ភ្នំពេញៈ ក្រសួង​អប់រំ​គ្រោង​ដាក់​បញ្ចូល​សាលា​មត្តេយ្យ​ប្រមាណ​ ៣០០០ ​ទៅ​ ៤០០០ ​ដែល​ស្ថិត​នៅ​តាម​សហគមន៍ និង​​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាមួយ​នឹង​​ការ​ឧបត្ថម្ភ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សាលារដ្ឋ​ដើម្បី​ធានា​និរន្តរភាព​។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ថ្មី​មួយ​។

អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​ ២៩ ​ខែ​ធ្នូ ឆ្នាំ​មុន និង​ដោយ​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​ ៣ ខែ​មករា​ឆ្នាំ​នេះ​នឹង​តម្រូវ​ឲ្យ​សាលា​មត្តេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហគមន៍​បំពេញ​ទៅ​តាម​ស្តង់ដារ​អប្បបរមា​ពី​មុន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្រោម​ក្រសួង​អប់រំ​។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​លោក រស់ សាលីន មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក ជិន ចាន់វាសនា នាយក​ប្រតិបត្តិ​នៃ​អង្គការ Education Partnership បាន​ថ្លែង​ថា​ក្នុង​ចំណោម​សាលា​មត្តេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​តាម​សហគមន៍ ក្រសួង​គ្រោង​បញ្ចូល​ប្រមាណ​ ៦០០ ​ឬ​ប្រហែល​ ២០ ​ភាគរយ​នៃ​ចំនួន​នោះ​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រសួង​នា​ឆ្នាំ​នេះ​។

ជាមួយ​គ្នា​នេះ​ក្រសួង​នឹង​បង្កើន​ចំនួន​មត្តេយ្យ​តាម​សហគមន៍​ដែល​ខ្លួន​បញ្ចូល​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​។

អនុក្រឹត្យ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​កែលម្អ​សមត្ថភាព ប្រសិទ្ធភាព និង​និរន្តរភាព​នៃ​មតេ្តយ្យ​សម្រាប់​ក្មេងៗ​អាយុ​ ៣ ​ឆ្នាំ​ទៅ​ ៦ ​ឆ្នាំ​ទូទាំង​ប្រទេស​។ នេះ​បើ​តាម​ច្បាប់​ចម្លង​នៃ​អនុក្រឹត្យ​នោះ​។

បើ​តាម លោក ជិន ចាន់វាសនា ថវិកា​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពេល​ខ្លះ​អាច​ប៉ះពាល់​ដល់​និរន្តរភាព​នៃ​មត្តេយ្យ​នៅ​តាម​សហគមន៍​ដែល​ពួកគេ​គាំទ្រ ហើយ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាច​នឹង​ពិបាក​ជាមួយ​​នឹង​ធនធាន​ដែល​នៅ​មាន​កម្រិត​។

លោក​បាន​បន្ត​ថា​៖ «​សូម្បី​តែ​ឥឡូវ​នេះ​មាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មួយ​ចំនួន​ដែល​មិន​បាន​ផ្តល់​អាទិភាព​ចំពោះ​ការ​អប់រំ​»​។

ក្នុង​អំឡុង​ឆ្នាំ​សិក្សា​ ២០១៥‑២០១៦ ការ​អប់រំ​ថ្នាក់​មត្តេយ្យ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​ចំនួន​ ៦៤,៧ ​ភាគរយ​។ ទោះ​យ៉ាងណា​ក្តី​មាន​តែ​ ១១ ​ភាគរយ​នៃ​កុមារ​នៅ​តំបន់​ជនបទ និង​តំបន់​ដាច់​ស្រយាល​មាន​លទ្ធភាព​ទទួល​បាន​សេវា​បែប​នេះ​។

លោក ចាន់វាសនា បាន​បន្ត​ថា​ក្រសួង​អប់រំ​គ្រោង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ចុះ​ឈ្មោះ​ឲ្យ​បាន​មួយ​រយ​ភាគរយ​ចំពោះ​កុមារ​អាយុ​ ៥ ​ឆ្នាំ​ត្រឹម​ឆ្នាំ​ ២០៣០​។

ក្រសួង​ក៏​សង្ឃឹម​ថា​នឹង​សម្រេច​ឲ្យ​បាន​គោលដៅ​ស្រដៀង​គ្នា​សម្រាប់​កុមារ​អាយុ​ ៣ ​ឆ្នាំ​ និង ​៤ ​ឆ្នាំ​នៅ​ពេល​ក្រោយ​ទៀត​។

លោក រម៉ាម សុខុន មេឃុំ​ស៊ើង ស្រុក​បកែវ ខេត្ត​រតនាគិរី បាន​ថ្លែង​ថា​ឃុំ​របស់​លោក​មាន​មត្តេយ្យ​ចំនួន​ ៤​។

លោក​ថ្លែង​បន្ត​ថា​៖ «​សាលា​ ៣ ​គ្រប់គ្រង​ដោយ​ឃុំ និង​មួយ​ទៀត​គ្រប់គ្រង​ដោយ​អង្គការ Plan International»​។

លោក សុខុន បាន​ថ្លែង​ថា​លោក​បាន​ឮ​ថា​បន្ទាប់ពី​មត្តេយ្យ​ត្រូវ​ដាក់​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​សាលារដ្ឋ​ប្រាក់​ខែ​របស់​គ្រូ​នឹង​កើនឡើង​ផង​ដែរ​ហើយ​លោក​ថា វា​ជា​ភាព​វិជ្ជមាន​ពីព្រោះ​វា​ជួយ​កែលម្អ​គុណភាព​អប់រំ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ក្នុង​មួយ​ខែ​យើង​ចំណាយ​ ៣០០០០០ ​រៀល [៧៥ ​ដុល្លារ​] ​សម្រាប់​​ប្រាក់​ខែ​គ្រូ​។ ​ប៉ុន្តែ​ខ្ញុំ​ឮ​ថា​ [​ឆ្នាំ​នេះ​] ពួកគេ​នឹង​ចំណាយ​ ៦០០០០០ រៀល [១៥០ ​ដុល្លារ​]»​។

លោក ចាន់វាសនា បាន​ថ្លែង​ថា​ក្រសួង​មិន​ទាន់​បាន​បង្ហាញ​ថវិកា​សម្រាប់​ការ​ដាក់​បញ្ចូល​សាលា​ ៦០០ ​នា​ឆ្នាំ​នេះ​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​មាន​ក្របខ័ណ្ឌ​ពេលវេលា​ច្បាស់លាស់​សម្រាប់​ការ​បញ្ចប់​ការ​បញ្ចូល​សាលា​មត្តេយ្យ​ទាំងអស់​ដែរ​។ ទោះ​យ៉ាង​ណា​ក្តី​លោក​បាន​បន្ថែម​ថា​សាលា​មតេ្តយ្យ​នឹង​ត្រូវ​ ​«​បង្កើន​សមត្ថភាព​» ​ដើម្បី​ឲ្យ​ក្រសួង​បញ្ចូល​ពួកគេ​» ​ទៅ​ក្នុង​ប្រព័ន្ធ​សាលារដ្ឋ​នេះ​៕ PS