​មាន​ការ​ចុះ​ផ្សាយ​​​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​​ជាថ្មី​ម្តង​ទៀត​កាលពី​ដើម​ខែ​នេះ​​នៅ​ពេល​ពិធី​បុណ្យ​សាច់​​ឆ្កែ​​​នៅ​​ទីក្រុង​ Yulin នៅ​ប្រទេស​ចិន​​​​បាន​ចាប់​ផ្តើម​។ ឆ្កែ​ និង​ឆ្មា​ចំនួន​​ ១ ម៉ឺន​ក្បាល​​ត្រូវ​បាន​ព្យាករ​ថា​នឹង​ត្រូវ​សម្លាប់​​ និង​ធ្វើ​ជា​អាហារ​​នៅ​​អំឡុង​ពេល​បុណ្យ​​ ១០ ​ថ្ងៃ​ដែល​បាន​បញ្ចប់​កាល​​ពី​ចុង​ខែ​មុន​។

ញត្តិ​មួយ​នៅ​លើ​គេហទំព័រ​ Change.org ដែល​អំពាវនាវ​ឲ្យ​​មាន​ការ​បញ្ចប់​​ពិធី​បុណ្យ​នេះ​បាន​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​ជាង​ ៤,៦ ​​លាន​នាក់​រហូត​មក​ដល់​​សប្តាហ៍​នេះ​ហើយ​វីដេអូ​មួយ​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​មូលនិធិ​ក្តីសង្ឃឹម​​ និង​សុខុមាលភាព​សត្វ​​ (AHWF) ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​របស់​អាមេរិក​បាន​បង្ហាញ​អំពី​​​ជន​ល្បីល្បាញ​ឈ្មោះ Matt Damon, Joaquin Phoenix,Rooney Mara ​និង​ជន​ល្បីល្បាញ​​ដទៃៗ​ទៀត​​ដែល​ជំរុញ​ឲ្យ​​ប្រជាជន​និយាយ​ប្រឆាំង​នឹង​ពិធី​បុណ្យ​នេះ​។

លោក Marc Ching ​បាន​បញ្ចូល​កម្ពុជា​​នៅ​ក្នុង​​​ការ​អំពាវនាវ​ឲ្យ​មាន​ការ​​បញ្ឈប់​​ទទួល​ទាន​សាច់​ឆ្កែ​​​ក្រោម​ប្រធានបទ​ថា​ «​​ផ្លូវ​ទីក្រុង​ Yulin»​ដែល​មាន​ន័យ​ថា​ដំណើរ​​​ជួយ​សង្គ្រោះ​សត្វ​ឆ្កែ​​នៅ​អាស៊ី​អាគ្នេយ៍​​​កាលពី​ដើម​ខែ​នេះ​។

លោក Ching ​មិន​អាច​ទាក់ទង​សុំ​អត្ថាប្បាយ​បាន​កាលពី​ថ្មីៗ​នេះ​។ ​Valerie Ianiello សមាជិក​ម្នាក់​ទៀត​នៃ​មូលនិធិ​នេះ​ដែល​ជា​នាយក​ប្រតិបត្តិ​បាន​ពន្យល់​ថា​លោក Ching បាន​ត្រឡប់​មក​ពី​​ដំណើរ​​​របស់​លោក​ហើយ​បាន​បាក់​ទឹក​ចិត្ត​​។

បុរស​ម្នាក់​កំពុង​ដាំ​ទឹក​ស្រុស​សត្វ​ឆ្កៃ ។
បុរស​ម្នាក់​កំពុង​ដាំ​ទឹក​ស្រុស​សត្វ​ឆ្កៃ ។ រូបថត ATHENA ZELADONII

អង្គការ AHWF អះអាង​​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​ខ្លួន​ប្រឆាំង​នឹង​ពាណិជ្ជកម្ម​ជួញដូរ​សាច់​ឆ្កែ​ដោយសារ​គេ​ជឿ​ថា​សត្វ​ឆ្កែ​អាច​នឹង​ទទួល​រង​​ទារុណកម្ម​ពី​មុន​ពេល​គេ​សម្លាប់​​វា​ដើម្បី​ឲ្យ​​សារធាតុ adrenaline ​ក្នុង​ខ្លួន​សត្វ​ឆ្កែ​​ឡើង​ខ្លាំង​​​​ដែល​ជំរុញ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​។ ​

ទោះ​យ៉ាង​ណា​ក្តី​ម្ចាស់​ហាង​ និង​អ្នក​ទទួល​ទាន​សាច់​ឆ្កែ​​ដែល​អ្នក​យក​ព័ត៌មាន​បាន​និយាយ​​​ជាមួយ​កាល​ពី​ចុង​ខែ​មុន​​បាន​ដឹង​ពី​វិធី​ធ្វើ​ឲ្យ​សាច់​ឆ្កែ​មាន​រសជាតិ​ឆ្ងាញ់​មុន​ពេល​សម្លាប់​វា​។

នៅ​ថ្ងៃ​ទី​ ១៤ មិថុនា ​លោក Ching ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​មូលនិធិ​នេះ​ថា​លោក​បាន​ទិញ​​កន្លែង​សម្លាប់​សត្វ​ឆ្កែ​មួយ​នៅ​កម្ពុជា​​ដែល​បាន​​សម្លាប់​ឆ្កែ​ពី​ ២០ ​ទៅ​ ៦០ ​​ក្នុង​ ១ ​ថ្ងៃ​ខណៈ​សារព័ត៌មាន Ianiello នៅ​ដើម​ខែ​នេះ​​បាន​ផ្តល់​តួលេខ​​​ពី​ ១៥ ​ទៅ​ ២០​។ លោក Ching ​បាន​ជួយ​ម្ចាស់​ហាង​ឲ្យ​បើក​​ភោជនីយដ្ឋាន​​គុយទាវ​បួស​​។

នៅ​ថ្ងៃ​បន្ទាប់​លោក​បាន​បង្ហោះ​​រូប​​ក្រុម​បុរស​​ទាញ​រំលំ​អគារ​​នេះ​ដោយ​ខ្សែ​ពួរ​។ Ianiello ​បាន​និយាយ​ថា​លោក Ching ដំបូង​ឡើយ​​សង្ឃឹម​ថា​នឹង​ប្រើ​គ្រាប់​ផ្ទុះ​ប៉ុន្តែ​​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​​ត្រូវ​បាន​ដក​វិញ​​។

Ianiello​ មិន​អាច​ផ្តល់​អាសយដ្ឋាន​កន្លែង​សម្លាប់​សត្វ​ឆ្កែ​ ឬ​​ផ្ដល់​ព័ត៌មាន​ទាក់ទង​ម្ចាស់​កន្លែង​សម្លាប់​សត្វ​ឆ្កែ​នោះ​ទេ​ប៉ុន្តែ​​ភ្នំពេញ​ប៉ុស្តិ៍​បាន​និយាយ​​ជាមួយ​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​ដែល​យល់​​ព្រម​​ចិញ្ចឹម​​​សត្វ​ឆ្កែ​ដែល​យក​ចេញ​ពី​​កន្លែង​សម្លាប់​សត្វ​ឆ្កែ​ចំណែក​​អង្គការ AHWF បាន​ស្វែងរក​ផ្ទះ​ដែល​ឲ្យ​ឆ្កែ​ទាំង​នោះ​នៅ​សហរដ្ឋ​អាមេរិក​។

មួយ​ក្នុង​ចំណោម​អ្នក​យក​ឆ្កែ​នោះ​ទៅ​ចិញ្ចឹម​​គឺ​លោកស្រី Martina Mayr ដែល​នា​ពេល​ថ្មីៗ​នេះ​​បាន​បង្កើត​​​អង្គការ​សង្គ្រោះ​សត្វ​នៅ​កម្ពុជា​ (Animal Rescue Cambodia) ​ដើម្បី​ធ្វើ​ការងារ​លើ​បញ្ហា​សុខុមាលភាព​សត្វ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អ្នកស្រី​បាន​យក​សត្វ​ឆ្កែ​បី​ក្នុង​ចំណោម​សត្វ​ឆ្កែ​ដែល​សង្គ្រោះ​ដោយ​លោក Ching។ ​ឆ្កែ​មួយ​បាន​បាត់​ក្រញាំ​ជើង​ខាង​មុខ​។ ​ឆ្កែ​ទាំង​បី​គឺ​មាន​លក្ខណៈ​រាក់ទាក់​ថ្វី​បើ​មាន​ឆ្កែ​មួយ​​​បាន​ខាំ​​ទំពា​វាំងនន​របស់​លោកស្រី Mayr ក៏ដោយ​។

លោកស្រី​បាន​ថ្លែង​ថា​​៖ «​​ខ្ញុំ​ចង់​​ដាក់​ឈ្មោះ​ពួកគេ​ប៉ុន្តែ​ខ្ញុំ​អត់​ដឹង​...ពួកគេ​គ្រាន់​តែ​នៅ​រយៈពេល​មួយ​ខែ​ប៉ុណ្ណោះ​»។

ការ​លក់​សត្វ​ឆ្កែ​ជា​សត្វ​ចិញ្ចឹម​នៅ​ជាមួយ​មនុស្ស​គឺ​គ្មាន​អ្វី​ថ្មី​ទេ​នៅ​កម្ពុជា​។ លោក ឡោះ សុធី បាន​ថ្លែង​ថា​គាត់​បាន​លក់​​​ឆ្កែ​នៅ​លើ​​មហាវិថី​ព្រះសីហនុ​​អស់​រយៈពេល​ជិត​ ២០ ​ឆ្នាំ។ ​ឆ្កែ​ទាំង​នោះ​លក់​ក្នុង​តម្លៃ​​ ២០ ​ដុល្លារ​ទៅ​​​​ខ្ទង់​រយ​ដុល្លារ​អាស្រ័យ​​ទៅ​លើ​ពូជ​។

ឆ្កែ​ដែល​គេ​ថ្លឹង​ក្រោយ​ស្រុស និង​កោស​រួច។
ឆ្កែ​ដែល​គេ​ថ្លឹង​ក្រោយ​ស្រុស និង​កោស​រួច។ រូបថត ATHENA ZELADONII

«​វា​ថ្លៃ​ប៉ុន្តែ​​ប្រសិន​បើ​ [អតិថិជន​] ​ស្រឡាញ់​ឆ្កែ​ពួកគេ​គិត​ថា​មិន​ថ្លៃ​ទេ​»។ «​ខ្ញុំ​អត់​ដឹង​ទេ​អំពី​អ្នក​ដែល​ស៊ី​សាច់​ឆ្កែ​ប៉ុន្តែ​ពួកគេ​មិន​ទិញ​ឆ្កែ​ចិញ្ចឹម​ទៅ​ធ្វើ​ម្ហូប​ទេ​ដោយសារ​វា​ថ្លៃ​​។​ ខ្ញុំ​ធ្លាប់​លក់​ឆ្កែ​ពី​មុន​ប៉ុន្តែ​​ខ្ញុំ​ឈប់​​រយៈពេល​ ១០ ​ឆ្នាំ​មក​ហើយ​។»

យ៉ាង​ហោច​ណាស់​អ្នក​ខ្លះ​ដែល​ស៊ី​សាច់​ឆ្កែ​ និង​លក់​​សាច់​ឆ្កែ​​ក៏​ចេះ​ស្រឡាញ់​សត្វ​ឆ្កែ​​ដែរ​។

គ្រួសារ​របស់​លោក យ៉ាន ង៉ែត មាន​ភោជនីយដ្ឋាន​សាច់​​ឆ្កែ​​​សាមញ្ញ​មួយ​​នៅ​ជិត​ផ្សារ​ឃុំ​រវៀង​ក្នុង​ស្រុក​សំរោង​ ខេត្ត​តាកែវ។ ​នៅ​ខាង​ក្រៅ​មាន​តុ​ទាប​ធំ​ពីរ​​ដែល​​កម្មករ​​ទៅ​​ទី​នោះ​ដើម្បី​ទទួល​ទាន​។

ម្ចាស់​ហាង​នេះ​មាន​ចិញ្ចឹម​សត្វ​ឆ្កែ​ប៉ុន្តែ​​​មិន​សម្លាប់​សត្វ​ឆ្កែ​ដែល​ខ្លួន​ចិញ្ចឹម​​​ទេ​ព្រោះ​គាត់​ស្រឡាញ់​វា​គាត់​សម្លាប់​សត្វ​ឆ្កែ​ដទៃ​​ដែល​គេ​លក់​ឲ្យ​គាត់​។

លោក ង៉ែត បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​យក​ឆ្កែ​ខ្ញុំ​​ធ្វើ​អាហារ​ទេ​វា​ឆ្លាត​ហើយ​រស់​នៅ​ជាមួយ​យើង​ប៉ុន្តែ​ឆ្កែ​ដែល​លក់​មក​យើង​គឺ​ជា​ឆ្កែ​អាក្រក់​»។«​​ពី​មុន​ពេល​យើង​សម្លាប់​ឆ្កែ​ទាំង​នោះ​យើង​ចង​ក​​វា​ដូច​គោ​»។

ប្រពន្ធ​​របស់​លោក ង៉ែត អ្នកស្រី ទេព ហ៊ាង បាន​ថ្លែង​ថា​គ្រួសារ​របស់​គាត់​បាន​ទិញ​​ឆ្កែ​អាក្រក់​​មួយ​ ឬ​ពីរ​ក្នុង​មួយ​ថ្ងៃ​​។ ​

អ្នកស្រី​បញ្ជាក់​ថា៖ «​​ខ្ញុំ​ទិញ​វា​ក្នុង​តម្លៃ​ ៧០០០ ​រៀល (ប្រហែល​ ១,៧៥ ​ដុល្លារ) ​ក្នុង​មួយ​គីឡូ​ក្រាម​ ឬ​ ១២០០០០ ​(ប្រហែល​ ៣០ ​ដុល្លារ) ក្នុង​ឆ្កែ​មួយ​»​។ «អ្នក​ភូមិ​​​ទូរស័ព្ទ​មក​យើង​នៅ​ពេល​ពួកគេ​ចង់​លក់​ឆ្កែ​របស់​ពួកគេ​ពីព្រោះ​ឆ្កែ​នោះ​ខាំ​សត្វ​ដទៃៗ​ទៀត​ ឬ​មិន​ស្តាប់​ម្ចាស់​»។

លោក អោម សុខ អាយុ​ ២៤ ​ឆ្នាំ​ និង​ ជិន សូផៃ អាយុ​ ៣២ ​ឆ្នាំ​ទៅ​ហាង​សាច់​ឆ្កែ​នេះ​នៅ​ផ្លូវ​កៅដាយ​ជិត​ផ្សារ​ដើមគ​ រាជធានី​ភ្នំពេញ​ ៥ ​ដង​មួយ​សប្តាហ៍។

លោក សុខ ដែល​ជា​អ្នក​រត់​ម៉ូតូឌុប​បាន​ថ្លែង​ថា​៖ «​​យើង​តែងតែ​ចង់​ញ៉ាំ​សាច់ឆ្កែ​យើង​ដូច​ញៀន​សាច់​ឆ្កែ​​»។ «​វា​មាន​រសជាតិ​ស្រដៀង​សាច់​គោ​» ប៉ុន្តែ​សាច់​គោ​ថ្លៃ​ជាង​សត្វ​ឆ្កែ​»។ ​សាច់​ឆ្កែ​មួយ​ចាន​មាន​តម្លៃ​តែ​ ៥០០០ ​រៀល​ (​ប្រហែល​ ១,២៥ ​ដុល្លារ) ​ហើយ​​ស្រាស​មួយ​ដប​តម្លៃ ១០០០ ​រៀល​ ​(ប្រហែល​ ២៥ ​សេន)។ គាត់​បាន​ពន្យល់​ថា​គ្រឿង​ស្រវឹង​ប្រភេទ​ជា​ស្រា​បៀរ​មិន​ត្រូវ​ជាមួយ​នឹង​សាច់​ឆ្កែ​ទេ​។

លោក សុខ បាន​និយាយ​ថា​ស្រុក​កំណើត​របស់​គាត់​​​នៅ​ខេត្ត​ស្វាយរៀង​គាត់​ធ្លាប់​ចិញ្ចឹម​សត្វ​ឆ្កែ​ប៉ុន្តែ​មិន​ដែល​​ស្រឡាញ់​ឆ្កែ​​​ដូច​អ្នក​ចិញ្ចឹម​ឆ្កែ​ដទៃៗ​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​​ខ្ញុំ​មិន​ដែល​​ដាក់​ឈ្មោះ​ឆ្កែ​​ពីព្រោះ​យើង​មិន​ខ្វល់​​អំពី​វា​ដូច​មនុស្ស​នៅ​ទីក្រុង​ដែល​ខ្វល់​ និង​ស្រឡាញ់​ឆ្កែ​​ទេ​។ ​ប៉ុន្តែ​បើ​ទោះបី​ជា​អ៊ីចឹង​ក៏ដោយ​ ក៏​លោក​បាន​សារភាព​ថា​លោក​មិន​ដែល​សម្លាប់​​សត្វ​ឆ្កែ​​ដែល​លោក​​ចិញ្ចឹម​ទេ។ លោក​ថា​វា​មាន​លក្ខណៈ​ខុស​គ្នា​រវាង​សត្វ​ឆ្កែ​ និង​សត្វ​ដទៃៗ​ទៀត​។

«​សត្វ​ពាហនៈ​ដែល​ខ្ញុំ​ចិញ្ចឹម​ខ្ញុំ​មិន​សម្លាប់​វា​ទេ​»។«​ [ឆ្កែ​] ​គឺ​ពិសេស​ជាង​សត្វ​ដទៃៗ​ទៀត​»។

ខណៈ​មនុស្ស​មួយ​ចំនួន​គិត​ថា​សាច់​ឆ្កែ​ឆ្ងាញ់​អ្នក​ដទៃ​ទៀត​មិន​គាំទ្រ​ទេ​​។ ​កាលពី​ខែ​មេសា​ឆ្នាំ​មុន​ម្ចាស់​​សត្វ​ចិញ្ចឹម​​ចំនួន​ ២៥ នាក់​ និង​​សត្វ​ឆ្កែ​របស់​ពួកគេ​​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​​​សួន​នាគ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​​អំពី​ការ​ជួញដូរ​សាច់​ឆ្កែ​​ប៉ុន្តែ​ត្រូវ​បាន​បំបែក​ដោយ​នគរបាល​។ ភាគច្រើន​នៃ​អ្នក​ចូលរួម​ទាំង​នោះ​គឺជា​ជនបរទេស​ប៉ុន្តែ​មួយ​ចំនួន​តូច​ជា​ជនជាតិ​កម្ពុជា​។

លោក ឱម ផានិត មាន​ហាង​លក់​សត្វ​​ឆ្កែ​បែរ​មុខ​ទៅ​ប្រឡាយ​មួយ​​នៅ​បឹងត្របែក​រាជធានី​ភ្នំពេញ។ គាត់​បាន​ទិញ​ហាង​​នោះ​ពី​ម្ចាស់​ដើម​​ជាង​​ ១០ ​ឆ្នាំ​ហើយ​ដោយសារ​គាត់​ស្រឡាញ់​ឆ្កែ​។

លោក ផានិត ដែល​មិន​ធ្លាប់​ទទួល​ទាន​សាច់​ឆ្កែ​​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​​​នៅ​ជិតស្និទ្ធ​នឹង​ឆ្កែ​​ជាង​មនុស្ស​ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ទិញ​ហាង​នោះ​ពី​គាត់​»។ «​នៅ​ពេល​ខ្ញុំ​ឃើញ​មនុស្ស​ស៊ី​សាច់ឆ្កែ​ខ្ញុំ​មិន​នៅ​ជាមួយ​ពួកគេ​ទេ​ខ្ញុំ​រត់​ចេញ​​ប្រសិន​បើ​ខ្ញុំ​ត្រូវ​បាន​គេ​បោក​​ឲ្យ​ស៊ី​​សាច់ឆ្កែ​ខ្ញុំ​អាច​មាន​អារម្មណ៍​ដឹង​»។

ចំណែក​ឯ​លោក អេង គៀន ដែល​នៅ​ជើង​ភ្នំ​ជីសូរ ​ខេត្ត​តាកែវ​បាន​ថ្លែង​ថា​៖ «​​ខ្ញុំ​មិន​អាច​លក់​សត្វ​ឆ្កែ​ដោយសារ​តែ​អ្នក​ទិញ​សម្លាប់​វា​ព្រៃផ្សៃ​ពេក​។ ​ពេល​ខ្លះ​ពួកគេ​ដាក់​វា​ក្នុង​ថង់​ប្លាស្ទិក​ និង​​​​រុញ​ទម្លាក់​ទឹក​។ «​ពេល​ខ្ញុំ​ចិញ្ចឹម​ឆ្កែ​ខ្ញុំ​​​ឃើញ​ថា​វា​​ឆ្លាត​ណាស់​យើង​មិន​អាច​ស៊ី​វា​បាន​ទេ​»។

ប៉ុន្តែ​បើ​​ទោះបី​​ជា​មនុស្ស​មួយ​ចំនួន​​​ជំទាស់​នឹង​ការ​សម្លាប់​សត្វ​ឆ្កែ​យក​សាច់​ក៏ដោយ ក៏​​​អ្នក​ដែល​រកស៊ី​លក់​សាច់​ឆ្កែ​មិន​​ចេះ​​ខ្វះ​អតិថិជន​ដែរ។

ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ខណ្ឌ​​មានជ័យ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​កាលពី​ថ្មីៗ​នេះ​ថា​អ្នកស្រី​មាន​អាជីវកម្ម​កាក់កប​​។

អ្នកស្រី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​អាច​លក់​សាច់​ឆ្កែ​បាន​ចំនួន​បី​ក្បាល​ក្នុង​មួយ​ថ្ងៃ​»​។​ អ្នកស្រី​បាន​បន្ថែម​ថា​ជាពិសេស​នៅ​ថ្ងៃ​សៅរ៍​គឺ​មមាញឹក​ណាស់។ «​វា​ឆ្ងាញ់​ជាង​សាច់​គោ វា​មាន​តម្លៃ​​ ៨០០០ ​រៀល​ (ប្រហែល​ ២ ​ដុល្លារ) ​ក្នុង​មួយ​ចាន​។ វា​ប្រហែល​ ៦០​០០០ ​រៀល (ប្រហែល​ ១៥ ​ដុល្លារ) ​ក្នុង​មួយ​គីឡូក្រាម​ហើយ​ឆ្កែ​មួយ​មាន​ទម្ងន់​ពី​ ១៥ ​ទៅ​ ២០ ​គីឡូក្រាម​»​។

នៅ​ថ្ងៃ​បន្ទាប់​​អ្នកស្រី មិញ ធឿន អាជីវករ​លក់​សាច់​ឆ្កែ​នៅ​ខេត្ត​កណ្តាល​បាន​និយាយ​ថា​ខណៈ​អ្នកស្រី​​លក់​ឆ្កែ​ជា​មធ្យម​​បាន​ចំនួន​មួយ​អ្នកស្រី​អាច​លក់​សត្វ​ឆ្កែ​បាន​ចំនួន​ ១០ ​នៅ​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​កម្មករ​កាត់ដេរ​នៅ​រោងចក្រ​ជិត​នោះ​​មិន​ធ្វើការ​៕ PS

Alana Beitz

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ