Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​បដិសេធ​ថា​គ្មាន​ការ​កាប់​ព្រៃ​នៅ​ទំនប់​វារី​អគ្គិសនី​អារ៉ែង

លោក អ៊ិត ប្រាង ពន្យល់​ពី​គម្រោង​វារី​អគ្គិសនី​ជាយ​អារ៉ែង។
លោក អ៊ិត ប្រាង ពន្យល់​ពី​គម្រោង​វារី​អគ្គិសនី​ជាយ​អារ៉ែង។ ហេង ជីវ័ន

ក្រសួង​បដិសេធ​ថា​គ្មាន​ការ​កាប់​ព្រៃ​នៅ​ទំនប់​វារី​អគ្គិសនី​អារ៉ែង

ភ្នំពេញៈ ក្រសួង​រ៉ែ​និង​ថាមពល បាន​បដិសេធ​ថា គម្រោង​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ក្នុង ខេត្ត​កោះកុង នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រៃ​ឈើ រាប់​ម៉ឺន​ហិកតា ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នោះ​ទេ ពីព្រោះ​គម្រោង​នោះ​ស្ថិត​នៅ​ក្នុង​ដំណាក់​ការ​សិក្សា​នៅ​ឡើយ ហើយ​ក្រសួង​នេះ​នៅ​តែ​រក្សា​ជំហរ​បន្ត​គម្រោង​អភិវឌ្ឍន៍​ទំបន់​វារី​អគ្គិសនី​នេះ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង ឆ្នាំ​២០២០ បើ​ទោះ​បី​ជា​មាន​ការ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​នៅ​តំបន់​ធម្មជាតិ​នេះ​ក៏​ដោយ។

អ៊ិត ប្រាង រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា មាន​ការ​បំផ្លើស​ថា ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​នេះ ធ្វើ​ឲ្យ​ខូច​ខាត​ធ្ងន់​ធ្ងរ​ដល់​ព្រៃ​ឈើ ២ ម៉ឺន​ហិកតា សត្វ​ព្រៃ ត្រី ក្រពើ​ទំនៀម​ទម្លាប់​ប្រពៃណី​ជន​ជាតិ ដែល​ស្តាប់​មើល​ទៅ​ហាក់​ដូច​ជា​កំពុង​តែ​មាន​សកម្មភាព​គគ្រឹក​គគ្រេង។

លោក​បាន​ថ្លែង​ថា៖ «តាម​ពិត​គម្រោង​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ។ ការ​ដែល​លើក​ឡើង​ថា កាប់​ឈើ​នោះ​មិន​ពិត​ទេ​គឺ​ជា​ពាក្យ​បំផ្លើស យើង​មិន​មែន​កាប់​ឈើ​ទេ គឺ​យើង​សំដៅ​ការ​ផលិត​វារី​អគ្គិសនី បើ​កាប់​ឈើ​អស់​តើ​បាន​ប្រភព​ទឹក​មក​ពី​ណា? ខ្ញុំ​អាណិត​ប្រជាជន​យើង​ដែល​ចាញ់​បោក​គេ គេ​ធ្វើ​ដើម្បី​រក​ថវិកា​ទ្រទ្រង់​អង្គការ​របស់​គេ​បើ​គេ​មិន​ធ្វើ​អ៊ីចឹង​តើ​បាន​លុយ​ពី​ណា​មក»។

លោក​ថ្លែង​ថា គេ​តែង​តែ​លើក​ឡើង​ថា ធ្វើ​អី​ឲ្យ​តែ​ប្រជាជន​ទឹក​ភ្នែក គឺ​ពាក្យ​ទាំង​នោះ​និយាយ​បំផ្លើស​តើ​វារី​អគ្គិសនី​ដែល​ធ្វើ​ហើយ​នោះ តើ​មាន​ពលរដ្ឋ​ណា​ទឹក​ភ្នែក​ទេ គឺ​មាន​តែ​កែ​ប្រែ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ (អេកូ​ទេសចរណ៍)។

លោក​ថា៖ «តាម​ពិត​ការ​សិក្សា​គម្រោង​នេះ​គឺ​អាច​ផលិត​បាន ២៦០ មេហ្គាវ៉ាត់ ប៉ុន្តែ​កាត់​បន្ថយ​មក​ត្រឹម ១០៨ មេហ្គាវ៉ាត់ ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ធំ​ពេក ហើយ​បើ​គេ​ថា ប៉ះពាល់​ព្រៃ​ដល់​ទៅ ២ ម៉ឺន​ហិកតា​យើង​មិន​ដឹង​គេ​យក​លេខ​មក​ពីណា​មក​បូក​នោះ​ទេ។ បើ​តាម​គម្រោង​គឺ​ចប់​នៅ ឆ្នាំ​២០២០ ហើយ​កម្ពុជា​យើង​ទាំង​មូល​នឹង​មាន​ភ្លើង​ប្រមាណ​ជា ១១៣៦ មេហ្គាវ៉ាត់»។

លោក​បាន​បន្ត​ថា គម្រោង​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង គ្រោង​វិនិយោគ​លើ​ទឹក​ប្រាក់​ប្រមាណ ៤០០ លាន​ដុល្លារ​អាមេរិក នឹង​ផ្តល់​ផល​ជាច្រើន​ដូចជា​ថាមពល​អគ្គិសនី​ប្រមាណ​ជិត ៦០០ លាន​គីឡូវ៉ាត់​ម៉ោង ជា​រៀង​រាល់​ឆ្នាំ ចំណូល​ពន្ធ ការ​បង្កើត​តំបន់​អេកូ​ទេសចរណ៍ និង​ការ​ចែក​ចាយ​អគ្គិសនី​ក្នុង​តម្លៃ​ថោក​ជាដើម។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា គម្រោង​អភិវឌ្ឍន៍​ដែល​បាន​សិក្សា​តាំង​ពី ឆ្នាំ​២០០៦ មក នៅ ខែ​វិច្ឆិកា និង ខែ​ធ្នូ ឆ្នាំ​២០១៣ រក​ឃើញ​ថា គម្រោង​នេះ មាន​ការ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ ចំនួន ១៣១៨ នាក់ ត្រូវ​ជា ៣៤៩ គ្រួសារ នៅ​ក្នុង ៣ ឃុំ ស្មើ​នឹង ៧ ភូមិ ដែល​មាន​ចំនួន​ខ្នង​ផ្ទះ​សរុប ៣៣១។ ទន្ទឹម​នឹង​នោះ ក៏​មាន​ប៉ះពាល់​សាលា​រៀន ចំនួន ៦ វត្ត​អារ៉ាម ចំនួន ៣ ស្រះ​ទឹក​សហគមន៍ ៦ សាលា​ឃុំ ២ ជង្រុក​ស្រូវ​សរុប ៦៥ ទ្រុង​មាន់ និង​ក្រោល​សត្វ​ពាហនៈ ២០៥ ហាង ឬ​តូប​លក់​ទំនិញ ១៥ និង​សំណង់​ផ្សេងៗ​ទៀត ដូច​ជា របង ផ្នូរ​ខ្មោច អណ្តូង​ទឹក។ល។

លោក អាឡិច ហ្គនសាឡេ ឌេវីដសុន (Alex Gonzalez-Davidson) ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​ថ្លែង​ថា ចំពោះ​ការ​ប៉ះពាល់ ១ ម៉ឺន ឬ ២ ម៉ឺន​ហិកតា​នោះ​គឺ​លោក​ពុំ​ហ៊ាន​ថា នោះ​ទេ​ដោយ​សារ​តែ​ក្រសួង​រ៉ែ​និង​ថាមពល​ពុំ​មាន​តម្លាភាព​ដោយ​សារ​តែ​គាត់​យក​តែ​គ្នា​គាត់​ធ្វើ​ការ​សិក្សា​ដោយ​ពុំ​ឲ្យ​មាន​អ្នក​ទី​បី​ចូល​រួម។ កន្លង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី ឫស្សីជ្រុំ តាតៃ គឺ​ក្រុម​ហ៊ុន ទ្រី ភាព បាន​យក​អាជ្ញាធប័ណ្ណ​នោះ​កាប់​បំផ្លាញ​អស់​ព្រៃ​នៅ​ក្នុង​ជួរ ភ្នំ​ក្រវាញ ភាគ​កណ្តាល ហើយ​បាន​ដឹក​ពី​កន្លែង​ផ្សេង​ចូល​ក្នុង​តំបន់​នោះ​ដើម្បី​ឲ្យ​ស្រប​ច្បាប់។

លោក​ថ្លែង​ថា៖ «យើង​គ្មាន​ការ​ភ្ញាក់​ផ្អើល​ទេ បើ​គេ​ចោទ​ពួក​យើង​ថា ធ្វើ​ការ​ដើម្បី​យក​លុយ​នោះ​គឺជា​យើង​ទាំង​អស់​គ្នា​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ចាយ​លុយ​ខ្លួន​ឯង​ដើម្បី​ការពារ​ព្រៃ​ចុង​ក្រោយ​នេះ វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច»។

កាល​ពី​ថ្ងៃ ទី១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ លោក​ស្រី តែ ចន្ទមនី ប្រធាន​ស្តីទី​គណៈ​កម្មការ ទី៣ របស់​រដ្ឋសភា តាម​រយៈ​សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា បាន​សរសេរ​លិខិត​មួយ​ច្បាប់ ជូន​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​សួរ​នាំ​ពី​គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី ស្ទឹង​ជាយ​អារ៉ែង ក្នុង ខេត្ត​កោះកុង។

សូម​រំឭក​ផង​ដែរ​ថា ចាប់​តាំង​ពី​ថ្ងៃ ទី១៥ ខែ​មីនា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ពលរដ្ឋ​ជាង ១០០ នាក់​បាន​ប្រឆាំង​បិទ​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​សាង​សង់​វារី​អគ្គិសនី​ដោយ​មិន​ឲ្យ​ក្រុម​ហ៊ុន​ចិន Sinohydro (Cambodia) United Ltd., ដឹក​ជញ្ជូន​គ្រឿង​ចក្រ​យក​ទៅ​ឈូស​ឆាយ​នៅ​តំបន់​នោះ​ដោយ​ខ្លាច​ក្រែង​មាន​កម្មករ​មក​ពី​ក្រុម​ហ៊ុន​ដែល​មាន​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង​កម្លាំង ១០៨ មេហ្គាវ៉ាត់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់​នេះ៕

0

Comments

Please, login or register to post a comment