Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​រ៉ែ​និង​ថាមពល​ឆ្លើយ​តប​រឿង​វារី​អគ្គិសនី​ជាយ​អារ៉ែង

ព្រះ​សង្ឃ​បំបួស​ព្រៃ​នៅ​ក្នុង​តំបន់​ជាយ​អារ៉ែង​ដើម្បី​ការពារ​ក្រុម​ហ៊ុន​ចិន​ចូល​សិក្សា។
ព្រះ​សង្ឃ​បំបួស​ព្រៃ​នៅ​ក្នុង​តំបន់​ជាយ​អារ៉ែង​ដើម្បី​ការពារ​ក្រុម​ហ៊ុន​ចិន​ចូល​សិក្សា។ រូបថត សហការី

ក្រសួង​រ៉ែ​និង​ថាមពល​ឆ្លើយ​តប​រឿង​វារី​អគ្គិសនី​ជាយ​អារ៉ែង

ភ្នំពេញៈ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​លោក​ស្រី តែ ច័ន្ទមនី ប្រធាន​ស្តីទី គណៈកម្មការ ទី៣ របស់​រដ្ឋសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ពន្យល់​ថា គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ស្ថិត​ក្នុង ស្រុក​ថ្មបាំង ខេត្ត​កោះកុង កំពុង​ស្ថិត​នៅ​ក្នុង​តំណាក់​កាល​សិក្សា​នៅ​ឡើយ ហើយ​គម្រោង​វារី​អគ្គិសនី​ជាយ​អារ៉ែង ជា​គម្រោង​ដែល​ត្រូវ​បាន​កំណត់​អភិវឌ្ឍន៍​តាំង​ពី​មុន ឆ្នាំ​១៩៧០។

យោង​ទៅ​តាម​លិខិត​បំភ្លឺ ចំនួន​ពីរ​ទំព័រ ចុះ​ថ្ងៃ ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៤ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​បំភ្លឺ​ថា គម្រោង​វារី​អគ្គិសនី ជាយ​អារ៉ែង ជា​គម្រោង​ដែល​ត្រូវ​បាន​កំណត់​អភិវឌ្ឍន៍ តាំង​ពី​មុន ឆ្នាំ​១៩៧០ ហើយ​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏​បាន​បន្ត​រក្សា​គម្រោង​នេះ ក្នុង​បញ្ជី​ផែនការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​ជាតិ។ គម្រោង​វារី​អគ្គិសនី ជាយ​អារ៉ែង ក៏​ដូច​ជា​គម្រោង​វារី​អគ្គិសនី​ដទៃ​ទៀត​ដែរ គឺ​ត្រូវ​ធ្វើ​ការ​សិក្សា​បច្ចេកទេស និង​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «បច្ចុប្បន្ន​នេះ គម្រោង​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ គឺ​ការ​សិក្សា​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៃ​ការ​សិក្សា​បច្ចេក​ទេស និង​ការ​សិក្សា​លម្អិត​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម»។

លោក​បាន​ថ្លែង​ថា យោង​តាម​លទ្ធផល​ការ​សិក្សា​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ជំហាន​ដំបូង បាន​បង្ហាញ​ផល​ប៉ះពាល់​ព្រៃ​ឈើ គឺ​តំបន់​ជាយ​អារ៉ែង មាន​ផ្ទៃ​ដី​ប្រមាណ​ជាង ១០ ម៉ឺន​ហិកតា។ ផ្ទៃ​ដី​ដែល​ត្រូវ​ការ​សម្រាប់​ធ្វើ​អាង​ទឹក នៃ​គម្រោង​មាន​ប្រមាណ ៩៤៧៤ ហិកតា ដែល​ក្នុង​នោះ មាន​ព្រៃ​ស្រោង​ប្រមាណ ៨៧៤ ហិកតា និង​ព្រៃ​ពាក់​កណ្តាល​ស្រោង​ប្រមាណ ៣៧៩០ ហិកតា ហើយ​ក្រៅ​ពី​នោះ គឺជា​ផ្ទៃ​ទឹក​ស្ទឹង អូរ ដី​កសិកម្ម បោះ​បង់​ចោល វាល​ស្មៅ ព្រៃ​ដុះ​ឡើង​វិញ ដី​ចម្ការ។ល។

លោក​បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «នៅ​ពេល​ធ្វើ​ការ​អភិវឌ្ឍ​គម្រោង​វារី​អគ្គិសនី​នីមួយៗ ផ្ទៃ​ដី និង​ព្រៃ ក្រៅ​ពី​ការ​ប្រើ​ប្រាស់​ខាង​លើ ត្រូវ​តែ​ធ្វើ​ការ​អភិរក្ស ថែទាំ និង​ដាំ​ឈើ​ឡើង​វិញ ដើម្បី​រក្សា​និរន្តរភាព​នៃ​សក្តានុពល​ទឹក​ភ្លៀង និង​ប្រព័ន្ធ​អេកូឡូស៊ី»។

លោក​បាន​បំភ្លឺ​ទៀត​ថា ការ​សិក្សា​ផល​ប៉ះពាល់​ជំហាន​ដំបូង បាន​រក​ឃើញ​ថា នៅ​ក្នុង​តំបន់​នៃ​គម្រោង មាន​បក្សី​ប្រមាណ ១១៣ ប្រភេទ ថនិក​សត្វ ៥៣ ប្រភេទ ល្មូន ៣១ ប្រភេទ និង​មច្ឆាជាតិ ៤៣ ប្រភេទ។ ការ​សិក្សា​ជំហាន​បន្ទាប់ នឹង​ពិនិត្យ​អំពី​លក្ខខណ្ឌ​រស់​នៅ និង​ចរាចរណ៍ របស់​សត្វ​ទាំង​នោះ ដើម្បី​រក​វិធី​ធ្វើ​ការ​អភិរក្ស និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ឲ្យ​នៅ​តិច​បំផុត មិន​ត្រឹម​តែ​សម្រាប់​ត្រី​នាគ ត្រី​ខ្មៅ ឬ​ក្រពើ​ភ្នំ​ប៉ុណ្ណោះ​ទេ។

លោក​បាន​ពន្យល់​ថា៖ «ពិត​មែន​តែ​គម្រោង​វារី​អគ្គិសនី​ជាយ​អា​រ៉ែង មាន​អានុភាព​ដំឡើង​ត្រឹម ១០៨ មេហ្គាវ៉ាត់ ប៉ុន្តែ​វារី​អគ្គិសនី​នេះ អាច​ដំណើរ​ការ​ស្ទើរ​ពេញ​មួយ​ឆ្នាំ ដែល​បរិមាណ​ថាមពល​ផលិត​ប្រចាំ​ឆ្នាំ មាន​រហូត​ដល់ ៥៩៥ លាន​គីឡូវ៉ាត់​ម៉ោង ច្រើន​ជាង​វារី​អគ្គិសនី កំចាយ ដែល​ផលិត​បាន​តែ ៤៩៨ លាន​គីឡូវ៉ាត់​ម៉ោង ទោះ​ជា​មាន​អានុភាព​ដំឡើង​ធំ​ជាង​ដល់​ទៅ ១៩៤ មេហ្គាវ៉ាត់​ក៏​ដោយ»។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា គ្រប់​គម្រោង​វារី​អគ្គិសនី ត្រូវ​មាន​ការ​សិក្សា​លម្អិត​អំពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម និង​វិធានការ​នៃ​ការ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ទាំង​នោះ​បច្ចុប្បន្ន អ្នក​សិក្សា​ជំហាន​បន្ទាប់​នៃ​គម្រោង​វារី​អគ្គិសនី ជាយ​អារ៉ែង​នេះ កំពុង​ព្យាយាម​ចូល​ទៅ​ធ្វើ​ការ​សិក្សា​លម្អិត​នៅ​តំបន់​នោះ។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ ក្រុម​សកម្មជន​ការពារ​បរិស្ថាន ដឹក​នាំ​ដោយ​លោក អាឡិច ជនជាតិ​អេស្ប៉ាញ បាន​ព្យាយាម​អភិរក្ស​តំបន់​អារ៉ែង ដោយ​ក្រុម​នេះ បាន​ជំទាស់​នឹង​គម្រោង​របស់​ក្រុម​ហ៊ុន​ចិន អភិវឌ្ឍន៍​តំបន់​អារ៉ែង ជា​ទំនប់​វារី​អគ្គិសនី។

សូម​រំឭក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ ទី១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ លោក​ស្រី តែ ចន្ទមនី ប្រធាន​ស្តីទី​គណៈកម្មការ ទី៣ របស់​រដ្ឋសភា តាម​រយៈ​សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​សួរ​នាំ​ពី​គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី ស្ទឹង​ជាយ​អារ៉ែង ក្នុង ខេត្ត​កោះកុង។

លោក​ស្រី​បាន​ថ្លែង​ថា លោក​ស្រី នឹង​ធ្វើ​ការ​ពិភាក្សា​ជាមួយ​នឹង​ក្រុម​របស់​លោក​ស្រី​ទាក់​ទិន​ទៅ​នឹង​ការ​បក​ស្រាយ​នោះ ពីព្រោះ​មើល​ទៅ​វា​មិន​អាច​ទេ​តាំង​មុន ឆ្នាំ​១៩៧០ ដែល​តាំង​ពី​មុន​របប ប៉ុល ពត ទៀត​នោះ។

លោក​ស្រី តែ ចន្ទមនី បាន​ថ្លែង​បញ្ជាក់​ថា៖ «ខ្ញុំ​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់​ពី​ប្រជា​សហគមន៍ និង​ក្រុម​អ្នក​ការពារ​បរិស្ថាន​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ប្រពៃណី​របស់​ពួក​គាត់»។

លោក អាឡិច ហ្គនសាឡេ ឌេវីដសុន (Alex Gonzalez-Davidson) ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​ឲ្យ​ដឹង​ថ្លែង​ថា ការ​បកស្រាយ​របស់​ក្រសួង​រ៉ែ និង​ថាមពល គឺជា​ការ​បោក​ប្រាស់​ប៉ុណ្ណោះ ដែល​ថា គម្រោង​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ការ​សិក្សា ប៉ុន្តែ​បើ​យោង​ទៅ​តាម​ឯកសារ​ដែល​លោក​ទទួល​បាន គឺ​ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​ការ​សិក្សា​ផល​ប៉ះពាល់​ចប់​អស់​ហើយ ហើយ​គេ​នឹង​ចាប់​ផ្តើម​សាងសង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​គម្រោង​សាង​សង់​នេះ​សិន​ដើម្បី​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​ថា តើ​ប៉ះពាល់​ប៉ុន​ណា​និង​ចំណេញ​ប៉ុន​ណា?»។

សូម​រំឭក​ផង​ដែរ​ថា ចាប់​តាំង​ពី​ថ្ងៃ ទី១៥ ខែ​មីនា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ពលរដ្ឋ​ជាង ១០០ នាក់​បាន​ប្រឆាំង​បិទ​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​សាង​សង់​វារី​អគ្គិសនី​ស្ទឹង​អារ៉ែង ដោយ​មិន​ឲ្យ​ក្រុម​ហ៊ុន​ចិន Sinohydro (Cambodia) United Ltd., ដឹក​ជញ្ជូន​គ្រឿង​ចក្រ​យក​ទៅ​ឈូស​ឆាយ​នៅ​តំបន់​នោះ​ដោយ​ខ្លាច​ក្រែង​មាន​កម្មករ​មក​ពី​ក្រុម​ហ៊ុន​ដែល​មាន​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង​កម្លាំង ១០៨ មេហ្គាវ៉ាត់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់​នេះ។

កាល​ពី​ថ្ងៃ ទី៧ ខែ​មីនា ឆ្នាំ​២០១៤ ក្រសួង​រ៉ែ និង​ថាមពល អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ចិន Sinohydro នាំ​គ្រឿង​ចក្រ​ចូល​សិក្សា ប្រមូល​ទិន្នន័យ​បន្ថែម សម្រាប់​គម្រោង វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ស្ថិត​នៅ​ក្នុង ឃុំ​ថ្ម​ដូន​ពៅ ដោយ​ក្រុម​ហ៊ុន​ចិន​នោះ​នឹង​ត្រូវ​ជួស​ជុល​ផ្លូវ​ប្រវែង ៥៤ គ.ម. ខួង ពិនិត្យ​វាស់​វែង ស្ទង់​ទីតាំង​ផ្លូវ​បង្វែរ​ទឹក​ក្រោម​ដី​ប្រវែង ៤៩០ ម៉ែត្រ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ