ភ្នំពេញៈ របាយការណ៍​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC) ​បាន​បង្ហាញ​អំពី​ការ​បន្ត​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​នៅ​តាម​រោងចក្រ​ដែល​ត្រូវ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ ខណៈ​បញ្ហា​នេះ​ជា​បញ្ហា​មួយ​​ដែល​កំពុង​ត្រូវ​បាន​ពិភាក្សា​ដោយ​សហជីព​ក្រសួង​ការងារ និង​និយោជក ប៉ុន្តែ​បាន​បង្ហាញ​ថា ស្ទើរ​តែ​គ្មាន​ករណី​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​តាម​រោងចក្រ​។

កម្មវិធី​អនុលោមភាព​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ប្រចាំ​ឆ្នាំ​ទៅ​លើ​រោងចក្រ​នាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​ដែល​មាន​សហគ្រាស​ចំនួន​ ៣៩៥​ ​ក្នុង​ចំណោម​សហគ្រាស​ ៥៥៨ ​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​គម្រោង រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​រកឃើញ​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​តែ​ ៤ ​ករណី​ប៉ុណ្ណោះ​នៅ​តាម​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ហើយ​ករណី​ ៣ ​ក្នុង​ចំណោម​ករណី​ទាំង​ ៤ ​នោះ​កុមារ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ទទួល​បាន​ប្រាក់ខែ​ប្រចាំខែ​ផង​ដែរ​។

លោកស្រី Esther Germans ប្រធាន​កម្មវិធី BFC បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា សមិទ្ធផល​ដ៏ធំ​បំផុត​គឺ​ថា​គំនិត​ផ្តួចផ្តើម​តម្លាភាព​របស់​យើង​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ និង​ការ​កាត់បន្ថយ​ករណី​ពលកម្ម​កុមារ​បាន​យ៉ាងច្រើន​។ តាមរយៈ​ការងារ​របស់​យើង យើង​ឃើញ​ថា​ភាគច្រើន​បំផុត​នៃ​កុមារ​ទាំង​នោះ​គឺ​ប្រើ​ឯកសារ​ក្លែងក្លាយ​»​។

ទោះ​យ៉ាង​ណា​ក្តី​របាយការណ៍​បាន​បង្ហាញ​ថា​មិនមាន​ការ​កែលម្អ​ច្រើន​ទេ​លើ​លក្ខខណ្ឌ​សុខភាព និង​សុវត្ថិភាព​កម្មករ​ដែល​ប្រហែល​ ១ ​ភាគ​ ៣ ​នៃ​រោងចក្រ​ទាំង​នោះ​បន្ត​ប្រើប្រាស់​កិច្ចសន្យា​មាន​ថិរវេលា​កំណត់​ជា​ជាង​កិច្ចសន្យា​ការងារ​មាន​ថិរវេលា​មិន​កំណត់​បន្ទាប់ពី​ធ្វើការ​បាន​ ២ ​ឆ្នាំ​។

៣៥ ​ភាគរយ​នៃ​រោងចក្រ​ទាំង​នោះ​មិន​បាន​ផ្ទេរ​កម្មករ​ទៅ​កិច្ចសន្យា​មាន​ថិរវេលា​មិន​កំណត់​បន្ទាប់ពី​ធ្វើការ​បាន​ពីរ​ឆ្នាំ ផ្អែក​ទៅ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ខណៈ​រោងចក្រ​ចំនួន​ ១៦៦ ​មិន​ផ្តល់​ជម្រើស​នៃ​ការ​ផ្តល់​កិច្ចសន្យា​មាន​ថិរវេលា​មិន​កំណត់​ទៅ​កម្មករ​ទាល់​តែ​សោះ​។

ការ​បន្ត​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​គឺ​នៅ​តែ​ជា​បញ្ហា​ចម្រូងចម្រាស​រវាង​សហជីព និយោជក និង​ក្រសួង​ការងារ​ខណៈ​កម្មករ​ត្អូញត្អែរ​ថា​ការ​បន្ត​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​ទាំង​នេះ​ប៉ះពាល់​ដល់​សន្តិសុខ​ការងារ​របស់​ពួកគេ​។

បញ្ហា​នេះ​មាន​លក្ខណៈ​ខ្លាំង​ឡើង​បន្ទាប់ពី​ក្រសួង​ការងារ​កាលពី​ខែ​វិច្ឆិកា បាន​សម្រេច​បកស្រាយ​ច្បាប់​ធ្វើឲ្យ​កិច្ចសន្យា​មួយ​ក្លាយ​ជា​កិច្ចសន្យា​មាន​ថិរវេលា​មិន​កំណត់​លុះត្រា​តែ​ធ្វើ​ការងារ​បាន​ ៤ ​ឆ្នាំ​ហើយ​ត្រូវ​បាន​រិះគន់​ដោយ​សហជីព និង​សកម្មជន​សិទ្ធិ​ការងារ​។

អ្នកស្រី សៀក ហុង មេដឹកនាំ​សហជីព​ម្នាក់​នៅ​រោងចក្រ Horizon ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ថា​កម្មករ​ទទួល​បាន​កិច្ចសន្យា​តែ​រយៈពេល​ ៣ ​ខែ​ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​របស់​សហជីព​ដោយសារ​ការ​ភ័យខ្លាច​។

អ្នកស្រី​បាន​បន្ត​ថា​៖ «​យើង​បាន​ខិតខំ​តស៊ូ​ជាច្រើន​ដើម្បី​រៀបចំ​សហជីព​នៅក្នុង​រោងចក្រ​នេះ​ខណៈ​កម្មករ​មាន​ការ​ភ័យខ្លាច​ថា​រោងចក្រ​នឹង​មិន​បន្ត​កិច្ចសន្យា​ដល់​ពួកគេ ប្រសិន​បើ​រោងចក្រ​ដឹង​ថា​កម្មករ​ទាំង​នោះ​ជា​សមាជិក​សហជីព​»​។

នៅ​ក្នុង​អត្ថាធិប្បាយ​សង្ខេប​មួយ​តំណាង​និយោជក លោក កាំង ម៉ូនីកា បាន​ថ្លែង​ថា​របាយការណ៍​នេះ​គឺជា​សូចនាករ​បង្ហាញ​អំពី​ការ​កែលម្អ​ស្តង់ដារ​រោងចក្រ ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​កិច្ចសន្យា​ការងារ ឬ​បញ្ហា​សុខភាព​ និង​សុវត្ថិភាព​កម្មករ​ទេ​ដោយ​លោក​ថ្លែង​ថា​នៅ​មាន​ចំណុច​មិន​យល់​ស្រប​គ្នា​មួយ​ចំនួន​ចំពោះ​លទ្ធផល​រកឃើញ​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​របាយការណ៍​នេះ​មិន​សុក្រឹត​ ១០០ ​ភាគរយ​ទេ ហើយ​ពេល​ខ្លះ យើង​មិន​យល់​ស្រប​ជាមួយ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC)»​។

របាយការណ៍​នេះ​បង្ហាញ​ការ​កើនឡើង​បន្តិច​ចំពោះ​ហិង្សា​ទៅ​លើ​សេរីភាព​នៃ​សមាគម និង​ការ​រារាំង​នៅ​ក្នុង​ប្រតិបត្តិការ​របស់​សហជីព​៕ PS