ភ្នំពេញៈ មេធាវីបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមមេធាវីនឹងពិភាក្សាជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ អំពីការប្តឹងទៅសាលាឧទ្ធរណ៍ បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើសុំឲ្យបំពេញកិច្ចស៊ើបសួរ តំណាងភាគីបរទេសគឺសហរដ្ឋអាមេរិកនៅក្នុងសំណុំរឿង «ក្បត់ជាតិ» ដែលត្រូវបានចោទប្រកាន់ថា បានឃុបឃិតជាមួយបរទេស។
យោងតាមពាក្យស្នើសុំឲ្យបំពេញកិច្ចរបស់ក្រុមមេធាវី ដែលបានដាក់ជូនសាលាដំបូងរាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែមករាបានស្នើឲ្យលោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅសាកសួរតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយលើកឡើងថា៖ «តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់មកលើឯកឧត្តម កឹម សុខា ថាបានធ្វើសន្ទិដ្ឋិភាពជាមួយបរទេស ដោយក្នុងនោះចៅក្រមស៊ើបសួរតែងដេញដោលអំពីអង្គហេតុពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកផងដែរ»។
លោក ផែង ហេង មេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីការពារក្តីលោក កឹម សុខា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលោកបានទទួលលិខិតឆ្លើយតបពីសាលាដំបូងរាជធានីភ្នំពេញមកវិញកាលពីថ្ងៃពុធ ទី ៧ ខែកុម្ភៈ ដោយបានបដិសេធលើពាក្យស្នើសុំរបស់ក្រុមមេធាវី ស្នើឲ្យមានការកោះអញ្ជើញ «តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក»។
លោក ផែង ហេង ឲ្យដឹងថា៖ «ដោយសារបទចោទមាន សន្ទិដ្ឋិភាព ដែលសំដៅទៅលើជនបរទេស ភ្នាក់ងារ ឬរដ្ឋបរទេស។ ការចោទអយ្យការ ឬចៅក្រមស៊ើបសួរពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកច្រើនជាងគេ ទើបយើងច្បិចយកការបំពេញកិច្ចឲ្យកោះហៅរដ្ឋាភិបាលអាមេរិក ឬតំណាងមកសួរ...។ នេះជានីតិវិធីក្នុងនាមជាមេធាវី ដើម្បីស្វែងរកភ័ស្តុតាងដោះបន្ទុក»។
លោកបន្តថា៖ «ពេលនេះចៅក្រមមិនបានបំពេញកិច្ចត្រង់ចំណុចហ្នឹងទេ គាត់បានសម្រេចច្រានចោលពាក្យស្នើបំពេញកិច្ច លិខិតមេធាវីកាលពីថ្ងៃពុធ»។
«យើងកំពុងតែសិក្សាមើលពីការបដិសេធរបស់ចៅក្រមហើយយើងនឹងសួរកូនក្តីថា គាត់សម្រេចតើគាត់សម្រេចប្តឹងទៅសភាស៊ើបសួរឫយ៉ាងណាយើងមើលឃើញការសម្រេចរបស់ចៅក្រមស៊ើបសួរមិនសមហេតុផលដោយសារតែគាត់មិនព្រមបំពេញកិច្ចឲ្យយើង។ ពីព្រោះការចោទភាគច្រើនដែលមាត្រាច្បាប់សន្ទិដ្ឋិភាពជាមួយបរទេសរហូតមានបរទេសណាមួយត្រូវរ៉ូវ ឫរៀបចំឃុបឃិត ដូច្នេះបានយើងចង់បង្ហាញភាពត្រឹមត្រូវនៃការស៊ើបអង្កេតយើងត្រូវសួរថា ភាគីណាខ្លះដែលពាក់ព័ន្ធ និងការចោទប្រកាន់ហើយឲ្យបង្ហាញភ័ស្តុតាងមកហើយចៅក្រមសម្រេចចុងក្រោយថាវាពាក់ព័ន្ធ ឬមិនពាក់ព័ន្ធហើយកាលណាការស៊ើបអង្កេតមិនទូលំទូលាយ ដូច្នេះយុត្តិធម៌គឺវាមានកម្រិត»។
លោកមេធាវី ថ្លែងថាដើម្បីផ្តល់ភាពយុត្តិធម៌ចៅក្រមត្រូវបំពេញកិច្ចឲ្យបានគ្រប់ជ្រុងជ្រោយដោយសារនៅក្នុងសំអាងរបស់ចៅក្រមគាត់យកតែហេតុផលដែលព្រះអាជ្ញាចោទប្រកាន់ និងវីដេអូឃ្លីបរយៈពេល ៩ នាទីរបស់ឯកឧត្ត កឹម សុខា និយាយជាសាធារណៈនៅលើបណ្តាញហ្វេសប៊ុក និងដោយចៅក្រមស៊ើបសួរសំអាងថា គាត់បានសួរឯកឧត្តម កឹម សុខា ពីជនជាតិអាមេរិក និងជនបរទេសដែលគាត់បានលើក ដូច្នេះគាត់បានបដិសេធបំពេញកិច្ច លិខិតមេធាវី»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
មន្ត្រីស្ថានទូតអាមេរិកបដិសេធក្នុងការធ្វើអត្ថាធិប្បាយតែកន្លងទៅស្ថានទូតអាមេរិកបានច្រានចោលថា សហរដ្ឋអាមេរិកមិនបាននៅពីក្រោយគណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដូចដែលរដ្ឋាភិបាលកម្ពុជាចោទប្រកាន់អំឡុងពេលចុះឆ្មក់ចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា នោះទេ និងបានជំរុញឲ្យដោះលែងមេបក្សរូបនេះជាបន្ទាន់ទៀតផង។
មន្ត្រីជាន់ខ្ពស់អង្គការសិទិ្ធមនុស្សម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការកោះហៅគ្រប់ភាគីដែលពាក់ព័ន្ធ ទោះជាសាក្សីដាក់បន្ទុកសាក្សីដោះបន្ទុក ឬភាគីពាក់ព័ន្ធផ្សេងទៀតដែលទាក់ទងក្នុងសំណុំរឿងរបស់តុលាការគឺមានសារ:សំខាន់ណាស់សម្រាប់ការផ្តល់យុត្តិធម៌ដល់គូភាគីក្នុងសំណុំរឿង។
លោកថ្លែងថា៖ «បើសិនជាតុលាការមិនបានកោះហៅសាក្សី ឬភាភីពាក់ព័ន្ធណាមួយក្នុងសំណុំរឿងដើម្បីបំភ្លឺទេ ភាពយុត្តិធម៌នៃភាគីម្ខាងអាចនឹងខ្វះចន្លោះ។ ដូច្នេះដើម្បីយុត្តិធម៌តុលាការគួរកោះអញ្ជើញគ្រប់សាក្សី និងភាគីពាក់ព័ន្ធដើម្បីបំភ្លឺ។ ប៉ុន្តែវាពាក់ព័ន្ធជាមួយលទ្ធភាពរបស់តុលាការផងដែរក្នុងការកោះហៅសាក្សី និងភាគីពាក់ព័ន្ធ។ ទោះយ៉ាងណាតុលាការត្រូវធ្វើឲ្យអស់លទ្ធភាពដែលអាចធ្វើទៅបាន បើយល់ថាសាក្សីណា ឬភាគីពាក់ព័ន្ធណាមានសារ:សំខាន់ និងមានការជាប់ពាក់ព័ន្ធក្នុងសំណុំរឿង»។
អ្នកវិភាគនយោបាយលោក មាស នី បាននិយាយថាករណីនេះទាំងមូលគឺជា «រឿងនយោបាយ» ហើយត្រូវតែធ្វើការវិភាគនៅក្នុងបរិបទនោះ។ លោកថ្លែងថា៖ «ខ្ញុំមិនគិតថាតុលាការចង់ពង្រីកការស៊ើបអង្កេតបន្ថែមទៀតនោះទេ»។
លោក នី ក៏បានបញ្ជាក់ផងដែរថា មានហេតុផលផ្សេងទៀតដែលតុលាការអាចមិនយល់ស្របតាមការផ្តល់អនុសាសន៍នេះ ដូច្នេះហើយវាអាចធ្វើឱ្យប្រទេសកម្ពុជាបាក់មុខនៅលើឆាកអន្តរជាតិ។
លោក នី ថ្លែងថា៖ «ប្រសិនបើគេធ្វើការស៊ើបអង្កេតហើយរកមិនឃើញអ្វីនោះវាអាចជារឿងអាម៉ាស់មួយចំពោះរាជរដ្ឋាភិបាលកម្ពុជាពីព្រោះការចោទប្រកាន់នេះមិនមានភ័ស្តុតាងនោះទេ»៕
រាយការណ៍បន្ថែម Adrew Nachemson