Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កំពូល​ជម្រះ​ក្ដី​បុរស​កូរ៉េ​បើក​ហាង​បង្កប់​សេវា​ផ្លូវភេទ

Content image - Phnom Penh Post

កំពូល​ជម្រះ​ក្ដី​បុរស​កូរ៉េ​បើក​ហាង​បង្កប់​សេវា​ផ្លូវភេទ

ភ្នំពេញៈ តុលាការ​កំពូល​ពី​ម្សិលមិញ​បាន​ជំនុំជម្រះ​បណ្តឹង​សារទុក្ខ​របស់​ជន​ជាប់ចោទ​ជាតិ​កូរ៉េ​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​ម្នាក់​មក​ជំនុំជម្រះ​ពាក់ព័ន្ធ​នឹងបើក​ហាង​ខារ៉ាអូខេ​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​នៅ​ខេត្ត​សៀមរាប​កាលពី​ឆ្នាំ​ ២០០៩ ​ហើយ​ត្រូវ​សាលា​ដំបូង​ខេត្ត​នេះ​ផ្តន្ទាទោស​​ដាក់​ពន្ធនាគារ​ ៨ ​ឆ្នាំ​។

តាម​អង្គហេតុ​ជន​ជាប់ចោទ​ឈ្មោះ JEONGJONGJIN អាយុ ៥២ ឆ្នាំ​បាន​ទៅ​ជួល​ដី​ឡូត៍​មួយ​កន្លែង​នៅ​ភូមិ​កសិកម្ម​សង្កាត់​ស្រងែ​ ក្រុង-ខេត្ត​សៀមរាប​បើក​ហាង​ខារ៉ាអូខេ​មួយ​មាន ១០ បន្ទប់​ និង​មាន​បន្ទប់​ម៉ាស្សា ៥ ផង។

អង្គហេតុ​បង្ហាញ​ទៀត​ថា​លុះ​នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា​ឆ្នាំ ២០០៩ ត្រូវ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្ត​សៀមរាប​ចុះ​ឆែកឆេរ និង​បាន​រកឃើញ​ស្រោម​អនាម័យ​ប្រើ​រួច និង​មិន​ទាន់​ប្រើ​មួយ​ចំនួន​ហើយ​ឃាត់​ខ្លួន​បាន​ជនជាតិ​កូរ៉េ​ម្នាក់​ និង​មេការ​វៀតណាម ២ នាក់​ឯ​នារី​ខារ៉ាអូខេ ៤១ នាក់​ត្រូវ​ដោះលែង​វិញ។

តាម​កំណត់​ហេតុ​នគរបាល​ខេត្ត​ដែល​សួរ​មេការ​ម្នាក់ និង​នារី​ខារ៉ាអូខេ​បាន​បញ្ជាក់​ថា​ក្នុង​ហាង​នោះ​ភ្ញៀវ​អាច​យក​នារី​ក្នុង​ហាង​ទៅ​រួមភេទ​នៅ​ខាង​ក្រៅ​បាន​តែ​ត្រូវ​បង់​សេវា​រួមភេទ ៣៥ ដុល្លារ​ទុក​មុន​ហើយ​ថៅកែ​ដក​យក ២៥ ដុល្លារ​ទុក។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​ខេត្ត​សៀមរាប​ជំនុំ​ជម្រះ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ៦​ ខែ​សីហា​ឆ្នាំ ២០១០ ដោយ​ផ្តន្ទាទោស​ឈ្មោះ JEONGJONGJIN ដាក់​ពន្ធនាគារ ៨ ឆ្នាំ​ចោទ​ពី​បទ «សញ្ចារកម្ម​មាន​ស្ថាន​ទម្ងន់​ទោស» ខណៈ​បុរស​វៀតណាម ២ នាក់​ក៏​ជាប់​ឃុំ ៨​ ឆ្នាំ​ម្នាក់​ដែរ។

សាលក្រម​នេះ​ត្រូវ​មេធាវី​ជនជាប់ចោទ​ប្តឹង​ទាស់​មក​សាលា​ឧទ្ធរណ៍​ហើយ​ត្រូវ​ឧទ្ធរណ៍​តម្កល់​ទោស ៨ ឆ្នាំ​ដដែល។

ខណៈ​អវត្តមាន​ជន​ជាប់ចោទ​លោក​ព្រះរាជ​អាជ្ញារង នៅ មុនីជោត តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​ឆ្លង​តាម​អង្គហេតុ​ជនជាប់ចោទ​បាន​សារភាព​ថា​ក្នុង​ហាង​របស់​ខ្លួន​មាន​បម្រើ​ផ្លូវភេទ និង​បាន​ដក​លុយ​ពី​នារី​បម្រើ​ផ្លូវភេទ​ផង។ «ហេតុ​ដូច្នេះ​យោង​កំណត់​ហេតុ និង​ចម្លើយ​ជន​ជាប់ចោទ​ពិត​ជា​មាន​ធាតុ​ផ្សំ​ក្នុង​ការ​ចោទប្រកាន់​ជន​ជាប់ចោទ​តាម​ផ្លូវ​ច្បាប់ និង​សូម​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សម្រេច​តាម​ច្បាប់»។

លោក ឡោ គីមហ្គេច មេធាវី​ចាត់​តាំង​ការពារ​សិទ្ធិ​ជន​ជាប់ចោទ​សន្និដ្ឋាន​ថា​នារី​ខារ៉ាអូខេ​ទាំង​នោះ​ពួកគេ​មាន​ផ្ទះ​នៅ​ក្រៅ​ហាង។ ចំពោះ​ការ​ដែល​ពួកនាង​ចេញ​ទៅ​រួមភេទ​នៅ​ក្រៅ​ហាង​គឺ​កូនក្តី​ខ្ញុំ​ខាត​ប្រយោជន៍​ទៅវិញ​ទេ។ តែ​ការ​ដក​លុយ​ពី​ភ្ញៀវ​ទៅ​រួមភេទ​នៅ​ក្រៅ​ហាង​នោះ​ដោយសារ​ពួក​នារី​ទាំង​នោះ​បង្គាប់​ឲ្យ​មេការ​ទារ​លុយ​ពី​ភ្ញៀវ​ទេ។ ចំណែក​លុយ​ដក ៥ ដុល្លារ​ដោយសារ​នារី​នោះ​ចេញ​ទៅ​ក្រៅ​ក្នុង​ម៉ោង​ធ្វើការ។ ចំពោះ​ស្រោម​អនាម័យ​ក៏​ជា​របស់​អង្គការ​ដែល​គាត់​ចុះ​ឃោសនា និង​ចែក​ឲ្យ​នារី​ខារ៉ាអូខេ​ប្រើប្រាស់​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «តុលាការ​យក​ករណី​ស្រោម​អនាម័យ​ចោទ​កូនក្តី​មិន​ត្រឹមត្រូវ​ទេ​ហើយ​កូនក្តី​ខ្ញុំ​ថា​លុយ​ដក​ទុក​នោះ​គ្រាន់​ទុក​បើក​ប្រាក់​ខែ​ឲ្យ​នារី​ទាំង​នោះ​វិញ​ទេ។ សូម​តុលាការ​ឲ្យ​កូន​ក្តី​ខ្ញុំ​រួច​ពី​បទ​ចោទ​ និង​ដោះលែង​គាត់​វិញ»។

ក្រោយ​ជំនុំជម្រះ​ប្រមាណ​ជិត​មួយ​ម៉ោង​លោក​ចៅក្រម សឹង បញ្ញាវុឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា​សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃ​ទី ៣១ ខែ​សីហា​ខាង​មុខ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ