ដោយមានសញ្ញាមិនសូវល្អដែលតភ្ជាប់ពីការវ៉ៃតំណាងរាស្ត្រនៅចុងឆ្នាំ ២០១៥ និងឃាតកម្មលើលោកបណ្ឌិតកែម ឡីនៅឆ្នាំ ២០១៦ ងាកមកប្រមើលមើលក្នុងឆ្នាំ ២០១៧ វិញ ក៏មានព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់ជាច្រើនផងដែរ ក្នុងនោះអ្វីដែលលេចធ្លោជាងគេគឺការឈានពីការចាប់ឃុំខ្លួនថ្នាក់ដឹកនាំគណបក្សជាបន្តបន្ទាប់មកដល់ដំណាក់កាលរំលាយគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំតែមួយនៅកម្ពុជា។
យ៉ាងណាក្ដី ក្នុងចំណោមព្រឹត្តិការណ៍ទាំងនោះភ្នំពេញប៉ុស្ដិ៍សូមដកស្រង់តែរឿងលេចធ្លោខ្លះៗប៉ុណ្ណោះដែលមានខ្លឹមសារដូចខាងក្រោម៖
លោកសម រង្ស៊ី លាលែងពីប្រធានបក្សសង្គ្រោះជាតិនៅថ្ងៃទី ១១ កុម្ភៈ ២០១៧
លោក សម រង្ស៊ី បានលាលែងពីប្រធានបក្សសង្គ្រោះជាតិកាលពីថ្ងៃ ១១ កុម្ភៈ ដើម្បីបញ្ចៀសការរំលាយគណបក្ស បើទោះជាលោកថាជារឿងផ្ទាល់ខ្លួនក្ដី។
ការសម្រេចនេះបានធ្វើឡើងនៅមុនរដ្ឋសភាអនុម័តច្បាប់គណបក្សនៅថ្ងៃ ២០ កុម្ភៈ ក្រោយធ្វើវិសោធនកម្មតាមសំណើលោកហ៊ុន សែន ដែលមិនឲ្យទណ្ឌិតធ្វើប្រធាន និង អនុប្រធានបក្ស។
មួយថ្ងៃបន្ទាប់ លោក កឹម សុខា បានក្លាយជាប្រធានស្ដីទី មុនពេលបក្សសម្រេចឲ្យធ្វើប្រធានដែលមានអនុប្រធាន ៣ រូបតាមសមាជ កាលពីថ្ងៃ ២ មីនា។
ប៉ុន្តែក្រោយបោះឆ្នោត ឃុំ-សង្កាត់ ខែមិថុនា ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មម្ដងទៀត ដោយហាមទណ្ឌិតមិនឲ្យលូកលាន់ក្នុងរឿងនយោបាយក្រោយ លោក សម រង្ស៊ី ជួយឃោសនារកសំឡេងតាមហ្វេសប៊ុក។ ច្បាប់ដែលធ្វើវិសោធនកម្មទាំង ២ លើកនេះបានភ្ជាប់លក្ខខណ្ឌដល់ការរំលាយគណបក្សផងដែរ ខណៈលោក សម រង្ស៊ី អស់សិទ្ធិហើយទៅបង្កើត «សមាគមដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ»។
យ៉ាងណាក្ដីលោក សម រង្ស៊ី បានប្រកាសប្រឡូកក្នុងរឿង នយោបាយវិញ ក្រោយបក្សសង្គ្រោះជាតិត្រូវតុលាកាកំពូលរំលាយកាលពីថ្ងៃទី ១ ៦ខែ វិច្ឆិកា៕
លោក សុខ អាន ទទួលមរណភាពនៅ ប៉េកាំង
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃ ១៥ មីនា នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៦៦ ឆ្នាំ ។
ការបាត់បង់រូបលោកត្រូវបានមន្ត្រីនាំពាក្យគណបក្សកាន់អំណាច និងពលរដ្ឋថា ជាការបាត់បង់អ្នកមានសមត្ថភាពដែលធ្លាប់ចូលរួមកសាងនិងអភិវឌ្ឍប្រទេសជាតិ ពិសេសការតតាំងរឿងក្ដីជាមួយថៃ និងការដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលនាំឲ្យកម្ពុជាមានកិត្យានុភាព។
ពីរថ្ងៃមុនមរណភាពលោកសុខអាន ត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារជា«សម្ដេចវិបុលបញ្ញា»ដើម្បីជាការតបស្នងចំពោះស្នាដៃដែលលោកបានបំពេញចំពោះជាតិ។
ពិធីបុណ្យសពលោកមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ទាំងខ្មែរ និងបរទេសក្នុងនោះក៏មានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ផងដែរ។ រីឯការចំណាយសម្រាប់ពិធីបុណ្យត្រូវបានស្នើថវិកាជាតិប្រមាណ៧៥ម៉ឺនដុល្លារ ប៉ុន្តែដោយមានការរិះគន់ពីមជ្ឈដ្ឋាននានា ការចំណាយនេះត្រូវបានធានាដោយគណបក្សប្រជាជនជំនួសវិញ៕
ប្រកាសសាលក្រមអ្នកសម្លាប់បណ្ឌិតកែមឡី
សំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី នៅហាងស្ដារម៉ាតនៃស្ថានីយប្រេងនៅស្ដុបបូកគោរាជធានីភ្នំពេញ ត្រូវបានតុលាការប្រកាសសាលក្រមផ្ដន្ទាទោសបុរសវ័យ ៤៤ ឆ្នាំ ម្នាក់ឈ្មោះ អឿត អាង ឲ្យជាប់គុក១ជីវិតដោយចោទពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់ ខណៈការស៊ើបពីការលក់អាវុធ និងអ្នកពាក់ព័ន្ធនៅបន្ដ។
អឿត អាង ដែលហៅខ្លួនឯងថា ឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួននៅតាមផ្លូវក្រោយមានឃាតកម្មលើលោកបណ្ឌិតកែម ឡី កាលពីព្រឹកថ្ងៃ១០ខែកក្កដាឆ្នាំ២០១៦។
បើទោះណាជាទោសនោះមានកម្រិតអតិបរមាក្ដី ប៉ុន្តែសម្រាប់អ្នកតាមដានដំណើររឿងនេះថា នោះគ្រាន់តែជាសាលក្រមដែលធ្វើឡើងដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ ខណៈអ្នកនៅពីក្រោយខ្នងរកមិនទាន់ឃើញស្របពេលដែលសហគមន៍ជាតិនិងអន្ដរជាតិថា ជាឃាតកម្មពាក់ព័ន្ធនឹងរឿងនយោបាយ។
សំណុំរឿងនេះមានមនុស្សយ៉ាងតិច៣នាក់ត្រូវបានប្ដឹងក្នុងនោះមានលោកស្រី ថាក់ឡានី, លោកសមរង្ស៊ីនិងលោកគឹម សុខ នៅពេលអ្នកទាំងនោះ ចោទ រដ្ឋាភិបាលថា នៅពីក្រោយ៕
លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួន
អតីតឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ ៣ សីហា ពាក់ព័ន្ធនឹងរឿងផលិតថ្នាំញៀននៅខេត្ត កំពង់ស្ពឺ កាលពីឆ្នាំ ២០១២ ប៉ុន្តែ មជ្ឈដ្ឋានខ្លះថាអាចពាក់ព័ន្ធនឹងការប៉ុនប៉ងបង្កើតសម្ព័ន្ធភាពនឹងបក្សសង្គ្រោះជាតិច្រើនជាង។
ការចាប់ខ្លួននេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក នរ៉ាណាឫទ្ធិអាណាន់ដាយ៉ាត ដែលធ្លាប់មកពីហ្វ៊ុនស៊ិនប៉ិចដូចគ្នា និងបច្ចុប្បន្នជាទីប្រឹក្សាលោក ហ៊ុន សែន ឲ្យលោកនិយាយគ្នាត្រង់ៗពីរឿងទូរស័ព្ទទៅលោក អេង ឆៃអ៊ាង នៅថ្ងៃ៣ មិថុនា (ថ្ងៃស)។
លោកថា៖«បើនៅតែក្បាលរឹង...នោះវាស្មើនឹងបដិសេធសប្បុរសធម៌...សម្ដេចតេជោហ៊ុន សែន»។
មុនចាប់ខ្លួនមានមន្ដ្រីស្និទ្ធនឹងលោកប៊ុនឆៃ ក្នុងរដ្ឋាភិបាលត្រូវបានដកតំណែងជាបន្តបន្ទាប់ ខណៈគណបក្សនៅស្ងៀមស្ងាត់ឯលោកញឹក ប៊ុនឆៃថាបានបំភ្លឺជូននាយករដ្ឋមន្ត្រីរួចហើយ។
យ៉ាងណាក្ដី មកទល់ពេលនេះលោកមិនទាន់ត្រូវបានកាត់ទោសទេ បើទោះជាតុលាការបានស៊ើបសួរហើយក្ដី៕
នគរបាលចាប់ខ្លួន លោកសួន សេរីរដ្ឋា ដែលជាប្រធានគណបក្សអំណាចខ្មែរ
ប្រធានគណបក្សអំណាចខ្មែរលោកសួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះ កាលពីថ្ងៃ ១៣ សីហា ពាក់ព័ន្ធនឹងការបទចោទប្រកាន់ថាបានញុះញង់និងបំបែកបំបាក់មិនឲ្យកងទ័ពស្ដាប់តាមបញ្ជារបស់នាយករដ្ឋមន្ត្រី ខណៈមានការបញ្ជូនទ័ពទៅកាន់ព្រំដែនពេលឡាវ ចូលដីខ្មែរមិនព្រមដកនៅខេត្តស្ទឹងត្រែង។
ការចាប់ខ្លួននេះត្រូវបានអគ្គស្នងការនគរបាលជាតិលោកនេត សាវឿនថា ជាបទល្មើសជាក់ស្ដែង បន្ទាប់ពីលោក សួន សេរីរដ្ឋា បានបង្ហោះសារលើហ្វេសប៊ុកដើម្បីអ្វីដែលលោកថា ជាការបំបែកបំបាក់ និងមើលងាយកងទ័ពប៉ះពាល់កិច្ចការការពារជាតិ។
ទន្ទឹមនឹងការចាប់ខ្លួននេះក៏មានសារថ្កោលទោសពីនាយទាហាននានាទាំងថ្នាក់ក្រសួងនិងបណ្ដាខេត្តដោយបានស្នើដល់តុលាការផ្ដន្ទាទោសឲ្យធ្ងន់ផងដែរ។
ទោះយ៉ាងណាក្ដី លោក សួង សុភ័ណ្ឌ ដែលជាអនុប្រធានគណបក្សនេះបានថ្លែងថា សារដែលលោក សួន សេរីរដ្ឋា បាន បង្ហោះនោះគ្រាន់តែសំដៅលើមេបញ្ជាការមួយចំនួនដែលធ្វើការមិនមានតម្លាភាពប៉ុណ្ណោះ មិនមែនសំដៅដល់កងទ័ពទាំងអស់ទេ។
លោកថា៖«...លោកសួន សេរីរដ្ឋា រិះគន់ស្ថាបនា»។
ទោះយ៉ាងណា លោក សុភ័ណ្ឌ កំពុងក្លាយជាប្រធានគណបក្សអំណាចខ្មែរតាមរយៈអង្គសមាជ ៕
ការចាប់ផ្ដើមឃោសនាបោះឆ្នោតឃុំ-សង្កាត់
យុទ្ធនាការរកសំឡេងឆ្នោត ឃុំ-សង្កាត់ បានចាប់ផ្ដើមពីថ្ងៃ ២០ ឧសភា ដល់ថ្ងៃ ២ មិថុនា ដោយមានគណបក្ស ១២ ចូលប្រកួតដណ្ដើមតំណែងក្នុង ឃុំ-សង្កាត់ ១ ៦៤៦ ទូទាំងប្រទេស។
២ថ្ងៃដំបូងបក្សនីមួយៗបានប្រើសារនយោបាយរៀងៗខ្លួន ដើម្បីទាក់ទាញម្ចាស់ឆ្នោត។
ក្នុងសារបក្សប្រជាជន លោក ហ៊ុន សែន បានលើកឡើងថា៖«គណបក្សប្រជាជនគឺជារបស់ប្រជាជន និងសម្រាប់បម្រើប្រជាជនទូទៅ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដើម្បីយើងរួមគ្នាកសាងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលូតលាស់ខ្លាំងឡើង!នេះហើយគឺជាជោគជ័យរបស់ខ្មែរទាំងអស់គ្នា!!!»។
ដោយឡែកលោក កឹម សុខាប្រធានបក្សសង្គ្រោះជាតិបានបង្ហាញពីសារ៥ចំណុចក្នុងនោះក៏មានគម្រោងចាក់សាច់ប្រាក់៥០លានដុល្លារដល់ឃុំ-សង្កាត់ផងដែរ ប្រសិនបើបក្សលោកឈ្នះឆ្នោតនៅឆ្នាំ២០១៨។
នៅពេលយុទ្ធនាការចាប់ផ្ដើមទាំងអង្គការខុមហ្វ្រែលទាំងអ្នកនាំពាក្យគណបក្សប្រជាជននិងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិសុទ្ធតែថាដំណើរការប្រព្រឹត្តទៅល្អប្រសើរដូចគ្នា៕
គ.ជ.ប ប្រកាសលទ្ធផលឆ្នោតឃុំ-សង្កាត់
គជប បានប្រកាសលទ្ធផលឆ្នោតឃុំ-សង្កាត់នៅថ្ងៃ ២៥ មិថុនា ដោយមានគណបក្ស៧បានឈ្នះតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ ប៉ុន្តែមានតែបក្សប្រជាជននិងបក្សសង្គ្រោះជាតិប៉ុណ្ណោះដែលបានធ្វើជាមេឃុំ-ចៅសង្កាត់ទូទាំងប្រទេស។
តាមលទ្ធផល CPP បាន ៣ ៥៤០ ០៥៦ សំឡេងស្មើ ៥០,៧៦% បានអាសនៈក្រុមប្រឹក្សា ៦ ៥០៣ និងបានធ្វើមេឃុំ-ចៅសង្កាត់ ១ ១៥៦ ខណៈCNRP បាន ៣ ០៥៦ ៨២៤ សំឡេងស្មើ ៤៣,៨៣% បានអាសនៈ ៥ ០០៧ និងបានធ្វើមេឃុំ-សង្កាត់ ៤៨៩។
ក្រៅពីនោះបក្សខ្មែររួបរួមជាតិបានធ្វើមេឃុំមួយនិងបានក្រុមប្រឹក្សា ២៤ បក្សហ្វ៊ុនស៊ិនប៉ិច បានក្រុមប្រឹក្សា ២៨ បក្សLDP បានក្រុមប្រឹក្សា ៤ បក្សសំបុកឃ្មុំបានក្រុមប្រឹក្សា ១ និងបក្សប្រជាធិបតេយ្យមូលដ្ឋានបានអាសនៈក្រុមប្រឹក្សាឃុំ៥៕
អាមេរិក ផ្អាកផ្ដល់ទិដ្ឋាការដល់មន្ត្រីការបរទេស
មួយថ្ងៃបន្ទាប់ពីប្រកាសច្រានចោលការចោទពីរដ្ឋាភិបាលកម្ពុជាដែលថាឃុបឃិតជាមួយ កឹម សុខា ស្ថានទូតអាមេរិកនៅកម្ពុជាកាលពី១៣កញ្ញាបានសម្រេចផ្អាកផ្ដល់ទិដ្ឋាការដល់មន្ត្រីក្រសួងការបរទេសកម្ពុជាចាប់ពីថ្នាក់អគ្គនាយកឡើងទៅ។
ទិដ្ឋាការដែលផ្អាកនោះជាប្រភេទ B1,B2 និង B1/B2 ដែលនេះគឺជាការឆ្លើយតបនឹងការមិនទទួលយកពលរដ្ឋខ្មែរដែលមានទោសនៅអាមេរិកត្រឡប់មកវិញ។ ប៉ុន្តែ មួយថ្ងៃបន្ទាប់មកគឺនៅថ្ងៃ ១៤ កញ្ញា លោក ហ៊ុន សែន បានផ្អាកកិច្ចសហប្រតិបត្តិការស្វែងអិដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជា ខណៈទើបរកឃើញ ៤០ នាក់ក្នុងចំណោមអ្នកបាត់ខ្លួនប្រមាណ ៨០ នាក់៕
ព្រះមហាក្សត្រឡាយព្រះហស្ដលេខាលើច្បាប់ចែកអាសនៈថ្មីបានពី CNRP
វិសោធនកម្មច្បាប់ចំនួន ៤ ទាក់ទងនឹងការបែងចែកអាសនៈថ្មីត្រូវបានព្រះមហាក្សត្រ សម្តេច ព្រះនរោត្ដម សីហមុនី ឡាយព្រះហស្ដលេខាពីថ្ងៃទី ២៥ តុលា ដើម្បីបើកផ្លូវឲ្យ គ.ជ.ប ចែកអាសនៈគណបក្សសង្គ្រោះជាតិ ទៅឲ្យបក្សផ្សេងដែលរាស្ត្រមិនបានគាំទ្រពេលបោះឆ្នោតឃុំ-សង្កាត់និងថ្នាក់ជាតិកន្លងទៅ។
វិសោធនកម្មច្បាប់ទាំងនោះរួមមាន៖ វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ វិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា វិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងវិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ។
មុនឡាយព្រះហស្ដលេខា វិសោធនកម្មច្បាប់ទាំងនេះត្រូវបានរដ្ឋសភា ព្រឹទ្ធសភានិងក្រុមប្រឹក្សាធម្មនុញ្ញ អនុម័តយ៉ាងរហ័ស បើទោះមានការរិះគន់ថា រំលោភឆន្ទៈម្ចាស់ឆ្នោតក្ដី៕
រដ្ឋាភិបាលបិទវិទ្យាស្ថាន NDI និងស្ថានីយវិទ្យុ
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលឧបត្ថម្ភដោយអាមេរិកនិងស្ថានីយវិទ្យុ ៩៣,៥ រួមទាំងស្ថានីយផ្សាយបន្តនៅខេត្តចំនួន ១២ ត្រូវបានរដ្ឋាភិបាលបិទ ខណៈស្ថានីយ ១០ ផ្សេងទៀតក៏ត្រូវបិទដែរ។
ការបិទដោយក្រសួងការបរទេសកាលពីថ្ងៃ ២៣ សីហា ក៏មានការដាក់កំហិតដល់បុគ្គលិកបរទេសឲ្យចេញពីកម្ពុជា ក្នុងពេល ៧ ថ្ងៃជាអ្វីដែលរដ្ឋាភិបាលថា ដើម្បីអនុវត្តច្បាប់ «ឲ្យបានត្រឹមត្រូវមានប្រសិទ្ធភាព នីតិរដ្ឋ និង ការគោរពអធិបតេយ្យកម្ពុជា»។
បើតាមក្រសួងថា ការបិទនេះដោយសារ NDI មិនបានគោរពច្បាប់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលនិងច្បាប់ពន្ធដារ។ប៉ុន្តែករណីនេះបានកើតឡើងបន្ទាប់ប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលបញ្ចេញបន្ដបន្ទាប់នូវសារបង្ហោះតាមហ្វេសប៊ុកថា NDI ជួយបក្សប្រឆាំង។
ភ្លាមៗនោះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានច្រានចោលព័ត៌មាននេះថា មានភាពមិនត្រឹមត្រូវនិងបានដាក់ចេញជាសំណួរថា តើកម្ពុជាប្ដេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យឬទេ?
បើតាមស្ថានទូត NDI បានចុះអនុស្សរណៈជាមួយគជបនិងក្រសួងមហាផ្ទៃព្រមទាំងបានធ្វើការមិនលម្អៀងជាមួយគណបក្សធំៗ ទាំងអស់រួមទាំងគណបក្សប្រជាជនផងដែរ។
លោកគល់ បញ្ញា នាយកខុបហ្វ្រែលថា ការនេះជារឿងមិនត្រឹមត្រូវ។
លោកថា៖«តាំងពីទសវត្សរ៍ ៩០ គឺជាង ២០ ឆ្នាំហើយដែល NDI ជួយលើកស្ទួយប្រជាធិបតេយ្យ ការបោះឆ្នោត ជួយស្ត្រីរឿងនយោបាយនិងកិច្ចការជាច្រើនជាមួយNGO...»៕
សមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ទាំងយប់ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ
លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅយប់អធ្រាត្រឈានចូលព្រឹកថ្ងៃទី ៣ កញ្ញា នៅផ្ទះលោកក្នុងខណ្ឌទួលគោក ដោយភ្ជាប់សារលោកថ្លែងនៅបរទេសថា ជាបទល្មើសជាក់ស្ដែង។
ដោយបានហៅទោសលោកកឹម សុខា ជាទោសក្បត់ជាតិលោកហ៊ុន សែន បានថ្លែងក្នុងឃ្លីបវីដេអូមួយកុំឲ្យអាមេរិកនិងប្រទេសដទៃលូកដៃក្នុងអធិបតេយ្យនិងផលប្រយោជន៍កម្ពុជា។
លោកថា អាមេរិកាំងធ្លាប់ធ្វើរឿងនេះជាមួយលន់ នល់ ឥឡូវអាមេរិកធ្វើជាមួយ កឹម សុខាខណៈលោកភ្ជាប់ករណីនេះថាមានរយៈពេលជាង២០ឆ្នាំ។
ក្នុងសារដែលរដ្ឋាភិបាលដកពីបណ្ដាញផ្សព្វផ្សាយ Cambodian Braodcasting Network (CBN) បានលើកយកសម្ដីលោកកឹមសុខានៅអូស្ដ្រាលីក្នុងឆ្នាំ២០១៣ទាក់ទងនឹងការរៀបចំយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្ដូរមេដឹកនាំពីក្រោមឡើងលើ។
លោកកឹមសុខាថា ការដែលអាមេរិកជួយលោកគឺគេឲ្យយកគំរូតាមប្រទេសយូហ្គោស្លាវី ស៊ែប៊ី ដែលប្ដូរមេដឹកនាំផ្ដាច់ការ...។
លោក កឹម សុខា ត្រូវបានចោទតាមមាត្រា៤៤៣គឺជាអំពើត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេសឬភ្នាក់ងារហើយអាចចោទពីបទក្បត់ជាតិឬប៉ះពាល់ដល់សន្តិសុខជាតិអាស្រ័យលើការស៊ើបអង្កេតបន្ថែម។ នេះតាមមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ ក្រោយចាប់ខ្លួនភ្លាម។
ភ្លាមៗគណបក្សសង្គ្រោះជាតិបានហៅការចាប់ខ្លួនលោក កឹម សុខា ថា ជារឿងនយោបាយ ខណៈអ្នកវិភាគលោកសូ ចន្ថា ថាជាវប្បធម៌លាបពណ៌ដើម្បីឈ្នះចាញ់និងនាំគ្រោះថ្នាក់ដល់ប្រជាធិបតេយ្យ...។
គិតពីថ្ងៃចាប់ខ្លួនដល់ខែធ្នូលោកកឹម សុខា ត្រូវបាននាំយកទៅសួរចម្លើយបន្ដបន្ទាប់ទាំងនៅភ្នំពេញនិងនៅខេត្តត្បូងឃ្មុំជាអ្វីដែលមេធាវីការពារលោកថា ជាសំណួរដាក់បន្ទុកជាជាងរកយុត្តិធម៌៕
មន្ត្រី គជប ៣ នាក់បានលាលែងពីតំណែង
៤ថ្ងៃ បន្ទាប់ពីបក្សខ្លួនត្រូវ បានរំលាយ មន្ត្រី (គជប) មក ពីបក្សសង្គ្រោះជាតិ ៣ រូបក្នុង ចំណោម ៤ រូបបានលាលែងពីតំណែង ខណៈមានការតម្រូវឲ្យ គជប ចែកអាសនៈពីបក្សខ្លួនឲ្យបក្សផ្សេង។
លោក គួយ ប៊ុនរឿន អនុប្រធាន គជប លោករ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ជាសមាជិកបានដាក់ពាក្យទៅរដ្ឋសភានៅថ្ងៃ២០ វិច្ឆិកាដើម្បីលាលែង។
ក្នុងលិខិតលាលែងបានហៅការយកអាសនៈពីបក្សសង្គ្រោះជាតិដែលរាស្ត្របោះឆ្នោតជូនទៅឲ្យបក្សផ្សេងថា ជារឿងរំលោភលើឆន្ទៈរាស្ត្រ និងបានបញ្ជាក់ថា«ទង្វើនេះវាជះឥទ្ធិពលផ្ទាល់ដល់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ដែលមិនអាចធានានូវការបោះឆ្នោតមួយមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌...»។
សមាសភាពគជបថ្មីបានកើតឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងបក្សប្រជាជននិងបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៤ តាមរូបមន្ត៤-៤-១ ពោលគឺគណបក្សនីមួយៗមាន៤រូប និង១រូប មកពីសង្គម ស៊ីវិល៕
សភាប្រកាសសុពលភាពសមាជិក ៤៤ នាក់ថ្មី
សមាជិកសភា៤៤រូបក្នុងចំណោម ៥៥ រូប ត្រូវបានផ្ដល់សុពលភាព កាលពីថ្ងៃ ២៧ វិច្ឆិកា បន្ទាប់ពី គជប យកពីបក្សសង្គ្រោះជាតិទៅឲ្យបក្សចំនួន ៦ ខណៈបក្ស ២ មិនព្រមទទួល។
កៅអីទាំងនោះត្រូវបានចែកឲ្យបក្សហ្វ៊ុនស៊ិនប៉ិច ៤១ បក្សសញ្ជាតិកម្ពុជា ២ និងបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបាន ១។ រីឯ ១១ ផ្សេងទៀតបន្ថែមឲ្យបក្សប្រជាជនដែលធ្វើឲ្យបក្សកាន់អំណាចនេះមានអាសនៈរហូតដល់ ៧៩ បន្ទាប់ពីបក្សសម្ព័ន្ ធដើម្បីប្រជាធិបតេយ្យរបស់លោកខឹម វាសនា និងបក្សខ្មែរឈប់ក្ររបស់លោកក្រវាញ ដារ៉ន មិនទទួលយកដោយសារអយុត្តិធម៌ និងក្បត់ឆន្ទៈម្ចាស់ឆ្នោត។
អតីតតំណាងរាស្ដ្របក្សសង្គ្រោះជាតិលោកឡុង បុត្តា បានហៅការប្រកាសសុពលភាពនេះថាជារឿងលើសពីការខ្មាសអៀនខណៈមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិលោកហ្វីលរ៉ូបឺសុនថាធ្វើឲ្យប្រជាធិបតេយ្យដើរថយក្រោយ ហើយមន្ត្រីឃ្លាំមើលការបោះឆ្នោតថា ជាការបរាជ័យបំពេញតាម«ទស្សនវិជ្ជាប្រជាធិបតេយ្យ»៕
សហភាពអឺរ៉ុបផ្អាកជំនួយដល់ គជប ឯសភាជំរុញឲ្យបង្កកទ្រព្យមន្ត្រីរឿងរំលាយបក្សប្រឆាំង
សហភាពអឺរ៉ុប (EU) នៅថ្ងៃ ១២ ធ្នូ បានប្រកាសព្យួរជំនួយដល់ គជប ដោយសារគ្មានជំនឿលើដំណើរការរៀបចំការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ខណៈសភា EU ក៏បានស្នើឲ្យមានការដាក់កម្រិតទិដ្ឋាការ និង បង្កកទ្រព្យសម្បតិ្ត អ្នកពាក់ព័ន្ធនឹងការរំលាយគណបក្សប្រឆាំង។
សេចក្ដីប្រកាសរបស់ EU ថា វិធានការលើបក្សប្រឆាំងដែលមានសំឡេងឆ្នោត ៤៤,៥% នៅឆ្នាំ ២០១៣ និង ៤៣,៨% នៅឆ្នាំ ២០១៧ និងការរំលាយបក្សនេះរួចចែកអាសនៈឲ្យបក្សផ្សេងជាការបដិសេធជម្រើសពលរដ្ឋ។
ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃ ១ ៤ធ្នូ សភាអឺរ៉ុប ក៏បានអនុម័តសេចក្ដីសម្រេចឲ្យ គណៈកម្មការសហភាពអឺរ៉ុបនិងសេវាកិច្ចការបរទេសអឺរ៉ុប (EEAS) ដាក់កម្រិតទិដ្ឋាការនិងបង្កកទ្រព្យ អ្នកទទួលខុសត្រូវរំលាយបក្សប្រឆាំង និង អ្នកបំពានសិទ្ធិមនុស្សព្រមទាំងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងនាំចូលទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ផងដែរ។
ប៉ុន្តែមន្ត្រី គជប និងរដ្ឋសភា បានសម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់ EU ដែលវាយតម្លៃជាមុនលើ គជប ខណៈអ្នកនាំពាក្យគណៈរដ្ឋមន្ត្រីលោកផៃស៊ីផាន ថា មិនខ្វល់ពីរឿងដាក់កម្រិតទិដ្ឋាការ និងជំរុញឲ្យ EU បន្ដធ្វើ ខណៈលោករីករាយនឹងសេរីភាពនៅកម្ពុជា៕
បង្ក្រាបទីតាំងសង្វៀនជល់មាន់ របស់កូនប្រសាបងប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី
ទីតាំងសង្វៀនបព្ជាល់មាន់ខុសច្បាប់ដ៏ធំមួយដែលជារបស់ឈ្មោះ ថៃ ផានី ហៅ ម៉ាប់ ត្រូវជាកូនប្រសា លោក ហ៊ុន សាន ជាបងបង្កើតនាយករដ្ឋមន្ត្រីត្រូវបានបង្ក្រាបកាលពីថ្ងៃ៤ ធ្នូ នៅឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្ដាល។
ក្នុងប្រតិបត្តិការនោះមានមនុស្សប្រមាណ ២០០ នាក់ត្រូវបានឃាត់ខ្លួនជាមួយភ័ស្ដុតាងខណៈនាយករដ្ឋមន្ត្រីបញ្ជាឲ្យអ្នកនៅពីក្រោយខ្នងចូលខ្លួនឲ្យសមត្ថកិច្ចបន្ទាន់និងបានព្រមានថានឹងបញ្ជាឲ្យចាប់ខ្លួនដោយគ្មានការលើកលែង បើទោះជាអ្នកទាំងនោះត្រូវជាក្មួយឬក្មួយប្រសាលោកក្ដី។
ទន្ទឹមនឹងនោះក៏មានឯកសារស៊ីសំណូកជាប្រព័ន្ធបានលេចធ្លាយផងដែរ ក្នុងនោះអ្នកទទួលសំណូកមានចាប់ពីមេឃុំ មេប៉ុស្ដិ៍ អធិការ ស្នងការ ព្រះរាជអាជ្ញា អភិបាលខេត្ត និងអ្នកសារព័ត៌មានជាដើម...។
ទោះជាយ៉ាងណា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនបានចាត់វិធានការទេ ដោយលោកថា អ្នកទាំងនោះគ្មានកំហុសនិងថាម្ចាស់សង្វៀនខ្លាចតែនាយករដ្ឋមន្ត្រីជាអ្វីដែលមន្ត្រីសង្គមស៊ីវិលសម្ដែងការខកចិត្តដែលខុសពីការឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្សដោយចោទថា ពាក់ព័ន្ធនឹងរឿងសូកប៉ាន់និងសមគំនិតសូកប៉ាន់សាក្សីរឿងស្រីកំណាន់លោកកឹម សុខា...។
ទោះយ៉ាងណា រឿងនេះមានតែសត្វមាន់ជល់ចំនួន៩២ក្បាលប៉ុណ្ណោះដែលត្រូវតុលាការចេញដីកាឲ្យប្រហារជីវិត ក្រោមហេតុផលថា លំបាកថែរក្សាចំណាយសោហ៊ុយច្រើននិងថាដើម្បីបង្ការកុំឲ្យមានបទល្មើសជាថ្មី ដែលការសម្រេចនេះធ្វើឲ្យមានការរិះគន់តាមប្រព័ន្ធសង្គមជាច្រើនជាមួយនឹងការដាក់សំណួរថាតើមាន់ទាំងនោះមានកំហុសអ្វី? ៕
គណបក្សសង្គ្រោះជាតិត្រូវបានរំលាយនិងហាមមន្ត្រី ១១៨ រូបមិនឲ្យធ្វើនយោបាយ
នៅទីបំផុតគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំតែមួយនៅកម្ពុជាត្រូវបានតុលាការកំពូល សម្រេចរំលាយចោលនិងហាមមន្ត្រី១១៨រូបមិនឲ្យធ្វើនយោបាយ៥ឆ្នាំបន្ទាប់ពីបើកសវនាការពេញមួយថ្ងៃគឺនៅថ្ងៃ១៦ វិច្ឆិកា ឆ្នាំ២០១៧ ជាការសម្រេចដែលមន្ត្រីបក្សប្រឆាំងថាជាការបញ្ចប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សវនាការដែលមានចៅក្រម៩រូបនេះមានការពង្រាយកម្លាំងប្រដាប់អាវុធយ៉ាងច្រើននៅតាមផ្លូវសំខាន់ៗនៅភ្នំពេញខណៈដែលប៉ុន្មានថ្ងៃមុនមានការរឹតបន្ដឹងខ្លាចមានចលនាតវ៉ាមកពីបណ្ដាខេត្តនានាជាអ្វីដែលអាជ្ញាធរថាធ្វើដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខនៅក្នុងសង្គម។
ខណៈកំពុងប្រកាសសាលដីកា លោក ឌិត មុន្ទី ដែលជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សកាន់អំណាចនិងជាប្រធានអង្គជំនុំជម្រះបានចាត់ទុកការមិនធ្វើសារណាឆ្លើយតបនឹងបណ្ដឹង និងការនៅស្ងៀមស្ងាត់របស់គណបក្សសង្គ្រោះជាតិថា ជាការ«សារភាពចំពោះអង្គហេតុ»ទាក់ទងនឹងការចោទពីបទក្បត់ជាតិនិងធ្វើបដិវត្តន៍ពណ៌ដែលតាមបណ្ដឹងថា បានប្រព្រឹត្តតាំងពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០១៧។
ក្រោយការប្រកាសសាលដីកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅតាមទូរទស្សន៍គាំទ្រការសម្រេចរបស់តុលាការកំពូលដោយបានសុំឲ្យមានភាពស្ងៀមស្ងាត់ និងបានអំពាវនាវផងព្រមានផងឲ្យសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិចូលគណបក្សលោកដើម្បីរក្សាបាននូវមុខតំណែង។
លោកបានហៅករណីនេះថាជាកំហុសរបស់មេដឹកនាំតែមួយដែលនាំទៅដល់ការរំលាយគណបក្សនេះចោល។
ប៉ុន្តែអតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានហៅការសម្រេចរបស់តុលាការកំពូលនេះថា«ជាទីបញ្ចប់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិដើម្បីនាំលទ្ធិប្រជាធិបតេយ្យត្រឡប់មកកម្ពុជាវិញ។ លោកថា គេអាចរំលាយគណបក្សសង្គ្រោះជាតិបាន តែមិនអាចរំលាយឆន្ទៈរបស់ពលរដ្ឋបានទេ៕
រៀបរៀង ដោយៈ ព្រុំ ភ័ក្ដ្រ