ភ្នំពេញៈ កូនស្រីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា សហភាពអឺរ៉ុប (EU) នឹងបើកកិច្ចប្រជុំថ្មីមួយនៅថ្ងៃទី ២៦ ខែកុម្ភៈដើម្បីពិភាក្សាត្រួតពិនិត្យថា តើ EU នឹងនៅតែបន្តលើការអនុគ្រោះពន្ធឲ្យកម្ពុជា នាំទំនិញចូលទៅកាន់អឺរ៉ុបជាបន្តទៀត ឬ ក៏ត្រូវព្យួរមួយរយៈ បន្ទាប់ពីកម្ពុជាបានចាប់ឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំង និងបានរំលាយគណបក្សប្រឆាំង។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកការថ្លែងរបស់កញ្ញា កឹម មនោវិទ្យា ថាជាសម្តីឥតប្រយោជន៍។
កញ្ញា មនោវិទ្យា បានថ្លែងនៅក្នុងវេទិកាជួបជុំសាធារណៈជាមួយអ្នកគាំទ្រ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិកថា ក្រៅពីសហរដ្ឋអាមេរិក គេឃើញមាន EU ក៏កំពុងមានយុទ្ធនាការដកជំនួយពីស្ថាប័នរដ្ឋាភិបាលកម្ពុជាដូចជា គ.ជ.ប និងជំនួយផ្សេងៗទៀត ព្រមទាំងដកសេចក្ដីទុកចិត្តមកលើរដ្ឋាភិបាលកម្ពុជាផងដែរ។
កញ្ញាបន្តថា ប្រសិនបើ EU ដកជំនួយបែបនេះ គឺស្ថាប័ននោះអស់តម្លៃដូចកាលពីមុនទៀតដែរ។
កញ្ញាបន្តថា លើសពីនេះ EU នឹងមានជំហ៊ានបន្ទាប់ដោយគ្រោងបើកកិច្ចប្រជុំថ្មីមួយនៅថ្ងៃទី ២៦ ខែកុម្ភៈខាងមុខ ដើម្បីពិភាក្សាត្រួតពិនិត្យ ថាតើត្រូវបន្តអនុគ្រោះកូតាលើកលែងពន្ធនាំទំនិញចូលមកកាន់អឺរ៉ុបឲ្យប្រទេសកម្ពុជាជាបន្តទៀត ឬក៏យ៉ាងណា? ក្នុងន័យដើម្បីជំរុញឲ្យមានការសើរើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
កញ្ញា កឹម មនោវិទ្យា បានគូសបញ្ជាក់ថា៖ «EU គេបានចេញសេចក្ដីថ្លែងការណ៍ជាច្រើនដងហើយ ហេតុអ្វីក៏ពួកគាត់ (រដ្ឋាភិបាល) ធ្វើមិនដឹង មិនយល់ ឬមិនព្រមធ្វើ? ខ្ញុំជឿជាក់ថា EU គេនឹងធ្វើវា ហើយការបើកការស៊ើបអង្កេតនេះ គឺជាជំហានទី ១ របស់ EU ដើម្បីឈានទៅរកការចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា»។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងកាលពីម្សិលមិញថា សម្ដីរបស់កញ្ញា កឹម មនោវិទ្យា ជាសម្ដីឥតបានការ និងឥតប្រយោជន៍ ដោយលោកលើកឡើងថាសហភាពអឺរ៉ុបមានការប្រជុំ ឬមិនមានការប្រជុំ មិនមានបញ្ហាអ្វីកើតឡើងទេ ព្រោះការធ្វើជំនួញគឺមានការចំណេញទៅវិញទៅមក។ ចំណែកកម្ពុជាចំណេញមួយចំនួន ដោយសារកម្មករមានការងារធ្វើ ហើយភាគីខាង EU ក៏ចំណេញពីលើកម្មករខ្មែរវិញដែរ។
លោកបន្តថា ប្រសិនបើសហភាពអឺរ៉ុបពិតជាបិទមែននោះគឺមិនមែនតែកម្ពុជាទេ ដែលខាតភាគីខាង EU ក៏ខាតដូចតែគ្នា។
លោកថា៖ «ការប្រជុំនេះ គឺប្រជុំរដ្ឋសភាទេ មិនមែនប្រជុំរដ្ឋាភិបាលបណ្ដាប្រទេសក្នុងសហគមន៍អឺរ៉ុបទេ។ យើងគ្មានបារម្ភអ្វីទេ ព្រោះវាមិនមានហានិភ័យអ្វីកើតឡើងរហូតដល់ស្លាប់ទេ យើងធ្លាប់ឆ្លងកាត់កាលឆ្នាំ ១៩៧៩ សង្គ្រាមហ៊ុមព័ន្ធជុំទិស ក៏យើងនៅតែរស់។ ទម្រាំឥឡូវ យើងរីកចម្រើនគ្រប់វិស័យទៅហើយព្រោះយើងក៏មានមិត្តភក្ដិច្រើនទៀតលើពិភពលោកដែរ»។
តំណាងសហភាពអឺរ៉ុប (EU) ប្រចាំនៅប្រទេសកម្ពុជា មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេកាលពីម្សិលមិញ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយយល់ឃើញថាវាជាការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃការកាត់ផ្តាច់ជំនួយពីប្រទេសមហាអំណាច។ ផលប៉ះពាល់ធំជាងគេ គឺមិនមែនលើអង្គការក្រៅរដ្ឋាភិបាលនោះទេគឺប៉ះពាល់លើកម្មករវិស័យកាត់ដេរ ដែលមានជិតមួយលាននាក់ និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចជាតិទាំងមូលដោយសារប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ផ្នែកវិស័យកាត់ដេរដែលមានអំណោយផលដោយសារការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបនេះ។
លោកបានបញ្ជាក់ថា៖ «ចំពោះខ្ញុំ ខ្ញុំយល់ថា EU នឹងមិនមានគំនិតយកពន្ធពីពលរដ្ឋកម្ពុជាទេ ព្រោះគេមើលឃើញថាពលរដ្ឋកម្ពុជានៅមិនទាន់គេចរួចពីភាពក្រីក្រនៅឡើយ»។
ទាក់ទងនឹងការចាប់ឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំង និងការរំលាយគណបក្សប្រឆាំងនេះដែរ រដ្ឋាភិបាលអាល្លឺម៉ង់បានចាត់វិធានការមួយចំនួនក្នុងរយៈកាលប៉ុន្មានខែនេះ ដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ឲ្យកែលម្អបរិយាកាសនយោបាយដូចការចង្អុលបង្ហាញនៅក្នុងការឆ្លើយតបដោយក្រសួងការបរទេសអាល្លឺម៉ង់ទៅនឹងសំណួររបស់រដ្ឋសភាអាល្លឺម៉ង់ក្នុងនោះ ក៏មានការព្យួរការផ្តល់ទិដ្ឋាការអនុគ្រោះ ចំពោះការធ្វើដំណើរឯកជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារផងដែរ។
ចម្លើយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ដែលផ្ញើទៅសភាអាល្លឺម៉ង់កាលពីថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០១៨ និងដែលទទួលបានដោយភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៦ ខែកុម្ភៈបានបង្ហាញថា រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចព្យួរការផ្តល់ទិដ្ឋាការអនុគ្រោះចំពោះការធ្វើដំណើរឯកជនរបស់សមាជិករដ្ឋាភិបាល «រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសាររបស់លោកមន្ត្រីយោធាជាន់ខ្ពស់ និងប្រធានតុលាការកំពូលរបស់កម្ពុជា»៕