ភ្នំពេញៈ ក្មួយប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ ហ៊ុន ជា ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ទៅ​ជា​ឧត្តមសេនីយ៍ឯក​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ខណៈ​អ្នក​ផ្សេង​ដែល​ធ្វើ​ការងារ​យូរ​ជាង​គាត់​មាន​ការ​លំបាក​នឹង​ទទួល​បាន​ឋានៈ​បែប​នេះ​ជា​អ្វី​ដែល​អ្នក​​រិះគន់​ថា ជា​រឿង​ធម្មតា​សម្រាប់​គ្រួសារ​អ្នក​មាន​អំណាច​នៅ​ប្រទេស​កម្ពុជា​។

យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះហស្ដលេខា​ដោយ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​ ៣០ ​ខែ​ធ្នូ​ហើយ​ដែល​កាសែត​ភ្នំពេញ-ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ថា​លោក ហ៊ុន ជា ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ទៅ​ថ្នាក់​ឧត្តមសេនីយ៍ឯក​។

ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​បញ្ហា​នេះ​ត្រូវ​បាន​លោក សន ជ័យ ​ប្រធាន​អង្គការ​គណនេយ្យភាព​សង្គម​បាន​រិះគន់​ដោយ​លោក​បាន​លើក​ឡើង​ថា​វា​ជា​រឿង​ធម្មតា​សម្រាប់​កូនចៅ​របស់​អ្នក​មាន​អំណាច​ដែល​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​យ៉ាង​ឆាប់​រហ័ស ខណៈ​អ្នក​ដែល​គ្មាន​ទំនាក់​ទំនង​ពិបាក​នឹង​ទទួល​បាន​បុណ្យ​ស័ក្ដិ​លឿន​ដូចនេះ​បើ​ទោះ​ណា​ជា​ពួកគាត់​បាន​​ខិតខំ​បម្រើ​ការងារ​អស់​ពេល​យូរ​ក៏ដោយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​សព្វ​ថ្ងៃ​នេះ​ប្រព័ន្ធ​ដំឡើង​ឋានន្តរស័ក្តិ​គឺ​ធ្វើ​ឡើង​តាមរយៈ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មនុស្ស​ដូចជា សាច់ញាតិ​របស់​អ្នក​មាន​អំណាច​... ហើយ​ប្រសិន​បើ​គ្មាន​ទំនាក់​ទំនង​ល្អ​ទេ​នោះ​ពួកគេ​ពិតជា​ពិបាក​ក្នុង​ការ​ស្វែងរក​ឲ្យ​មាន​ការ​ដំឡើង​ឋានន្តរស័ក្តិ​នេះ​ណាស់​»​។

ដោយ​ទំនង​ជា​សំដៅ​ដល់​អ្នក​រិះគន់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ ​បាន​ឆ្លើយតប​កាលពី​ម្សិលមិញ​ថា​៖ «​គាត់​គឺជា​មនុស្ស​ឆ្កួត​ដែល​​តែងតែ​និយាយ​ខុស​...​យើង​ដំឡើង​ឋានន្តរស័ក្តិ និង​ផ្តល់​ផ្កាយ​ឲ្យ​អ្នក​ណា​ដែល​មាន​ស្នាដៃ​»​។

ស្រដៀង​គ្នា​នឹង​ការ​អះអាង​របស់​លោក​ សន ជ័យ ដែរ​មន្ត្រី​នគរបាល​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​បាន​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ការ​គ្មាន​ប្រាក់​ និង​គ្មាន​ទំនាក់​ទំនង​ជាមួយ​ប្រធាន​ស្ថាប័ន​គឺ​ពិបាក​នឹង​ទទួល​​បាន​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ណាស់​បើ​ទោះ​មាន​គុណសម្បត្តិ​​ និង​បម្រើការ​យូរ​យ៉ាង​ណា​ក្ដី​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ធ្វើការ​តាំង​ពី​ឆ្នាំ​ ១៩៨៥ ​មក ប៉ុន្តែ​ខ្ញុំ​នៅ​ត្រឹម​ថ្នាក់​វរសេនីយ៍ទោ​ប៉ុណ្ណោះ​ទាំង​នេះ​គឺ​ដោយសារ​តែ​ខ្ញុំ​មិន​មាន​ទំនាក់​ទំនង​គ្រួសារ ឬ​ជា​អ្នក​មាន ដូច្នេះ​ហើយ​មេ​របស់​ខ្ញុំ​ពិបាក​ដំឡើង​ឲ្យ​ខ្ញុំ​ណាស់​...​ប៉ូលិស​ស្ទើរ​គ្រប់​រូប​ពិបាក​ក្នុង​ការ​ទទួល​បាន​ការ​ដំឡើង​ឋានន្តរស័ក្តិ​ណាស់​លុះត្រាតែ​ពួកគេ​មាន​ទំនាក់​ទំនង​ ឬ​ក៏​មាន​លុយ​កាក់​ឲ្យ​មេ​»​។

លោក​បាន​បន្ថែម​ថា​៖ «​យើង​មិន​មាន​ជម្រើស​ទេ​ហើយ​យើង​ក៏​មិន​អាច​តវ៉ា​អំពី​បញ្ហា​នេះ​បាន​ដែរ​យើង​គ្រាន់​តែ​ធ្វើ​តាម​បញ្ជា​របស់​ពួកគេ​ប៉ុណ្ណោះ​ហើយ​​នេះ​គឺជា​បក្ខពួក​និយម​ដែល​មាន​នៅ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​របស់​យើង​...​ពេល​ខ្លះ​យើង​ត្រូវ​បាន​គេ​ស្នើសុំ​ឱ្យ​ចូល​​រួម​វិភាគទាន​ដល់​គណបក្ស​ថែម​ទៀត​ផង​»​។

កាលពី​ខែ​ធ្នូ​ឆ្នាំ​ ២០១០ ​លោក​​នាយក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ជា​សាធារណៈ​ឱ្យ​លោក​ ហ៊ុន ជា ​វិល​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់ពី​បាន​ចោទប្រកាន់​គាត់​ថា​បាន​បោកប្រាស់​ភរិយា​គាត់ និង​ប្រើប្រាស់​គ្រឿងញៀន ខណៈ​ដែល​ក្នុង​ឆ្នាំ​ ២០០២ លោក ហ៊ុន ជា ​និង​លោក ហ៊ុន តូ ដែល​ជា​ក្មួយប្រុស​របស់​លោក​ ហ៊ុន សែន ​ម្នាក់​ទៀត​ត្រូវ​បាន​ទម្លាក់​ចោល​បទចោទ​បន្ទាប់ពី​មិន​មាន​ភ័ស្តុតាង​​គ្រប់គ្រាន់​ទាក់ទង​នឹង​ការ​បាញ់​បណ្តាល​ឱ្យ​មាន​មនុស្ស​ ២ ​នាក់​រងរបួស​៕ NS