ភ្នំពេញៈ ជាមួយនឹងកែវភ្នែកស្រទន់ និងស្នាមញញឹមពព្រាយអ្នកស្រីម៉ាលីសកំពុងអង្គុយបត់ជើងយកដៃឱបពោះដែលមានទម្ងន់នៅក្នុងផ្ទះរបស់អ្នកស្រី ក្នុងភូមិក្រីក្រដាច់ស្រយាលមួយក្នុងប្រទេសកម្ពុជា។
អ្នកស្រីមានផ្ទៃពោះ ៦ ខែហើយដោយកូននៅក្នុងផ្ទៃរបស់អ្នកស្រីគឺជាកូនស្រី។ អ្នកស្រីមិនបានដឹងអំពីឪពុកម្តាយរបស់ក្មេងនោះទេដោយគ្រាន់តែដឹងថា ពួកគេគឺជាជនជាតិចិន។
គ្រាន់តែទ្រនិចនាឡិកាដើរដល់វេលារំលងអធ្រាត្រឈានចូលថ្ងៃទី ៩ ខែមករាស្ត្រីរូបនេះដឹងខ្លួនថាមានបញ្ហាផ្លូវច្បាប់សម្រាប់ការចូលរួមនៅក្នុងករណីពពោះជំនួសនេះ។
តាមច្បាប់អន្តរជាតិករណី «ជួលពពោះជំនួស» ត្រូវបានដាក់ឱ្យស្ថិតនៅក្រៅច្បាប់នៅក្នុងខែតុលាឆ្នាំ ២០១៦ ហើយនៅថ្ងៃទី ៨ ខែមករាឆ្នាំ ២០១៨ នេះគឺជាថ្ងៃផុតកំណត់ ឱសានវាទរបស់ក្រសួងមហាផ្ទៃក្នុងការលើកលែងទោសករណីពពោះជំនួស។
ម្តាយដែលពពោះជំនួសដែលផ្តល់កំណើតកូននៅមុនថ្ងៃទី ៨ ខែមករា និងត្រូវប្រគល់កូននោះទៅឱ្យឪពុកម្តាយដែលជួលឲ្យពពោះនោះដើម្បីអាចគេចផុតពីការកាត់ទោស ខណៈឪពុកម្តាយត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យស្នើសុំទៅតុលាការកម្ពុជាដើម្បីទទួលបានទិដ្ឋាការនាំកូនចេញពីប្រទេសកម្ពុជា។ ឪពុក ម្តាយ ឈ្មួញកណ្តាល និងម្ដាយដែលពពោះជំនួសដែលផ្តល់កំណើតកូន នៅក្រោយថ្ងៃកាលបរិច្ឆេទនោះអាចនឹងត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់។
ក្រសួងមហាផ្ទៃបានព្រមានបែបនេះនៅក្នុងគោលការណ៍ណែនាំដែលបានផ្សព្វផ្សាយជាផ្លូវការទៅកាន់ស្ថានទូតនានាកាលពីខែកក្កដាឆ្នាំមុន។ ប៉ុន្តែការអនុវត្តការហាមឃាត់នេះនៅតែបន្តហើយករណីអ្នកស្រី ម៉ាលីស អាយុ ៣៥ ឆ្នាំគឺជាភ័ស្តុតាងមួយ។
អ្នកស្រី ម៉ាលីស មានកូនផ្ទាល់ខ្លួនពីរនាក់រួចហើយគឺប្រុសទាំង ២ ដែលមានអាយុ ៨ ឆ្នាំ និង ១៥ ឆ្នាំ។ អ្នកស្រីថ្លែងថា៖ «ខ្ញុំសម្រេចចិត្តធ្វើវាពីព្រោះខ្ញុំគ្មានលុយ។ គ្មាននរណាម្នាក់ដាក់សម្ពាធ ឬបង្ខំខ្ញុំទេ ខ្ញុំសម្រេចចិត្តដោយខ្លួនឯង»។
អ្នកស្រីជំពាក់បំណុលគេចំនួន ៤០០០ ដុល្លារ បន្ទាប់ពីអ្នកស្រីបានទិញផ្ទះ និងដី។ ការងារពីមុនរបស់អ្នកស្រីគឺជាកម្មការិនីរោងចក្រកាត់ដេរដែលទទួលបានប្រាក់ខែ ១៥៣ ដុល្លារក្នុងមួយខែ។ សម្រាប់ការយល់ព្រមពពោះកូនឲ្យគេនេះ អ្នកស្រីទទួលបានប្រាក់ចំនួន ៨០០០ ដុល្លារ។ ចិត្តមួយស្ត្រីរូបនេះចង់រក្សាកូននេះទុក ប៉ុន្តែអ្នកស្រីក៏មានការភ័យខ្លាចប៉ូលិសមកសាកសួរផងដែរ។
កាសែតភ្នំពេញប៉ុស្តិ៍សូមរក្សាឈ្មោះ និងទីកន្លែងពិតប្រាកដរបស់អ្នកស្រី ម៉ាលីស ជាសម្ងាត់ដោយសារតែនៅ ៣ ខែទៀតទើបអ្នកស្រី ម៉ាលីស សម្រាលកូនដូច្នេះអ្នកស្រីអាចប្រឈមនឹងផលវិបាកផ្លូវច្បាប់ធ្ងន់ធ្ងររួមទាំងការជាប់ពន្ធនាគារជាច្រើនឆ្នាំផងដែរ។
រដ្ឋាភិបាលមិនទាន់បានធ្វើសេចក្តីព្រាងច្បាប់ស្តីពីករណីស៊ីឈ្នួលពពោះជំនួសនៅឡើយទេ ដូច្នេះហើយឪពុកម្តាយឈ្មួញកណ្តាល និងម្តាយដែលស៊ីឈ្នួលពពោះជំនួសអាចត្រូវបានផ្តន្ទាទោសតាមច្បាប់ដែលបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
នៅពេលទាក់ទងកាលពីម្សិលមិញអនុប្រធានអចិន្រៃ្តយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សលោកស្រី ជូ ប៊ុនអេង បានថ្លែងថា ប្រកាសនឹងចេញក្នុងពេលឆាប់ៗនេះដែលរៀបរាប់លម្អិតអំពីការដាក់ទណ្ឌកម្មចំពោះអ្នកដែលពាក់ព័ន្ធនឹងករណីពពោះជំនួស ប៉ុន្តែលោកស្រីកំពុងរង់ចាំរបាយការណ៍ពីក្រសួងកិច្ចការនារី។ ទន្ទឹមនេះដែរលោកស្រីបានចង្អុលបង្ហាញថាការពពោះជំនួសនៅតែបំពានក្រមព្រហ្មទណ្ឌកម្ពុជាហើយនឹងត្រូវកាត់ទោសផងដែរ។
លោកស្រីបន្តថា៖ «គោលការណ៍ណែនាំនេះក៏ហាមប្រាមផងដែរមិនឲ្យមានករណីពពោះជំនួសថ្មី [ហើយជនល្មើស] នឹងប្រឈមមុខចំណាត់ការផ្លូវច្បាប់តាមក្រមព្រហ្មទណ្ឌ»។
លោកស្រីថ្លែងថាមានមនុស្ស ២ ក្រុមដែលនឹងរងប៉ះពាល់គឺអ្នកដែលដើររកស្ត្រីពពោះកូន និងម្តាយដែលពពោះជំនួសតែម្តង។ «ដោយសារស្ត្រីនោះផ្តល់កំណើតដល់កូននាងជាម្តាយ ហើយប្រសិនបើនាងបោះបង់ [កូនខ្លួន] នាងនឹងបំពានច្បាប់ស្តីពីការទទួលខុសត្រូវរបស់ម្តាយ ហើយប្រសិនបើស្ត្រីនោះពាក់ព័ន្ធនឹងការលក់កូនខ្លួនឯងទៅអ្នកដទៃគាត់នឹងត្រូវទទួលទោស»។
តាមច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ «ជនដែលលក់ ទិញ ឬដោះដូរមនុស្សម្នាក់ទៀតនឹងត្រូវដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ»។ ការកាត់ទោសដាក់ពន្ធនាគារនោះអាចមានរយៈពេលរហូតដល់ ១៥ ឆ្នាំ ប្រសិនបើជននោះ «ត្រូវបានលក់» សម្រាប់គោលបំណងស្មុំកូនយកទៅចិញ្ចឹម និងម្តងទៀតរហូតដល់ ២០ ឆ្នាំប្រសិនបើជនរងគ្រោះជាអនីតិជន។ លោកស្រី ប៊ុនអេង បន្តថា៖ «ស្ត្រីដែលមានផ្ទៃពោះមិនខុសច្បាប់ទេ ប៉ុន្តែប្រសិនបើពួកគេមានផ្ទៃពោះហើយបោះបង់សិទ្ធិជាម្តាយនោះពួកគេនឹងខុស»។
គោលការណ៍ណែនាំដូចគ្នាទាំងនោះដែលចេញកាលបរិច្ឆេទផុតកំណត់ត្រឹមថ្ងៃទី ៨ ខែមករាចំពោះការ «លើកលែងទោស» ការពពោះជំនួសក៏បានណែនាំឪពុកម្តាយឲ្យចុះបញ្ជីបំណងរបស់ពួកគេក្នុងការទាមទារសិទ្ធិយកកូនរបស់ខ្លួនទៅតុលាការ។
លោកស្រី ជូ ប៊ុនឡេង បានថ្លែងថាមានករណីតែ ១២ ប៉ុណ្ណោះបានដាក់ទៅតុលាការក្នុងចំណោមការពពោះដែលសង្ស័យថាមានរាប់រយ។
គិតមកត្រឹមចុងខែធ្នូ «តុលាការមិនទាន់ធ្វើសេចក្តីសម្រេចណាមួយនៅឡើយទេ» នៅក្នុងករណីទាំងនោះ។ នេះបើតាមលោក សួស វិជ្ជារានឌី អនុប្រធានរដ្ឋបាលនៅសាលាដំបូងរាជធានីភ្នំពេញ។
លោក សុខ វាសនា ប្រធាននាយកដ្ឋានទូទៅនៃអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានថ្លែងថាមិនទាន់មានទិដ្ឋាការចេញណាមួយសម្រាប់កូនទើបកើតតាមរយៈការពពោះជំនួសត្រូវបានចេញឲ្យនៅឡើយទេ ចាប់តាំងពីគោលការណ៍ណែនាំទាំងនេះត្រូវបានផ្សព្វផ្សាយជាផ្លូវការកាលពីខែកក្កដា។
លោក វាសនា ថ្លែងកាលពីថ្ងៃចន្ទថា៖ «យើងមិនទាន់បានចេញទិដ្ឋាការណាមួយនៅឡើយទេយើងនៅកំពុងរង់ចាំលិខិតដែលចុះហត្ថលេខាដោយក្រសួងមហាផ្ទៃ ឬលោកស្រី ជូរ ប៊ុនអេង»។
លោក Sam Everingham នៅទីភ្នាក់ងារគ្រួសារតាមរយៈការពពោះជំនួសបានថ្លែងថាចំនួនចុះបញ្ជីតិចគឺគ្មានអ្វីភ្ញាក់ផ្អើលទេ។
លោកថ្លែងថា៖ «ខ្ញុំជឿថាគ្រួសារតិចតួចណាស់ដែលបានចុះបញ្ជីជាមួយរដ្ឋាភិបាលដោយសារការមិនទុកចិត្តរដ្ឋាភិបាលកម្ពុជា និងការភ័យខ្លាចថារដ្ឋាភិបាលកម្ពុជានឹងរារាំងជាជាងជួយដល់ដំណើរការនេះ»។ លោកបន្ថែមថាទីភ្នាក់ងារពពោះជំនួសក៏ទំនងជាមិនលើកទឹកចិត្តឪពុកម្តាយទាំងនោះឲ្យចុះបញ្ជីដែរ។
លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាថ្លែងថាឱសានវាទថ្ងៃទី ៨ មករាគឺមិនគ្រប់គ្រាន់ទេសម្រាប់ស្ត្រីពពោះជំនួសដែលភាគច្រើនជាអ្នកក្រ គ្មានការអប់រំ និងរស់នៅតំបន់ដាច់ស្រយាល។
លោកស្រីបន្តថា៖ «ខ្ញុំមិនយល់ស្របនឹងអាជីវកម្មពពោះជំនួសទេ ប៉ុន្តែត្រូវការពេលវេលាដើម្បីដោះស្រាយបញ្ហានេះ។ ពួកគេពិតជាមិនមានជម្រើស... ពួកគេសុខចិត្តធ្វើជាម្តាយពពោះជំនួសគឺដោយសារពួកគេក្រីក្រ»។ «ខ្ញុំគិតថា មេខ្យល់នឹងដឹង ប៉ុន្តែជនរងគ្រោះមិនដឹងអំពី [កាលបរិច្ឆេទផុតកំណត់] ទេ។ ប្រសិនបើដាក់ទោសទណ្ឌម្តាយពពោះជំនួស វាហាក់បីដូចជាធ្វើឲ្យពួកគេក្លាយជាជនរងគ្រោះទ្វេដង»៕ NS/PS