ភ្នំពេញៈ តុលា​ការ​កំពូល​នៅ​ថ្ងៃ​ទី ​២១ ​កុម្ភៈ​នេះ បាន​បើក​សវ​នា​ការ​ជំនុំ​ជម្រះ​បុរស​ម្នាក់​ពាក់​ព័ន្ធ​នឹងការនាំ​យុវ​ជន​ម្នាក់​ទៅ​ធ្វើ​ជា​កម្មក​រនេ​សាទ​នៅ​ ថៃ​ កាល​ពី​ឆ្នាំ ​២០១៣ ​ជា​សំណុំ​រឿង​ដែល​តុលា​ការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ដាក់​គុក​ ១៥​ ឆ្នាំ។

តាម​អង្គ​ហេតុ​បុរស​ជាប់​ចោទ​ឈ្មោះឡូ ផល្លា អាយុ ​៣៧ ​ឆ្នាំ រស់​នៅខេត្ត​​កណ្ដាល ​បាន​ទៅ​ធ្វើ​ការ​នៅ ​ថៃ​ ជា​អ្នក​នេសាទ​ត្រី។ ​លុះ​ធ្វើ​ការ​បាន​ ៦​ ខែ​ ថៅ​កែ​ខ្លួន​ខ្វះ​កម្មករ​ហើយ​គាត់​បាន​ទូរ​ស័ព្ទ​មក​ប្អូន​ប្រុស​ឲ្យ​ទៅ​ធ្វើ​ការ​ជា​មួយ​។ បន្ទាប់​មក ​ប្អូន​ប្រុស​គាត់​​បាន​បបួល​បាន​មនុស្ស​ ១១​ នាក់​ទៅ​ជា​មួយ ​។

អង្គ​ហេតុ​បន្ត​ថា​ បន្ទាប់​ពី​ធ្វើ​ការ​បាន​ប៉ុន្មាន​ខែ​យុវ​ជន​ឈ្មោះ ពៅ សៀង​ហៃ អាយុ ២៣ ​ឆ្នាំ​ បាន​ពុល​រលក​ហើយ​ប្រាប់​ជន​ជាប់​ចោទ​ថា ចង់​ត្រ​ឡប់​មក​ផ្ទះ​វិញ​។ បន្ទាប់​មក​ជន​ជាប់​ចោទ​បាន​ទូរ​ស័ព្ទ​ប្រាប់​ម្តាយ​ជន​រង​គ្រោះ​ឲ្យ​ផ្ញើ​លុយ​ និង ​យក​យុវ​ជន​នោះ​មក​កម្ពុជា​វិញ។ ពេល​មកដល់ជ​ន​រង​គ្រោះ​បាន​ប្តឹង​សមត្ថ​កិច្ច​ឲ្យ​ចាប់​ជន​ជាប់​ចោទ​តែម្ដង។

រឿង​នេះ​ត្រូវ​សាលា​ដំបូ​ង​ខេត្តក​ណ្ដាល ​​ផ្តន្ទា​ទោស​ដាក់​គុក​ ១៥ ​ឆ្នាំចោ​ទពីបទ «នាំ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​ឆ្លង​ដែន ​» ហើយ​សា​លា​ឧទ្ធរ​ណ៍​ ក៏​បាន​តម្កល់​សាល​ក្រម​នេះ​ផង​ដែរ​។

ក្នុងប​ន្ទប់​សវនា​ការ​លោក​ស្រី មេធាវី​ ថូ ណាវី ដែល​ការ​ពារ​ជន​ជាប់​ចោទ​ សន្និ​ដ្ឋាន​ថា កូន​ក្តី​លោក​ស្រី​គ្មាន​ចេតនា​នាំ​ជន​រង​គ្រោះ​ទៅ​ថៃ​ទេ តែ​ជន​រង​គ្រោះ​លួច​ទៅ​ដោយ​មិ​នប្រាប់​ម្តាយ​ឲ្យ​ដឹង​។ យ៉ាង​ណា​ «ខ្ញុំ​សុំ​ឲ្យ​កូន​ក្តី​ខ្ញុំ​រួចខ្លួ​ន » ​។

ប៉ុន្តែ​លោក​ស្រី ​យឹម ថាវី​ មេធា​វីការ​ពារ​សិទ្ធិ​ឲ្យ​ជន​រងគ្រោះ​សន្និ​ដ្ឋាន​ថា កូន​ក្តីលោ​ក​ស្រី​ត្រូវ​បាន​ប្អូន​របស់​ជន​ជាប់​ចោទ​បបួល​ទៅ​ជា​មួយ​ហើយ​ពេល​ទៅដ​ល់​ថៃ​ បាន​ទូរ​ស័ព្ទ​គំរាម​ម្តាយ​ជ​នរង​គ្រោះ​ឲ្យផ្ញើលុ​យឲ្យ​ ដើម្បី​បាន​កម្រៃ​ក្នុងកា​រងា​រនេះ​។

លោក​ស្រី​ស្នើ​ថា៖ «ខ្ញុំ​​សូម​​តុលា​​ការ​តម្កល់​រឿង​នេះ​ទុ​កជា​បានកា​រដដែ​ល » ។

សំណុំ​រឿង​នេះត្រូ​វលោក​ចៅក្រ​ម ស៊ឹង បញ្ញា​វិឌ្ឍ​ ថ្លែង​ថា សាល​ដីកា​នឹងប្រ​កា​សនៅ​ថ្ងៃ​ទី ​២៦ ​កុម្ភៈ ខាង​មុខ​ ៕