ភ្នំពេញៈ កូនស្រី​អតីត​មេបក្ស​ប្រឆាំង​អះអាង​ថា​គាត់​បាន​ជួប​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ពី​ម្សិលមិញ និង​បាន​ស្នើ​ពួកគេ​ជំរុញ​ប្រទេស​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា​ «​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​» ​ខណៈ​ដែល​បក្ស​កាន់​អំណាច​ចាត់​ទុក​សកម្មភាព​ទាំង​នេះ​ថា​ជា​ «​ឧទ្ទាម​និយម​» ​ដែល​កំពុង​ប្រឈម​ចំពោះ​មុខ​ច្បាប់​។

កញ្ញា​ កឹម មនោវិទ្យា អតីត​អគ្គនាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា និង​ជា​កូនស្រី​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ «​ក្បត់​ជាតិ​» ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ផាទ្រីក មឺហ្វី​ (Patrick Murphy) ​ឧបការីរង​នៃ​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​អាស៊ី​អាគ្នេយ៍​ និង​លោក Randall Schriver ឧបការី​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក​ដើម្បី​ពិភាក្សា​ «​អំពី​ជំហាន​បន្ត​ដែល​សហរដ្ឋអាមេរិក​គួរ​ចាត់​វិធានការ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។

ក្នុង​ជំនួប​ជាមួយ​លោក Patrick Murphy កញ្ញា​ កឹម មនោវិទ្យា អះអាង​ថា​៖ «​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ថា​នឹង​មាន​វិធានការ​ច្រើន​ទៀត​ប្រសិន​បើ​គ្មាន​ការ​វិល​ត្រឡប់​ទេ​។ ខ្ញុំ​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​»​។

កញ្ញា​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​នាង​កំពុង​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​ដែល​គេ​ដឹង​ថា​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​ប្រទេស​ជប៉ុន​ធ្វើការ​ជំរុញ​ឲ្យ​ប្រទេស​ជប៉ុន​ធ្វើ​អ្វីៗ​បន្ថែម​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។

កញ្ញា​ថ្លែង​ថា​៖ «​តាម​ការ​យល់​របស់​ខ្ញុំ​គឺ​ថា​សហរដ្ឋអាមេរិក​កំពុង​ជជែក​ជាមួយ​ប្រទេស​ដែល​មាន​ទស្សនៈ​ដូច​គ្នា​ដូចជា​ប្រទេស​ជប៉ុន​អំពី​កង្វល់ និង​ជំហរ​របស់​ខ្លួន​លើ​ប្រទេស​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ​ក្នុង​ការ​បន្ត​ជួប​ជាមួយ​លោក Randall Schriver ឧបការី​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក កញ្ញា​ កឹម មនោវិទ្យា ​អះអាង​ថា​លោក​ឧបការី Randall «​សម្តែង​ការ​បារម្ភ​អំពី​ស្ថានការណ៍​កាន់​តែ​យ៉ាប់យ៉ឺន​ទៅក្នុង​កម្ពុជា ជាពិសេស​ការ​ចាប់​លោក​ កឹម សុខា ដាក់​ពន្ធនាគារ​»​។

កញ្ញា​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​អំពាវនាវ​ឱ្យ​គាត់​ធ្វើការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​សមភាគី​របស់​គាត់​នៅ​ក្រសួង​ការបរទេស និង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ដើម្បី​ចាត់​វិធានការ​បន្ទាន់​ឆ្លើយតប​នឹង​វិបត្តិ​នៅ​កម្ពុជា​។ ខ្ញុំ​ក៏​បាន​ជំរុញ​ឱ្យ​អាមេរិក​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដូចជា​ប្រទេស​ជប៉ុន​ឱ្យ​ចាត់​វិធានការ​ដូចគ្នា​ជាមួយ​សហរដ្ឋអាមេរិក​»​។

ភ្លាមៗ​បន្ទាប់ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​កាលពី​ពាក់កណ្ដាល​ខែ​វិច្ឆិកា និង​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ជំទាស់​ជាង​​ ១០០ ​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​រហូត​ដល់​ទៅ​ ៥ ​ឆ្នាំ សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្អាក​ជំនួយ​ឲ្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប​) ​និង​ក្រោយ​មក​បាន​ប្រកាស​រឹតបន្តឹង​ទិដ្ឋាការ​ប្រឆាំង​មន្ត្រី​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​ព្រមាន​ចាត់​វិធានការ​បន្ថែម​ទៀត ខណៈ​សហភាព​អឺរ៉ុប​ក៏​បាន​ប្រកាស​ព្យួរ​ជំនួយ​ដល់ គ.ជ.ប សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ដូច​គ្នា​ហើយ​សភា​សហភាព​អឺរ៉ុប​ក៏​បាន​អនុម័ត​ស្នើ​ឲ្យ​គណៈកម្មាធិការ​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ​។

ប៉ុន្តែ​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចាត់​ទុក​សកម្មភាព​របស់​កញ្ញា​ថា​ជា​ «​ឧទ្ទាម​និយម​» ​ដែល​កំពុង​ប្រឈម​ចំពោះ​មុខ​ច្បាប់​។

ការ​ថ្លែង​របស់​លោក​ សុខ ឥសាន ស្រប​គ្នា​នឹង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ ដែល​កាលពី​សប្ដាហ៍​មុន​បាន​ព្រមាន​ចាប់​ខ្លួន​កញ្ញា​ កឹម មនោវិទ្យា ដាក់​ពន្ធនាគារ​ប្រសិន​បើ​នាង​ដាក់​ជើង​ជាន់​ដី​កម្ពុជា​ដោយ​ហៅ​សកម្មភាព​របស់​នាង​នៅ​ក្រៅ​ប្រទេស​ថា​ជា​សកម្មភាព​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ជាដើម​។

លោក​ សុខ ឥសាន ថ្លែង​ថា​៖​ «​ទី​ ១ សកម្មភាព កឹម មនោវិទ្យា ជា​សកម្មភាព​ឧទ្ទាម​និយម​ក្នុង​ខណៈ​ដែល​ខ្លួន​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ដែល​ត្រូវ​ផ្អាក​សកម្មភាព​នយោបាយ​ ៥ ​ឆ្នាំ​នៅ​កម្ពុជា​។ ទី​ ២ វា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ភាព​ទាល់​ច្រក​កាន់តែ​ក្រពុល​មុខ​ក្នុង​ការ​ស្វែងរក​ការ​អន្តរាគមន៍​ពី​បរទេស​ដើម្បី​សម្លាប់​ជាតិ​ខ្លួនឯង ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា​មិន​ទទួល​បាន​នូវ​លទ្ធផល​អ្វី​ទាល់​តែ​សោះ​»​។

លោក​បន្ថែម​ថា​៖ «​ជាពិសេស​ការ​ចលនា​ប្រទេស​ជប៉ុន​ឲ្យ​គាប​សង្កត់​កម្ពុជា​នេះ ខ្ញុំ​យល់​ថា​ចាំ​មើល​ទាំងអស់​គ្នា​ទៅ​។ គេ​ហៅ​ថា​ដេកចាំ ដាំចេក​»​។

លោក​ក៏​បាន​ថ្លែង​សំដៅ​ទៅ​ថ្ងៃ​ ៧ ​មករា​ដែល​លោក​អះអាង​ថា​ជំហរ​របស់​អាមេរិក​គឺ​ផ្ទុយ​នឹង​ការ​អះអាង​របស់​ កឹម មនោវិទ្យា ​រួច​ហើយ​ព្រោះ​ថ្ងៃ​ ៧ ​មករា ត្រូវ​បាន​ស្ថានទូត​អាមេរិក​ក្នុង​នាម​រដ្ឋាភិបាល​អាមេរិក​ទទួល​ស្គាល់​អត្ថន័យ​នៃ​៧​មករា​ដែល​ពី​មុន​មក​មិន​ធ្លាប់​មាន​ការ​ទទួល​ស្គាល់​បែប​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ដូច​នេះ​ខ្ញុំ​យល់​ថា​ពេល​ដែល​ចៅហ្វាយ​នាយ​គាត់ ឬ​ក៏​បង្អែក ឬ​បង្អែក​ខ្នង​ដែល​គាត់​ថា​រឹងមាំ​នោះ​គឺ​វា​ដើរ​ផ្ទុយ​គ្នា​ហើយ​។ វា​អត់​មាន​ប្រយោជន៍​អី​ទៅ​សុំ​អន្តាគមន៍​ពី​សហរដ្ឋ​អាមេរិក​ទេ​»​។

ជាង​នេះ​ទៀត​លោក​ជឿ​ថា​ប្រទេស​ជប៉ុន​នឹង​មិន​ចាត់​វិធានការ​ណា​មួយ​ប្រឆាំង​កម្ពុជា​ទេ​ដោយ​បន្ថែម​ថា​ប្រទេស​ជប៉ុន​ជា​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ត្រឹមត្រូវ ដូច្នេះ​ជប៉ុន​មិន​តាម​អ្នក​ណា​ទាំងអស់​ក្រៅ​ពី​ការ​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ​របស់​ខ្លួន​។

លោក​អះអាង​ថា​៖ «​វា​កាន់​តែ​ជ្រៅ​ទៅៗ​ហើយ​បាន​សេចក្ដី​ថា​អ្នក​ដែល​ធ្វើ​សកម្មភាព​បែប​ឧទ្ទាម​និយម​ប្រឆាំង​នឹង​ប្រទេស​ជាតិ​ខ្លួន​ឯង​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​»​។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា​សកម្មភាព​កូន​ស្រី​លោក​ កឹម​ សុខា មិនមែន​ជា​រឿង​ឧទ្ទាម​នោះ​ទេ ហើយ​សកម្មភាព​ជា​ការ​ប្រើ​សិទ្ធិ​កូន​ខ្មែរ​ដើម្បី​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​ប្រទេស​កម្ពុជា​សន្យា​ថា​គោរព និង​ជួយ​ឧបត្ថម្ភ​ដល់​ការ​ធ្វើ​សកម្មភាព​លើក​ស្ទួយ និង​ការពារ​សិទ្ធិ​មនុស្ស​។

លោក​និយាយ​ថា​៖ «​គ្មាន​យក​ច្បាប់​ណា​ថា​ឧទ្ទាម​គឺ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប អាច​មាន​សិទ្ធិ​បញ្ចេញ​មតិ ម្ល៉ោះ​ហើយ​កាលៈទេសៈ​អ៊ីចឹង​ក៏​គេ​ [​ប្រទេស​] ​ទាំង​នោះ​ទទួល​ស្គាល់​ថា​មាន​ការ​បំផ្លិច​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ការ​ចាប់​ដាក់​គុក​មេដឹកនាំ​គណបក្ស​ប្រឆាំង​។ គេ​សុំ​ឲ្យ​រដ្ឋាភិបាល​យើង​ឲ្យ​វិល​មក​រក​សភាពការណ៍​ដើម​វិញ ហើយ​គេ​ក៏​បាន​ដាក់​ទណ្ឌកម្ម​ជា​បណ្តើរ​ហើយ​»​។

ទោះ​ជា​យ៉ាង​ណា​លោក​ហាក់​យល់​ស្រប​នឹង​លោក​ សុខ ឥសាន ថា​ប្រទេស​ជប៉ុន​មិន​ទាន់​មាន​ជំហរ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​រឿង​ទណ្ឌកម្ម​ជប៉ុន​មិន​ទាន់​ពិនិត្យ​ទេ ព្រោះ​ថា​គេ​ទុក​ឱកាស ឬ​ក៏​ជំហរ​ដើម្បី​ធ្វើ​អន្តរាគមន៍​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ចិត្ត គេ​ប្រើប្រាស់​ឥទ្ធិពល​គេ​ឲ្យ​ប្ដូរ​ចិត្ត​ទៅ​វិញ​»៕